Grand News Asia Close

បទវិចារណកថា៖ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី១២ ធ្វើឱ្យរាជធានីភ្នំពេញបង្ហាញវត្តមានជាថ្មីនៅលើផែនទីសន្តិភាពពិភពលោក

ដោយ៖ សុវណ្ណា ពិទូ ​​ | ម្សិលមិញ ម៉ោង 12:59 pm ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 342
បទវិចារណកថា៖ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី១២ ធ្វើឱ្យរាជធានីភ្នំពេញបង្ហាញវត្តមានជាថ្មីនៅលើផែនទីសន្តិភាពពិភពលោក បទវិចារណកថា៖ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី១២ ធ្វើឱ្យរាជធានីភ្នំពេញបង្ហាញវត្តមានជាថ្មីនៅលើផែនទីសន្តិភាពពិភពលោក
ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤–រាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងប្រវត្តិសាស្រ្តនៃកម្ពុជា ​នឹង​បង្ហាញនូវវត្តមានជាថ្មីម្តងទៀតនៅលើផែនទីសន្តិភាពពិភពលោក តាមរយៈការធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ ដែលគ្រោងនឹងរៀបចំរយៈពេល ៤ថ្ងៃ ក្នុងសប្តាហ៍នេះ។
 
ព្រឹត្តិការណ៍ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី​២១ ដល់ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ អាចនឹងទាក់ទាញប្រតិភូជាង២០០​នាក់ មកពី ៥៧ គណបក្សនយោបាយនៅក្នុងប្រទេសជាង​៤០ ឱ្យមកពិភាក្សាគ្នាអំពីមូលបទដ៏សំខាន់បំផុតគឺសន្តិភាព ខណៈដែលពិភពលោកកំពុងតែប្រឈមមុខនឹងអំពើហិង្សានយោបាយ និង​ប្រដាប់អាវុធជាច្រើនកន្លែង ជាពិសេសគឺសង្រ្គាមធំៗពីរដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពផុយស្រួយនៅក្នុងការរីករាលដាល គឺសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងសង្រ្គាមនៅមជ្ឈឹមបូព៌ា។​
 
កម្ពុជាបានក្លាយជាសមាជិក នៃមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីនៅក្នុងឆ្នាំ២០០៣ ពោលគឺ៣ ឆ្នាំ ក្រោយពេលដែលអង្គការនេះបង្កើតឡើងនៅក្នុងឆ្នាំ២០០០ នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ដោយសារតែទស្សនវិស័យ នៃមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីនេះ​ វាហាក់ស្របគ្នានឹងគោលនយោបាយការបរទេសរបស់កម្ពុជាផងដែរនោះ កម្ពុជា ជាពិសេសគឺរាជធានីភ្នំពេញ​ ធ្លាប់បានរៀបចំមហាសន្និបាតនៃអង្គការនេះម្តងរួចមកហើយនៅក្នុងឆ្នាំ២០១០​ ដូច្នេះព្រឹត្តិការណ៍ដែលនឹងកើតមានឡើងនៅរាជធានីដដែល នៅសប្តាហ៍នេះ នឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងការចូលរួមជាមួយនឹងសហគមន៍អន្តរជាតិ​​គ្រប់ទិដ្ឋភាពទាំងអស់​​។
 
២៤ឆ្នាំចាប់តាំងពីមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី បានចាប់កំណើតឡើង មានតែរាជធានីភ្នំពេញតែមួយគត់ ដែលបានស្ម័គ្រចិត្តរៀបចំកិច្ចប្រជុំដ៏សំខាន់បែបនេះម្តងទៀត ដើម្បីជាឱកាសមួយផ្សព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក ។ កិច្ចប្រជុំ ១១លើកកន្លងមក ត្រូវបានរៀបចំនៅ​ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ទីក្រុងបាងកក ប្រទេសថៃ ទីក្រុងប៉េកាំងប្រទេសចិន ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ទីក្រុងអាស្តាណាប្រទេសកាហ្សាក់ស្ថាន ទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទីក្រុងបាគូប្រទេសអាហ្សែបៃហ្សង់ ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី និងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតូកគី។
 
មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី នៅរាជធានីភ្នំពេញជាថ្មី គឺជាការប្តេជ្ញាចិត្តរបស់កម្ពុជា ទោះបីជាប្រទេសតូច ប៉ុន្តែមានឆន្ទៈ និងការប្តេជ្ញាចិត្តពេញទំហឹង ជួយពង្រឹងការរួបរួមក្នុងចំណោមបណ្តាប្រទេស និងគណបក្សនយោបាយនានាអាស៊ី ដើម្បីកសាង និងត្រួសត្រាយផ្លូវឆ្ពោះទៅរកស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ទាំងមូល ស្របពេលដែលគេដឹងថា អាស៊ីគឺជាទ្វីបដែលមានប្រជាពលរដ្ឋច្រើនជាងគេ ប្រទេសច្រើនជាងគេ វប្បធម៌ចម្រុះ សាសនាច្រើន របបនយោបាយក៏ស្មុគស្មាញ ហើយក៏មានបញ្ហាសង្គម និងនយោបាយចាក់ស្រេះបំផុតនៅលើពិភពលោក។
 
ប្រសិនបើប្រៀបធៀបនឹងទីក្រុងនានាដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី កន្លងមក រាជធានីភ្នំពេញមិនអាចប្រៀបផ្ទឹមបានទេ ក្នុងក្របខណ្ឌនៃការអភិវឌ្ឍ ទំហំ ក៏ដូចជាប្រជាជន​ ប៉ុន្តែនិមិត្តរូប និងអត្ថន័យជាប្រវត្តិសាស្រ្តរបស់រាជធានីនៃកម្ពុជា ក៏មិនអន់ដែរ​នៅក្នុងបរិបទ និងមូលបទដែលពិភពលោកកំពុងតែព្រួយបារម្ភ ជាពិសេសគឺបញ្ហាសន្តិភាពនេះឯង។
 
រាជធានីភ្នំពេញគឺជានិមិត្តរូបនៃសន្តិភាពនៅកម្ពុជា ក្រោយពេលដែលអង្គការចាត់តាំងខ្មែរក្រហមបានធ្វើសមាហរណកម្ម នៅចុងឆ្នាំ១៩៩៨ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិល ដែលមានអាយុកាល ប្រមាណជិត ៣០​ឆ្នាំ​ ហើយនាំមកនូវសន្តិភាពដល់កម្ពុជា អស់​ប្រមាណជា ២៦ ឆ្នាំ​ហើយមកទល់ពេលនេះ ក្រោមគោលនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ដែលសម្តេចជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នាពេលនោះ។
 
រាជធានីភ្នំពេញគឺជាបេះដូងនៃសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ​ ដូច្នេះរាជធានីភ្នំពេញដែលកម្ពុជាយកធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី១២ គឺបញ្ជាក់អំពីអត្ថន័យ និងគោលបំណងច្បាស់លាស់របស់កម្ពុជាបង្ហាញទៅកាន់សកលលោក ទោះបីជាកម្ពុជាជាប្រទេសតូច ប៉ុន្តែក៏ជាប្រជាជាតិមួយដែលមានឧត្តមគតិ និងទស្សនវិស័យ ដែលអាចនឹងចូលរួមនៅក្នុងដំណើរការកសាងសន្តិភាពនៅលើពិភពលោកមួយបានផងដែរ។
 
សរុបមកវិញ ឥឡូវនេះយើងកំពុងទន្ទឹងរង់ចាំការប្រមូលផ្តុំជួបជុំគ្នាម្តងទៀតរបស់តំណាងគណបក្សនយោបាយនានា នៅក្នុងមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហើយយើងជឿជាក់ថា ជំនួបនៅសប្តាហ៍នេះ នឹងក្លាយជាឱកាសដ៏ល្អដើម្បីអបអរសាទរសមិទ្ធផល ដែលមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីទទួលបាននៅក្នុងដំណើរការសន្តិភាពពិភពលោក និងក៏ជាសមិទ្ធកម្មបង្ហាញពីចេតនាពិតប្រាកដរបស់កម្ពុជាផងដែរ៕

អត្ថបទទាក់ទង