Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត, ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំលើកទី២ នៃសមាគមឧកញ៉ាកម្ពុជា បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 334
(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត, ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំលើកទី២ នៃសមាគមឧកញ៉ាកម្ពុជា បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥ (វីដេអូ) សម្រង់ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត, ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំលើកទី២ នៃសមាគមឧកញ៉ាកម្ពុជា បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥

CMF:

ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ អ្នកឧកញ៉ា ឧកញ៉ា
គណៈធិបតី ភ្ញៀវកិត្តិយសអង្គសន្និបាតទាំងមូលជាទីមេត្រី

ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមជាអធិបតី ក្នុងពិធីបិទសន្និបាតឆ្នាំលើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា។

ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមអរគុណដល់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងថ្នាក់ដឹកនាំទាំងអស់របស់សមាគម ដែលបានរៀបចំ

សន្និបាតប្រចាំឆ្នាំនេះឡើង ដើម្បីកត់សម្គាល់នូវសមិទ្ធផលមួយឆ្នាំកន្លងមករបស់សមាគម ក៏ដូចជាការគិតគូរទិសដៅបន្ត ក្នុងគោលបំណងជំរុញ និងពង្រឹងការចូល-រួមរបស់សមាគម ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឱ្យកាន់តែសកម្ម ខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពខ្ពស់, ក៏ដូចជា ការលើកកម្ពស់ និងពង្រឹងមុខងារ និងតួនាទីរបស់សមាគមថែមមួយកម្រិតទៀត។

៣. ខ្ញុំក៏សូមយកឱកាសនេះថ្លែងអំណរគុណយ៉ាងជា្រលជ្រៅ ចំពោះលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងគោរមវន្តទាំងអស់ ដែលជានិច្ចកាលតែងតែចូលរួមក្នុងសកម្មភាពសង្គម មនុស្សធម៌ និងសប្បុរសធម៌ នាពេលកន្លងមក។ ខ្ញុំសម្គាល់ឃើញថា រាល់ការអំពាវនាវរបស់រាជរដ្ឋាភិបាល តែងតែទទួលបានការគាំទ្រចូលរួមយ៉ាងសកម្មពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា។ ក្នុងនោះ មានជាអាទិ៍៖

  1. ការបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ជារៀងរាល់ឆ្នាំ;
  2. ការឧបត្ថម្ភក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជាពិសេសការកសាងក្រវ៉ាត់ក្រុងព្រំដែន ដើម្បីការពារបូរណភាពទឹកដី។
  3. ការឧបត្ថម្ភ ក្នុងការប្រកួតកីឡាក៏ដូចជាការចលនាសង្គមផ្សេងៗ
  4. ការចូលរួមកសាងសមិទ្ធផលសង្គម ដូចជាការឧបត្ថម្ភថវិកាក្នុងមូលនិធិសាងសង់ និងចូលរួមដល់មន្ទីរពេទ្យគន្ធបុប្ផា និងសកម្មភាពសប្បុរសជនជាច្រើន ដែលខ្ញុំរាប់មិនអស់នៅថ្ងៃនេះ។
  5. ខ្ញុំសូមអរគុណដល់សមាគមឧកញ៉ាកម្ពុជា ដែលបានផ្តល់ធាតុចូលដល់រាជរដ្ឋាភិបាល ពាក់ព័ន្ធច្បាប់ និងគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្រ្ត ដូចជាការរៀបចំបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងគោរមងារឧកញ៉ា ជាដើម។ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្ម នៅក្នុងការងារសម្របសម្រួល, ផ្សះផ្សារ, និងការដោះ-ស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការផ្តល់ប្រឹក្សាយោបល់ និងការផ្តល់ជំនួយផ្នែក-ច្បាប់ជូនដល់សមាជិកទាំងឡាយ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១ ]

(១) គោរមវន្តឧកញ៉ា បានពីជោគជ័យនៃការតស៊ូ និងការចែករំលែកចំពោះសង្គមនិងចូលរួមការងារមនុស្សធម៌

ខ្ញុំសូមអរគុណដល់សមាគមឧកញ៉ាដែលចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងការរៀបចំក្របខណ្ឌគតិយុត្ត។ មូលហេតុអីបានជាយើងត្រូវរៀបចំក្របខណ្ឌគតិយុត្ត? សូមរំលឹកថា គោរមងារឧក​ញ៉ា គឺផ្ដល់ជូនដល់អ្នកដែលមានស្នាដៃ គុណបំណាច់ក្នុងការចូលរួមកសាងជាតិ ការអភិវឌ្ឍ ដែលបានរៀបចំតាំងពីឆ្នាំ១៩៩៥ មក។ ជារយៈពេលមួយយូរ។ គោរមវន្ត(ឧកញ៉ា)គឺជា(ងារផ្តល់ជូនដល់)អ្នកដែលមានស្នាដៃ មានលក្ខសម្បត្តិពីរ​យ៉ាង។ ទី១ អ្នកដែលបានជោគជ័យពីការតស៊ូរបស់ខ្លួន។ យើងអាចនិយាយបានថា គោរមវន្តឧកញ៉ាភាគច្រើនជាពិសេសអ្នកជំនាន់មួយ គឺសុទ្ធតែអ្នកតស៊ូចេញពីបាតដៃទទេ។ យើងមានគោរមវន្តឧកញ៉ាមួយចំនួន ជំនាន់ទីពីរ ដែលជាកូន/ចៅធ្វើ Business/ធុរកិច្ច តពីជំនាន់ដែលឪពុក-ម្ដាយ។ អ្នកមានវត្តមាន(នៅទីនេះ) ភាគច្រើនជាអ្នកជំ​នាន់ទីមួយ ដែលបានខិតខំចេញពីដៃទទេ តាំងពីឆ្នាំ១៩៧៩

ទោះបីជាអ្នកខ្លះធ្លាប់ជាគ្រួសារអភិជនក៏ដោយ គ្រួ​សារអ្នកធុរកិច្ចក៏ដោយរបប ប៉ុល ពត បានបំផ្លាញអស់ហើយ។ យ៉ាងច្រើននៅសល់មាសបន្តិចបន្តួច យកមកធ្វើជាដើមទុន។ ប៉ុន្តែ ការតស៊ូរយៈពេល ៤០ឆ្នាំមកនេះ ពួកគាត់បានទទួលការរីកចម្រើន ហើយមិនត្រឹមតែមានការរីកចម្រើនផ្ទាល់ខ្លួនទេ ប៉ុន្តែក៏បង្កើតបានជាការរីកចម្រើនដល់អ្នកដទៃ។ បានន័យថា ការរីកចម្រើក្នុងធុរកិច្ចនិងជោគ​ជ័យនៅក្នុង Business ឬអាជីវកម្មរៀងខ្លួន បានផ្ដល់ការងារ ផ្ដល់នូវផលប្រយោជន៍ដល់អ្នកផ្សេង។ ការខិត​ខំទាំងអស់នេះគឺជាគម្រូ។ ទីពីរ គោរមវន្តឧកញ៉ានេះ ត្រូវបានផ្ដល់ឱ្យមិនមែនតែអ្នកដែលជោគជ័យក្នុងជីវិតធុរកិច្ច​នោះទេ តែគឺផ្ដល់ឱ្យអ្នកដែលបានផ្ដល់/ចែករំលែកការងារ និងផ្ដល់ភាពជោគជ័យរបស់ខ្លួនទៅដល់សង្គម តាមរយៈការចូលរួមការកសាងសមិទ្ធផលសង្គមផ្សេង ដូចជាកសាងវត្តអារាម ចូលរួមការងារមនុស្សធម៌ ជួយដល់អ្នកដទៃ។ នេះគឺជាគុណសម្បត្តិ។

(២) រដ្ឋចេញគោលនយោបាយជំរុញសេដ្ឋកិច្ចនិង​កាត់បន្ថយភាពក្រីក្រ ដោយមានការចូលរួមពីវិស័យឯកជន

ការរៀបចំគោរមងារឧកញ៉ា ជាការផ្ដល់នូវឱកាសទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់គោរមវន្តដោយស្ម័គ្រចិត្តឥតមានការបង្ខិតបង្ខំទេ។ មានអ្នកដែលទទួលជោគជ័យ បានចូលរួមជួយសង្គមជាច្រើន តែអត់ស្នើសុំគោរមងារដែរ។ អ្នកទាំងនោះក៏មានអ្នកដែលតស៊ូចេញពីបាតដៃទទេ រួមចំណែកក្នុងការកសាងប្រទេស ឆ្លើយតបទៅនឹងការ​អំពាវនាវរបស់រាជរដ្ឋាភិបាល។ ការរៀបរាប់អម្បាញ់ម៉ិញមានលក្ខណៈសង្ខេបទេ។ នៅមានច្រើនជាងហ្នឹងទៀត។ គ្រាប្រឈមនឹងគ្រោះជំងឺកូវីដ-១៩ ជំនាន់សម្ដេចតេជោ កសាងបានច្រើន ជាពិសេសការធានាម្ចាស់ការដោះស្រាយបន្ទាន់ភ្លាមៗ លើការងារធំៗ ក្នុងការផ្ដល់នូវអត្ថប្រយោជន៍និងជួយសេដ្ឋកិច្ច។ អាចនិយាយបានថា នៅមុនពេលកូវីដ-១៩ ក្នុងរយៈពេលសង្គ្រាមបានបញ្ចប់ សេដ្ឋកិច្ចបានរីកចម្រើន៧% ក្នុងមួយឆ្នាំ អត្រានៃភាពក្រីក្រធ្លាក់មកនៅក្រោម១០% មួយផ្នែកធំគឺបានពីការចូលរួមនៃវិស័យឯកជន។ រដ្ឋមានតួនាទីជួយជំរុញសេដ្ឋកិច្ច និង​កាត់បន្ថយភាពក្រីក្រ ដោយដើរតួនាទីចេញគោលនយោបាយដោះស្រាយមួយចំនួន ។ ប៉ុន្តែ(គោលនយោ​បាយទាំងនោះ)មិនគ្រប់គ្រាន់ទេ បើគ្មានការចូលរួមពីវិស័យឯកជនក្នុងការបង្កើតការងារ ជំរុញកំណើនសេដ្ឋកិច្ច។ នេះគឺជាទិដ្ឋភាពជាក់ស្ដែង។

(៣) ទោះបីថាសេដ្ឋកិច្ចមានសន្ទុះនិងកំណើនឡើងវិញ ក៏នៅតែត្រូវប្រុងប្រយ័ត្ន

ក្នុងដំណាក់កាលមុនពេលកូវីដ-១៩ និងក្រោយកូវីដ-១៩ ក៏វិស័យឯកជនដើរតួនាទីសំខាន់ក្នុងការធានាលំនឹងសេដ្ឋកិច្ច ទប់កុំឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ហើយដួលរលំ។ បន្តិចម្ដងៗ យើងបានកើនឡើងគ្រប់វិស័យ (ដោយសារតែ)យើង(អ្នកធុរកិច្ច)បានចូលរួម(ប្រឹងប្រែង)ជាមួយរដ្ឋ។ ពេលដែលទទួលមុខនាទី(ដឹកនាំរដ្ឋាភិបាល)ពីឆ្នាំ២០២៣ ខ្ញុំតែងនិយាយតាមវេទិកានានាថាកិច្ចការដែលធំ សំខាន់និងគួរឱ្យព្រួយបារម្ភជាងគេបំផុតគឺសេដ្ឋកិច្ច។ យើងអត់ដឹងថាតើវិស័យសេដ្ឋកិច្ចនឹង(ជួបបញ្ហាអ្វីខ្លះទៀត ខណៈ)កំពុងតែស្ថិតលើទីជម្រាលធ្លាក់ចុះ ជាពិសេសវិស័យអចលនទ្រព្យ និងធានាគារ ដែលទាញវិស័យផ្សេងៗ និងប៉ះពាល់ដល់ប្រជាជនច្រើន។ វិស័យកសិកម្ម កម្មន្តសាល គឺមានលំនឹង។ ប៉ុន្តែ មកដល់ម៉ោងនេះ យើងអាចធានាបាន ហើយមានចរន្តកើនឡើងវិញខ្លះ។ កាលពីព្រឹក ឯកឧត្តម សាយ សំអាល់ បានផ្ញើទិន្នន័យមកអោយ។

យើងតាមដានជាប់ជាប្រចាំលើហ៊ីប៉ូតែក mortgage ដោយធនាគារជាតិក៏រាយការណ៍ជាប្រចាំពីចរន្តថវិកាថា តើផ្ដល់សញ្ញាយ៉ាងណាដល់ឈាមរបស់យើងនៅក្នុងខ្លួន។ សេដ្ឋកិច្ចយើងបានកើនជាង៥% នៅឆ្នាំ២០២៣, ៦% នៅឆ្នាំ២០២៤ ហើយយើងព្យាករណ៍ថាឆ្នាំ២០២៥ (ឡើង)៦,៥%។ ប៉ុន្តែ យើងក៏ត្រូវមើលលើវិស័យមួយៗ ផងដែរ។ ជួនកាលតួលេខរួម ធ្វើឱ្យពិបាកមើលតួលេខក្នុងវិស័យ​នីមួយៗ។ ជួនកាលការនាំចេញខាងឧស្សាហកម្ម ផ្នែកកម្មន្តសាលកើន ប៉ុន្តែវិស័យទេសចរណ៍វិស័យអីកើនមានកម្រិត កន្លែងខ្លះដក។ ប៉ុន្តែនៅឆ្នាំ២០២៤ និង២០២៥ គ្រប់វិស័យទាំងអស់មានសន្ទុះ។ កាលពីឆ្នាំ២០២១ និង ២០២០ យើងមានវិស័យខ្លះស្ថិតក្នុងដែនអវិជ្ជមាន។ បើទោះបីថាសេដ្ឋកិច្ចយើងមានសន្ទុះនិងកំណើនឡើងវិញនេះក៏ដោយ ក៏យើងនៅតែត្រូវមានការប្រុងប្រយ័ត្ន។ ដោយហេតុនេះ រដ្ឋាភិបាលនៅតែបន្តប្រជុំវាយតម្លៃជាប្រ​ចាំ និងដាក់ចេញគោលនយោបាយជាបន្ដបន្ទាប់។

