Grand News Asia Close

សម្រង់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សំណេះសំណាលនិងពិសាភោជនាហារសាមគ្គីជាមួយក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្រង់ប្រសាសន៍ 331
សម្រង់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សំណេះសំណាលនិងពិសាភោជនាហារសាមគ្គីជាមួយក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ សម្រង់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សំណេះសំណាលនិងពិសាភោជនាហារសាមគ្គីជាមួយក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ

CNV:

សម្ដេច ឯកឧត្ដម លោកជំទាវ លោក​ លោកស្រី នាងកញ្ញា!

ខ្ញុំសុំអធ្យាស្រ័យដោយសារតែ(ហាក់ដូចជា)ស្អកកបន្តិច។ សូមអធ្យាស្រ័យដែរ ដោយសារតែដាក់អាវកំប្លេហ្នឹងមក វាហាក់ដូចជាស្ទាវបន្តិច។ យ៉ាងណាក្តី នេះក៏បានបង្ហាញថាសុខភាពខ្ញុំនៅរឹងមាំ។ មូលហេតុដែលស្អកក មុនពេលខ្ញុំមក ខ្ញុំត្រូវសម្រក ១,៦គីឡូ តាមរយៈនៃការត្រាំទឹកក្ដៅ បូកនឹង(ការហាត់ប្រាណ) … ដូច្នេះធ្វើឲ្យទម្ងន់របស់ខ្ញុំធ្លាក់ចុះ ដើម្បី(ក្រោយពី)មកទទួលទាន(នៅទី)នេះ ពេលត្រឡប់ទៅផ្ទះវិញ កុំអោយខ្ញុំឡើងទម្ងន់។ ខ្ញុំសូមយក​ឱកាសនេះដំបូងថ្លែងអំណរគុណចំពោះ​ឯកឧត្ដម ឃួង ស្រេង ក៏ដូចជាសាលារាជធានីភ្នំពេញ ដែលបានរៀបចំឲ្យមានការជួបជុំសំណេះសំណាលរវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ជាមួយនឹងក្រុមកីឡាបាល់ទាត់គុនខ្មែរ។ ដើមឡើយ មានការគ្រោងទុក។ មិនមែនជាការគ្រោងទុករបស់ខ្ញុំទេ ប៉ុន្តែបើកមើលនៅក្នុងសារ គឺមានការត្រៀមផ្សាយបន្តផ្ទាល់សម្រាប់គ្រប់ channels ទូរទស្សន៍ទាំងអស់។ ក្រោយពីបានដឹងរឿងនេះ ខ្ញុំក៏បានឲ្យផ្អាកនូវការផ្សាយបន្តផ្ទាល់ ដោយសារតែកម្មវិធីរបស់យើងនេះ ជាការជួបជុំក្រុមតូចមួយរវាងម្ខាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងម្ខាងទៀតខាងគុនខ្មែរ។ យើងមិនគួរមានធ្វើការផ្សាយបន្តផ្ទាល់នោះទេ។ ចាំពេលណាមួយយើងអាចរៀបចំពិធីជួបជុំ ដែលមានទ្រង់ទ្រាយធំ ហើយគ្រប់ទម្រង់ទើបជាការគួរ(នឹងផ្សាយបន្តផ្ទាល់)។

(១) ប្រមូលថវិកាជាង ១ពាន់លានរៀល សម្រាប់ជួយគុនខ្មែរ

ខ្ញុំសូមអរគុណចំពោះការរៀបចំ និងអរគុណចំពោះសម្ដេច​ ​​ឯកឧត្ដម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលបានទទួលនូវការអញ្ជើញចូលរួមនៅក្នុងពិធីនៃការសំណេះសំណាលរបស់យើងថ្ងៃនេះ។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងនូវការអបអរសាទរចំពោះជោគជ័យនៃការប្រកួតបាល់ទាត់ដើម្បីសប្បុរសធម៌ ក្នុងការប្រមូលថវិកាសម្រាប់ជួយទៅដល់គុនខ្មែរ ដែលបានធ្វើកន្លងទៅ ហើយដែលបានទទួលជាបណ្ដោះអាសន្ន តួលេខជាង ១ពាន់លានរៀលផងដែរ។ ថ្ងៃនេះ ខ្ញុំពុំមានប្រធានបទនយោបាយ ឬរឿងអីផ្សេងដែលទូលំទូលាយទេ។ ខ្ញុំចង់ដៅទៅដល់ការពង្រឹងគុនខ្មែរតែម្ដង។ ចំណុចដែលយើងត្រូវមើលឃើញក្នុងរយៈពេលកន្លងទៅនេះ គឺកីឡាករ/ការិនីរបស់យើងបានប្រមូលផ្ដុំមកទីក្រុងភ្នំពេញ។ បើយើងពិនិត្យអំពីការរីកលូតលាស់នៃកីឡារបស់យើងនេះ ប្រសិនបើមានមធ្យោបាយ និងការគាំទ្រ​គ្រប់គ្រាន់ កីឡាប្រដាល់គុនខ្មែរនេះនឹងរីកធំធាត់លឿនជាងនេះ។

