Grand News Asia Close

គ.ជ.ប ចេញសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យគណបក្សនយោបាយដែលធ្វើសកម្មភាពខុសច្បាប់បញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 701

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យគណបក្សនយោបាយ ដែលធ្វើសកម្មភាពខុសច្បាប់ បញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក៏ដូច ជាការបោតឆ្នោតទទួលបានជោគជ័យ។

គ. ជ.ប បានគូសបញ្ជាក់ថា ករណីនៅតែប្រព្រឹត្តខុសច្បាប់ទៀត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ជាងនេះទៅទៀត ការរក្សាការសម្ងាត់នៃការបោះឆ្នោតគឺជាគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។

គ.ជ.ប បានឱ្យដឹងថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានរយៈពេល ១៤ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយរហូតមកដល់ពេលនេះការឃោសនា បានប្រព្រឹត្តទៅអស់រយៈពេល ៥ថ្ងៃ។ គណបក្សនយោបាយដែលបានដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពឃោសនាបោះឆ្នោតដោយសេរី តាមកម្មវិធី និងលទ្ធភាពរៀងៗខ្លួន។

គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ រួមនឹងអាជ្ញាធរមានសមត្ថកិច្ច បានបង្កលក្ខណៈងាយស្រួល និងការពារសន្តិសុខ សុវត្ថិភាពដល់គណបក្សនយោបាយ ដើម្បីធ្វើការឃោសនាបោះឆ្នោតស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនេះ មានគណបក្សនយោបាយមួយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពគំរាមកំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ជាអ្នកបោះឆ្នោតឱ្យបោះឆ្នោតជូនគណបក្សនេះ ឬគណបក្សនោះ ដែលជាការរំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃការបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។

មាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវយកមកអនុវត្តក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានចែងថា« … គ្រប់គណបក្សនយោបាយ បេក្ខជន ឬអ្នកគាំទ្រទាំងអស់មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឱ្យបុគ្គលផ្ដិតមេដៃ ឬស្បថ ឬសន្យាបោះឆ្នោតឱ្យគណបក្សណាមួយឡើយ…»

អត្ថបទទាក់ទង