Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត, អញ្ជើញសំណេះសំណាលជាមួយកម្មករ/ការិនី និងសម្ពោធទារកដ្ឋាននៅរោងចក្រ Marvel Garment

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 518


CMF:

បន្ទាប់ពីបានសំ​ណេះសំណាលជាមួយកម្មករ/ការិនីជាមាតាបិតានិងបុគ្គលិកទារកដ្ឋាន ស្តីពីប្រាក់ចំណូល ការចំ​ណាយ អត្ថប្រយោជន៍ផ្សេងៗ ដែលបានទទួលជាក់ស្ដែង ជីវភាពគ្រួសារ សុខុមាលភាពមាតានិងទារក សេវាសុខាភិបាល ការឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំពោះស្រ្តីមានផ្ទៃពោះ និងកុមារ ព្រមទាំងគោលនយោ​បាយដែលរាជរដ្ឋាភិបាលបានដាក់ចេញជូនកម្មករ ក្នុងឱកាសសម្ពោធទារកដ្ឋាន និងពិនិត្យស្ថានភាពអនាម័យនិងសណ្តាប់ធ្នាប់ នៅរោងចក្រ Marvel Garment សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងសង្កថា ដែលមានសេចក្តីដកស្រង់ដូចខាងក្រោម៖

(១) ពិនិត្យការអនុវត្តបទបញ្ជា ១០ចំណុច ក្នុងនោះមានទារកដ្ឋាន ស្ថានភាពអនាម័យ និងសណ្តាប់ធ្នាប់

[…] ការដែលមកថ្ងៃនេះគឺមើលស្ថានភាពជាក់ស្ដែងនិងការរៀបចំ។ ឃើញថាមានការរៀបចំល្អ បានយកចិត្តទុកដាក់លើអនាម័យ លើសណ្ដាប់ធ្នាប់នៅកន្លែងនេះ។ សូមអរគុណដល់ក្រុមការងារ មានឯកឧត្តមរដ្ឋមន្រ្តី ក្រ​សួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលអនុវត្ត(បានល្អ)។ មានការដាក់បទបញ្ជា ១០ចំណុច ក្នុងនោះ(ត្រូវ)រៀបចំទារកដ្ឋានឱ្យចេញ។ ពេលនេះយើងធ្វើបានមួយហើយ។ យើងនៅបន្តទៀត។ គ្រោង(ឱ្យមាន) ២ ឬ៣ បន្តទៀត។ ក្រៅពីនោះ​ យើងមានក្រសួងអប់រំរៀបចំនៅ ១៣សហគមន៍ទូទាំងប្រទេស (ខ្នាត)តូចនៅខេត្តកំពង់ស្ពឺ និងកំពង់ចាម។ យើងនឹងពិនិត្យបន្ថែមទៀតថ្ងៃក្រោយ ក្នុងសហគមន៍សម្រាប់បងប្អូន(កម្មករ)នៅរោងចក្រ/សហគ្រាសដែលយើងធ្វើការ។ សង្ឃឹមថា ក្រុមហ៊ុនធំៗដែលមានលទ្ធភាព អាចរៀបចំតាមកម្រិតដែលគាត់អាចធ្វើបាន ត្បិតថាយើងមានកំណត់នៅក្នុងច្បាប់ ប៉ុន្តែការអនុវត្តគឺទៅតាមលទ្ធភាព និងជំហានជាក់ស្ដែង។

(២) ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងសកម្មរៀបចំអោយមានអាហារដ្ឋានទីតាំងការងារ

អរគុណណាស់ដល់លោក Ma Jianrong ម្ដងទៀត ដែលបានជួយវិនិយោគនៅក្នុងការសាងសង់កន្លែងនេះ ហើយត្រូវជួយចំណាយ ដូចជិត ១ម៉ឺនដុល្លារក្នុងមួយខែទៀតដើម្បីផ្ដល់អត្ថប្រយោជន៍បន្ថែមលើបុគ្គលិក។ អញ្ចឹង នេះជាការយកចិត្តទុកដាក់ដល់ផាសុកភាព។ បងប្អូនកម្មករ/ការិនីជាគ្រួសាររបស់ក្រុមហ៊ុន។ ជួយគ្នាទៅវិញទៅមក … មិនត្រឹមតែប៉ុណ្ណឹងទេ ក្រសួងការងារក៏កំពុងតែជំរុញរៀបចំឱ្យល្អនូវអាហារដ្ឋាន។ មើលអាហារដ្ឋាននៅទីនេះ រៀបចំហូបនៅទីណា និងប៉ុន្មាននាក់នៅកន្លែងហ្នឹង? មានអាហារដ្ឋានទេ នៅទីនេះ? មាន។ គេរៀបចំបានល្អ។ យើងត្រូវបង់ថវិកានៅទីនេះ? មិនគិតថ្លៃទៀត។ អញ្ចឹងលោក Ma ពិសេសជាងគេ។ អរគុណហើយអញ្ចឹង។ ផ្ដល់ថ្លៃបាយ ម្ហូបចាត់ចែងខ្លួនឯង។ ត្រូវរៀបចំកន្លែងហូបចុកឱ្យបានស្រួល ព្រោះពាក់ព័​ន្ធសុខភាព។ យើងសន្សំបានច្រើន។