(២) យកចិត្តទុកដាក់ផ្ដូផ្គងកីឡាករប្រកួត និងពង្រឹងការបណ្តុះបណ្តាលធនធានកីឡា

អ្នកកីឡារបស់យើងបានពង្រឹងខ្លួនតាំងពីស៊ីហ្គេម រហូតមកដល់ពេលនេះ។ យើងក៏ត្រូវទទួលស្គាល់ថា​កីឡារបស់យើងហត់នឿយក្នុងការប្រកួតប្រចាំសប្ដាហ៍ គឺក្នុងមួយថ្ងៃ​​ ជួនកាលមួយសប្ដាហ៍ឡើងប្រកួតម្ដង។ ការធ្វើបែបនេះ អាចអោយខូចកីឡា(ករ)អស់ហើយ។ (ខ្ញុំ)សូមអោយថ្នាក់ដឹកនាំកីឡាគុនខ្មែរយកចិត្តទុកដាក់ពីការផ្គូផ្គង​កីឡា(ករ)ឱ្យប្រកួត។ បើសិនជាការប្រកួតញឹកញាប់ពេក ឈឺខ្លួនមួយសប្ដាហ៍មុន មួយសប្ដាហ៍ក្រោយឡើងវាយទៀតគឺមិនអាចទៅរួចទេ។ ធ្វើយ៉ាងនេះគឺខូច/បាក់កីឡា(ករ)អស់។ ស្ថានភាពនេះ មិនគួរឱ្យកើតមានក្នុងការគ្រប់គ្រងកីឡា។ ពេលខាងមុខនេះ ត្រូវតែយកចិត្តទុកដាក់លើការផ្ដូផ្គងកីឡា(ករ)ឱ្យប្រកួត​ ដោយមិនអាចចេះតែតាមចំណង់ចំណូលចិត្តឡើយ។ ត្រូវទទួលស្គាល់ថាយើងក៏ខ្វះកីឡា(ករ)ដែរពេលនេះ។ ការខ្វះកីឡាករ/ការិនី ជាពិសេសកី​ឡា​(ករ)ប្រដាល់ ក៏អាចមកពីយើងខ្វះការបណ្តុះបណ្តាលធនធានកីឡា

(៣) ផ្តួចផ្តើមគំនិតជំរុញកីឡាគុនខ្មែរបន្ថែម ដើម្បីពង្រីកការគាំទ្រដល់បណ្តាខេត្តនៅទូទាំងប្រទេស

ដោយហេតុនេះ ខ្ញុំចង់យកគំនិតផ្តួចផ្តើមជំរុញកីឡាគុនខ្មែរបន្ថែម តាមរយៈមេរៀនពិសោធន៍កំពុងកើតមាននៅក្នុងភ្នំពេញ ដែលមានអ្នកគាំទ្រជាក្លឹបកី​ឡាសម្រាប់ការពង្រីកការគាំទ្រផ្នែកកីឡានេះទៅដល់បណ្តាខេត្តនៅទូទាំងប្រទេស។ កន្លងទៅនេះ ខ្ញុំបានឲ្យ ស៊ីថូ ណាថាន់ ចុះទៅសិក្សានៅទិសពាយ័ព្យ ជាពិសេសនៅក្នុងខេត្តបាត់ដំបង (ក៏ឃើញថា)មានក្រុមកីឡាច្រើនណាស់។ ការប្រកួតមានក្លឹបច្រើនដែលខ្វះខាត ហើយក៏មានការប្រកួតច្រើន។ ប៉ុន្តែការប្រកួតខ្លះ តម្លៃខ្លួនគ្នាមានត្រឹមតែ ១ម៉ឺន, ២ម៉ឺនរៀល ឬ ៣ម៉ឺនរៀលប៉ុណ្ណឹង តាមរយៈការជួយឧបត្ថម្ភ។ ខ្ញុំក៏បានផ្ញើថវិកាសម្រាប់ការប្រកួតនោះ គឺឲ្យបន្ថែមម្នាក់ៗ ទោះបីចាញ់ទោះបីឈ្នះ អោយតែឡើងប្រកួតជូន ៥ម៉ឺនរៀល ដែលក្នុងមួយខែអស់ជាង ២១លានរៀល។ ខ្ញុំបានបញ្ជូនថវិកា ៣០លានរៀលទៅទីនោះ។ បញ្ហានេះជាបញ្ហាមួយផ្សេង។

