សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណមិត្តជប៉ុនដែលតែងតែផ្តល់ជំនួយឧបត្ថម្ភគាំទ្រ ទាំងថវិកានិងបច្ចេកទេសក្នុងការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់ជំនួយឧបត្ថម្ភគាំទ្រ ទាំងថវិកានិងបច្ចេកទេសក្នុងការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីខ្ទេចខ្ទាំដោយសង្រ្គាមជាង២ទសវត្សរ៍ ជាពិសេសក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កន្លងមកប្រទេសជប៉ុន ក៏បានចូលរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល និងការបំពាក់ឧបករណ៍វិទ្យាសាស្រ្តទំនើបៗនិងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅតាមមូលដ្ឋានសុខាភិបាលសំខាន់ៗជាច្រើនដូចជា៖ មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេងនិងហង់ហ្សិន មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី ខេត្តបន្ទាយមានជ័យ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយនៅពេលនេះគឺមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះតែម្ដង៕