(៣) មិនមែនគ្រាន់តែជាពាក្យសម្តីទេ គោលនយោបាយបានក្លាយជាផលជាក់ស្ដែង

ប្រាក់អត្ថប្រយោជន៍ក៏យើងឲ្យដែរ។ បើ(ស្នាក់)នៅកន្លែងនេះទៀត មិនត្រូវការបង់ថ្លៃធ្វើដំណើរទេ។ ទោះបីបង់ឬមិនបង់ មួយខែ ១៧ដុល្លារ។ អញ្ចឹង យើងបានហើយមិនបាច់ចំណាយធ្វើដំណើរ។ ហូបចុកនៅកន្លែងនេះ គឺក្រុមហ៊ុនគាត់ជួយ យើងសន្សំថ្លៃហូបចុក។ ថ្លៃមើលកូន ក៏មិនចាំបាច់ចំណាយទៀត។ យើងសន្សំបានទៀត។ តាំងពី(មាន)ទម្ងន់មក ព្យាបាលសុខភាព ទៅពិនិត្យសុខភាព អត់បង់ទៀត។ កើតកូនអត់បង់ទៀត សន្សំបានច្រើន។ សប្បាយចិត្តទេ? ចង់បន្តគោលនយោបាយអញ្ចឹងតទៅទៀតឬអត់? (ចម្លើយ)ចង់។ ពេលនេះ គោលនយោបាយមិនមែនគ្រាន់តែ(ជាពាក្យសម្តីដែល)ខ្ញុំនិយាយទេ តែគឺបានផលជាក់ស្ដែង។ ប៉ុន្មាននាក់ដែលអត់ទាន់បានផលជាក់ស្ដែង? អត់មានទេ។ ប៉ុន្មាននាក់ដែលបានផលជាក់ស្ដែងតាមអ្វីដែលបានឲ្យ? បានទាំងអស់។ ក្រៅពី១០០នាក់ជាងហ្នឹង បងប្អូននៅក្នុងរោងចក្រផ្សេងទៀត … នៅនេះ ១៨០០០នាក់ បានទាំងអស់គ្នាទេ? ​មិត្តភក្ដិយើង? បានអត្ថប្រយោជន៍ដូចគ្នាទាំងអស់អញ្ចឹងដែរ។ រោងចក្រនេះ មានកម្មករ ១៨០០០នាក់។ ធំជាងគេ … គាត់មាន ៣សាខារោងចក្រ។ បងប្អូន ១៨ ០០០ នាក់បានអត្ថប្រយោជន៍ …។

(៤) បងប្អូនកម្មករខំប្រឹងប្រែងធ្វើការដើម្បីជីវភាព រដ្ឋខំធានាផ្តល់អត្ថប្រយោជន៍តាមដែលអាចធ្វើបាន