(៤) សូមឲ្យមានការចូលរួមគាំទ្រត្រង់ទៅបណ្តាក្លឹបដើម្បីពង្រឹងគុនខ្មែរ

អ្វីដែលខ្ញុំចង់ស្នើសុំគឺឲ្យយើងចូលរួមទាំងអស់គ្នាពង្រឹងគុនខ្មែរ តាមរយៈនៃការគាំទ្រក្លឹបតែម្តង។ ធ្វើយ៉ាងនេះយើងអាចជួយដោះស្រាយបាននិរន្តរភាពកីឡា។ កីឡាមិនអាចវាយបានរហូតទេ។ ម្សិលម្ង៉ៃ កាលពីថ្ងៃប្រកួតបាល់ទាត់នេះ ក្រៅពី ខេម មេក្រុមតារាប៉ាល់ទាត់កម្ពុជាទាត់ចូលមួយគ្រាប់នៅ ailier ស្តាំ ឬខ្សែប្រយុទ្ធខាងស្តាំវិញ។ ធម្មតា ខេម ទាត់ខាងឆ្វេង ប៉ុន្តែដល់ ខេម ចល័តមកខាងឆ្វេង ឃើញ ធឿន ធារ៉ា។ ខ្ញុំគិតថាមួយអ្នកចម្រៀង​ដ៏ល្បី មួយទៀតកីឡាប្រដាល់ដ៏ល្បី (ត្រូវជួបគ្នាហើយ)។ ធឿន ធារ៉ា ឡើងមកទប់ល្បឿនរបស់ ខេម មិនរួច។ អញ្ចឹង ធឿន ធារ៉ា ពូកែខាងទាត់ ប៉ុន្តែមិនពូកែខាងរត់។ តែប៉ុណ្ណឹងក៏ចាត់ទុកថាល្អ។ អ្វីដែលខ្ញុំនិយាយនៅទីនេះ​ គឺសំ​ដៅ​ថា បច្ចុប្បន្ន ធឿន ធារ៉ា កំពុងតែល្បី។ ប៉ុន្តែ យើងក៏ត្រូវទទួលស្គាល់ថា (តើនៅ)ប៉ុន្មានឆ្នាំទៀត(ទៅដែល) ធឿន ធារ៉ា នៅវាយបាន? ដូចជា អេ ភូថង អញ្ចឹង។

