សម្ដេចតេជោ ហ៊ុន សែន អញ្ជើញនិវត្តន៍ដល់កម្ពុជាបន្ទាប់ពីទស្សនកិច្ចមិត្តភាពផ្លូវការនៅចិនប្រកបដោយជោគជ័យ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញធ្វើដំណើរនិវត្តន៍ដល់កម្ពុជាដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ប្រកបដោយលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់។
ការបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន គឺតបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។
នៅក្នុងឱកាសទស្សនកិច្ចនេះនៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញធ្វើជំនួបពិភាក្សាជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង ប្រទេសចិន។
ក្នុងឱកាសជំនួបនេះ ឯកឧត្តម វ៉ាង ហ៊ូនីង បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងឋានៈសម្ដេចជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា។ ឯកឧត្តម ពិតជារីករាយដែលបានជួបសម្ដេចតេជោ សាជាតិថ្មី បន្ទាប់ពីជំនួបកាលពីឆ្នាំ២០១៦ ដែល ឯកឧត្តមអញ្ជើញអមដំណើរ ឯកឧត្តមប្រធានាធិបតី Xi Jinping បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា ចិននិងកម្ពុជាបានបន្តអនុវត្តនៅកិច្ចព្រមព្រៀងនៃការកសាងសហគមន៍ជោគវាសនារួម ហើយប្រទេសទាំងពីរបានរួមគ្នាក្នុងការជំរុញទំនាក់ទំនងនេះឱ្យឈានទៅមុខជាលំដាប់។
នៅក្នុងឱកាសទស្សនកិច្ចនេះនៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទសន្សនកិច្ចសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ នៅសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ ជាថ្នាក់ដឹកនាំសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ជាច្រើនរូប។
សាលារដ្ឋបាលជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលបណ្តុះបណ្តាលកម្មាភិបាលបក្សកុម្មុយនិស្តចិន។ វាមានទីតាំងនៅសង្កាត់Haidian ទីក្រុងប៉េកាំង ជិតវិមានរដូវក្តៅ និងវិមានរដូវក្តៅចាស់។ នាយកគ្រប់គ្រងបច្ចុប្បន្នគឺលោក Chen Xi អតីតសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន។ ក្នុងជំនួបនោះដែរលោកនាយករងសាលាបានរាយការណ៍ជូនសម្តេចតេជោ និងគណៈប្រតិភូពីរចនាសម្ព័ន្ធ និងភារកិច្ចរបស់សាលាក្នុងការបណ្តុះបណ្តាលដល់មន្រ្តីជាន់ខ្ពស់បក្ស និងការចូលរួមឧទ្ទេសនាមពីថ្នាក់ដឹកនាំកំពូលៗរបស់ចិន ក្នុងនោះរួមមានទាំងឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីងផងដែរ។
ក្នុងឱកាសនោះសម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលកម្មាភិបាលបក្ស រ៉ាប់ម៉ឺននាក់ឲ្យមានសមត្ថភាពខ្ពស់លើការងារអភិបាលកិច្ចទាំងនៅកម្រិតមជ្ឈឹម និងមូលដ្ឋាន ដោយផ្អែកតាមបាវចនា ស្វែងរកសច្ចភាពពីតថភាព។ សម្តេចបានកោតសរសើរយ៉ាងស្មោះដល់ការដឹកនាំដ៏វៀងវៃ ប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំសាលានេះ រួមមានទាំងឯកឧត្តម ស៊ី ជិនពីង ជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនបច្ចុប្បន្នផងដែរ ដែលបានធ្វើឲ្យសាលាក្លាយទៅជាថ្នាលអប់រំដ៏សំខាន់បំផុត ក្នុងការសម្រិតសម្រាំងជួរថ្នាក់ដឹកនាំជាន់ខ្ពស់ចិន។