(៤) រដ្ឋបន្ធូរបន្ថយពន្ធ ជួយវិស័យឯកជនច្រើន ធានាសកម្មភាពនិងថែរក្សាលំនឹងសេដ្ឋកិច្ច

កន្លែងណាដែលចាំបាច់ យើងនៅបន្ធូរបន្ថយពន្ធ បន្ធូរសម្ពាធដល់វិស័យឯកជន ដើម្បីយើងធានា(សកម្មភាពសេដ្ឋកិច្ច)។ រដ្ឋសុខចិត្តបន្ធូរកន្លែងខ្លះ ថយចំណូល … មិនត្រឹមតែប៉ុណ្ណោះ ប៉ុន្មានថ្ងៃមុន ខ្ញុំទើបឱ្យទម្លាក់ពន្ធកាត់ទុកពី១៤% មកនៅតែ ២% សំរាប់ airline ក្នុងស្រុក។ យើងទម្លាក់ចុះមកទៀត។ ឥឡូវ រៀបចំគោលការណ៍នានាដើម្បីបន្ធូរដល់វិស័យចាំបាច់មួយចំនួន ជួយដល់វិស័យទេសចរណ៍ក៏ដូចជាវិស័យដែលពាក់ព័ន្ធ។ អ្វីៗ ដែលខ្ញុំនិ​យាយមកពាក់ព័ន្ធនឹងវិស័យឯកជនច្រើន ហើយដែលអ្នកមានគោរម្យងារឧកញ៉ានៅទីនេះ សុទ្ធតែជាតួអង្គប្រតិ​បត្តិករសំខាន់ នៅមួយរាជរដ្ឋាភិបាល ជួយទ្រទ្រង់ ថែរក្សាលំនឹង(សេដ្ឋកិច្ច) ព្រោះថា បើសេដ្ឋកិច្ចជួបការលំបាក មិនមែនជារឿងលំបាករបស់អ្នកណាផ្សេងទេ គឺជារឿងរបស់យើង រឿងប្រជាពលរដ្ឋយើង។ ប្រ​ទេសមួយៗ ត្រូវរក្សាលំនឹងតម្លៃ រក្សាលំនឹងអតិផរណានៃសេដ្ឋកិច្ច។

មានប្រទេសមួយចំនួនជួបនឹងបញ្ហាអតិផរណា ដែលទំនិញឡើងថ្លៃពី៣០% ទៅ៤០% ។ ម្សិលមិញ ខ្ញុំបានជួបបងប្អូនមកពីអាមេរិក។ គាត់ថាឥឡូវគុយទាវមួយចាន ២០ដុល្លារ។ ពីមួយឆ្នាំជាងមុន មួយចានតែ ៨ដុល្លារជាងទេ បូក tax បូកអី ១២ដុល្លារ។ ឥឡូវ ២០ដុល្លារ បូកពន្ធឡើង ២៥ដុល្លារ។ ខ្ញុំមិននិយាយសេដ្ឋកិច្ចប្រទេសណាថាយ៉ាងណាទេ។ យើងត្រូវគិតពីសេដ្ឋកិច្ចនៃប្រទេសយើង ត្រូវធានាកំណើនសេដ្ឋកិច្ច ធានាជីវភាពរស់នៅរបស់ប្រជាជន តម្លៃទំនិញល្អ ដើម្បីយើងទៅមុខទាំងអស់គ្នា។ សូម​អរគុណចំពោះការចូលរួមរបស់វិស័យឯកជន ពិ​សេសតួអង្គគោរមវន្តឧកញ៉ា សមាជិកសមាជិកាសមា​គមឧកញ៉ា ដែលជាផ្នែកមួយនៃវិស័យឯកជនរបស់យើង។

(៥) គោរមងារឧកញ៉ាបានការប្រទានពីព្រះមហាក្សត្រនិងសង្គមទទួលស្គាល់ ដូចនេះត្រូវមានការទទួលខុសត្រូវ

តើយើងធ្វើកិច្ចការទាំងអស់នេះដើម្បីអ្វី? គឺដើម្បីលើកទឹកចិត្តជាមួយគ្នា។ គោរមងារឧកញ៉ា ត្រូវបានផ្តល់ឲ្យអ្នកដែលមានស្នាដៃចូលរួម ប៉ុន្តែអ្វីដែលសំខាន់ គោរមងារឧកញ៉ាគឺជាកិត្តិយស ដែលព្រះមហាក្សត្របានប្រទានឲ្យ​និងសង្គមទទួលស្គាល់។ មានន័យថា អ្នកទទួលគោរមងារត្រូវមានការទទួលខុសត្រូវ។ ពេលមុន យើងជាធុរជនម្នាក់ឯង។ ជាអ្នកធុរកិច្ចម្នាក់ឯងជារឿងរបស់យើង។ ឥឡូវយើងកាន់គោរមងារជាឧកញ៉ា យើងតំណាងឲ្យឧកញ៉ាទូទាំងប្រទេសជាង ១០០០នាក់។ នេះគឺជាការទទួលបាននូវកិត្តិយសនិងកាតព្វកិច្ច។ មានការជជែកគ្នាពីដើមនិងពីចុងអាណត្តិមុននោះ។ សម្តេចតេជោ បានជជែកគ្នា គិតគូរជាមួយខាងឧកញ៉ា ឱ្យរៀបចំជាសមាគម ហើយក៏បានពិគ្រោះគ្នាថាត្រូវថែរក្សា គ្រប់គ្រង ប្រទាក់ក្រឡាគ្នាឲ្យល្អ ដើម្បីជួយគ្នា។ តើយើងបង្កើតក្រមសីលធម៌យ៉ាងដូចម្តេចដើម្បីធានា(ដំណើរការសមាគមនេះ)។ ជួនកាលមនុស្សច្រើនពេក តែម្នាក់ធ្វើខុស ប៉ះទាំងអស់គ្នា …។

យើងត្រូវរួមគ្នាការពារ។ ក្នុងន័យនេះ ក៏មានការរៀបចំចេញជាព្រះរាជក្រឹត្យ អនុក្រឹត្យ ហើយក៏មានតួនាទី និងការចូលរួមជាមួយគ្នារបស់វិស័យឯកជនយើងទាំងអស់។ គោរមវន្ត ទោះបីមិនមែនជាសមាជិកសមាគមក៏ដោយ ក៏សុទ្ធតែជាអ្នកនៅក្នុងចង្កោមនៃអ្នកមានការទទួលខុសត្រូវ ជាតួអង្គដែលមានលក្ខណៈសម្បត្តិ ជាតួអង្គដែលបានធ្វើស្នាដៃច្រើនជូនដល់សង្គម។ យើងក៏ត្រូវរួមគ្នាថែរក្សា(កិត្តិយស/កិត្តិនាម)នេះ។ កន្លងទៅ យើងបានធ្វើកិច្ចការនេះ។ សូមអរគុណនិងកោតសរសើរចំពោះសមា​គមឧកញ៉ាកម្ពុជា ដែលបានចូលរួមគិតគូរពីយន្តការជួយគាំទ្រដល់គោរមវន្តឧកញ៉ា ក៏ដូចជាការប្រទាក់ក្រឡាគ្នា ជាកម្លាំងសរុបរបស់ជាតិ។ រដ្ឋនិងវិស័យឯកជនរួមគ្នាធ្វើការ ថែរក្សាកិត្តិនាមអ្នកដែលមានគោរមងារឧកញ៉ា ក៏ដូចជាការថែរក្សានូវគោលគំនិតដើមក្នុងការផ្តល់នូវការទទួលស្គាល់(គុណតម្លៃនៃកិត្តិនាម/គោរមងារ)

(៦) ធ្វើបច្ចុប្បន្នភាពគោរមវន្តដើម្បីរក្សាអភិក្រមនិងសាមគ្គីឯកភាពរវាងវិស័យឯកជននិងរដ្ឋ ក្នុងនាមជាជាតិមួយ

ដោយហេតុនេះហើយ ទើបបានជាការស្នើសុំចូលសមាគម ត្រូវមានលក្ខខណ្ឌ ត្រូវមានការវាយតម្លៃយ៉ាងណា ការបញ្ចប់យ៉ាងណា ឬមួយក៏អភិក្រមដូចម្តេច សូម្បីតែឯកសណ្ឋាន ដើម្បីកំណត់ឲ្យមានអត្តសញ្ញាណដែលបញ្ជាក់ពីការខិតខំប្រឹងប្រែង និងជាការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ចំពោះការចូលរួមរបស់គោរមវន្តឧកញ៉ាក្នុងការជួយដល់សង្គម។ កាលពីសប្តាហ៍មុន មានការស្នើសុំគោលការណ៍ធ្វើបច្ចុប្បន្នភាព ពីលោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងពីឯកឧត្តម វង្សី វិស្សុត អំពីគោរមវន្តឧកញ៉ា។ បើតាមទិន្នន័យដែលមានពីឆ្នាំ១៩៩៥ មានគោរមវន្ត ១៦៤៧ រូប ក្នុងនោះបានលុបចេញ ១៤០រូប ដោយ ១២៦រូប ត្រូវបានលុបចេញដោយសារវិសមិតភាព។ ករណីនេះ គឺកាលមុន អ្នកជាកងកម្លាំងប្រដាប់អាវុធក៏អាចចូលបាន។ ក្រោយមក មានគោលការណ៍ណែនាំថា អ្នកដែលជាឧត្តមសេនីយ៍ក្នុងកងទ័ព ក្នុងនគរបាល ក៏សុំឲ្យរើសមួយ។ អញ្ចឹងមានការថយ។

ក្រៅពីនោះ មានការលុបចេញមួយចំនួនទៀតដោយ​ការស្ម័គ្រចិត្ត និងការប្រព្រឹត្តិបទល្មើសនានា ដែលនាំឲ្យពាក់ព័ន្ធដល់កិត្តិយសឧកញ៉ា ក៏ដូចជាពាក់ព័ន្ធច្បាប់។ ដោយហេតុនេះ ក៏មានការសុំធ្វើបច្ចុប្បន្នភាពនេះឡើងដើម្បីយើងដឹង ទោះបីមិនមែនជាសមាជិករបស់សមា​គម​ក៏ដោយ ត្បិតការចូលជាសមាជិកសមាគមជាការស្ម័គ្រចិត្ត ចូលជាឧកញ៉ាក៏ជាការស្ម័គ្រចិត្ត។ អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចស្នើសុំ ហើយទទួលការវាយតម្លៃ។ បងប្អូនមួយចំនួនទៀតក៏គាត់មានស្នាដៃ តែគាត់ថាមិនទាន់ចូល។ អ្នកខ្លះចង់ចូល ក៏មានការវាយតម្លៃ។ ឥឡូវយើងមានយន្តការ មានកិច្ចការមួយចំនួន។ កិច្ចការទាំងអស់នេះធ្វើឡើងមិនមែនដើម្បីការគ្រប់គ្រងគៀបសង្កត់ទេ ប៉ុន្តែដើម្បីរួមគ្នាថែរក្សាអភិក្រម ក៏ដូចជាការសាមគ្គីឯកភាពគ្នា ក្នុងនាមជាជាតិមួយ រវាងវិស័យឯកជននិងរដ្ឋ

សូមអរគុណចំពោះសមាគមឧកញ៉ាដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលគិតគូរទៅលើជ្រុងនេះ ជាពិសេសការ​បណ្តុះបណ្តាល ការណែនាំការអនុវត្តផ្សេងៗ រួមទាំងអភិក្រម ក្រមសីលធម៌ ក៏ដូចជាការគ្រប់គ្រងផ្សេងៗនៅក្នុងការប្រតិបត្តិ។ អ្នកមានគោរមវន្តឧកញ៉ាសុទ្ធតែស្ថិតក្នុងលំដាប់ជាអ្នកដឹកនាំក្នុងវិស័យឯកជន។ អញ្ចឹង អ្នកដឹកនាំវិស័យឯកជនត្រូវមានការទទួលខុសត្រូវ ត្រូវប្រកាន់ក្រមសីលធម៌មួយជាគំរូ។ កិច្ចការទាំងអស់នេះ សុទ្ធ​តែជាការផ្តល់អត្ថប្រយោជន៍បន្ថែមដល់ការពង្រឹងសាមគ្គីគ្នា ក៏ដូចការជួយដល់គ្នាទៅវិញទៅមក។ សូមអរគុណដែរនៅក្នុងកំណត់សំគាល់ស្តីពីសមិទ្ធផលមួយឆ្នាំជាងនេះ សមាគមឧកញ៉ាបានឆ្លើយតបទៅនឹងភារកិច្ចស្នូលរបស់សមាគម គឺចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ច តាមរយៈការបង្កើនសេដ្ឋកិច្ច កិច្ចការបង្ការ លើកកំពស់(ភាពធន់នៃសេដ្ឋកិច្ច) និង(កំរិតជីវភាព)ប្រជាពលរដ្ឋ។

[ចប់សេចក្តីអធិប្បាយ១]

ខ្ញុំសូមវាយតម្លៃខ្ពស់ផងដែរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់សមាគម ក្នុងការកសាងទំនាក់ទំនងជាមួយបណ្តាស្ថាប័នអន្តរជាតិនិងការអមដំណើររូបខ្ញុំ ក៏ដូចជាថ្នាក់-ដឹកនាំរាជរដ្ឋាភិបាល ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសដើម្បី​ពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ ជាមួយបណ្តាដៃគូនានា។

[ចាប់ផ្តើមសេចក្តីអធិប្បាយ២]

(៧) ការទូតសេដ្ឋកិច្ច ផ្តោតលើការពង្រឹងវិស័យឯកជនក្នុងប្រទេស និងទំនាក់ទំនងក្រៅប្រទេស

តាំងពីបង្កើតរាជរដ្ឋាភិបាលថ្មីមក ទិសដៅមួយដែលយើងដាក់ចេញគឺការទូតសេដ្ឋកិច្ច ដែលផ្តោតលើការជំរុញ ការពង្រឹងវិស័យឯកជន មិនត្រឹមតែក្នុងប្រទេសទេ ប៉ុន្តែក៏មានទំនាក់ទំនងក្រៅប្រទេសផង។ នៅក្នុងន័យនេះ រាល់ទស្សនកិច្ចក្រៅប្រទេស យើងតែងតែមានវិស័យឯកជនអមជាមួយ និងបានរៀបចំជាវេទិកាធុរកិច្ច ដោយអ្នកឧកញ៉ា លោកអ្នកឧកញ៉ា ឧកញ៉ា ជាច្រើនបានចូលរួម។ នៅក្នុងមួយឆ្នាំនេះ យើងធ្វើការងារច្រើនទាំងក្រៅប្រទេសទាំងក្នុងប្រទេស។ ក្នុងន័យនេះ ខ្ញុំក៏សូមអរគុណទៅដល់សភាពាណិជ្ជកម្ម ដែលសហការជាមួយដៃគូរៀបចំ មានការចូលរួមពីសមាគមឧកញ៉ាកម្ពុជា ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយវិស័យឯកជន។ រាជរដ្ឋាភិបាលមិនអាចធ្វើការងារទាំងនេះដោយខ្លួនឯងបានទេ។