(៥) រៀបចំនិងពង្រឹងក្លឹបដែលមានស្រាប់នៅមូលដ្ឋាន បង្កាការបោះបង់ការសិក្សា

គាត់មិនអាចវាយរហូតទេ។ ក្រោយមកត្រូវក្លាយជាគ្រូបង្វឹក អាជ្ញាកណ្ដាល។ យើង​ត្រូវបណ្ដុះអ្នកបន្ដវេន។ ការបណ្ដុះ(បណ្ដាល)អ្នកបន្ដវេនមិនអាចបញ្ជូនមកបណ្ដុះ(បណ្ដាល)តែនៅទីក្រុងភ្នំពេញទេ។ លុះត្រាតែដល់កម្រិតចូលជំរើសជាតិ ថ្នាក់ជាតិ ដែលមានកន្លែងស្នាក់នៅ មានការបំប៉ន ហើយម្យ៉ាង​ទៀតត្រូវគិតទៅដល់ថាយុវជនត្រូវការរៀនសូត្រ មិនអាចមកហ្វឹកហាត់កីឡា ហើយបោះបង់ការសិក្សាទេ។ ដូច្នេះ វិធីដែលងាយស្រួលគឺយើងត្រូវរៀបចំក្លឹបនេះនៅមូលដ្ឋាន ហើយក៏​មិនចាំបាច់ថា យើងត្រូវតែរកដី​រៀបចំដាច់ដោយឡែកទេ។ ក្លឹបដែលកំ​ពុងមានស្រេច យើងចាប់យកក្លឹបនោះដើម្បីពង្រឹងតែម្ដង។ ឧទាហរណ៍ ខ្ញុំសូមស្នើក្រុមហ៊ុនមួយជួយមួយក្លឹប​ ឬឧកញ៉ាម្នាក់ជួយមួយក្លឹប ឧបនាយករដ្ឋមន្ដ្រីម្នាក់ជួយមួយក្លឹប។ ​ខ្ញុំគិតថាធ្វើទៅរួច។ យើងអាចធ្វើកិច្ចការនេះបាន ដើម្បីធានាថាកីឡា(ករ)របស់យើង (មិនឈានទៅ)បោះបង់ចោល​ការសិក្សា។ វិធីតែមួយគត់(ដែលអាចអនុវត្តបាន)គឺយើងពង្រឹងក្លឹបដែលមានស្រាប់។ ប្រាក់(ដែលប្រមូល)បានជាង ១ ០០០ លានរៀលនេះ ជាប្រាក់​ដែលគុនខ្មែរនឹងយកទៅពង្រឹងតាមក្លឹប។ ក៏ប៉ុន្ដែ (ទំហំទឹកប្រាក់នេះ)គ្មាននិរន្ដរ៍ភាពទេ។ នេះគ្រាន់តែជាការទាត់បាល់ដើម្បីទទួលបានប្រាក់ចំណូលយកទៅឧបត្ថម្ភបានម្ដងម្កាល។

(៦) ក្រុមហ៊ុន ឬឧកញ៉ា ឬឧបនាយករដ្ឋមន្ត្រី ជួយគាំទ្រក្លឹបណាមួយ អាចជាការធានានិរន្តរភាព

ប្រសិនជាមានក្រុមហ៊ុនចូលរួម ឧទាហរណ៍ ក្រុមហ៊ុន ជីប ម៉ុង ជាដើម ទៅជួយដល់ក្លឹបណាមួយនៅខេត្តបាត់ដំបង ឬខេត្តណាមួយតាមដែលចិត្តចង់ នោះទើបជាការធានា(បាន)នូវ​និរន្ដរ៍ភាព។ ឧទាហរណ៍ក្រុមហ៊ុន ជីប ម៉ុង, ប៉េង ហួត ឬក្រុមហ៊ុនណាទៀតដែលចង់(ឧបត្ថម្ភ)។ ខ្ញុំលើកឧទាហរណ៍ថា ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ គាំទ្រក្លឹបណាមួយនៅបាត់ដំបង។ បាត់ដំបងសំបូរក្លឹបជាងគេ។ ហ៊ុន ម៉ានី, ទៀ សីហា មួយក្លឹបអីអញ្ចឹងទៅ។ ហ្នឹង(វិធីដែល)ខ្ញុំគិតថា ជាការធានាជាង។ ខ្ញុំមិនអាចចេញមុខថាក្លឹបតេជោសែនបានទេ។ ព្រោះថា បើទៅវាយឈ្នះក៏គេជេរ វាយចាញ់ក៏គេបង្អាប់។ មិនបាច់(ធ្វើដូចនោះ)ទេ។ ទុកអោយខ្ញុំជាអ្នកឈរពីខាងក្រោយវិញ។ ជាតិជាស្ដ្រីមេដឹកនាំ គ្មានអ្នកណាស្គាល់កីឡាប្រដាល់ជាងភរិយាខ្ញុំទេ។ គាត់ជួយកីឡាករច្រើនណាស់។ អ្នកខ្លះប្រពន្ធកូនខ្ចី … អ្នកខ្លះវាយចាញ់គេ ក៏គាត់អោយលុយដែរ ដោយឃើញថាអាណិតត្រូវរបួស​ត្រូវអីអញ្ចឹង។

(៧) យកបទពិសោធន៍នៅភ្នំពេញ ទៅអនុវត្តតាមបណ្ដាក្លឹបមូលដ្ឋាន ដើម្បីពង្រឹងគុនខ្មែររយៈពេលវែង

