Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត, ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 307
(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត,  ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» (វីដេអូ) សម្រង់ប្រសាសន៍ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត, ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា»


CMF:

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ» ដែលនេះជាលើកដំបូង ដែលយើងបានជួបជុំគ្នា ប្រារព្ធពិធីនេះឡើង បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេច កាលពីខែមករា ឆ្នាំ២០២៤​ កន្លងទៅ ដោយកំណត់ជាផ្លូវការ យកថ្ងៃ ២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា»។ ខ្ញុំពិតជាមានសេចក្តីរំភើបដោយបានឃើញ វត្តមានចូលរួម​យ៉ាងច្រើន​កុះករ ពីសំណាក់បងប្អូនជនរួមជាតិទាំងអស់ជាទស្សនិកជន ក៏ដូចជា ក្រុមកីឡាករ​ទាំងបួនក្រុម ដែលជាតំណាងចូលរួមពីគ្រប់វិស័យ ដោយមានទាំង ក្រុមយុវជន ស ស យ ក, ក្រុម-បាល់ទាត់តារាកម្ពុជា, និងក្រុមបាល់ទាត់គុនខ្មែរ ដែលបានឆ្លុះ​បញ្ចាំងយ៉ាងប្រត្យក្សឱ្យឃើញពីស្មារតីស្រឡាញ់​កីឡា និងការចូលរួមថែរក្សាសន្តិភាព ​នេះគឺបានរំលេចនូវអត្ថន័យ «កីឡារស់នៅក្រោមសន្តិភាព»

បរិយាកាសដ៏អធិកអធម ជាមួយនឹងស្នាមញញឹមរបស់បងប្អូនជនរួមជាតិយើង​ទាំងអស់    នៅក្នុងពហុកីឡដ្ឋានមរតកតេជោនាឱកាសនេះ បានទាញអារម្មណ៍ខ្ញុំ ឱ្យត្រឡប់​ទៅរក​អនុស្សាវរីយ៍​ដែលមិនអាចបំភ្លេចបាន នៅពេលដែលយើង បានរៀបចំការប្រកួតកីឡាស៊ីហ្គេម និង​ប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ទទួលបានជោគជ័យជាមហិមា និងការកោតសរសើរ​ស្ញប់ស្ញែងពី​គ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ ពិតណាស់ថា, ជោគជ័យរបស់​កម្ពុជាក្នុង​ព្រឹត្តិការណ៍​កីឡាទាំងនេះ ពុំមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺអាស្រ័យ ដោយកត្តា​ចម្បងធំបំផុតគឺ សុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលយើងសម្រេច និងថែរក្សាបានក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

ដោយសារមិនមានសន្តិភាព សូម្បីតែសមាជិកភាពក្នុងកីឡាអូឡាំពិក ដែលកម្ពុជាជាសមាជិកតាំងពីឆ្នាំ១៩៥៦​ ក៏ត្រូវបានផ្អាកនៅក្នុងរវាងឆ្នាំ​១៩៧០-១៩៩៤។ ពេលប្រទេសយើងមានសង្គ្រាម សមាជិកភាពរបស់កម្ពុជាត្រូវបានផ្អាក។ សូមអនុញ្ញាតអោយខ្ញុំបានចែករំលែកនូវរឿងមួយ ដែលខ្ញុំសុំអនុញ្ញាតកម្មសិទ្ធបញ្ញា ​ពីឯកឧត្តម សៅ សុខា ដែលបាននិយាយជាមួយខ្ញុំកាលពីអាទិត្យមុន។ សុំយកពេលខ្លីទេ ដើម្បីទុកពេលអោយអ្នកទាត់ ដែលមានគីឡូធ្ងន់ច្រើន។ ក្នុងនាមជាប្រធានកីឡាករសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម សៅ សុខា បានជួបខ្ញុំនិងបានចែករំលែកជាមួយខ្ញុំ (នូវហេតុការណ៍ ដែល)ថ្ងៃនេះ ខ្ញុំចែករំលែកបន្តឱ្យបងប្អូនយុវជនដែលកំពុងអង្គុយនៅទីនេះ ក៏ដូចជាអ្នកមើលបាល់ទាត់នៅផ្ទះ។