យើងបានដំឡើងប្រាក់មូលដ្ឋានប៉ុន្មានឆ្នាំមុន។ ទោះបីកូវីដ-១៩ ក៏យើងដំឡើង អត់ដែលឈប់ទេ។ ប្រាក់ខែតិចឬច្រើន យើងបានដំឡើង អត្ថប្រយោជន៍ក៏ឡើង ចំណាយកាន់តែថយ។ អញ្ចឹងសល់បានក្រែល។ តែលុយដែលសល់ហ្នឹង ប្រពន្ធអ្នកទុក ឬប្ដីអ្នកទុក? ប៉ុន្មាននាក់លុយប្រពន្ធទុក សូមលើកដៃ? ទាំងអស់។ ទុកឲ្យប្ដីប៉ុន្មានភាគរយ? ទាល់តែប្ដីត្រូវការមកសុំវិញ។ អីក៏ដូចគ្នាម្លេះ។ ប្រាក់ខែបង ដល់ខែជំនួយការបើក។ គេអត់យកឱ្យបងទេ។ គេយកឲ្យទៅប្រពន្ធបង។ គេគ្រាន់តែរាយការណ៍ថាបានផ្ដល់ឱ្យបងស្រីហើយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏ដូចគ្នាដែរ ប្រហែលជាមិនខុសគ្នាទេ។ ព្រោះទុកនៅប្ដី ១០០ក៏គ្រាន់ ១០០០ក៏គ្រប់ អស់រលីងក៏សល់ដែរ។ ធ្វើម៉េច(ក៏ដោយ)ឲ្យមានសុ​ភមង្គលជាមួយគ្នា។ ខំប្រឹងធ្វើការងារបានជីវភាពធូរធា ​បានកូនបន្ថែម ហើយរដ្ឋនឹងបន្តខិតខំធានាអត្ថប្រយោជន៍ និងរកវិធីផ្ដល់អត្ថប្រយោជន៍បន្ថែមទៀតតាមដែលអាចធ្វើបាន

(៥) កម្មករ/ការិនីធ្វើការងារជួយខ្លួនឯង ជួយគ្រួសារ និងជួយសង្គមជាតិ សំខាន់ជួយបង្កើតធនធានមនុស្ស

សូមអរគុណដល់បងប្អូនកម្មករ/ការិនីទាំងអស់ ដែលបានខិតខំធ្វើការងារ ជួយខ្លួនឯង ជួយគ្រួសារ និងជួយសង្គមជាតិ ជាពិសេស ដែលសំខាន់ជួយបង្កើតធនធានមនុស្សបន្ថែមទៀតឲ្យបានច្រើន ហើយជួយថែទាំឲ្យបានល្អ។ ជូនពរ ប្អូនៗដែលចង់បានកូនបន្ថែម។ សង្ឃឹមថា ប្ដីនឹងឯកភាពតាមហ្នឹង។ ប្រុសៗកុំតវ៉ានឹងប្រពន្ធពេក។ បើប្រ​ពន្ធចង់បានកូន យកទៅ ប្រយ័ត្នដល់ពេលមួយគេបិទឡ យើងចង់បាន ក៏មិនកើត។ ពិបាកសុំណាស់។ គេលែងឲ្យ ពិបាកសុំ។ សុំផ្ទាល់ក៏មិនបាន។ កូនទៅសុំក៏មិនបាន។ សុំតាមមីក្រូហ្វូនសាធារណៈក៏មិនបានទៀត។ និយាយលេង និយាយសើច។ សប្បាយចិត្ត ជាពិសេសឃើញក្មួយៗ កូនៗ មានសុខភាពល្អ។ ក្មេងៗ មានសុខភាពល្អនិងក្មេងៗដែលមានអាហារូបត្ថម្ភមិនគ្រប់ខុសគ្នា។ យើងមើលដឹង។ បើសាច់ឈាមអញ្ចេះៗ ដឹងតែល្អ ហើយនឹង(ជាពលរដ្ឋរឹងមាំទៅ)ថ្ងៃអនាគត។ នៅទីនេះ ដូចជាកូនស្រីច្រើនជាងកូនប្រុស … គេមានឯកសណ្ឋានផង។

(៦) ធ្វើឲ្យផលនៃសេវាសុខាភិបាលបានទៅដល់ប្រជាពលរដ្ឋ សហគមន៍ បងប្អូនកម្មករ/ការិនីក្នុងនិងក្រៅប្រព័ន្ធ