រឿងនេះ យើងត្រូវសិក្សា ហើយរកវិធីជួយបណ្ដុះបណ្ដាលថ្នាលកីឡានៅឯ​មូល​​ដ្ឋាន ដោយផ្សាភ្ជាប់ការសិក្សារបស់យុវជន និងការមក​ហ្វឹក​ហាត់នៅក្លឹប ដោយយើងផ្ដល់នូវថវិកាប្រចាំខែឲ្យពួកគេ។ ហោចបំផុតគឺការទទួលបានអាហារ​គ្រប់គ្រាន់សំរាប់ការហ្វឹកហាត់ ជាការធានាចំពោះនិរន្ដរ៍ភាពសំរាប់កីឡាករ/ការិនីរបស់កម្ពុជាយើង។ ខ្ញុំសង្ឃឹមថា យើងអាចធ្វើបានក្នុងរឿងនេះ។ ក្នុងមួយខែៗ ចំណាយក៏វាមិនធំទេ។ យើងឃើញកីឡាមួយចំនួនកំ​ពុងតែមានសន្ទុះកើនឡើង ដោយសារមានការគាំទ្រ ដូចជា ក្លឹបអេភូថង ឬក្លឹបនេះ/នោះ បង្កើតទៅតាមរបៀបនេះ។ យើងយកបទពិសោធនៅទីក្រុងភ្នំពេញ ទៅអនុវត្តនៅតាមបណ្ដាក្លឹបនៅឯមូលដ្ឋាន​ ដែលមានគ្រូបង្វឹកស្រាប់។ យើងអាចនឹងពង្រឹងគុនខ្មែររបស់យើងបានក្នុងរយៈពេលវែង។ ឧទាហរណ៍ ឧកញ៉ា លាង ឃុន អាចសាក​ល្បងថា ធ្វើនៅត្រង់ណាមួយ ឬក៏អ្នកឧកញ៉ាដទៃទៀតដែលអាចធ្វើបាន។ លី ឃុនថៃ ក៏អាចធ្វើបាន។ សាកល្បង ហើយជួយគ្នាទៅលើរឿងនេះ ដើម្បីយើងធានាថាយើងមានធនធានកីឡា។

(៨) ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ផ្តល់នាយករដ្ឋមន្រ្តី ៤នាក់ មានកីឡាបាល់ទាត់ បាល់ទះ តែមិនមានប្រដាល់

ម្យ៉ាងទៀត ខ្ញុំកំពុងសិក្សាថា ហេតុអ្វីបានជាកីឡាប្រដា​ល់ភាគច្រើនចេញប្រភពពីខេត្តបាត់ដំបង? ហេតុអីបានជាស្រុកខ្ញុំ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អត់មានកីឡា(ករប្រដាល់) សូម្បីតែមកដល់ម៉ោងនេះ? អត់មានអ្នកស្ទឹងត្រង់ធ្វើកីឡាករ(ប្រដាល់)ទេ។ ក្នុងខេត្តកំពង់ចាម មានស្រុកខ្លះដូចជា ស្រុកជើងព្រៃ ស្រុកព្រៃឈរ មានក្រុមកីឡា(ករប្រដាល់)។ អញ្ចឹងខ្ញុំកំពុងតែសិក្សាប្រវត្តិថា ហេតុអ្វីបានជាតំបន់ខ្លះមានតំបន់ខ្លះអត់? ​ការសិក្សាជាបឋមរបស់ខ្ញុំឃើញថា តំបន់ណាដែលធ្លាប់មានសង្រ្គាមពីអតីតកាល ដោយការកាប់ចាក់ គេថាសង្រ្គាមជំនាន់ដើម មិនមែនជំនាន់បច្ចុប្បន្ន តំបន់នោះតែងតែមានអ្នកចេះក្បាច់គុន ចូលចិត្តក្បាច់គុន។ យើងចំណាំមើល។ ខេត្តកំពង់ចាម ផ្នែកខាងលើរួមមានស្រុកស្ទឹងត្រង់ ស្រុកក្រូចឆ្មារ ពីរស្រុកនេះហាក់ដូចជាមិនទាន់មានកីឡាករ/ការិនីណាមកប្រកួតទេ។ ស្រុកស្ទឹងត្រង់ផលិតបាននាយករដ្ឋមន្រ្តីរហូតដល់ទៅ ៤នាក់ហើយ មាននាយករដ្ឋមន្រ្តី អ៊ិន តាំ, នាយករដ្ឋមន្រ្តី ហង្ស ធុនហាក់, នាយករដ្ឋមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប៉ុន្តែគ្មានកីឡាករប្រដាល់ទេ។ បាល់ទាត់ បាល់ទះមាន តែដល់ទៅប្រដាល់គឺអត់