ឯកឧត្តម សៅ សុខា (អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស) បាននិយាយថា យុវជនខ្មែរសម័យនេះ មានសំណាង។ សំណាងរឿងអី? គាត់ថានៅពេលដែលកំពុងតែមើលបាល់ទាត់នៅពហុកីឡាដ្ឋានជាតិអូឡាំពិកកន្លងទៅ ដែលមានប្រជាជនរាប់ពាន់នាក់អង្គុយមើល ពេលខ្លះគាត់ទាញទូរស័ព្ទមកមើល ក៏ឃើញថាពេលជាមួយគ្នាហ្នឹង នៅប្រទេសផ្សេងកំពុងតែមានសង្គ្រាម យុវជននៅក្នុងប្រទេសទាំងនោះ កំពុងតែត្រូវភ័យខ្លាច និងកន្លែងខ្លះត្រូវគ្រាប់ផ្លោងស្លាប់ ធ្វើឱ្យមានភាពវេទនា និងបែកបាក់គ្រួសារ។ ពេលដែលគាត់ងើបឡើងបិទទូរស័ព្ទ ងាកមកវិញមើលឃើញកូនខ្មែរកំពុងតែសប្បាយរីក​រាយនៅក្នុងនៅសន្តិភាព។ នេះហើយដែលគាត់ថាយើងមានសំណាង។

ពេលនេះ ម៉ោងនេះ យុវជននៅប្រទេសមួយចំនួន ដូចជាអ៊ុយក្រែនតំបន់មជ្ឈិមបូព៌ា និងបណ្ដាប្រទេសមួយចំនួនដែលកំពុងមានចម្បាំង មិនមានឱកាសអង្គុយទះដៃគាំទ្រកីឡាករដូចយើងទេ។ តែពេលនេះ នៅទីនេះ កូនខ្មែរកំពុង​តែសប្បាយរីករាយ។ បន្តិចទៀត យើងនឹងហ៊ោកញ្ជៀវ សប្បាយរីករាយ គាំទ្រដល់កីឡាកររបស់យើង​ ដោយគ្មានភ័យខ្លាច(ព្រួយបារម្ភ)ពីសង្គ្រាមឡើយ។ នេះគឺជាភ័ព្វសំណាងរបស់កូនខ្មែរជំនាន់ក្រោយ។

រឿងមួយទៀតដែលឯកឧត្តម សៅ សុខា បាននិយាយគឺ កាលពីឆ្នាំ១៩៧៥ គាត់ក៏បានអង្គុយនៅពហុកីឡាដ្ឋានជាតិជាតិអូឡាំពិកនោះដែរ តែពេលនោះមិនបានអង្គុយមើលបាល់ទេ (តែមើល)ការចែកហ្វូងមនុស្សមុននឹងជម្លៀសចេញទៅតាមខេត្ត។ កន្លែងខ្លះក៏មានការយកមនុស្សមួយចំនួនទៅសម្លាប់។ ហ្នឹងហើយដែលគាត់និយាយថា កូនខ្មែរនៅសម័យនេះ មានសំណាង។

ថ្ងៃនេះ ពួកយើងអង្គុយនៅក្នុងស្តាតមរតកតេជោ ដែលពីមុនមិនមានទាន់មានអ្វីទេ។ ដែលយើងអាចអង្គុយហ៊ោកញ្ជៀវបាននៅថ្ងៃនេះ គឺជាភោគផលនៃសន្តិភាព។បន្តិចទៀតហ៊ោឱ្យអស់ដៃតែម្ដង ដើម្បីលើកទឹកចិត្តដល់កីឡាកររបស់យើង ដោយមិនភ័យខ្លាច(ព្រួយបារម្ភ)ថា ក្រោយពីនេះ យើងនឹងបាត់បង់សុខសន្តិភាពនោះទេ។ នេះគឺជាសំណាងរបស់​កូនខ្មែរ។