រឿងការទូតសេដ្ឋកិច្ចនេះ រដ្ឋាភិបាលបានត្រឹមតែចរចាធ្វើជាស្ពានតភ្ជាប់ ចរចាបើកទ្វារព្រំដែន ចរចាដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត ចរចាគោលនយោបាយមួយចំនួន ផ្ដល់ឱ្យអ្នកវិនិយោគ។ ប៉ុន្តែ រដ្ឋាភិបាលមិនអាចធ្វើជាដៃគូជាមួយ(អ្នក)វិនិយោគបរទេសនោះទេ។ មានតែវិស័យឯកជននិងវិស័យឯកជនទេ ទើបអាចធ្វើបាន។ ដោយហេតុនេះ ក្នុងពិធីនីមួយៗ នៅក្រៅប្រទេសក្ដីនៅក្នុងប្រទេសក្ដី ខ្ញុំបានត្រឹមតែចូលរួមបើក និងមានសុន្ទរកថាខ្លីទេ។ វិស័យឯកជនគឺជាអ្នកឆ្លើយឆ្លងជាមួយវិស័យឯកជននៅតាមបណ្ដាប្រទេសទាំងនោះ រួមទាំងការផ្គូរផ្គងគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុន មិនថាបានតិចឬបានច្រើនឡើយ។

(៨) ឆ្នាំ​២០២៤ អនុម័តគំរោងវិនិយោគ៤១៤ មានថវិកាសរុបជាង ៦ពាន់លានដុល្លារ ជាការបំបែកឯកត្តកម្ម

បើសិនខ្ញុំទៅគ្រាន់តែនិយាយ មិនមានអ្នកណាទៅទាក់ផ្ទាល់ទេ អត់មានអ្នកណា(បន្តជួបនិងផ្តល់ព័ត៌មានបន្ថែម)ទេ ពេលនិយាយចប់មនុស្សនឹងចេញអស់។ យើងរស់នៅក្នុងប្រទេស នៅក្នុងតំបន់ក្នុងពិភពលោក ដែលប្រ​ទេសទាំងអស់ប្រកួតគ្នា។ ប្រទេសជិតខាងយើងក៏ប្រកួតដែរ។ ថៃធ្វើយុទ្ធនាការខ្លាំង វៀតណាមក៏ធ្វើយុទ្ធនាការខ្លាំង ឡាវក៏ធ្វើយុទ្ធនាការខ្លាំង។ ភូមាពីមុនក៏អញ្ចឹង។ ប៉ុន្តែតែមានសង្រ្គាមទៅរាងលំបាក។ ឥណ្ឌាក៏មានយុទ្ធនាការទាក់ទាញវិនិយោគខ្លាំង។ ប្រទេសធំក៏នៅតែធ្វើ។ អញ្ចឹង យើងក៏ត្រូវតែប្រើកម្លាំងសរុប ទើបទាក់ទាញបាន។ បានន័យថាម៉េចវិស័យឯកជនជឿឯកជនគ្នាគេ។ ពេលខ្លះ ចង់វិនិយោគវិស័យអី គាត់ទៅនិយាយជាមួយមន្រ្តីជំនាញរបស់យើងអោយដឹងពីគោលនយោបាយ ប៉ុន្តែបើយល់គ្នាអំពីលក្ខខណ្ឌនៃការវិនិយោគ ឬមួយថារកចំ​ណេញយ៉ាងម៉េច ខាតអីយ៉ាងម៉េច ទាល់តែនិយាយជាមួយនឹងវិស័យឯកជនខ្លួនឯង។

មួយទៀត វិស័យឯកជនគឺជាដៃគូសំខាន់។ ពេលខ្លះ វិនិយោគមួយចូលទៅក្នុងប្រទេសថ្មី គេតែងតែរកដៃគូក្នុងស្រុកដើម្បីធានានូវភាពជឿជាក់ … ហេតុនេះហើយបានជាកន្លងទៅ ក្រោយពីវេទិកា(ធុរកិច្ច) មានការចុះ MOU រវាងក្រុមហ៊ុននិងក្រុមហ៊ុន ចាប់ដៃគ្នា ហើយបន្តការងារធ្វើ។ នេះជាសញ្ញាដែលល្អ។ នៅឆ្នាំ ២០២៤ នេះ បើតាមទិន្នន័យពី CDC យើងទទួលបាន ៤១៤គម្រោង គឺបានអនុម័ត ៤១៤គម្រោង មានទឹកប្រាក់ស្នើនឹងជាង ៦០០០លាន(ដុល្លារ) … បើតាមទិន្នន័យនេះ ឆ្នាំ​២០២៤ គឺជាឆ្នាំដែល(មានការវិនិយោគ)ច្រើនមិនដែលមានពីមុនមក។ ក្នុងមួយឆ្នាំបានជាង ៤០០គម្រោង។ ជាការបំបែកឯកត្តកម្ម។ នេះឆ្លុះបញ្ជាំងពីអ្វី? ឆ្លុះបញ្ជាំងថា អ្វីដែលយើងខំប្រឹងធ្វើរួមគ្នានេះ ដើរទៅមុខហើយ។ នៅក្នុងដំណាក់កាលពីរខែដំបូងនេះ គឺយើងមាន ៤៤គម្រោង (ស្នើនឹង) ៣២២លានដុល្លារទៀត បានដែលអនុម័តរួចមកហើយ។

(៩) ទិន្នន័យជាក់ស្ដែងគម្រោងទទួលការអនុម័តនៅក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា/CDC ទើបយកជាបានការ

រវាងចំនួនអ្នកចាប់អារម្មណ៍ និងចំនួនអ្នកសម្រេចមកវិនិយោគ​ជាក់ស្ដែងមានការុសគ្នា។ កាសែតអាចចុះថា កម្ពុជាជាប្រទេសដែលមានការចាប់អារម្មណ៍ខ្ពស់សំរាប់ការវិនិយោគនៃវិស័យឯកជន។ មានធនាគារពិភពលោក មានទស្សនាវដ្ដីជាច្រើន ដាក់កម្ពុជាជាប្រទេស Top10  អញ្ចឹងទៅ។ ប៉ុន្តែ ដើម្បីឱ្យចាប់អារម្មណ៍និងមក ទាល់តែយើងមានការទាក់ទាញ ឬថា “ទាក់ម៉ូយ​សកម្ម” ដើរទាក់ម៉ូយទាំងអស់គ្នា។ ដើរទាក់ម៉ូយ បានន័យថា ទៅប្រាប់គេដល់ផ្ទះ ទៅពន្យល់គេ ទៅបង្ហាញគេ ហើយចាប់ដៃគេ នាំគេមក។ គេមកហើយ (ត្រូវ)ថែទាំគេ (ធ្វើ)ឱ្យគេសប្បាយចិត្ត ឱ្យគេមានភាពកក់ក្ដៅ ដើម្បីសម្រេចចិត្តថាមកដាក់ទុន និងដាក់ពាក្យទៅ CDC សុំការអនុម័ត។ វាខុសគ្នាត្រង់ហ្នឹង។

ពេលដែលយើងទៅក្រៅ គេមកចុះឈ្មោះចូលស្ដាប់យើង។ សំណួរសួរថា តើអ្នកដែលចូលស្ដាប់យើងនៅក្រៅប្រទេស ចូលមកក្នុងប្រ​ទេសបានប៉ុន្មានអញ្ចឹង ទិន្នន័យដែលយកជាការបាននោះ គឺទិន្នន័យដែលចុះឈ្មោះជាក់ស្ដែងនៅ CDC ហើយបានទទួលការអនុម័តគម្រោងជាស្វ័យប្រវត្តិ។ បានន័យថា ជាឯកភាពក្រោយបំពេញលក្ខ​ខណ្ឌដែលមាន។ នេះបានបញ្ជាក់ថា នៅឆ្នាំ២០២៤ ការចាប់អារម្មណ៍កើន។ ការសម្រេចចិត្តស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយបានដាក់ពាក្យនិងស្នើសុំបំពេញលក្ខខណ្ឌនៅ CDC បានកើន។ មិនមែនកើនធម្មតាទេ គឺកើនរហូតដល់បំបែកឯកត្តកម្ម គឺ ៤១៤គម្រោង (មានទឹកប្រាក់ប្រហែលនឹង) ៦០០០លានដុល្លារជាង ហើយដែលពីមុនមកមិនដែលមានលើសពី ៤០០គម្រោងឡើយ។

(១០) រដ្ឋាភិបាលនិងវិស័យឯកជន បន្តផ្សព្វផ្សាយនិងទាក់ម៉ូយ​ ដើម្បីទទួលបានវិនិយោគកាន់តែច្រើននៅឆ្នាំ២០២៥

ប៉ុណ្ណេះ ក៏មិនទាន់សប្បាយចិត្តទេ នៅតែចង់បានច្រើនទៀត។ សង្ឃឹមថាឆ្នាំ២០២៥ នេះ យើង(នឹងមាន)កាន់តែច្រើន។ រាជរដ្ឋាភិបាលនៅតែបន្តប្រឹងប្រែង។ យើងបញ្ជូនក្រុមការងារ ទាំងក្រសួង ទាំងវិស័យឯកជនផ្សេងៗ ទៅធ្វើ SHOW ទៅធ្វើពិព័រណ៍នៅក្រៅប្រទេស (ធ្វើ)គ្រប់វិស័យទាំងអស់។ ក្រុមដឹកនាំដោយឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដើរទៅផ្សព្វផ្សាយទាក់(ម៉ូយ)បន្ថែមទៀត។ មានសមាគមឧកញ៉ាទៅចូលរួម ដើម្បីយើងទៅភ្ជាប់ ទាញមកបន្ថែមទៀត។ ប៉ុន្មានអាទិត្យនេះ មានក្រុមវិនិយោគពីកូរ៉េ ជប៉ុន និងពី(ប្រទេសផ្សេងៗ) មកសិក្សាស្វែងយល់បន្ថែមទៀត។ មួយចំនួន បន្ទាប់ពីមកក៏បានវិនិយោគ។ អញ្ចឹងយើងទាញមកថ្មីរហូតដើម្បី(ឱ្យអ្នកវិនិយោគមកកាន់តែច្រើន)។ នៅក្នុងប្រទេស យើងខិតខំកែសម្រួលគោលការណ៍ច្រើន ទាំងនីតិវិធីគយ ទាំំងនីតិវិធីពន្ធដារ រៀបចំសម្រួលលក្ខ​ខណ្ឌ បន្ធូរបន្ថយ ព្យាយាមធ្វើការកែសម្រួលអ្វីដែលនៅមានបញ្ហា។ សួរថា យើងអស់បញ្ហាឬនៅ? … ត្រូវធ្វើបន្តទៀត ដើម្បីទាក់ទាញការវិនិយោគ សម្រួលវិនិយោគឱ្យបានកាន់តែច្រើន ព្រោះវិនិយោគជាកិច្ចការអីជាកិច្ចការដែលធានាគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវ​ភាពរស់នៅប្រជាពលរដ្ឋ …។

(១១) សេដ្ឋកិច្ចធានាលំនឹងទឹកចិត្តប្រជាពលរដ្ឋ

វិស័យ(នីមួយៗ)ដើរមិនស្មើគ្នាទេ។ យើងឃើញហើយ សូម្បីតែក្នុងវិស័យតែមួយហ្នឹងក៏មិនស្មើគ្នាដែរ។ ឧទាហរណ៍ យើងនិយាយនៅក្នុងវិស័យកសិកម្ម។ ផលិតផលទំនិញមាន ១០០មុខ ឆ្នាំនេះមួយនេះឡើង មួយនោះ(ចុះ)។ អម្បាញ់មិញ ខ្ញុំជួបឧកញ៉ា ហេង ឡុង។ ឱ្យតែជួបគាត់ ខ្ញុំមើលមុខគាត់។ បើថ្ងៃណាញញឹមស្រស់ ដឹងតែកៅស៊ូឡើងថ្លៃហើយ។ តែឥឡូវគាត់បានចេកមួយទៀត។ អញ្ចឹងគាត់ធ្វើពិពិធកម្ម។ អញ្ចឹង (តម្លៃនៃមុខទំនិញ)មានឡើងមានចុះ។ ប៉ុន្តែយើងត្រូវធានាថាទោះបីឡើងចុះយ៉ាងណា យើងមានទីផ្សារ រកទីផ្សារបន្ថែម រុញផលិតផលដែលថ្ងៃក្រោយអាចប្រែក្លាយពីផលិតផលឆៅ ផលិតផលវត្ថុធាតុដើម ទៅជាផលិតផលសម្រេចឱ្យបានច្រើន។ ក្នុងវិស័យផ្សេងៗ យើងក៏ខិតខំធ្វើ ដើម្បីជំរុញឱ្យសេដ្ឋកិច្ចធានាបាន(ភាពរីកលូតលាស់) ព្រោះសេដ្ឋកិច្ចនេះធានាលំនឹងទឹកចិត្តរបស់ប្រជាពលរដ្ឋ។ ទោះជាប្រទេសមហាអំណាចដូចម្តេចក៏ដោយ ប្រទេសមហាអំណាចលុយពាន់លានម្តេចក៏ដោយ បើឮគុយទាវឡើងពី ១២ដុល្លារ ទៅ ២០ដុល្លារ ប្រជាជនក៏ស្រែកហើយ។ ប្រាក់ខែមិនឡើងទេ ប៉ុន្តែគុយទាវឡើងពី ១២ដុល្លារ ទៅ ២៥ដុល្លារ(ទាំងគិតពន្ធ)។ គិតមើលទៅ។ ប្រទេសណាក៏ដោយ ជីវ​ភាពរស់នៅរបស់ប្រជាជនជាមូលដ្ឋានធំ

(១២) ចេញទៅក្រៅ ហៅវិនិយោគិនចូលក្នុងស្រុក និងឱ្យវិនិយោគិនក្នុងស្រុកមានឱកាសចេញទៅក្រៅ