(៩) ការសន្និដ្ឋាននៃការសិក្សាបថម៖ “តំបន់ធ្លាប់មានសមរភូមិពីអតីតកាល ជាតំបន់សម្បូរអ្នកចេះក្បាច់គុន”

នៅខេត្តកំពង់ចាម គឺជាតំបន់អូសទ័ពរបស់តេជោមាស ពីសំរោងទង ទៅកាន់កំពង់ធំ។ អូសទ័ពដើម្បីទៅវាយនឹងកងទ័ពសៀម ក្នុងជំនាន់ព្រះស្រីសុរិយោពណ៌ ក្នុងឆ្នាំ ១៦០០ជាង … អញ្ចឹងតំបន់ហ្នឹងនៃខេត្តកំពង់ចាម មានតំបន់ព្រៃឈរ និងតំបន់ជើងព្រៃ ជាតំបន់ដែលអូសទ័ពឆ្លងកាត់។ តំបន់ណាដែលធ្លាប់មានសមរភូមិកាលពីអតីតកាល គឺក្លាយទៅជាតំបន់ដែលសម្បូរទៅដោយអ្នកក្បាច់គុន។ ប៉ុន្តែមាននៅត្បូងឃ្មុំ។ តែប្រវត្តិត្បូងឃ្មុំ គេអាចដឹងបានហើយថាកាលពីដើមពិបាក។ ជំនាន់ទុំទាវ គឺទាក់ទងនឹងអ្នកងារត្បូងឃ្មុំ។ អញ្ចឹងអ្នកត្បូងឃ្មុំក៏មានអ្នកពិបាកមួយចំ​នួនផងដែរ។ នេះគ្រាន់តែការសិក្សាជាបឋម។ អាចនឹងមានអ្នកសិក្សាអំពីបញ្ហាទាក់ទងជាមួយនឹងប្រពៃណីប្រវត្តិសាស្ត្រថា ហេតុអីបានជាកន្លែងខ្លះសម្បូរទៅដោយអ្នកក្បាច់គុណ ហើយនៅកន្លែងខ្លះគឺស្ទើរតែគ្មានតែម្ដង។ បើចេញពីតំបន់នោះ ក៏មិនមែនដើមកំណើតពីកន្លែងនោះ គឺដើមកំណើតពីកន្លែង​ផ្សេងទៅកន្លែងនោះទៅវិញ។ ដូចជានៅស្រុកចំការលើក៏មាន ក៏ប៉ុន្តែសិក្សាអំពី​អ្នកប្រដាល់នៅចំការលើ ថាមិនមែនជាអ្នកចំការលើសុទ្ធសាធទេ។ មានដើមកំណើតផ្សេង​។ ហ្នឹងគឺជាការសិក្សារបស់ខ្ញុំ។

(១០) ការប្រមូលផ្ដុំជួយឧបត្ថម្ភតែក្លឹបភ្នំពេញ នឹងទាញយុវជនចាកចេញពីភូមិកំណើត​ បោះបង់ចោលការសិក្សា