យ៉ាងណាក្តី សំណាងមិនមែនកើតដោយចៃដន្យនោះទេ។ សំណាងដែលឯកឧត្តម សៅ សុខា និយាយនៅពេលនេះគឺ សំណាងដែលកើតឡើងពីការលះបង់សាច់ស្រស់ឈាមស្រស់ ការខិតខំរបស់យុវជនជំនាន់មុន និងរបស់ថ្នាក់ដឹកនាំយើង។ គឺដោយពលីកម្មទាំងនោះហើយ ទើបយុវជនជំនាន់ក្រោយមានសំណាងអង្គុយហ៊ោកញ្ជៀវ គាំ​ទ្រកីឡាបាល់ទាត់នៅថ្ងៃនេះបាន។

សូមរួមគ្នាបន្តថែរក្សាសន្តិភាពដើម្បីឱ្យកូនចៅយើងជំនាន់ក្រោយៗ ទៀត បន្តមានសំណាង។ កីឡាករខាងនោះបានកំដៅសាច់ដុំគ្រប់គ្រាន់ ត្រៀមដើម្បីប្រកួតប្រកួតកីឡាជាមិត្តភាពនាថ្ងៃនេះ។​

[បញ្ចប់សេចក្ដីអធិប្បាយ១]

ខ្ញុំក៏សូមថ្លែងអំណរគុណ ដល់គណៈកម្មាធិការរៀបចំការប្រកួត ជាពិសេស សាលារាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កីឡាករ និងវិស័យឯកជនដែលចូលរួមឧបត្ថម្ភកម្មវិធីទាំងអស់ ដែលបានធ្វើឱ្យព្រឹត្តិការណ៍របស់យើងដំណើរការបានរលូន អធិកអធម។

[ផ្ដើមសេចក្ដីអធិប្បាយ២]

ថ្ងៃនេះ យើងមាន(ការប្រកួត)២ គូ។ មួយគូទើបចប់ គឺក្រុមបាល់ទាត់គុនខ្មែរ និងក្រុមបាល់ទាត់តារាកម្ពុជាក្រុមB ដែលបានពិន្ទុមួយស្មើ។ សូមអបអរសាទរ។ យើងដល់ក្រុមទីពីរ។ មួយគឺក្រុម​​បាល់ទាត់​តារាកម្ពុជា ក្រុមA និង​ក្រុមបាល់ទាត់ ស.ស.យ.ក ដែលជាក្រុមបាល់ទាត់ទំងន់ធ្ងន់។ ដែលថាទំងន់ធ្ងន់ ខ្ញុំមិនសំដៅតួនាទីជាឧបនាយករដ្ឋមន្ត្រីទេ តែគឺម្នាក់ៗ សុទ្ធតែ(មានទំងន់)ជាង ៨០គីឡូក្រាម។ ជាលើកទី១ ហើយ ដែលខ្ញុំឃើញបញ្ជីកីឡាករកិត្តិយស មិនមែនកីឡាករបម្រុងទេ។

អម្បាញ់មិញបានចាប់ដៃជាមួយខេម ជាមួយក្រុមកីឡាករតារា (និងប្រាប់ថា)ហាមតជើងអោយដាច់ខាត និងត្រូវប្រយុទ្ធស្មើភាពគ្នា។ អាជ្ញាកណ្ដាលក៏ដូចគ្នាដែរ ត្រូវតែស្មើភាពគ្នា។ ថ្ងៃនេះ យើងនឹងឈ្នះទាំងអស់គ្នា (គឺ)ឈ្នះ(ដោយយើងបានរស់)នៅក្នុងម្លប់សន្តិភាព (កើតឡើងពី)ដោយនយោបាយឈ្នះឈ្នះ។ យើងអបអរសាទរទិវាសន្តិភាព ដោយប្រកួត(កីឡាបាល់ទាត់)ក្នុងស្មារតីមិត្តភាពនិងស្រលាញ់គ្នាក្នុងនាមជាខ្មែរ។

សូមជូនពរបងប្អូនទាំងអស់គ្នា និងសូមប្រកាសបើកការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ចាប់ពីពេលនេះតទៅ សូមអរគុណ៕

អត្ថបទទាក់ទង