Grand News Asia Close

ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | 17 ម៉ោងមុន ព័ត៌មានជាតិ 336
ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា
នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
 
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន Evercore Asia បានកោតសរសើរភាពជោគជ័យនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន និងបានបង្ហាញអំពីចំណាប់អាម្មណ៍របស់ក្រុមហ៊ុន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ, វិស័យសុខាភិបាល និងវិស័យទេសចរណ៍។
 
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន និងគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា ដោយកម្ពុជាបច្ចុប្បន្នកំពុងប្រើប្រាស់ថាមពលកកើតឡើងវិញចំនួនជាង ៦២% និងបានដាក់គោលដៅឆ្ពោះទៅសម្រេចការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០%នៅឆ្នាំ២០៣០។ បន្ថែមលើនោះ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីការដាក់ចេញគោលនយោបាយគាំទ្រដល់វិស័យសុខាភិបាល ដូចជាការពង្រឹងនិងពង្រីកសេវាសុខាភិបាលនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ សម្ដេចបវរធិបតីបានបន្តទៀតថា កម្ពុជានៅមានសក្ដានុពលលើវិស័យជាច្រើនទៀត ដែលក្រុមហ៊ុនអាចពិចារណា​ ដែលរួមមាន ដូចជា៖ វិស័យកសិកម្ម, កម្មន្តសាល, ហិរញ្ញវត្ថុ និងធនាគារ។ ក្នុងន័យនេះ, សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័ន និងជំរុញការភ្ជាប់ទំនាក់ទំនង និងកិច្ចសហការរវាងវិស័យឯកជននៅក្រៅប្រទេស និង វិស័យឯកជននៅកម្ពុជា៕
 

អត្ថបទទាក់ទង