ខ្ញុំបកមកទាក់ទិនជាមួយការជួយដល់ក្លឹបនីមួយៗ។ សូមអំពាវ សម្ដេច ឯកឧត្តម លោកជំទាវ ជួយមើល ថាតើអាចជួយក្លឹបណាបាន។ ខ្ញុំមិនចង់ឱ្យជួយក្លឹបនៅទីក្រុងភ្នំពេញទេ។ បើសិនជាយើងប្រមូលផ្ដុំតែនៅទីក្រុងភ្នំពេញ គឺទាញយុវជនចាកចេញពីភូមិកំណើត​ មកកាន់ទីក្រុងភ្នំពេញ ហើយបោះបង់ចោលការសិក្សា។ ខ្ញុំចង់ឱ្យបណ្ដុះបណ្ដាលថ្នាលនេះនៅឯជនបទ។ ម្យ៉ាងទៀត ខ្ញុំបានឱ្យ ស៊ីថូ ណាថាន់ ទៅរៀបចំជាមួយនឹងអ្នកគ្រប់គ្រងគុនខ្មែរ ទាញយកអ្នកប្រដាល់តាមខេត្តឱ្យមកប្រកួតនៅទីក្រុងភ្នំពេញ។ ដោយសារតែ រើសអ្នកភ្នំពេញឡើងប្រកួតមួយសប្ដាហ៍ប្រកួតម្ដង ឬពីរសប្ដាហ៍ប្រកួតម្ដង ប្រកួតញឹកពេក ធ្វើឱ្យបាក់កម្លាំងកម្លាំងកីឡាអស់។ ថ្ងៃមុនមានការប្រ​កួតនៅឯបាត់ដំបង។ ខ្ញុំបានបញ្ជូនថវិកាទៅ។ ខ្ញុំចូលទៅខម្មិនក្នុង(ផូស្ត)នោះ។ គេផ្សាយតាមផេក តាមប្រកួតនានាថាគប្បីបញ្ជូនតាមផេកចេញមុននឹងការប្រកួតមកតាមទូរទស្សន៍នានា ដែលមានការឧបត្ថម្ភដោយក្រុមហ៊ុននា​នា​នៅតាមទូរទស្សន៍។ យើងគួរតែផ្ដល់ឱកាសអោយបានច្រើន ដើម្បីនាំយកកីឡាពីបណ្ដាខេត្តមកប្រកួតនៅទីក្រុងភ្នំពេញ តាមរយៈនៃស្ថានីយ៍ទូរទស្សន៍ បណ្ដាក្រុមហ៊ុនដែលចាត់តាំងដែលគាំទ្រដល់ការប្រកួត។

(១១) ជំរុញការលូតលាស់កីឡាជារួម កីឡាគុនខ្មែរដោយឡែក ដើម្បីមានធនធានកីឡា មិនថមថយ រយៈពេលវែង

ធ្វើយ៉ាងនេះ ទើបយើងមានធនធានកីឡាមិនថមថយ ក្នុងរយៈពេលវែង។ កុំអោយពេលដែលយើងត្រូវការប្រកួត (ក៏មានរឿង)ខ្វះកីឡាករ។ នេះគឺជាអ្វីដែលខ្ញុំចង់ជូនសារនៅទីនេះ។ ចង់ថាកីឡាបាល់ទាត់កំពុងតែឡើង ​​ប្រ​ដាល់កាន់តែឡើង ប៉ុន្តែចំនួនកីឡាសម្រាប់ការប្រកួត តែនៅតាមស្ថានីយ៍ទូរទស្សន៍ ភាគច្រើន(មានការ)ចាត់តាំងការប្រកួត(ញឹកញាប់គឺ)មួយអាទិត្យៗ។ ថ្ងៃនេះជាថ្ងៃសុក្រ ប្រកួតសឹងតែគ្រប់តែទូរទស្សន៍។ ជាការល្អហើយដែលយើងមិនផ្សាយបន្តផ្ទាល់ កុំអោយរំខានដល់ការផ្សាយបន្តផ្ទាល់ ក្នុងពេលដែលកម្មវិធីល្ងាចថ្ងៃសុក្រ ធម្មតាគេប្រកួត។ ខ្ញុំសូមអរគុណចំពោះសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលបានចូលរួមនៅក្នុងឱកាសនេះ។ សង្ឃឹមថាល្ងាចនេះយើងនឹងបានស្ដាប់ចម្រៀង។ ខ្ញុំបានប្រាប់ហើយ កាលណាយកក្រុមកីឡាឡើងច្រៀង ធ្វើម៉េចបានទទួលទាន។ គេហៅថាពួកបាល់ទាត់។ អញ្ចឹងបានរកអ្នកចម្រៀងផ្សេងឡើងច្រៀង។ យើងបានស្ដាប់ចំរៀងរួមគ្នា។ ខ្ញុំសប្បាយរីករាយដែលមានការជួបជុំបែបនេះ។ យើងនឹងបន្តការខិតខំរួមគ្នាដើម្បីធ្វើឱ្យផ្នែកកីឡា ក្នុងហ្នឹងប្រធានបទទាក់ទងនឹងកីឡាគុនខ្មែរ ត្រូវតែជាមុខសញ្ញានៃការដែលយើងជំរុញការលូតលាស់ទៅមុខ។ សូមអរគុណ។ សូមជូនពរអ្នកទាំងអស់គ្នាសូមទទួលបានសេចក្ដីសុខ សេចក្ដីចម្រើនជាមួយនឹងពុទ្ធពរ និងពរទាំង៥ប្រការអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង