Grand News Asia Close

បទវិចារណកថា ៖ បើចង់បានសន្តិភាពពិត ត្រូវខិតខំប្រឹងប្រែងធ្វើដោយកម្លាំងពិតនិងសមត្ថ​ភាពពិតបានផុស

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1031
បទវិចារណកថា ៖ បើចង់បានសន្តិភាពពិត ត្រូវខិតខំប្រឹងប្រែងធ្វើដោយកម្លាំងពិតនិងសមត្ថ​ភាពពិតបានផុស បណ្ឌិត ឈត ប៊ុនថង សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

សន្តិភាព មិនមែនជាទំនិញដែលអាចបញ្ជាទិញបានតាមទីផ្សារបានទេ ហើយវាក៏មិនមែនជាវត្ថុស័ក្តិសិទ្ធិដែលធ្លាក់ពីលើមេឃតាមរយៈការបន់ស្រន់នោះដែរ។ នៅក្នុងរង្វង់ទស្សនវិជ្ជាវឌ្ឍនភាព និយមន័យនៃ «សន្តិភាពពិត» គឺជាលទ្ធផលនៃតុល្យភាពអំណាច ចំណេះដឹង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រវត្តិសាស្ត្រមនុស្សជាតិបានសហការចារឹកទុកយ៉ាងច្បាស់ថា ជាតិសាសន៍ដែលទន់ជ្រាយខាងស្មារតី និងពឹងផ្អែកលើវាសនា តែងតែរលាយបាត់រូបរាង ឬធ្លាក់ក្នុងរបបចំណុះ។ ដូច្នេះ បើចង់បានសន្តិភាពនិងឯករាជ្យភាពពិតប្រាកដ មានតែការកសាងកម្លាំងពិត និងសមត្ថភាពពិតរបស់ជាតិខ្លួនឯងប៉ុណ្ណោះ។

១. មនោគមន៍វិជ្ជានៃការភ្ញាក់រឮក ៖ ឆ្លងហួសពីអបិយជំនឿ ឆ្ពោះទៅរកសច្ចភាព

ជាតថភាព ជំនឿសាសនាគឺជាបង្អែកផ្លូវចិត្ត ប៉ុន្តែវាមិនមែនជាឧបករណ៍ដោះស្រាយបញ្ហារដ្ឋបាល សេដ្ឋកិច្ច ឬការពារបូរណភាពទឹកដីនោះទេ។ ដូច្នេះយើងគួរ៖

បញ្ឈប់ភាពទន់ជ្រាយ៖ យើងមិនអាចអង្គុយសុំអង្វរអាទិទេព ព្រះ ឬព្រលឹងខ្មោចដូនតាឱ្យមកជួយការពារជាតិបានឡើយ។ ការខិតខំបន់ស្រន់ ការសែនព្រេន ការបញ្ចូលអ្នកតា ឬការបញ្ចូលអារក្ស គ្រាន់តែជាការលួងលោមចិត្តក្នុងភាពទាល់ច្រកប៉ុណ្ណោះ។
ការលះបង់មនោសញ្ចេតនាអសកម្ម៖ ការរត់ទៅពឹងផ្អែកលើបារមីភ្នំគូលេន លោកតាសក់សភ្នំត្បែង ឬរង់ចាំលោកសង្ឃធុតង្គបក់ផ្លិតដេញឧបទ្រពចង្រៃ គឺជាភាពងងឹតងងល់ដែលធ្វើឱ្យបុគ្គលនិងសង្គមបាត់បង់ភាពម្ចាស់ការលើខ្លួនឯង។
«វាសនារបស់បុគ្គល គ្រួសារ ស្ថាប័ន ឬជាតិមួយ ត្រូវកំណត់ដោយញើសឈាម និងខួរក្បាល​របស់ពលរដ្ឋនៃជាតិសាសន៍នោះ មិនមែនកំណត់ដោយផ្សែងធូប ពាក្យទំនាយឬព្រហ្មលិខិតនោះទេ»។

២. ទិដ្ឋភាពនយោបាយនិងភូមិសាស្ត្រនយោបាយ ៖ ភាពជាម្ចាស់ការលើជោគវាសនាខ្លួនឯង

ក្នុងឆាកនយោបាយអន្តរជាតិ «គ្មានមិត្តភាពអមតៈ ហើយក៏គ្មានសត្រូវអមតៈដែរ មានតែផលប្រយោជន៍ជាតិប៉ុណ្ណោះដែលអមតៈ»។

មេរៀនប្រវត្តិសាស្ត្រ៖ ការរង់ចាំជំនួយឬសេចក្តីអាណិតអាសូរពីប្រទេសជិតខាង ឬ​ប្រទេសមហាអំណាច គឺជាកំហុសយុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងរ។ ក្នុងពិភពលោកដែលដឹកនាំដោយអំណាចនៃ​ច្បាប់ព្រៃ ប្រទេសទន់ខ្សោយតែងតែក្លាយជាកូនអុកលើក្តារល្បែងរបស់ប្រទេសធំៗ។
សន្តិភាពយូរអង្វែង៖ កើតចេញពីកម្លាំងការពារជាតិដ៏រឹងមាំ និងនយោបាយការបរទេសដែលមានភាពបត់បែន តែឯករាជ្យ។ យើងត្រូវតែជាអ្នកចារឹកវាសនាដោយ​ដៃខ្លួនឯង មិនមែនរស់ដកដង្ហើមតាមច្រមុះរបស់អ្នកដទៃឡើយ។

៣. ទិដ្ឋភាពសេដ្ឋកិច្ចនិងសង្គម ៖ ការកសាងគ្រឹះស្ថានដ៏រឹងមាំតាមវិទ្យាសាស្ត្រ

សន្តិភាពខាងនយោបាយ មិនអាចស្ថិតស្ថេរទៅបានទេ បើសេដ្ឋកិច្ចជាតិរង្គោះរង្គើ និងសង្គមពោរពេញដោយភាពអវិជ្ជា។ ដើម្បីសម្រេចបាននូវកម្លាំងពិត យើងត្រូវបោះជំហានលើវិថីវិទ្យាសាស្ត្រនិងការគិតហ្មត់ចត់៖

ចក្ខុវិស័យនិងយុទ្ធសាស្ត្រ៖ រដ្ឋត្រូវដឹកនាំដោយចក្ខុវិស័យវែងឆ្ងាយ មានផែនការយុទ្ធសាស្ត្រច្បាស់លាស់ និងវិធីសាស្ត្រគ្រប់គ្រងបែបទំនើប។
បច្ចេកវិទ្យានិងចំណេះដឹង៖ ការវិនិយោគលើប្រព័ន្ធអប់រំ បច្ចេកទេស បច្ចេកវិទ្យា ចំណេះ ជំនាញ និងការបណ្តុះបណ្តាលទេពកោសល្យ គឺជាគ្រាប់ពូជនៃសេដ្ឋកិច្ចឌីជីថល និងការប្រកួតប្រជែងដ៏សំខាន់មួយ។
បទពិសោធនិងនវានុវត្តន៍៖ ការដកស្រង់បទពិសោធន៍ពីអតីតកាល រួមផ្សំនឹងការបង្កើតថ្មី នឹងជួយឱ្យសេដ្ឋកិច្ចជាតិមានភាពធន់ (Resilience) ទៅនឹងវិបត្តិសកល។
៤. ទិដ្ឋភាពវប្បធម៌ ៖ ស្មារតីសាមគ្គីនិងការស្ថាបនាគំនិតស្នេហាជាតិពិតប្រាកដ វប្បធម៌នៃ «កម្លាំងពិត» គឺវប្បធម៌ដែលផ្អែកលើការទទួលខុសត្រូវ និងសាមគ្គីភាពផ្ទៃក្នុង

កម្លាំងសាមគ្គី៖ សន្តិភាពពិតមិនអាចកើតមានឡើយ បើសង្គមជាតិបែកបាក់ និងមានគម្លាតវណ្ណៈធំពេក។ ស្មារតីសាមគ្គីត្រូវតែឈរលើគោលការណ៍យុត្តិធម៌និងសមធម៌សង្គម និងការផ្តល់តម្លៃលើមនុស្ស។
ស្មារតីស្ថាបនាជាតិ៖ ជាវប្បធម៌នៃការលះបង់ប្រយោជន៍បុគ្គលដើម្បីប្រយោជន៍រួម។ ការយល់ដឹងពីតួនាទីរបស់ពលរដ្ឋម្នាក់ៗក្នុងការអភិវឌ្ឍជាតិ គឺជាខឿនវប្បធម៌ដ៏មានឥទ្ធិពលបំផុត។

សន្និដ្ឋាន

សរុបមក សន្តិភាពនិងការរីកចម្រើនរបស់ជាតិ មិនមែនជាផល្លានុផល​នៃការបន់ស្រន់ឬភាព​ទន់ជ្រាយ​ដែលរង់ចាំជំនួយនោះទេ។ វាកើតចេញពីសមីការនៃការខិតខំប្រឹងប្រែង ការប្រើប្រាស់ប្រកបដោយបញ្ញាញាណនូវ ចំណេះដឹង ជំនាញ ផែនការយុទ្ធសាស្ត្រ និងកម្លាំងសាមគ្គីពិតប្រាកដ របស់ប្រជាជាតិទាំងមូល។

ចូរយើងឈប់ពឹងផ្អែកលើអព្ភូតហេតុដែលគ្មានការពិត ហើយងាកមកជឿជាក់លើ«កម្លាំងពិតនិងសមត្ថភាពពិត» របស់ខ្លួនឯង ពីព្រោះវិធីនេះគឺជាមាគ៌ាតែមួយគត់ដែលអាចធានាបាននូវការរស់រានមានជីវិត កិត្តិយស វឌ្ឍនភាព សុខដុមរមនានិងសន្តិភាពដ៏ឧត្តុង្គឧត្តមរបស់មាតុភូមិយើង៕

-កម្ពុជាថ្មី-

ដោយ៖ បណ្ឌិត ឈត ប៊ុនថង សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទទាក់ទង