នៅក្នុងឱកាសទស្សនកិច្ចនេះនៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបកម្រិតខ្ពស់ជាមួយ ឯកឧត្តម ស៊ី ជីន ពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅផ្ទះភ្ញៀវរដ្ឋ Diaoyutai នៃរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនោះឯកឧត្តម ស៊ី ជីនពីង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយដែលបានជួបសម្តេចតេជោដែលជាមិត្តចាស់សាជាថ្មី ហើយដែលឯកឧត្តមបានចាត់ទុកសម្តេចតេជោ ជាអ្នកនយោបាយជើងចាស់ ជាអ្នកដឹកនាំដែលមានទស្សនៈនយោបាយវែងឆ្ងាយ មានបទពិសោធន៍កម្ររកបាន ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាជាប្រវត្តិសាស្ត្រ។ ឯកឧត្តមបានលើកឡើងថា ក្នុងពេលដែលជំងឺរាតត្បាតកូវីដ១៩ ផ្ទុះឡើង ឯកឧត្តម មានក្តីរំភើបយ៉ាងខ្លាំង ដែលសម្តេចតេជោ បានអញ្ជើញមកធ្វើទស្សនកិច្ចនៅប្រទេសចិន និងបានបង្ហាញពីជំហរដ៏រឹងមាំរបស់សម្តេចតេជោជាមួយរដ្ឋប្រជាជន និងគណបក្សកុម្មុយនីស្តចិន។ ឯកឧត្តមបានបន្តថា ចិននិងកម្ពុជា តែងតែរួមគ្នាការពារផលប្រយោជន៍រួម ក្នុងស្ថានការណ៍អន្តរជាតិដែលមានការប្រែប្រួលយ៉ាងលឿន និងស្មុគស្មាញ។ ចិននឹងបន្តគាំទ្រកម្ពុជា កសាងសហគមន៍ ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់ ហើយ នឹងបន្តពតដៃជាមួយកម្ពុជា ជាកម្លាំងអភិវឌ្ឍន៍ដែលចូលរួមចំណែកក្នុងការរក្សាសន្តិភាពពិភពលោក។
ក្នុងឱកាសនោះសម្តេចតេជោបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ស៊ី ជីនពីង ដែលបាន អញ្ជើញសម្តេច និងគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចនា និងសូមពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តម ប្រធានាធិបតី ផងដែរ។ សម្តេចតេជោបានបន្ថែមថា នេះជាឱកាសល្អដែលបានមកបំពេញទស្សនកិច្ចសាជាថ្មី ក្រោយរយៈពេល២០ខែ បន្ទាប់ពីទស្សនកិច្ចលើកមុនកាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក។ សម្តេចតេជោ បានថ្លែងអំណរគុណ ឯកឧត្តម ស៊ី ជីនពីង យ៉ាងជ្រាលជ្រៅចំពោះការផ្តល់អំណោយពហុកីឡដ្ឋានមរតកតេជោ ដែលឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមប្រកបដោយជោគជ័យត្រចះត្រចង់ និងបានឆ្លើយតបនឹងចំណង់ចំណូលចិត្តរបស់ប្រជាជន និងយុវជនកម្ពុជាទាំងមូល។
នៅក្នុងឱកាសទស្សនកិច្ចនេះនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញធ្វើជំនួបពិភាក្សាជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន នៅមហាវិមានប្រជាជនក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ បន្ទាប់ពីជំនួបនេះ សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនកិច្ចសាលពិព័រណ៌ប្រវត្តិសាស្រ្ត ១០០ឆ្នាំ នៃគណបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនផងដែ។
សូមជម្រាបថាស្របពេលដែលកម្ពុជា-ចិនបិទបញ្ចប់ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ គឺជាលើកទីមួយក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន។ តាមរយៈដំណើរទស្សនកិច្ចនេះបានផ្តល់សម្ទុះថ្មីក្នុងការពង្រឹងមិត្តភាពដែកថែប លើកកម្ពស់កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសំដៅធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់ និងស្តង់ដារខ្ពស់៕