វិស័យឯកជន ត្រូវដើរតួនាទីសំខាន់ ហើយរដ្ឋត្រូវជួយប្រជាពលរដ្ឋ មួយផ្នែកធំ តាមការលើកទឹកចិត្តវិស័យឯកជននិងសម្រួលឱ្យមានការរីកចម្រើន ទាក់ទាញការវិនិយោគមកពីក្រៅ និងជំរុញការវិនិយោគក្នុងស្រុកឱ្យកាន់តែរីកចម្រើន។ ខ្ញុំសប្បាយចិត្ត ពេលយើងចេញទៅក្រៅប្រទេស នៅកន្លែងខ្លះប្រទេសខ្លះ សូម្បីតែប្រទេសជិតខាង​មួយចំនួន ក៏មានវត្តមាននៃក្រុមហ៊ុនដែលមានមូលដ្ឋាននៅកម្ពុជា។ នៅក្នុងវិស័យធនាគារ យើងមាន។ ទៅមុខទៀត សង្ឃឹមថាមានវិស័យផ្សេងៗ ទៀត អាចទៅធ្វើនៅខាងក្រៅ។ ពេលដែលយើងចេញទៅក្រៅ យើងមិនទៅដើម្បីតែហៅគេមកវិនិយោគទេ។ យើងក៏បើកឱកាសឱ្យក្រុមហ៊ុនអ្នកវិនិយោគយើង មានឱកាសទៅក្រៅ។ ស្មើគ្នា។ ទៅវិញទៅមក ប្រទាក់ក្រឡាគ្នាដើម្បីរីកចម្រើនទាំងអស់គ្នា។ ក្រុមហ៊ុនកម្ពុជា មិនមែនធ្វើតែក្នុងស្រុកទេ។ លទ្ធភាពយើងមាន។ ឥឡូវពង្រឹងសកម្មភាពក្នុងស្រុក។ ថ្ងៃក្រោយ ពង្រីកសកម្មភាពនៅក្នុងតំបន់ និងទៅក្រៅប្រទេសទៀត។ នេះគឺដើម្បីជួយលើកកម្ពស់មុខមាត់ និងកិត្តិយសរបស់កម្ពុជា។ ខ្ញុំមានជំនឿជាក់ថាវិស័យឯកជនកាន់តែរឹងមាំ និងជាតួអង្គមួយផ្នែកធំ ដែលបានដើរតួនាទីច្រើន។

(១៣) បំពេញតម្រូវការក្នុងស្រុក ផ្ទេរនិងស្រូបយកសមត្ថភាព ប្រឹងប្រែងម្ចាស់ការដោយឯករាជ្យ

អំពីការបំពេញតម្រូវការនៅក្នុងស្រុក។ ខ្ញុំតែងតែនិយាយពីឆ្នាំ៩០ជាង ទឹកក្រូចមួយកំប៉ុងក៏យើងនាំចូល។ ពេលនោះយើងមិនទាន់ផលិតទឹកសុទ្ធខ្លួនឯងទេ។ ខោអាវ brand ផលិតផលផ្សេងៗ យើងនាំចូល។ ឥឡូវយើងអាចផ្គត់ផ្គង់មួយផ្នែកដោយខ្លួនយើង។ ខ្ញុំសួរវិស័យកសិកម្ម ប្រាប់ថាយើងឈប់នាំចូលសាច់ជ្រូកហើយ។  យើងផ្គត់ផ្គង់ក្នុងស្រុក។ អញ្ចឹងយើងឈានទៅដល់តាមផ្នែកតាមវិស័យនីមួយៗ (អាចផ្គត់ផ្គង់ខ្លួនឯងបាន)។ ទំនិញផលិត​ផលកសិកម្មមួយរយមួយពាន់មុខ យើងមិនអាចផ្គត់ផ្គង់ខ្លួនឯងទាំងអស់នោះទេ។ បើមិនអញ្ចឹងប្រទេសយើងតូច យើងផលិតបន្តិចៗ ផ្គត់ផ្គង់ទៅអត់រួច។ យើងត្រូវធានាម្ចាស់ការផ្គត់ផ្គង់ផ្ទៃក្នុងយើងឲ្យកាន់តែច្រើន។ សម្ភារៈរបស់យើងមួយចំនួនដូចជាស៊ីម៉ង់ជាដើម យើងសឹងតែលែងចង់នាំចូលពីក្រៅ។ ពីមុនយើងអត់ផលិតខ្លួនឯង យើងនាំចូលពីក្រៅមកទាំងអស់។ ឥឡូវយើងផលិតកាន់តែច្រើន … យើងផលិតនិងនាំចេញកង់រថយន្តរាប់លានគ្រាប់ទៅក្រៅប្រទេស។ ថ្ងៃក្រោយពិនិត្យច្រកផ្គត់ផ្គង់ទៅទីផ្សារខាងក្រៅ។

ថ្ងៃមុន ក្រសួងការងារចរចាលក់ទំនិញមួយផ្នែក ព្រោះឥឡូវខោអាវគឺធ្វើនាំចេញទាំងអស់។ ដើម្បីមានលទ្ធភាពបើកច្រកលក់ មួយផ្នែកទាល់តែចរចាជាមួយក្រុមហ៊ុន។ ឯកឧត្តម សុខ ចិន្តា អាចដឹង។ កុំឲ្យយើងទៅទិញខោអាវផលិតនៅខ្មែរពីអាមេរិក។ ម្តងនោះ ទៅទស្សនកិច្ចនៅក្រៅ ខាងកងទ័ព នាយទាហានម្នាក់ក្នុងគណៈប្រតិភូបានអួតពីខោហោប៉ាវបួន ប្រេន 5.11 តម្លៃ ៤៥ដុល្លារ។ គាត់ថាទិញខោនេះស្លៀកស្អាតណាស់។ គាត់ភ្លេចមើលផ្លាក។ ដល់ទៅមើលផ្លាក គឺ Made in Cambodia តែទៅទិញនៅអាមេរិក។

កាលនៅរៀនឯ Boston ប្រពន្ធខ្ញុំទិញខោអាវពីទួលទំពូង។ គាត់ទិញពីទួលទំពូងផ្ញើមិត្តភក្តិ។ ពួកម៉ាកនៅអាមេរិកឃើញខោអាវ ពីទួលទំពូងគាត់ថាមិនអីទេ។ គាត់អត់យក ទុកឲ្យពាក់ចុះ។ គាត់ទៅផ្សារ ឃើញគេលក់មួយ ៥០ដុល្លារ។ គាត់ត្រឡប់មកវិញប្រាប់ថា ឲ្យមក(យកវិញហើយ)។ នេះគ្រាន់តែជាឧទាហរណ៍នៃការទទួលខុសត្រូវសមត្ថភាព និងការធានា(ផ្គត់ផ្គង់)ខ្លួនឯង។ ជាការខិតខំប្រឹងប្រែងដើម្បីម្ចាស់ការឯករាជ្យភាព។ ខ្ញុំមានមោទនភាពចំពោះវិស័យឯកជនកម្ពុជាក្នុងការផ្ទេរសមត្ថភាព និងស្រូបយកសមត្ថភាពដើម្បីធានាភាពម្ចាស់ការជាជំហានៗ

(១៤) គ្រប់វិស័យប្រាស្រ័យទាក់ទងផ្សព្វ​ផ្សាយ បើវិស័យឯកជនមានគំនិតផ្តួចផ្តើម អាចរកការគាំទ្រពីរដ្ឋាភិបាល

ខ្ញុំសូមលើកទឹកចិត្តដល់វិស័យឯកជនបន្តការធ្វើការជាមួយដៃគូផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយនិងទាក់ទាញ(ការវិនិយោគ)ដើម្បីពង្រីកវិសាលភាពឲ្យបានធំទូលាយ។ អត់ចាំបាច់ថា ទាល់តែមាន trade mission ដឹកនាំដោយ CDC ទេ។  មិនអាចធ្វើគ្រប់ទេ ព្រោះរវល់។ អញ្ចឹង ខ្ញុំសុំឲ្យគ្រប់វិស័យទាំងអស់ ធ្វើទំនាក់ទំនងប្រាស្រ័យទាក់ទងផ្សព្វ​ផ្សាយ ហើយរាជរដ្ឋាភិបាលចាំជួយ។ មានអីគិតគូរគ្នាទៅ ហើយមកជជែកគ្នាសុំរាជរដ្ឋាភិបាល។ កិច្ចការខ្លះគឺរាជរដ្ឋាភិបាលអ្នកផ្តួចផ្តើម។ (បើរដ្ឋាភិបាល)ចង់ជួយខាង(វិស័យណាមួយ) ខ្ញុំហៅវិស័យឯកជនមកដើម្បីយកយោ​បល់ ប៉ុន្តែជួនកាលទៀត បើវិស័យឯកជនមានគំនិតផ្តួចផ្តើមអីមួយចំនួន (សូមជជែលគ្នា)ហើយមក(រកការគាំទ្រពីរដ្ឋាភិបាល)។ ថ្ងៃមុន ឯកឧត្តមអ្នកឧកញ៉ា សៀ ឬទ្ធី បានគិតគូរថា យើងខ្វះប្រព័ន្ធ logistics ហើយបានធ្វើការជា​មួយដៃគូ និងបានបន្តចរចាគ្នាថា តើយើងធ្វើការលើកទឹកចិត្ត ពង្រីកយ៉ាងណា។ ជាការផ្តួចផ្តើមមួយល្អ។

(១៥) ឯកជននិងរដ្ឋធ្វើជាដៃគូ ជួយ​គិត ជួយធ្វើ ជួយទទួលខុសត្រូវ រួមគ្នាបង្កើនភាពទាក់ទាញ និងប្រកួតប្រជែង

មានវិស័យផ្សេងៗ ទៀតជាច្រើន (ដែលគប្បីគិតគូរដូចគ្នា)។ អាចសួរទៅ ហើយមកវិញសួររដ្ឋាភិបាលថា ឥឡូវមានគំនិតថ្មីនេះ ជាវិទ្យាសាស្រ្តថ្មី ការវិនិយោគថ្មី។  ឥឡូវរដ្ឋាភិបាលយើងអាចជួយអ្វីខ្លះ? អញ្ចឹងជួយគិត ជួយធ្វើ ហើយរដ្ឋាភិបាលនឹងគិត ព្រោះយើងជួនកាលគិតអត់អស់ទេ។ អ្វីដែលយើងអាចផ្តល់បានយើងផ្តល់ អ្វីដែលយើងមិនអាចផ្តល់បានគឺយើងនឹងប្រាប់។ យើងរកវិធីជួយ។ ទោះជាយ៉ាងណា ចង់ឲ្យវិស័យឯកជននិងរដ្ឋធ្វើជាដៃគូ ជួយ​គិតជួយធ្វើ ហើយជួយទទួលខុសត្រូវ។ ខ្ញុំតែងតែនិយាយ តាំងពីខ្ញុំមុនឡើងធ្វើជានាយករដ្ឋមន្រ្តី និងគ្រប់វេទិកាថាចង់ឲ្យដៃគូឯកជនជាអ្នកជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវ រួមគ្នាបង្កើនភាពទាក់ទាញ និងប្រកួតប្រជែងជាកម្លាំងរបស់ជាតិ។ យើងតូច បើយើងមិនរួមគ្នា មិនប្រកួតគ្នាទេ យើងទៅប្រកួតមិនឈ្នះគេទេ។ ការរួមគ្នានេះជាកត្តាកំណត់។ មិនមែនរួមគ្នាដាក់គោលដៅ ដាក់លក្ខខណ្ឌរឹងកំព្រឹសទេ។ យើងឯកភាពគ្នាជាគោលការណ៍ប្រកួតប្រជែងប៉ុន្តែជាមួយគ្នា មានគោលការណ៍មួយចំនួនដែលយើងអាចរួមគ្នាធ្វើ បង្កើតភាពទាក់ទាញ …។

(១៦) ពិចារណារៀបចំក្រុមប្រឹក្សាពិគ្រោះពីវិស័យឯកជន ដើម្បីបានធាតុចូលពីអ្នកប្រតិបត្តិការផ្ទាល់

សាជាថ្មី ក្នុងមួយឆ្នាំកន្លះជាងនេះ ដែលខ្ញុំបានធ្វើការជាផ្លូវការ ឬក្រៅផ្លូវការ ពិគ្រោះយោបល់ជាមួយនឹងវិស័យផ្សេងៗ សូមអរគុណចំពោះការចែករំលែកទស្សនៈ ដែលពេលខ្លះត្រង់ទៅត្រង់មក។ ចូលចិត្តអញ្ចឹង។ មិនបាច់ជជែកប្រធានបទច្រើនទេ។ បើក្នុងប្រជុំ ជួនកាលយើងលើកមកមាន ១០ ឬ ២០ ចំណុច។ ជួនកាលយើងអង្គុយនិយាយតែមួយចំណុច។ ជួនកាល ខ្ញុំជួបជាមួយឧកញ៉ា ហ៊ុន ឡាក់ ជួបជាមួយឧកញ៉ា ម៉ុង ឬទ្ធី ខ្ញុំក៏សួរពីការផលិតជី។ ជួយគិតឲ្យខ្ញុំ។ ធ្វើម៉េចផលិតជីក្នុងស្រុកឲ្យបាន។ សិក្សាឲ្យខ្ញុំបន្តិច តើជីគីមីទៅរួចឬអត់។ បើជីគីមីទៅមិនរួច ជីកំប៉ុសជីសិរីរាង្គហ្នឹងយ៉ាងម៉េច? អង្គុយគិតជាមួយគ្នា។ ខ្ញុំក៏បានឲ្យឯកឧត្តម ឌិត ទីណា គិតគូរទៅលើរឿងនេះ។ ខ្ញុំកំពុងតែគិតគូរមួយជំហានអំពីការរៀបចំជាក្រុមប្រឹក្សា advisory team មួយពីវិស័យឯកជន សម្រាប់ផ្តល់យោ​បល់​លើការងារ។ ក្រសួងស្ថាប័នមានជំនាញមួយហើយ ពិគ្រោះយោបល់ជាមួយវិស័យឯកជន ពិគ្រោះយោបល់ជាមួយដៃគូ ពិគ្រោះយោបល់ជាមួយអ្នកជំនាញចេញគោលនយោបាយមួយចំនួន

