Grand News Asia Close

សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 315
  • អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា;
  • ឯកឧត្តម Tan Sri Dato’ (Dr.) Johari Bin Abdul ប្រធានរដ្ឋសភានៃប្រទេស ម៉ាឡេស៊ី
  • ឯកឧត្តម Dato’ Ahmad Azam Abdul Rahman បេសកជនពិសេស ប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា
  • ឯកឧត្តម លោកជំទាវ, សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ឯកអគ្គរាជទូត/រដ្ឋទូត នៃបណ្តាប្រទេសនានាប្រចាំកម្ពុជា,
  • គណៈអធិបតី  ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ នៃអង្គពិធីទាំងមូល និងបងប្អូនខ្មែរឥស្លាមទាំងអស់នៅទូទាំងប្រទេសជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានមកចូលរួម និងជួបបងប្អូនសាសនិកឥស្លាមសាជាថ្មី ក្នុងឱកាសពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២​៥​  រៀបចំដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា​ ដែលពិធីនេះ គឺជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំតាំងពីឆ្នាំ២០១៤ កន្លងទៅ តែត្រូវបានខកខាន ៣ ដោយសារវិបត្តិជំងឺកូវីដ-១៩ ចន្លោះពី២០២០-២០២២។

ខ្ញុំសូមកោ​ត​សសើរចំពោះគណៈកម្មការរៀបចំពិធីពិសាអាហារស្រាយបួស ដែលមាន ឯកឧត្តម អូស្មាន ហាស្សាន់ ​ទេសរដ្ឋមន្ត្រីជាប្រធាន ដែលបានសហការរៀបចំពិធីនេះឡើង ដើម្បីបង្ហាញឱ្យឃើញនូវសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកបដោយក្តីមេត្តា ករុណា រវាងសហគមន៍ឥស្លាមនៅកម្ពុជាក្រោមម្លប់សុខសន្តិភាព ហើយក៏ជាការផ្តល់ឱកាសសម្រាប់ឱ្យអ្នកចូលរួមពិធីបានជួបប្រាស្រ័យទាក់ទងគ្នាកាន់តែជិតស្និទ្ធ ផ្លាស់ប្តូរគំនិតយោបល់ ចែករំលែកបទពិសោ​ធ​​ល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ការលើកស្ទួយសុខដុម​នីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា សំដៅរក្សានូវសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

ជាការពិត ការស្រាយបួស ជាក្រឹត្យក្រមច្បាប់សាសនាឥស្លាម ដែលបងប្អូនសាសនិកខ្មែរឥស្លាម ទាំងនៅកម្ពុជា និងនៅទូទាំងសកលលោក សុទ្ធតែធ្វើការប្រតិបត្តិដូចគ្នា ហើយនៅពេលផ្តើមចូលខែរ៉ាម៉ាឌន ខ្ញុំបានផ្ញើសារជូនពរបងប្អូនសាសនិកឥស្លាមកម្ពុជា និងសាសនិកឥស្លាមនៅទូទាំងពិភពលោក និងជូនពរនៅពេលបញ្ចប់ខែរ៉ាម៉ាឌន ដោយជោគជ័យ ដែលអនុវត្តតាមគន្លងដ៏ល្អប្រពៃរបស់ សម្តេចតេ​​ជោ។

អង្គពិធីជាទីមេត្រី!      

រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដែលឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មសាសនិកនៃគ្រប់និកាយសាសនា ប្រឆាំងនូវរាល់ទង្វើរើសអើងសំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្មដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។

កម្ពុជាពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់សាសនាផ្សេងៗគ្នា ប៉ុន្តែ មានសាមគ្គីគ្នាយ៉ាងល្អ មិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជានោះទេ ប៉ុន្តែ ក៏ជាមោទនភាពសម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ ដែលប្រទេសជាច្រើនកោតសសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការ​ល្អជាមួយគ្រប់ស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាពងាយស្រួលជូនប្រជាពល​រដ្ឋគ្រប់សាសនិក នៅព្រះរាជាណាចក្រកម្ពុជា ទាំងបច្ចុប្បន្ន និងទៅអនាគត។

អង្គពិធីជាទីមេត្រី!

ខ្ញុំមានមោទនភាព ដែលកន្លងមក ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានចូលរួមក្នុងសន្និសីទអន្តរជាតិឥស្លាមនៅតាមតំបន់ជាច្រើន ដើម្បីផ្សព្វផ្សាយអំពីភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ជាក់ស្តែងកាលពីពេលថ្មីៗនេះ នៅរាជធានីភ្នំពេញ ខ្ញុំបានចូលរួមពិធីអន្តរជាតិធំៗចំនួនពីរ៖ (ទី១) កិច្ចប្រជុំ​កំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា”  រៀបចំដោយអង្គការសម្ព័ន្ពពិភពឥស្លាម(RABITA) ដែលជាលើកទី១ នៅលើទឹកដីកម្ពុជា ហើយក៏ជាលើកទី១ នៅលើសកលលោក។ ការណ៍នេះ គឺជាមោទនភាពរបស់កម្ពុជា​ដែលមានថ្នាក់ដឹកនាំសាសនាឥស្លាម និងព្រះពុទ្ធ មកពីបណ្តាប្រទសចំនួន៣៦ មានអ្នកចូលរួមជាង ១១០០ អង្គ/នាក់ បានផ្តល់ជូនគ្នាទៅវិញទៅមកនូវបទពិសោធនៃបណ្តាប្រទេសផ្សេងៗ និងគន្លងដ៏ល្អប្រពៃនៃការកាន់សាសនា ដែលបានពីភាពសាមគ្គី រាក់ទាក់នឹងគ្នា ដោយគ្មានការបៀតបៀនពីគ្នា ឬជម្លោះ ឬភាពមិនប្រក្រតីណាមួយនោះឡើយ។ ​(ទី២) ការរៀបចំសន្និ​បាត​លើកទី២០ របស់អង្គការក្រុម​ប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP) ដែលមានតំណាងមកពីបណ្តាប្រទេសចំនួន ២៥ បានបង្ហាញពីសាមគ្គីភាព និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយហេតុថា កត្តាទាំងនេះ គឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា។ ប្រទេសដែលបានចូលរួមបានស្វែងយល់ពីបទពិសោធរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំមកនូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ប្រកបដោយជោគជ័យដល់គ្រប់សាសនិក​នៅកម្ពុជា ដោយគ្មានការរើសអើង។

ខ្ញុំសូមគូសបញ្ជាក់ថា ការប្រេះស្រាំ រើសអើសជាតិសាសន៍ នឹងអាចបង្កើតបាននូវ​ជម្លោះជាតិសាសន៍ ហើយអាចបាត់បង់នូវមួយផ្នែកនៃសុខសន្តិភាព ស្ថិរភាពសង្គម។ ដូចេ្នះ កម្ពុជាដែលទទួលបាននូវភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺជាសម្បត្តិដែលត្រូវថែទាំឱ្យគង់វង្ស។

ក្នុងស្មារតី និងជំហរទទួលខុសត្រូវខ្ពស់ បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាន និងកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបន្តជំរុញការអនុវត្តការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជា បានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៥-២០២៦ និងបានអនុម័តសេចក្តីសម្រេចសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍតិចតួចជាផ្លូវការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ ខាងមុខនេះ។

អង្គពិធីជាទីមេត្រី!

ខ្ញុំសូមផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីឱ្យសហគមន៍បងប្អូនខ្មែរឥស្លាម ទទួលបាននូវការរីកចម្រើនបន្ថែមទៀត៖

ទី១- ថ្នាក់ដឹកនាំខ្មែរឥស្លាម និងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការប្រកបដោយសាមគ្គីភាព និងមិត្តភាព ព្រមទាំងមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ-អន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍ និងសាសនា

ទី២- សូមបន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈ កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់

ទី៣- អាជ្ញាធរមានសមត្ថកិច្ចត្រូវជួយសម្រួលលើការសាងសង់សាលារៀន វិហារឥស្លាម (ម៉ាស្ជិទ-ស៊ូរ៉ាវ) ជូនបងប្អូនខ្មែរឥស្លាម ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីជូនដំណឹងស្តីអំពីការកំណត់ និងការកសាងទីកន្លែងប្រតិបត្តិសាសនា ទៅតាមបណ្តាភូមិ និងមានសាសនិកខ្មែរឥស្លាមរស់នៅឱ្យស្របតាមក្រឹត្យក្រមច្បាប់សាសនាឥស្លាម ដែលបានកំណត់ និងអនុវត្តតាមបច្ចេកទេសទៅតាមស្ថាប័នមានសមត្ថកិច្ច​

ទី៤- សូមបង្កើនសកម្មភាពសង្គម តាមរយៈកិច្ចការងារមនុស្សធម៌ សុខុមាលភាព ការអប់រំ ការអភិវឌ្ឍ និងសកម្មភាពសាសនា ដោយឈរលើគោលការណ៍នៃជំនឿឥស្លាម និងគោរពតាមរដ្ឋ​ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

ទី៥- សូមបន្តជឿជាក់ និងគំាទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានាយ៉ាងពេញលេញនូវសិទ្ធិសេរីភាពខាងសាសនាឥស្លាមនៅកម្ពុជា តាមរយៈ សាមគ្គីភាពជាមួយសាសនិកដទៃ ដើម្បីភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា

ទី៦- សូមបន្តកិច្ចសហប្រតិបត្តិការកម្រិតជាតិ-អន្តរជាតិ ដើម្បីកៀរគរថវិកា និងបច្ចេកទេសសម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមខ្មែរឥស្លាម ដោយចៀសវាងការយកសាសនាសម្រាប់ធ្វើអាជីវកម្ម បង្កើតបញ្ហាមិនល្អ បែកបាក់សាមគ្គី និងភាពជ្រុលនិយមក្នុងសហគមន៍។

នៅទីបញ្ចប់ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដល់បងប្អូនខ្មែរឥស្លាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលតែងតែជឿជាក់ និងគំាទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ជាពិសេស នៅតាមតំបន់សហគមន៍ ដែលមានបងប្អូនសាសនិកខ្មែរឥស្លាមរស់នៅអត្រាភាគរយនៃការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមានកម្រិតខ្ពស់គួរឱ្យកត់សម្គាល់។

ខ្ញុំក៏សូមអរគុណដល់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាពិសេស សូមអរគុណឯកឧត្តម Tan Sri Dato’ (Dr.) Johari Bin Abdul ប្រធាន​រដ្ឋសភានៃប្រទេសម៉ាឡេស៊ី និងឯកឧត្តម Dato’ Ahmad Azam Abdul Rahman បេសកជនពិសេសរបស់ប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា ដែលបានចំណាយពេលមកចូលរួមពិធីនាថ្ងៃនេះ។

ខ្ញុំសូមព្រះអល់ឡោះ ប្រទាននូវពរជ័យ សិរីសួស្ដីជូនអ្នកទាំងអស់គ្នា ដែលបានចូលរួមនៅទីនេះ។ ព្រះអល់ឡោះ នឹងផ្តល់នូវការរីកចម្រើន រុងរឿង សុភមង្គល និងសេចក្តីសុខសប្បាយ សម្រាប់គ្រប់ៗគ្នាតរៀងទៅ។

សូមអរគុណ!

អត្ថបទទាក់ទង