សូមក្រសួងការងារ និងសុខាភិបាល បន្តសហការជាមួយក្រុមហ៊ុនជួយមើល។ ក្រសួងអប់រំអាចពិនិត្យមើលលទ្ធភាពរៀបចំការបណ្ដុះបណ្ដាល(ផ្នែកទារកដ្ឋាន)។ កន្លងទៅ យើងក៏មានកម្មវិធីបណ្ដុះបណ្ដាល ១លាន៥សែននាក់ ដល់ប្អូនៗកម្មករ/ការិនី។ អ្នកណាដែលចង់ទទួលការបណ្ដុះបណ្ដាល (សូមទាក់ទងតាម)ក្រសួងការងារ។ ខាងទា​រកដ្ឋានអីនេះ បើចង់បណ្ដុះបណ្ដាលនៅកន្លែងផ្សេងអី ក្រសួងអប់រំអាចពិនិត្យមើល ព្រោះធ្លាប់មានបទពិ​សោធរៀបចំមត្តេយ្យច្រើន។ អញ្ចឹង ការងារតែមួយទេ តែសំខាន់បំផុតឲ្យបានផលដល់ដៃប្រជាពលរដ្ឋ ដល់ដៃសហគមន៍ ដល់ដៃអ្នកដែលត្រូវទទួល គឺបងប្អូនកម្មករ/ការិនីយើង។ មន្រ្តីរាជការយើងក៏​បាន ប.ស.ស ដែរ។ ឥឡូវយើងពង្រីកដល់អ្នកអត់ធ្វើការក្នុងវិស័យ អ្នកក្រៅប្រព័ន្ធក៏បានផលបណ្ដើរៗក្នុងការទទួលនូវសេវាសុខាភិបាល

(៧) ដែលបងប្អូនកម្មករ/ការិនីបានទទួលអត្ថប្រយោជន៍ បង្ហាញថាជាគោលនយោបាយត្រឹមត្រូវ

អ្នកខ្លះថា រាជរដ្ឋាភិបាលយើងដើរតែអួត។ អ្នកណាថាអីថាទៅ។ សំខាន់ខ្ញុំមកជួបនឹងបងប្អូន។ បើបងប្អូនលើកដៃថាបានទទួលផលជាក់ស្ដែង ខ្ញុំសប្បាយចិត្តហើយ។ អ្នកដែលឲ្យពិន្ទុជាក់ស្ដែងគឺបងប្អូន មិនមែនអ្នកដែលចាំ​តែថាទេ។ បើបងប្អូនថាបានផលពី ប.ស.ស បានផលពីអត្ថប្រយោជន៍ដែលសម្ដេចតេជោបានផ្ដល់ឲ្យ ឥឡូវពីរាជរដ្ឋាភិបាលដែលខ្ញុំកំពុងដឹកនាំបន្តទៀត ទាំងការឧបត្ថម្ភស្រ្តីមានផ្ទៃពោះ ឧបត្ថម្ភកូនរហូតដល់អាយុ២ខួប (នោះជាផលនៃគោលនយោបាយដែលត្រឹមត្រូវហើយ)។ អម្បាញ់មិញ ប្អូនម្នាក់នោះថា ដល់តែស្រួលអញ្ចឹង ប្រពន្ធគាត់ចង់បានកូនថែម។ ហ្នឹងកាន់តែល្អ។ សំខាន់ជួបថ្ងៃហ្នឹង គឺរឿងហ្នឹង និយាយតតាំងគ្នាតែម្ដង។ […]

សូមអរគុណដែលបានមកជួបនៅព្រឹកនេះ។ ថ្ងៃនេះក៏មាននាំមកជូនអ្នកគ្រប់គ្រង ២នាក់ អ្នកមើលថែទាំទារក ១៧នាក់ ស្មើនឹង ១៩នាក់ ម្នាក់ៗ ២០ម៉ឺនរៀល។ ជូនម្ដាយទារក ១៦១នាក់ ម្នាក់ៗ ១០ម៉ឺនរៀលផងដែរ។ ស្រ្តីមានផ្ទៃពោះ ៣ខែឡើង ក្នុងរោងចក្រតែម្ដង ទាំងអ្នកមក និងមិនមក ១ ០៤២នាក់ ម្នាក់ៗថវិកា ២០០ដុល្លារ។ ជូនកម្មករ និយោជិតក្នុងនេះ ១៨ ៧៤៤នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀលផងដែរ។ ទោះបីមិនជួបទាំងអស់ ក៏សូមផ្ដាំផ្ញើទៅឲ្យទាំងអស់គ្នា … ជិតឆ្នាំថ្មីផង សូមជូនពរសុខភាពល្អទាំងម្ដាយទាំងកូន និងឪពុកផង។ បើម្ដាយនិងកូនសុខភាពល្អ ឪពុកក៏សប្បាយចិត្តដែរ។ ជូនពរប្រពន្ធកុំឲ្យកាចៗ ស្រឡាញ់ប្ដីឲ្យបានច្រើន ហើយប្ដីស្រឡាញ់ប្រពន្ធឲ្យបានច្រើនដូចគ្នា។ ជូនពរនូវពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត៕

អត្ថបទទាក់ទង