ប៉ុន្តែកិច្ចការខ្លះ ពេលអនុវត្តត្រូវចង់ដឹង ចង់បានយោបល់ពីវិស័យឯកជន ជាជាងគ្រាន់តែជាយន្តការសម្រាប់ផ្តល់យោបល់ ពិគ្រោះយោបល់។ នេះជាយន្តការ advisory ជាទីប្រឹក្សា លើវិស័យមួយចំនួន ជាពិសេសវិស័យដែលចាំបាច់ ដូចជាកសិកម្ម។ ខ្ញុំប្រ​ហែលជាត្រូវអញ្ជើញអ្នកឧកញ៉ាមួយចំនួន ឬអ្នកដែលជំនាញខាងវិស័យឯកជនមួយចំនួនជាទីប្រឹក្សា ដើម្បីផ្តល់ធាតុផ្សំតែម្តង។ មិនមែនថា យើងមិនទទួលនូវអ្វីដែលក្រសួងស្ថាប័នធ្វើទេ. យើងទទួល ប៉ុន្តែពេលជាមួយគ្នា យើងក៏ចង់បានឲ្យអ្នកដែលប្រតិបត្តិការផ្ទាល់ជួយផ្តល់យោបល់ តាមដានមើល ផ្តល់ធាតុផ្សំបន្ថែមទៀតនៅក្នុងកិច្ចការនេះ។ កន្លងទៅយើងបានធ្វើកិច្ចការនេះ។ ពេលខ្លះអញ្ជើញឧកញ៉ា លី ហួរ ទៅបាយជាមួយគ្នាថ្ងៃត្រង់។ ឥឡូវមិនបាច់សម្តេច មិនបាច់ឧកញ៉ាអីទេ។ ពូក្មួយតែម្តង។ តែគាត់អត់ព្រមហៅ។ ថាបិទទ្វារអញ្ចឹង អាចហៅក្មួយបានហើយ។ គាត់ថាសូមសម្តេចក្មួយ។ អញ្ចឹងក៏បាន។

(១៧) យកគន្លឹះធុរកិច្ច មកដោះស្រាយកិច្ចការ ស្រាយបញ្ហាមួយគន្លឹះ របូតចំណងឯទៀតដោយឯកឯងក៏ថាបាន

ដូចជាវិស័យអចលនទ្រព្យ។ ចំណុចស្អីខ្លះនៅប្រឈម ដើរយ៉ាងណាអីយ៉ាងណា? ឯកឧត្តម សាយ សំអាល់ ក៏ដូចគ្នា។ ពេលខ្លះបាយជាមួយគ្នាអង្គុយជជែក។ ល្ងាចហ្នឹងចេញមកបានតែមួយចំណុច។ ដោះស្រាយតែមួយរឿងក៏ល្អដែរ។ មួយរឿងដែលជាគន្លឹះ ជួនកាលរឿងខ្លះ ដោះមួយរឿងហ្នឹងធ្វើឲ្យរឿងប៉ុន្មានទៀតវាទៅឯង។ បើដោះចំគន្លឹះ។ គន្លឹះវានៅចំកន្លែងហ្នឹង។ ដូចវិស័យទេសចរណ៍អញ្ចឹង គេថាវិស័យទេសចរណ៍រឿងសណ្ឋាគារ រឿងអ្វីផ្សេងៗ ប៉ុន្តែគន្លឹះធំមួយសម្រួលធ្វើម៉េចឲ្យមនុស្សមក។ តែមនុស្សមកហើយ ឱកាសបង្កើតកញ្ចប់ផលិតផលអីតែងតែមានហើយ។ ប៉ុន្តែបើយើងធ្វើកន្លែងតូចៗ មួយៗហ្នឹង ជួនកាលវាយូរហើយពិបាក។ វិស័យមួយៗគឺធានាប្រ​សិទ្ធភាព ធានាភាពប្រកួតប្រជែង។ យើងដោះមួយម្តង ហើយមួយដែលសំខាន់។ រាជរដ្ឋាភិបាលចេញគោលនយោបាយដោះជាកញ្ចប់ទៅហើយ ប៉ុន្តែក្នុងកញ្ចប់នោះប្រាកដជាមានគោលដៅមួយចំនួន ដែលត្រូវការពន្លឿននៅក្នុងការដោះជាងគោលដៅផ្សេង។

ខ្ញុំសូមអរគុណចំពោះការចូលរួមរបស់វិស័យឯកជនក្នុងពេល ១ឆ្នាំជាងនេះ ជាពិសេសការនិយាយត្រង់ទៅត្រង់មកតែម្តង។ លើកយោបល់មក ខ្ញុំបានយោបល់។ ពេលខ្លះយោបល់ខ្ញុំ អត់ដែលគិតឃើញទេ។ ចប់ភ្លាមខ្ញុំទាក់ទងទៅខាងក្រសួងស្ថាប័នជំនាញឱ្យសិក្សាឱ្យខ្ញុំភ្លាម។ គាត់ធ្លាប់គិតដែរ ប៉ុន្តែជ្រុងផ្សេង។ ឥឡូវយកគន្លឹះអ្នកដែលធ្លាប់​ធ្វើ ឬថាប្រើល្បិចអ្នករកស៊ី ល្បិចអ្នកធុរកិច្ច មកដោះរឿងនេះ។ ល្បិចហ្នឹងជាល្បិចដែលអាចធ្វើការងារដើរ ព្រោះបើគាត់អាចធ្វើឱ្យអាជីវកម្មគាត់ដើរ យើងក៏ត្រូវរៀនពីគាត់ដែរ។ ការងារខ្លះយើងដោះបាន។ នេះជាអ្វីដែលយើងបានធ្វើក្នុង ១ឆ្នាំកន្លះកន្លងទៅ។ ខ្ញុំសូមលើកទឹកចិត្តឱ្យវិស័យឯកជនបន្តចូលរួម មិនមែនតែសមាជិក សមា​គមឧកញ៉ាកម្ពុជាប៉ុណ្ណោះទេ វិស័យឯកជនទាំងអស់ មិនថាអ្នកជាសមាជិកឬមិនសមាជិក ចូលរួមផ្តល់យោបល់ ចូលរួមលើកយោបល់ទៅដល់រាជរដ្ឋាភិបាលតាមគ្រប់យន្តការ ទៅដល់រដ្ឋមន្ត្រី ទៅដល់ក្រសួងស្ថាប័ន។ ឃើញ ឯកឧត្តម រដ្ឋមន្ត្រី លោកជំទាវ រដ្ឋមន្ត្រី ផ្សេងៗប្រទាក់ក្រឡាជាប់ជាប្រចាំ។ លើកបញ្ហា១០ ដោះបាន១ ជោគជ័យ ថ្ងៃក្រោយយក៩ មកលើកម្តងទៀត ដោះបណ្តើរៗ។ នេះហើយគឺជាកត្តាជោគជ័យរបស់យើងនៅគ្រប់វិស័យ។

[ចប់សេចក្តីអធិប្បាយ២]

ជាមួយនឹងការចូលរួមពីវិស័យឯកជន នៅក្នុងជំរុញចលនារបស់យើង ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខនេះរាជរដ្ឋាភិបាលនៅតែមានសុទិដ្ឋិនិយមខ្ពស់ថា កំណើនសេដ្ឋកិច្ចនឹងមានលទ្ធភាពបន្តសម្រេចបានក្នុងរង្វង់ ៦,៥% ជាមធ្យមក្នុងមួយឆ្នាំ។

ការស្ទុះងើបនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជា ក៏បានឆ្លុះបញ្ចាំង តាមរយៈ ទិដ្ឋភាពពាណិជ្ជកម្មអន្តរជាតិ ជារួម ដែលក្នុងនោះ ទំហំពាណិជ្ជកម្មសរុប បានកើនឡើងដល់ទំហំជិត ៥៥ ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៤ ពោលគឺមានកំណើនប្រមាណជិត ១៦% បើធៀបនឹងឆ្នាំ២០២៣។ ការនាំចេញ មានទំហំប្រមាណ ២៦ ប៊ីលានដុល្លារ ដែលមានកំណើនប្រមាណ ១៤%, ហើយការនាំចូល មានទំហំប្រមាណ ២៨ ប៊ីលានដុល្លារ ដែលជាកំណើន ប្រមាណ១៦%។

[ចាប់ផ្តើមសេចក្តីអធិប្បាយ ៣]

(១៨) កែសម្រួលចង្វាក់ផលិត​​កម្ម បង្កើនផលិតកម្មក្នុងស្រុក ដើម្បីបង្កាប្រឈមការប្រែប្រួលសេដ្ឋកិច្ចពិភពលោក

ទី១ កត្តាពាណិជ្ជកម្ម។ ឃើញថាប្រទេសយើងពឹងផ្អែកទៅលើការនាំចេញច្រើន ដែលទាមទារឱ្យយើងពង្រឹង និងពិនិត្យវាយតម្លៃឡើងវិញ។ កត្តាពាណិជ្ជកម្មសេដ្ឋកិច្ចពិភពលោកនេះផុយស្រួយ។ ដូច ឯកឧត្តម លោកជំទាវ បានឃើញហើយ មិនមែនតែកម្ពុជាទេ។ ប្រទេសជាច្រើនកំពុងតែព្រួយបារម្ភពីការប្រែប្រួលភ្លាមៗ នៃគោលនយោ​បាយសេដ្ឋកិច្ចពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ កាណាដា ម៉ិចស៊ីក មុនគេ តែប៉ះផ្ទាល់(ខ្លាំងអាចមាន)ជាមួយចិន។ ចិនថា បានព្យាករណ៍មុន ព្រោះធ្លាប់មានរឿងហ្នឹងពីមុនហើយ។ ប៉ុន្តែ កាណាដា និងម៉ិចស៊ីក ដែលរងនូវការដាក់ tariff (ពន្ធលើមុទំនិញនាំចូលនាំចេញ)នេះ គឺជាការពិត។ ឥឡូវ(វាមានផលបះពាល់នៅ)អឺរ៉ុប។ ទៅមុខទៀតអាចអាស៊ាន ទ្វីបអាស៊ី ឬក៏ប្រទេសផ្សេងទៀត។ អញ្ចឹងការបត់បែនបែបនេះអាចថា ជាការងារថ្មីមួយសម្រាប់យើង ប៉ុន្តែមិនមែនជាការងារថ្មីសុទ្ធសម្រាប់ពិភពលោកនោះទេ ហើយក៏មិនអាចថា ជាការដែលកើតលើកចុងក្រោយនោះទេ។ ហេតុការណ៍នេះ ទាមទារឱ្យយើងពិនិត្យវាយតម្លៃពីរចនាសម្ព័ន្ធផលិតកម្មដែលរាជរដ្ឋាភិបាលកំពុងតែធ្វើនេះ ដើម្បីធ្វើឱ្យមានផលិតកម្មបានច្រើននៅក្នុងស្រុក ជាពិសេសធាតុផ្គុំឱ្យបានច្រើន។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យវិស័យឯកជនទាក់ទាញដៃគូមកវិនិយោគក្នុងខ្សែចង្វាក់នៃផលិតកម្ម។

ឧទាហរណ៍ យើងផលិតខោអាវនាំចេញ។ កន្លងទៅ យើងយកក្រណាត់ជ្រលក់ពីក្រៅ ឥឡូវយើងលើកទឹកចិត្តឱ្យមានការវិនិយោគផលិតក្រណាត់ ឬមួយក៏មានធ្វើអីនៅក្នុងស្រុក។ ថ្ងៃមុនមានក្រុមហ៊ុនមួយចំនួនកំពុងធ្វើ … ផលិតស្បែកជើង ដែលពីមុនសូម្បីជ័រកាវក៏យើងយកមកពីក្រៅ។ ឥឡូវ យើងលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតជ័រកាវ ធាតុបង្គុំផ្សេងៗ នៅខាងក្នុង។ នេះគោលដៅមួយដែលរាជរដ្ឋាភិបាលត្រៀមរៀបចំគោលនយោបាយលើកទឹកចិត្តពិសេស។ សូមវិស័យឯកជន បើសិនជាមានដៃគូដែលមានការចាប់អារម្មណ៍នៅក្នុងការផលិតធាតុបង្គុំនៅក្នុងស្រុក ទាក់ទាញមក ដើម្បីជាជាងនាំផលិតផលពីក្រៅ ១០០% មកផ្គុំហើយនាំចេញ ថ្ងៃក្រោយយើងអាចកាត់បន្ថយការនាំចូលពីក្រៅ ផលិតក្នុងស្រុក២០% ឬ៣០% ឬ៤០% បង្កើននិងការរៀបចំនូវខ្សែចង្វាក់ផលិតកម្មរបស់យើង។ ដើម្បីកែសម្រួលខ្សែចង្វាក់ផលិត​​កម្ម ធានាការប្រែប្រួលស្ថានភាពពាណិជ្ជកម្មលើពិភពលោក​ទៅថ្ងៃក្រោយ ដើម្បីទប់កុំឱ្យមានភាព(ប្រឈម)បែបនេះ។ ជួនកាលយើងយកបង្គុំពីប្រទេសតែមួយមក ឬមួយក៏កន្លែងណាមួយ។ ពេលខ្លះរឿងកើតនៅប្រទេសណាមួយគឺពិបាក។ កាលឆ្នាំ២០០០ ជាង ខ្ញុំកម្ម៉ង់ឡាន Fortuner ពីជប៉ុន។ គេនាំពីជប៉ុន តែផលិតអត់ចេញ ដោយសារនៅថៃលិចទឹក ហើយគ្រឿងបង្គុំមួយចំនួនរបស់ Fortuner ហ្នឹងផលិតនៅថៃ។ ដល់វាគាំងផលិតមិនចេញ នាំចេញក៏អត់រួច។ ដូច្នេះ យើងត្រូវតែគិតគូរត្រៀមរៀបចំខ្សែចង្វាក់ផលិតកម្មរបស់យើង។

(១៩) លើកទឹកចិត្តវិនិយោគលើខ្សែចង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ខ្សែចង្វាក់ផលិតកម្ម

ទី២ ការវិនិយោគទៅលើការទាញនូវផលិតផលបន្ថែម តម្លៃបន្ថែមនៅក្នុងខ្សែចង្វាក់។ ឧទាហរណ៍ កន្លងទៅយើងលើកទឹកចិត្តនាំចេញស្វាយចន្ទីឆៅ។ ឥឡូវមានក្រុមហ៊ុនខ្លះ យកផលិតជាស្វាយចន្ទីកំប៉ុងនាំចេញហើយ។ ប៉ុន្តែមិនមែនផលិតតែគ្រាប់ស្វាយចន្ទីនាំចេញនោះទេ។ គឺធ្វើផលិតផលចេញពីមួយដើមស្វាយចន្ទីនេះ។ គេធ្វើបានច្រើនណាស់។ សំបកវា ផ្លែវា គេយកគៀបធ្វើអី។ អញ្ចឹង យើងក៏លើកទឹកចិត្តការវិនិយោគពាក់ព័ន្ធទាំងនោះដែរ។ បើសិនជាមានអ្នកវិនិយោគដើម្បីទាញផលតម្លៃបន្ថែម ក៏ជាគោលដៅដែលរាជរដ្ឋាភិបាលប្រុងដាក់ដើម្បីលើកទឹកចិត្ត។ យើងរៀបចំជា Eco system នៃស្វាយចន្ទី។ ឥឡូវនេះនៅកំពុងរៀបចំជាគោលនយោបាយ រៀបចំជាគម្រោងវិនិយោគចេញ ក្នុងការរៀបចំជាសួនឧស្សាហកម្មមួយ និងខ្សែចង្វាក់ផលិតកម្មរបស់យើង … ដែលនឹងអាចចេញដំណើរការនៅឆ្នាំ២០២៥ នេះ ដើម្បីលើកទឹកចិត្តឱ្យការវិនិយោគខ្សែចង្វាក់ផលិតកម្ម នៅក្នុងបណ្តុំនៃតំបន់ឧស្សាហកម្ម ដោយយើងកំណត់តែម្តង ជាជាងបន្តិចនៅនេះបន្តិចនៅនោះ។ ជួនកាលតិចៗ អត់ធំ។

អញ្ចឹងវិនិយោគខ្លះមិនចាំបាច់ច្រើនទេ។ ការវិនិយោគដំណាក់កាលនៃផលិតកម្មខ្លះអត់ចាំបាច់ច្រើនទេ ព្រោះទីផ្សារនាំចេញតូច ហើយផលិតផលស្វាយចន្ទីយើងមានតែប៉ុន្មានសែនហិកតា ត្រូវការឧទាហរណ៍ រោងចក្រផលិត Biomass ពីស្វាយចន្ទីតែ ៣ ឬ៤ ប៉ុណ្ណឹង។ អញ្ចឹងយើងកំណត់ ដើម្បីយើងផ្តល់យោបល់ទៅវិស័យឯកជន ដាក់នៅកន្លែងសួនឧស្សាហកម្មដែលអាចរដ្ឋជួយគាំទ្រក្នុងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ នេះគឺជាគោលនយោបាយនៅក្នុងការទាក់ទាញ ដើម្បីយើងជំរុញតម្លៃផលិតកម្មនៅតាមវិស័យនីមួយៗ។ ក្នុងន័យនេះ ខ្ញុំសូមជម្រាបជូនថា ប្រភេទនៃការវិនិយោគលើខ្សែចង្វាក់ផលិតកម្ម ការផ្គត់ផ្គង់ខ្សែចង្វាក់ផលិតកម្ម គឺជាការលើកទឹកចិត្តរបស់យើង។ ជួនកាលវិស័យកាត់ដេរច្រើនហើយ ទៅធ្វើអីទៀត។ គេអាចសួរថាតើចាំបាច់ធ្វើវិស័យកាត់ដេរទេ? អត់អាហ្នឹងក៏បាន។ ប៉ុន្តែក្នុងវិស័យកាត់ដេរ ចុះបើផលិតធាតុផ្សំ ឬវត្ថុធាតុដើមនៃវិស័យកាត់ដេរដែលផ្គត់ផ្គង់រោងចក្រកាត់ដេរ ដែលយើងនៅខ្វះខាត អាចយកចិត្តទុកដាក់កន្លែងនេះ។ យើងចង់លើកទឹកចិត្ត។ គេធ្វើស្វាយចន្ទីហើយ មានអ្នកប្រមូលទិញច្រើន នាំចេញហើយ។ ចុះនៅខ្វះអ្នកដែលទិញកាកទិញស្អីយកទៅចម្រាញ់ទេ? ត្រូវការអ្នកហ្នឹង។ នេះជាការគិតគូរនៅក្នុងខ្សែចង្វាក់។ រាជរដ្ឋាភិបាលនឹងលើកទឹកចិត្តទៅដល់ការវិនិយោគបែបនេះ។

ថ្ងៃនេះ ខ្ញុំ​បានជួបនិងថ្លែងអំណរគុណ ការកោតសរសើរដល់សមាគមឧកញ៉ាកម្ពុជា ដែលបានដើរតួនាទីសំខាន់ ជំរុញនិងលើកកម្ពស់សមត្ថភាពវិស័យឯកជនរបស់យើង ចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍប្រទេសរបស់យើង។ រដ្ឋាភិបាលនឹងបន្តបង្កើតគំនិត យើងរួមគ្នាគិត និងធ្វើតទៅទៀត។ អ្វីដែលឃើញចន្លោះប្រហោងសូមជួយគិត  សូមជួយបង្កើនប្រសិទ្ធភាព។ យើងប្រកួតប្រជែងដើម្បីធានាប្រសិទ្ធភាពឱ្យកាន់តែខ្ពស់ តាមរយៈការធ្វើនាវានុវត្តន៍ និងការទាញយកវិធីសាស្ត្រថ្មីៗ ក៏ដូចជាបច្ចេកវិទ្យាថ្មីៗ។ បែបនេះគឺជាវិធីសាស្រ្តតែមួយគត់ដែលអាចឲ្យកម្ពុជាយើងធានាប្រកួតប្រជែងជាមួយប្រទេសដទៃបាន ជាពិសេស ពេលដែលយើងចូលទៅក្នុងដំណាក់កាលនៃបច្ចេកវិទ្យា AI នៅខាងមុខនេះ ដែលឱកាសនៅក្នុងការទាក់ទាញរបស់យើងត្រូវបន្តតទៅទៀត។

[ចប់សេចក្ដីអធិប្បាយ៣]

ខ្ញុំសង្ឃឹមថា សមាគមឧកញ៉ាកម្ពុជា​នឹងបន្តគាំទ្ររាជរដ្ឋាភិបាល ក្នុងការជួយធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើត ក៏ដូចគ្នាក៏ចូលរួមក្នុងការថែរក្សានូវសុខសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានបង្កើតឲ្យមាននូវឱកាសសម្រាប់រីកចម្រើនបន្តទៀត។

[ផ្ដើមសេចក្ដីអធិប្បាយ៤]

(២០) ជម្លោះផ្ទៃក្នុង និងការវាយប្រហារគ្នាជាមួយប្រទេសជិតខាង មានតាំងតែពីមុនសម័យអង្គរធ្លាក់

សួរថា ម៉េចបានជាម្ដងណាក៏យើងមិនចោលប្រធានបទសន្តិភាពហ្នឹង។ ខ្ញុំថានិយាយទាល់តែអ្នកឯងដេកយល់សប្តិ ព្រោះកុំឲ្យវាបាត់។ ស៊ូឲ្យធុញ តែកុំឲ្យវាបាត់។ យើងនិយាយ​ថា ប្រវត្តិសាស្រ្ត ៥០០ឆ្នាំ យើងមិនដែលមានការឯកភាពជាតិទេ តែបើមើលប្រវត្តិសាស្រ្តដិតដាមទៅ តាំងពីមុនសម័យអង្គរធ្លាក់ ក៏យើងមានការវាយគ្នាផ្ទៃក្នុង វាយគ្នាជាមួយប្រទេសជិតខាង។ ទីក្រុងយើងធ្លាប់លើកមកដល់ចតុមុខ ហើយលើកទៅវិញ លង្វែកអីផ្សេងៗ។ វានៅមានរឿងហ្នឹង។ អញ្ចឹងបើមើលប្រវត្តិគឺរាប់ពាន់ឆ្នាំ ដែលទម្រាំតែយើងបានសុខ។ យើងប្រើពេល ២៧ឆ្នាំ ទើបបញ្ចប់សង្រ្គាមដោយនយោបាយឈ្នះឈ្នះ។ ប៉ុន្តែ ក្នុង២៧ឆ្នាំនេះ កុំភ្លេចយើងធ្លាប់វាយគ្នា ៤ឆ្នាំដែរ ២០០៨-២០១១ ជាមួយប្រទេសជិតខាងនៅព្រំដែន។ យើងមានវិះប៉ុន្មានដងទៀតនៅខាងលើ។ សួរថាម្ដងៗហ្នឹង ភ័យទេ? ជ្រួលទេ? ពិភពលោកផ្សាយថាប្រទេសកម្ពុជាជិតមានសង្រ្គាមទៀតហើយឬ? ពិតណាស់ តើវាប៉ះទេដល់ជីវភាពរស់នៅ ធុរកិច្ចរបស់់បងប្អូន? នេះដែលយើងនិយាយថា សន្តិភាព ២៧ឆ្នាំ នយោបាយឈ្នះឈ្នះយើងបញ្ចប់សង្រ្គាមផ្ទៃក្នុង។ ប៉ុន្តែ មានការប៉ះទង្គិចព្រំដែនមានពីរបីដងរួចហើយ។ ធ្លាប់វាយគ្នាស្លាប់និងរបួសរួចទៅហើយ ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជិតខាងរួចហើយ។

(២១) បើមានការរំលោភដោយវិធីសាស្រ្តកម្លាំងប្រដាប់អាវុធ កម្ពុជាត្រៀមគ្រប់មធ្យោបាយការពារបូរណភាពទឹកដី 

​រឿងនេះ ខ្ញុំកំពុងតែឃើញអ្នកមួយចំនួនដែលស្នេហាជាតិ ស្រែកពីក្រៅប្រទេសទៀតហើយ។ ម៉េចក៏មិនស្អីៗ អញ្ចឹងទៅ។ ខ្ញុំសូមបញ្ជាក់ថា រឿងការពារជាតិ ការពារទឹកដី ជារឿងដែលយើងត្រូវមានកង្វល់ទាំងអស់គ្នា។ រាជរដ្ឋាភិបាលមិនបានមិនអើពើនោះទេ​។ នៅឆ្នាំ២០០៨-២០១១ យើងមិនមាត់មិនកទេ តែពេលគេចូលរំលោភយើងដោយកម្លាំងប្រដាប់អាវុធ យើងក៏នឹងឆ្លើយតបដោយកម្លាំងប្រដាប់អាវុធដែរ។ ខ្ញុំបានប្រកាសថ្ងៃមុនរួចហើយ រាជរដ្ឋាភិបាលកម្ពុជាមិនចាំបាច់ឆ្កាដៃឆ្កាជើងទេ។ ពីថ្ងៃ៨-៩ មីនានេះ មានអ្នកជ្រុលនិយមថៃស្រែកថា ប្រាសាទតាមាន់ធំជារបស់គេ ហើយបម្រុងលើកគ្នាមកស្រែកច្រៀងនៅលើនោះ។ យើងចាំបាច់ទៅស្រែកអី … ហ្នឹងជារឿង​នយោបាយផ្ទៃក្នុងគេ។ ឥឡូវគេស្រែក គេរត់មកដល់ព្រំដែន។ ទាហានថៃទប់។ គេបង្កើតរឿងរបស់់គេ។

ឆ្នាំ២០០៨ កម្ពុជាមិនមានហេកហកទេ ប៉ុន្តែបើអ្នកឯងចូលរំលោភប្រើវិធីសាស្រ្តកងកម្លាំងប្រដាប់អាវុធ យើងត្រៀមលក្ខណៈការពារគ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដី រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អា​វុធម្ដងទៀត។ មិនខ្លាចទេ ខ្ញុំសូមបញ្ជាក់។ តែរដ្ឋាភិបាលមិនចង់ឲ្យមានសង្រ្គាមផ្ទុះឡើងទេ … អ្នកឧកញ៉ា លី យ៉ុង​ផាត់ ជាអ្នកដែលទទួលផ្ទាល់។ អូរស្មាច់នោះឯងជាកន្លែងដែលគ្រោងចរចាគ្នា កាលពីវា​យគ្នានៅព្រំដែនកាលពីមុនហ្នឹង។ ទំនាក់ទំនង​ល្អរវាងប្រជាជនថៃនិងប្រជាជនខ្មែរឡើងចុះ សេដ្ឋកិច្ច(ដើរ) ដល់ពេលវាយគ្នាក៏បិទភ្លាម។ ភ្លើងតលិចតកើត យើងប្រើ។ ឥឡូវបើវាយគ្នា បិទសេដ្ឋកិច្ច។ បិទអ្នកណា? វេទនាអ្នកណា? ទី១ វេទនាកងទ័ពដែលនៅព្រំដែន ទី២ប្រជាជនដែលរស់នៅទីនោះ នៅសំរោងអី។ ពេលឆ្នាំ២០០៩ ២០១០ ២០១១ វាយគ្នាហ្នឹង គឺមួយគោយន្តៗហ្នឹង ទុកតែសម្បកផ្ទះចោលបានអីយកប៉ុណ្ណឹងមក ជម្លៀសសិនមកនៅក្រោម។

ព្រះវិហារ ក៏ដូចគ្នា។ ខ្ញុំសូមបញ្ជាក់ និងបញ្ជូនសារ ដោយសារយើងមិនមាត់ គេថាយើងក្បត់ជាតិ យើងកាត់ទឹកដីទើបមិនហ៊ានមាត់។ មានវិធីសាស្រ្តក្នុងការដោះស្រាយខុសគ្នា។ ស្រឡាញ់ជាតិដូចគ្នា ស្រឡាញ់ទឹកដីដូចគ្នា ការ​ពារជាតិ ការពារទឹកដីដូចគ្នា ហើយរាជរដ្ឋាភិបាលមានវិធីសាស្រ្តរបស់ខ្លួនក្នុងការធ្វើការ។ រដ្ឋាភិបាលថៃ រដ្ឋាភិបាលខ្មែរ មិនខុសពីរដ្ឋាភិបាលប្រទេសមួយចំនួនដែលមានបញ្ហាព្រំដែនទេ។ នៅសមុទ្រចិនខាងត្បូង តើមានប៉ុន្មានប្រទេស​? យើងឧស្សាហ៍ឃើញបញ្ហាទំនាស់​រវាងហ្វីលីពីន និងចិន ប៉ុន្តែអ្នកដែលមានរឿង រាប់ទាំងម៉ាឡេស៊ី ប្រ៊ុយណេ មានទាំងវៀតណាមអី ប្រទេសខ្លះប្រកាន់ជំហរនៃការដោះស្រាយបញ្ហាព្រំដែន រឿងសហប្រតិបត្តិការ​ៗ ចរចាៗតាមរបៀបបច្ចេកទេស មិនចាំបាច់ប្រកួតប្រជែងឈ្លោះគ្នាទេ។ ប្រទេសខ្លះប្រកាន់ជំហរក្ដៅ ខ្លះកាន់ជំ​ហរត្រជាក់ តែទីបំផុតនៅតែការពារទឹកដីដូចគ្នា

(២២) ដោះស្រាយដោយសន្តិវិធី ប្រើការចរចានិងច្បាប់អន្តរជាតិ រក្សាសិទ្ធិការពារអធិបតេយ្យភាព

បងប្អូនដែលនៅក្រៅ ស្រែកថាខ្លាចបាត់ទឹកដី ចង់ឲ្យរដ្ឋាភិបាលស្រែកមួយម៉ាត់មកថាកន្លែងនេះ/នោះជារបស់យើង។ ឥឡូវ ខ្ញុំសួរ តើនាយករដ្ឋមន្រ្តីខ្មែរចាំបាច់ត្រូវឆ្លើយតបទៅក្រុមអាវលឿងថៃប៉ុន្មាននាក់ដែលមកនោះទេ? ទុកឲ្យទាហានថៃ គេខ្ទប់ខ្លួនឯងទៅ។ ថ្ងៃមុន ក្រោយពីប៉ះគ្នា ខាងថៃមករារាំងប្រជាពលរដ្ឋយើងមិនឲ្យទៅច្រៀងនៅលើនោះ ប្រទាញប្រទង់គ្នារុញច្រានគ្នា។ ទាហានថៃក៏បានទាក់ទងមក ឯកឧត្ដម នាក់ វង្ស សុំអភ័យទោស។អ្នកមកក្រោយអីផ្សេងៗ មកដាំទង់ជ័យនៅលើដីយើងៗ ឲ្យគេដក។ គេក៏ដកចេញ។ គេសុំអភ័យទោស។ ឯកឧត្ដម ទៀ សីហា បានទាក់ទងទៅជួបឧបនាយករដ្ឋមន្រ្តីថៃ និយាយគ្នាស្រួលបួលថា ឥឡូវធ្វើម៉េចកុំឲ្យរឿងនេះវាច្រាល ថែរក្សាស្ថានភាពដើម អត់មានសុំទោសអីមួយម៉ាត់។ ស្រាប់តែកាសែត Nation របស់ថៃ ចេញមកថា ទាំងឯកឧត្ដម ទៀ សីហា ទាំងនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានទូរស័ព្ទទៅសុំទោសឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិថៃអំពីតាមាន់ធំ។ ខ្ញុំថាឱ្យប្រាប់ទៅខាងថៃភ្លាម​។ ខ្ញុំឲ្យដល់ម៉ោង៥ ធ្វើការពន្យល់។ គេបង្កើតរឿងរបស់គេ។ ទីបំផុតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិថៃបានចេញមកប្រាប់ថា កាសែតនោះវាចុះរញ៉ីរញ៉ៃ ចុះការមិនពិត។ កាសែតចេញមកកែសម្រួលទៅ។ ជួនកាល កាសែតចុះរញ៉ីរញ៉ៃ តើឲ្យយើងទៅឆ្លើយតបយ៉ាងម៉េច? ឲ្យគេឆ្លើយ ឲ្យគេលាង។

រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់ការដោះស្រាយដោយសន្តិវិធី ប្រើមូលដ្ឋានច្បាប់អន្តរជាតិ ការចរចា និងការទូត តែក៏ត្រៀមលក្ខណៈគ្រប់ពេល បើសិនមានការឈ្លានពានដោយកម្លាំងប្រដាប់អាវុធ។ របៀបធ្វើការក្នុងនាមជារាជរដ្ឋាភិបាល ការការពាររបស់យើង គឺប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធី ប្រើការចរចា ការទូត និងច្បាប់អន្តរជាតិ ប៉ុន្តែត្រៀមលក្ខណៈគ្រប់ពេល បើសិនជាមានការប្រើប្រាស់កម្លាំងប្រដាប់អាវុធឈ្លានពានទឹកដីកម្ពុជា។ កម្ពុជារក្សាសិទ្ធិការពារអធិបតេយ្យភាពរបស់ខ្លួន ប្រើគ្រប់មធ្យោបាយ រួមទាំងកម្លាំងប្រដាប់អាវុធ។ ខ្ញុំបានបញ្ជាក់​ហើយ ហើយខ្ញុំសូមបញ្ជាក់ទៀត។ រឿងនេះ យើងធ្លាប់ធ្វើកាលពី២០០៨។ យើងមិនដែលបានស្រែកឡូឡាតាមហ្វេសប៊ុក​ទេ។ ពេលនោះយើងដាក់ប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌជាតិ។ តែនៅថៃ គេពុះកញ្ជ្រោល។ យើងមិនដែលទៅតទេ។ ព្រោះរឿងនយោបាយ រឿងប្រជាពលរដ្ឋគេស្រែកអីស្រែកទៅ ប៉ុន្តែយើងត្រៀមលក្ខណៈដើម្បីធ្វើការងារ។

(២៣) បើបាត់សន្តិភាព ធ្វើឱ្យមានសង្គ្រាម ជាវិធីសាស្រ្តធ្វើឲ្យខាតប្រយោជន៍ជាតិ

សួរថា វាយគ្នាវាប៉ះពាល់ស្អី? ប៉ះពាល់ទាំងអស់។ មុនគេគឺអ្នកជួរមុខនោះហើយ ប៉ះពាល់ផ្សេងទៀតគឺស្រុកខ្មែរទាំងមូល។ គ្មាននរណាចង់ទៅប្រទេសដែលមានសង្រ្គាមនោះទេ។ កុំថាទេសចរ ឬវិនិយោគមកនោះ។ អ្នកដែលមានវិនិយោគនៅទីនេះ ឮតែប្រទេសសង្រ្គាម មិនស្រួលពិចារណាក្នុងការកាត់បន្ថយ ឬមិនពង្រីកវិនិយោគរួចទៅ​ហើយ។ ពេលដែលយើងវាយគ្នា ២០០៨-២០១១ នោះ ក៏មានការផ្អាកការវិនិយោគមួយចំនួន។ សូម្បីតែទេស​ចរមួយចំនួនក៏មិនមក ព្រោះគេមើលនៅក្រៅប្រទេស គេមិនដឹងថាវាយតែនៅព្រំដែនទេ។ គេដឹងតែវាយគ្នានៅស្រុកខ្មែរ។ អញ្ចឹងស្រុកខ្មែរកន្លែងណាក៏គេគិតថាអស្ថិរភាពដែរ។ ទាល់តែអ្នកស្គាល់ខ្មែរច្បាស់។

បើសិនជាឲ្យបាត់សន្តិភាព យើងវាយគ្នាឡើងវិញតាមការលោតចុះលោតឡើងដោយមិនមានហេតុផល។ នោះហើយជាការបំផ្លាញជាតិដោយមិនដឹងខ្លួន។ ស្រឡាញ់ប្រទេសជាតិ តែវិធីសាស្រ្តធ្វើមិនត្រូវ យើងបែរជាធ្វើឲ្យខាតប្រយោជន៍ជាតិ។ នេះមិនមែនបានន័យថាឆ្លាតនោះទេ។ រាជរដ្ឋាភិបាលមិនមែនថាខ្លួនឯងឆ្លាតនោះទេ តែយើងមានបទពិសោធន៍។ ការប្ដឹងក៏យើងធ្លាប់ប្ដឹងដែរ។ ICJ ២០១៣ បកស្រាយ(សាលក្រម)ឆ្នាំ ១៩៦២។ វាយគ្នារឿងទឹកដីនេះ ក៏យើងធ្លាប់វាយដែរ ២០០៨ និង២០១១ ។ អញ្ចឹង អ្វីត្រូវដោះស្រាយបន្ដគឺថែរក្សាស្ថានភាពនឹងនរ ការត្រៀមកំលាំងលក្ខណៈ បូកជាមួយនឹងការខិតខំដោះស្រាយដោយសន្ដិវិធី ដោយប្រើច្បាប់ និងបច្ចេកទេស ព្រោះមានតែវិធីសាស្ដ្រនេះទេ ដែលធានា ព្រោះយើងធ្លាប់មានបទពិសោធន៍ហើយវាយគ្នានោះ

(២៤) ការវាយប្រយុទ្ធគ្នា មិនមែនជាការដោះស្រាយរឿងព្រំដែនទេ

ចំពោះអ្នកដែលស្រែកថា យើងអន់ យើងមិនហ៊ានតទ័ព ឃើញទាហានថៃចូលមកមិនហ៊ាន (អ្នក)នៅក្រៅប្រ​ទេស ជាពិសេសអ្នកនយោបាយមួយចំនួននោះ កាលពី២០០៨ ពេលដែលយើងវាយគ្នា(ជាមួយថៃ) ខ្ញុំឆែកមើលអស់លោកទាំងនោះអត់មានចេញមកគាំទ្រទេ។ មានតែអ្នកខ្លះចេញមកប្រាប់(ប្រជាពលរដ្ឋ)ថា រដ្ឋាភិបាលវាយគ្នាលេងល្ខោនទេ មិនបាច់ជួយទេ។ ឥលូវ ក្រែងថាអត់(បាន)ធ្វើអ្នកសេ្នហាជាតិ ពេលនោះស្ដាយ ចូលមក ខ្ញុំធានាអត់មានការចាប់ទេ។ ខ្ញុំរៀបមួយកងអនុសេនាតូចឲ្យ។ ខ្ញុំឲ្យក្របខណ្ឌកងទ័ពទៅ។ ចង់បំពាក់អាវុធចង់បានអីក៏បានដែរ។ ខ្ញុំរុញទៅមុខ ទៅតាមាន់ធំ (ឈរជើង) ៦ខែនៅហ្នុង។ ទៅឈរជើងនៅហ្នុងបានដឹងអារម្មណ៍របស់កងទ័ពយ៉ាងម៉េច។ សួរថាពួកគាត់មិនមែនស្នេហាជាតិទេអី? ហេតុអីបានជាកងទ័ពនៅទៅនោះមិនចាំបាច់ចង់ប្រ​យុទ្ធគ្នាម្ដងទៀត។ មិនមែនយើងខ្លាចទេ។ ប៉ុន្ដែយើងមើលថា ការវាយគ្នាមិនមែនជាឱកាសនៃការដោះស្រាយរឿងព្រំដែនទេ ប៉ុន្ដែវាធ្វើឲ្យភាពតានតឹងកាន់តែលំបាក។ អញ្ចឹងហើយបានជាគេឲ្យឈប់វាយគ្នា ហើយចរចាបច្ចេកទេសទៅ។ គ្មានប្រទេសណាមួយដែលកំពុងវាយគ្នា ហើយរកវិធីដោះស្រាយចេញទេ

សូម្បី អ៊ុយក្រែន និងរ៉ុស្ស៊ អាមេរិកខំទៅសម្របសម្រួល មុននឹងទៅសំរបសម្រួលចរចា គេឈប់ឲ្យវាយគ្នាសិន។ អញ្ចឹងបើសង្គ្រាមផ្ទុះឡើងទៀត អ្នកដែលថាស្នេហាជាតិខ្លាំង កុំរុញប្រ​ជា​ពលរដ្ឋគាំទ្រ។ ខ្ញុំនិយាយ(សំដៅ)មេដឹកនាំធំៗ ដែលនៅក្រៅប្រទេស ដែលកាលពីយើងប៉ះទង្គិចគ្នានៅព្រំដែន(ជាមួយថៃ) ពួកគាត់នៅក្នុងសភានៅឡើយទេ។ អត់មានជួយ(កងទ័ពទេ)។ ពេលនោះប្រជាជនគ្រប់រូប ទាំងអ្នកសុំទានម្នាក់ក៏ជួយ ១០០០ រៀល ២០០០ រៀល ដើម្បីទិញអង្ករយកទៅឲ្យកងទ័ពយើងការពារទឹកដីដែរ។ គណបក្សមួយដែលមានអាសនៈក្នុងសភាមានប្រាក់ខែ ២០០០ ដុល្លារ/ខែ អត់មានបំផុសឲ្យចូលលុយជួយកងទ័ពពេល​នោះទេ។ (បងប្អូន)ឆែកមើលទៅ។ ផ្ទុយទៅវិញថែមទាំងបំផុស(ប្រជាជន) ឲ្យមិនទុកចិត្តគ្នា(រដ្ឋាភិបាល) ថា នឹងរដ្ឋាភិបាល(វាយគ្នាសំដែង)ឆាកល្ខោន មិនឲ្យខ្មែរទុកចិត្តខ្មែរគ្នាឯងទៀត។ ទើបតែឥលូវ គាត់ចេញមកនិយាយថាគាត់ស្នេហាជាតិ ហើយទាមទារឲ្យរដ្ឋាភិបាលធ្វើតាមគាត់ បើមិនធ្វើតាមគាត់គឺក្បត់ជាតិ។

(២៥) តភ្ជាប់តំបន់ព្រំដែនទូទាំងប្រទេសដើម្បីកូនចៅខ្មែរជំនាន់ក្រោយបានទៅដល់ រស់នៅ និងកសាងសេដ្ឋកិច្ច

ការការពារទឹកដីក៏ដូចតែគ្នាទេ។ រដ្ឋាភិបាលចរចាបោះបង្គោលព្រំដែនតាំងពីជំនាន់បារាំងមិនដែលមាន។ យើងធ្វើផ្លូវព្រំដែន … ដែលប្រជាពលរដ្ឋ(ទៅមិនដល់)។ ម្សិលមិញ បងប្អូនមកពីខាងអាមេរិកដើរតាមព្រំដែន។ ខ្ញុំថាបងប្អូនទៅមើលឲ្យហើយ។ ពីជំនាន់ដូនតាយើង ផ្លូវនេះមិនមានអ្នកណាទៅដល់ទេ។ កន្លែងច្រើនណាស់ដែលពីមុនសុទ្ធតែគ្រាប់បែកគ្រាប់មីន។ អត់មានផ្លូវទេ។ ទើបតែឥលូវ យើងឈូស(ធ្វើផ្លូវ) ហើយយើងប្ដេជ្ញាចិត្តធ្វើយ៉ាងណាតភ្ជាប់គ្រប់តំបន់ព្រំដែនទូទាំងប្រទេសឲ្យជាប់គ្នាដើ ម្បីឲ្យកូនចៅជំនាន់ក្រោយរបស់ខ្មែរបានទៅរស់នៅទីនោះកសាងសេដ្ឋកិច្ចនៅទីនោះ និងបានទៅលេងដល់ទីនោះគ្រប់កន្លែង។ ដូចនៅកន្ទុយនាគអញ្ចឹង។ កន្លែងនឹងចោត ពីដើមអត់មានអ្នកណាទៅដល់ទេ។ យើងចង់ចូលទៅកន្លែងនឹងត្រូវសុំ(ចូលតាម)ខាងវៀតណាម។ ឥលូវ យើងប្ដេជ្ញាចិត្តធ្វើឲ្យបានទៅដល់នោះ។ នេះហើយការការពារទឹកដីរបស់យើង។ ថ្ងៃមុន រូបផូស្ដពី ៨ឆ្នាំមុន(ក្នុងហ្វេសប៊ុក) ដល់ថ្ងៃខែវាផូស្ដមកវិញ បានឃើញរូបកាលខ្ញុំចុះទៅមើលការធ្វើផ្លូវព្រំដែន … យើងនៅបន្ដធ្វើ ជួសជុលនៅគ្រប់កន្លែង។ នៅទិសខាងលិច យើងមើលផ្លូវតាំងពីកោះកុង ឡើងទៅពោធិសាត់ឡើងទៅសំឡូត ម៉ាឡៃ។ កាលមុនប្រទាក់ក្រឡាវាយគ្នា។ ឥលូវយើងធ្វើឡើងទៅដល់ឧត្តរមានជ័យចាក់ទៅអន្លង់វែង ព្រះវិហារ ឡើងទៅដល់ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ចុះមកដល់ទូទាំងប្រទេស។ (សួរថាយើង)ធ្វើដើម្បីអី? ធ្វើដើម្បីដីខ្មែរទាំងអស់ត្រូវបានប្រើប្រាស់ដោយកូនខ្មែរ រួមគ្នាថែរក្សា។ ទាល់តែយើងមានផ្លូវ យើងទៅដល់។ នេះហើយគឺជាការការពារទឹកដីជាក់ស្ដែងរបស់យើង។

(២៦) ការពារព្រំដែន គឺការអភិវឌ្ឍនិងបើកច្រកសេដ្ឋកិច្ច ឱ្យប្រជាពលរដ្ឋចេញចូលរកស៊ីជាមួយប្រទេសជិតខាង

ខ្ញុំអរគុណសមាគមឧកញ៉ាកម្ពុជា ដែលកន្លងទៅបានចូលរួមជាថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវព្រំដែន។ បើយើងគ្រាន់តែនិយាយពីស្រឡាញ់ព្រំដែន ការពារទឹកដី ប៉ុន្ដែកន្លែងនោះយើងទៅមិនដល់ តើឲ្យអ្នកណាគេមើល(ថែទឹកដីហ្នឹង)? កន្លែងនោះ មិនមានការអភិវឌ្ឍតើយើងទុកឲ្យអ្នកណាទៅ? នេះហើយការការពារព្រំដែន គឺមិនមែនកសាងទ័ព កសាងលេណដ្ឋានអោយខ្លាំងទេ ប៉ុន្ដែជាកសាងអភិវឌ្ឍឲ្យប្រជាពលរដ្ឋរស់នៅតាមព្រំដែន កសាងសេដ្ឋកិច្ចតាមព្រំដែន បើកច្រកសេដ្ឋកិច្ចព្រំដែន ច្រកអន្ដរជាតិ ច្រកទ្វេភាគី ច្រកតំបន់ឲ្យបានច្រើន ដើម្បីឲ្យប្រជាជនយើង ធុរកិច្ចយើងទៅរកស៊ីប្រទាក់ក្រឡាជាមួយប្រទេសជិតខាងនៅទីនោះ នឹងហើយប្រជាជន គាត់ដឹងហើយ តែពេលគាត់ទៅនៅគាត់ដឹងកន្លែងណាដីយើងដីគេហើយ។ មិនខុសពីនៅអឺរ៉ុបឥលូវបារាំង និងស្វ៊ីសអត់មានបង្គោលទេ។ ជិះតែបន្ដិចដល់។ ប៉ុន្ដែអ្នកនៅហ្នឹងគេដឹង ជិះដល់កន្លែងណាស្វ៊ីស ចូលកន្លែងណាបារាំង។ យើងដូចគ្នា។ នេះជាគោលការណ៍ដែលសម្ដេចតេជោបានធ្វើច្រើនអាណត្ដិមកហើយៗ ខ្ញុំនៅបន្ដធ្វើតទៅទៀត។ ពេលជាមួយគ្នាត្រូវបង្រួមកំលាំងជាតិថែរក្សាសន្ដិភាព សេដ្ឋកិច្ច ដើម្បីពង្រឹងខ្លួនឯងឲ្យសេដ្ឋកិច្ច ប្រ​ជាជនយើងរឹងមាំម្ចាស់ការខ្លួនឯង បូករួមនឹងលើកកម្ពស់សមត្ថភាពយើងប្រកួតប្រជែងនឹងសហប្រតិបត្ដិការជាមួយប្រទេសផ្សេងឲ្យបានច្រើនលើគ្រប់វិស័យរួមទាំងវិស័យឯកជន។ នេះគឺជាការស្រឡាញ់ជាតិ ស្នេហាជាតិពិតប្រាកដ ។ មានតែវិធីនេះទេដែលកូនខ្មែរអាចការពារខ្លួនឯងបាន។ នេះជាវិធីសាស្ដ្ររបស់យើង។ បើនិយាយថាស្រឡាញ់ជាតិ កុំនាំគ្នាឈ្លោះតែគ្នាឯង។ អ្នកនយោបាយមួយក្រុមតូចស្រែកចុះ ដល់ឯងមករកឈ្លោះគ្នារវាងរដ្ឋាភិបាល និងអ្នកមិនគាំទ្ររដ្ឋាភិបាល គេអង្គុយសើច។

(២៧) ក្រុមការងារព្រំដែនមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ និងទាំងអស់គ្នាមិនចង់ក្លាយជាអ្នកចរចាធ្វើឲ្យបាត់ដីទេ

បើយើងចរចា ក្រុមការងាររបស់យើងមានឯកសារផ្លូវច្បាប់ដើម្បីចរចាជាមួយប្រទេសជិតខាង។ កិច្ចការងារនេះ ខ្ញុំសូមឲ្យមានការទុកចិត្ត ព្រោះពួកគាត់ជាអ្នកទទួលខុសត្រូវជាមួយរដ្ឋាភិបាល។ យើងទាំងអស់គ្នាមិនមានចង់ឲ្យអ្នកណាដែលជាអ្នកចរចាធ្វើឲ្យបាត់ដីនោះទេ គឺប្ដេជ្ញាចិត្តណាស់។ ត្រូវរក្សាការទុកចិត្តគ្នាដើម្បីធ្វើការ។ អ្នកលេងកាតេ គេកាន់បៀម្នាក់ ៦សន្លឹក តែគ្នាយើងឃើញបៀរនៅមិនស្ងៀម ស្រែកជជែកកោកកាក … ភាគីផ្សេងគេដឹងតើលេងម៉េចឈ្នះគេ។ ទីបំផុតខាតទាំងអស់គ្នា។ ខ្ញុំសូមនិយាយអញ្ចឹងចុះ។ ការចរចារាប់សិបឆ្នាំគឺ យើង​ធ្វើម៉េចធានាភាពម្ចាស់ការដោយការទទួលខុសត្រូវ។ ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលនៅក្រៅប្រទេស ពលករនៅកូរ៉េ ជប៉ុន យល់និងទុកចិត្តលើរដ្ឋាភិបាល។ មានការអំពាវនាវ បំផុសឲ្យចេញបាតុកម្ម ជាពិសេសប៉ុន្មានអាទិត្យមុននោះ ចង់បានរាប់ពាន់នាក់ឯណោះ ប៉ុន្ដែចេញមកបានប៉ុន្មានរយនាក់។ សូម្បីពេលជាមួយគ្នា អ្នកទៅមើលបាល់ទាត់ពាក់មីរៀបចំ មានមនុស្សរាប់រយនាក់ទៅមើល ព្រោះគេយល់ថាគ្មានប្រ​យោជន៍អី ដែលខ្មែរត្រូវឈ្លោះគ្នា ដើម្បីរឿងដែលយើងទាំងអស់គ្នាគិតថាមានគោលដៅដូចគ្នា ការពារជាតិដូចគ្នា ទាំងអ្នកដែលស្របជាមួយរដ្ឋាភិបាល។ គេយល់ថា យើងជាខ្មែរដូចគ្នា ការពារជាតិ ទឹកដីដូចគ្នា មិនត្រូវឈ្លោះគ្នាទេ។ យើងត្រូវរួមគ្នា ជាពិសេសថែរក្សាសន្ដិភាព ស្ថិរភាព ក្នុងប្រទេសរបស់យើង។

បើមិនអញ្ចឹងទេ យើងនឹងបាត់បង់មែនហើយ។ បើខ្មែររវល់តែឈ្លោះគ្នា  អត់មានអ្នកណាចំណេញទេ។ ១០០០ ឆ្នាំ នេះមើលទៅ ការវាយគ្នា ការចូលទន្ទ្រានគ្នានេះ ភាគច្រើនពេលដែលយើងបែកបាក់ផ្ទៃក្នុង។ ធនធានយើងក៏មិនអាចអភិវឌ្ឍបាន កន្លែងដែលយើងទៅមិនរួច។ សូម្បីតែយើងវាយគ្នា ឧទាហរណ៍តំបន់ទិសខាងលិច ខាងប៉ៃ​លិន ពីមុនយើងគិតថាតំបន់ហ្នឹងជាតំបន់ធនធាន។ ពេលវាយគ្នា យើងមានតែដោះដូរធនធានហ្នឹងដើម្បីផ្គត់ផ្គង់អា​វុធ។ ខ្ញុំទៅប្រទេសអាហ្វ្រិកមួយ ក៏ដូចគ្នា។ ប្រទេសហ្នឹងសំបូរពេជ្រ ពី ៣០ឆ្នាំ(មុន)។ ប្រទេសនឹងគេហៅថាប្រទេសប៊ែលហ្សិកនៃអាហ្វ្រិក ព្រោះប្រទេសហ្នឹងមាន។ ដល់តែក្រោយមកបែកបាក់ផ្ទៃក្នុង ប្រទេសពីរជិតហ្នុងជាអ្នកជួយភាគីសង្ខាង។ ប្រទេសមួយជួយម្ខាងៗ ដល់វាយទៅអស់មនុស្ស អស់ទ្រព្យសម្បត្ដិ។ គាត់ដូរអី? ម្ខាងគេឲ្យទ័ពប៉ុន្ដែដូរជាមួយត្បូង។ រឿងតែប៉ុណ្ណឹង។ ទីបំផុតគឺបែបនេះ។ អញ្ចឹងការថែរក្សាសុខសន្ដិភាពជាតិគឺជាកិច្ចការសំខាន់។ ពាក់ព័ន្ធវិស័យឯកជននេះសំខាន់ណាស់។ ហៅគេមកទាល់តែប្រទេសនឹងសន្ដិភាព។ មកទាល់តែគិតថាប្រទេសនឹងដាក់ទុនរយៈពេលវែងបាន កសាងទៅមិនឆេះ ឬមួយត្រូវវេចបង្វិចរត់ដោយភ្លើងសង្គ្រាម។ អញ្ចឹងយើងរួមគ្នាថែរក្សាជាពិសេសឯកភាពជាតិផ្ទៃក្នុង។

ខ្ញុំសូមលើកចំណុចប៉ុណ្ណេះចុះ ព្រោះល្ងាចនេះនឹងមានកម្មវិធីសម្តេចតេជោលោកមានប្រសាសន៍បន្ថែម។ ខ្ញុំគិតថាកិច្ចប្រជុំរបស់សមាគមក៏បានជាងមួយថ្ងៃហើយ អង្គុយស្ដាប់ក៏យូរមកហើយ ខ្ញុំមិនបន្ថែមទៀតទេ។ ទន្ទឹមនឹងការអបអរសាទរ និងការចូលរួមនៃការរីកចំរើនសេដ្ឋកិច្ចជាតិ ដែលវិស័យឯកជនជាតួអង្គសំខាន់ក្នុងការចូលរួម យើងក៏ត្រូវរំលឹកហើយ រំលឹកទៀតនូវកត្ដាដែលសំខាន់ ដែលធានាឲ្យវិស័យឯកជនរីកចំរើនទៅបានគឺការថែរក្សានូវឯកភាពជាតិ សន្ដិភាព ការទុកចិត្តគ្នា ការការពារទឹកដី គឺស្រឡាញ់ដូចគ្នាទាំងអស់គ្នា។ រាជរដ្ឋាភិបាលប្ដេជ្ញាចិត្តក្នុងការថែរក្សា ការពារ នូវអធិបតេយ្យភាព និងបូរណភាពទឹកដី និងរកវិធីដោះស្រាយទៅតាមគោលការច្បាប់ សន្ដិភាព ផ្អែកលើច្បាប់អន្ដរជាតិ និងបច្ចេកទេស និងការការពារបម្រុង គ្រប់មធ្យោបាយទាំងអស់ដើម្បីការពារជាតិរបស់យើង។

[ចប់សេចក្ដីអធិប្បាយ៤]

ខ្ញុំសូមអរគុណសារជាថ្មី ជូនដល់អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏ដូចជាថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា ដែលបានផ្ដល់ឱកាសឲ្យខ្ញុំចូលរួមនៅក្នុងថ្ងៃនេះ។ សូមអរគុណដល់សារជាថ្មីដល់ការចូលរួមចំណែករបស់វិស័យឯកជន និងជូនពរវិស័យឯកជនកម្ពុជាដើរតួនាទីសំខាន់ជាចលកររបស់សេដ្ឋកិច្ចជាតិ និងជាដៃគូរបស់រាជរដ្ឋាភិបាលនៅក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាពដើម្បីលើកម្ពស់ជីវភាពរស់នៅ របស់ប្រទេសជាតិយើងតទៅទៀត។

សូមប្រសិទ្ធពរជូនលោកអ្នកឧកញ៉ា  ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ឲ្យទទួលបាន  ពុទ្ធពរ និងពរទាំង៥ ប្រការ គឺ  អាយុ, វណ្ណៈ, សុខៈ, ពលៈ, និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង