Grand News Asia Close

ចំណេះដឹងទូទៅ៖ ស្វែងយល់ពីអាស៊ាន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ចំណេះដឹងទូទៅ អាស៊ាន | ASEAN ឯកសារ 339
ចំណេះដឹងទូទៅ៖ ស្វែងយល់ពីអាស៊ាន ចំណេះដឹងទូទៅ៖ ស្វែងយល់ពីអាស៊ាន

(ភ្នំពេញ)៖ សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន (Association of South East Asian Nations ─ ASEAN) ត្រូវបានបង្កើតឡើងដើម្បីធ្វើសហប្រតិបត្តិការរួមគ្នានៅក្នុងតំបន់ ដែលដំបូងឡើយគោលដៅនិងគោលបំណងក្នុងការបង្កើតអង្គការនេះ គឺដើម្បីពង្រឹងសន្តិសុខ និងរក្សាសន្តិភាព។

ក្នុងឱកាសដែលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ក្នុងនាមជាប្រធានប្ដូរវេននេះ យើងខ្ញុំសូមលើកយកនូវអត្ថបទមួយដែលនិយាយអំពីប្រវត្តិអាស៊ានដូចតទៅ៖

១. ប្រវត្តិអាស៊ាន

ដំបូងឡើយ អាស៊ានត្រូវបានចុះហត្ថលេខាបង្កើតឡើងដោយប្រទេសចំនួន៥ រួមមាន ឥណ្ឌូណេស៉ី ម៉ាឡេស៉ី សិង្ហបូរី ថៃ និងហ្វីលីពីន កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ នាទីក្រុងបាងកក ប្រទេសថៃ។ ប្រទេសទាំង៥នោះគេហៅថា បិតាស្ថាបនិកអាស៊ាន (Founding Father of ASEAN)។ ប្រទេសស្ថាបនិកទាំងនេះដែរ លើកលែងប្រទេសថៃ សុទ្ធសឹងតែជាដែនដីដែលទើបទទួលបានឯករាជ្យនិងអធិបតេយ្យថ្មីថ្មោងពីពួកអាណានិគមក្នុងសម័យនោះ។ គួបផ្សំនឹងការចាប់ផ្ដើមនៃសង្គ្រាមត្រជាក់ផង ទើបជំរុញឱ្យប្រទេសទាំង៥ប្រកៀកស្មាគ្នាបង្កើតសមាគមនេះឡើង ដោយមានគោលដៅរួមជំរុញឱ្យមានសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍសង្គម និងវប្បធម៌ ក្នុងតំបន់អាស៉ីអាគ្នេយ៍ទាំងមូល។ ចាប់ពីឆ្នាំ១៩៨៤មក ទើបបណ្ដាប្រទេសដទៃ៥ទៀតក្នុងតំបន់នេះ រួមមាន ព្រុយណេ (៧-មករា-១៩៨៤) វៀតណាម (៧-កក្កដា-១៩៩៥) ឡាវ (២៣-កក្កដា-១៩៩៧) មីយ៉ាន់ម៉ា (២៣-កក្កដា-១៩៩៧) និងកម្ពុជា (៣០-មេសា-១៩៩៩)។

២. គោលបំណង

ដូចដែលបានកំណត់នៅក្នុងសន្ធិសញ្ញាអាស៊ាន គោលបំណងរបស់អាស៊ានមានដូចជា៖
* បង្កើនល្បឿនកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការអភិវឌ្ឍវប្បធម៌នៅក្នុងតំបន់
* លើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់
* ជំរុញកិច្ចសហប្រតិបត្តិការ និងការឧបត្ថម្ភជួយគ្នាទៅវិញទៅមក ដោយមិនរំពឹងផលប្រយោជន៍តបស្នង
* ផ្ដល់ជំនួយដល់គ្នាទៅវិញទៅមកក្នុងទម្រង់ជាការបណ្ដុះបណ្ដាល និងការស្រាវជ្រាវឧបករណ៍
* កិច្ចសហប្រតិបត្តិការដើម្បីធ្វើឱ្យមានភាពល្អប្រសើរខាងវិស័យកសិកម្ម និងឧស្សាហកម្ម ដើម្បីលើកកម្ពស់ជីវភាពប្រជាជន
* លើកកម្ពស់ការសិក្សានៅអាស៉ីអាគ្នេយ៍
* រក្សាមិត្តភាពដើម្បីប្រយោជន៍កិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ ដែលមានគោលបំណងដូចគ្នា ឬស្រដៀងគ្នា។

៣. និម្មិតសញ្ញា និងទង់ជាតិ

និម្មិតសញ្ញាអាស៊ាន និងទង់ជាតិប្រទេសជាសមាជិកអាស៊ានមានអត្ថន័យដូចតទៅ៖
* ពណ៌ខៀវ តំណាងឱ្យសន្តិភាព និងស្ថិរភាព។
* ពណ៌ក្រហម តំណាងឱ្យសេចក្តីក្លាហាន និងភាពស្វាហាប់។
* ពណ៌ស តំណាងឱ្យភាពបរិសុទ្ធ និងស្មោះត្រង់។
* ពណ៌លឿង តំណាងឱ្យភាពសម្បូររុងរឿង។
* ដើមស្រូវទាំង១០ តំណាងឱ្យសុបិន្តរបស់បិតាបង្កើតអាស៊ានដែលចង់ប្រមូលផ្តុំប្រទេសទាំង១០នៅអាស៉ីអាគ្នេយ៍ឱ្យក្លាយជាសមាគមមួយដែលមានសាមគ្គីភាព។
* ពណ៌ទាំងអស់នៅលើទង់អាស៊ាន តំណាងឱ្យពណ៌ទង់ជាតិរបស់ប្រទេសជាសមាជិកទាំងអស់។
* ទង់អាស៊ាន តំណាងឱ្យសមាគមអាស៊ានមួយដែលមានស្ថិរភាព និងសន្តិភាព។

៤. អគ្គលេខាធិការដ្ឋាន និងកិច្ចប្រជុំអាស៊ាន
* អគ្គលេខាធិការដ្ឋានអាស៊ាន
មជ្ឈមណ្ឌលរដ្ឋបាលរបស់អាស៊ាន គឺអគ្គលេខាធិការដ្ឋានអាស៊ានដែលស្ថិតនៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៉ី។ អគ្គលេខាធិការដ្ឋានអាស៊ានមានអគ្គលេខាធិការ១រូបទទួលបន្ទុកសម្របសម្រួល និងអនុវត្តសកម្មភាពនានារបស់អាស៊ាន។ អគ្គលេខាធិការនោះត្រូវបានតែងតាំងតាមរយៈកិច្ចប្រជុំកំពូលអាស៊ាន មានអាណត្តិ៥ឆ្នាំ ប្ដូរវេនគ្នាទៅតាមលំដាប់អក្ខរក្រមនៃឈ្មោះប្រទេសជាភាសាអង់គ្លេស ក្នុងនោះ B-ព្រុយណេដារូសាឡឹម C-កម្ពុជា I-ឥណ្ឌូណេស៉ី L-ឡាវ Ma-ម៉ាឡេស៉ី My-មីយ៉ាន់ម៉ា P-ហ្វីលីពីន S-សិង្ហបុរី T-ថៃ V-វៀតណាម។

ធម្មនុញ្ញអាស៊ានកំណត់ថា៖ ការជ្រើសរើសអគ្គលេខាធិការត្រូវផ្អែកលើលក្ខខណ្ឌមួយចំនួន ដូចជា សុចរិតភាព បទពិសោធន៍ការងារ សមត្ថភាព និងសមភាពយេនឌ័រ។ អគ្គលេខាធិការដ្ឋានមានតួនាទីសម្របសម្រួលការអនុវត្តគម្រោង និងសកម្មភាពរបស់អាស៊ាន។

* កិច្ចប្រជុំអាស៊ាន
រាល់ការសម្រេចចិត្តសំខាន់ៗដែលពាក់ព័ន្ធនឹងជោគវាសនារបស់សមាគមអាស៊ាន គឺត្រូវធ្វើដោយកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំនៅប្រទេសដែលមានតួនាទីជាប្រធានអាស៊ាន។ ក្រៅពីកិច្ចប្រជុំកំពូល នៅមានកិច្ចប្រជុំដទៃទៀត ដូចជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែកជាដើម។ ការសម្រេចចិត្តសំខាន់ៗដែលពាក់ព័ន្ធនឹងជោគវាសនាអាស៊ាន គឺយោងលើគោលការណ៍កុងសង់ស៉ីស (ការសម្រេចជាឯកច្ឆន) ដូចមានបង្ហាញក្នុងគោលការណ៍គ្រឹះស្រាប់។ តាំងពីបង្កើតមក អាស៊ានបានអនុវត្តគោលការណ៍គ្រប់គ្រងនេះយ៉ាងល្អបំផុត បើទោះបីពេលខ្លះមានបញ្ហាប្រឈមក្នុងតំបន់ក្តី។

* ប្រធានអាស៊ាន
មាត្រា៣១ នៃធម្មនុញ្ញអាស៊ានចែងថា៖ ប្រធានអាស៊ានត្រូវប្ដូរវេនជារៀងរាល់ឆ្នាំតាមលំដាប់អក្ខរក្រមនៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក ហើយរដ្ឋសមាជិកដែលទទួលបានឋានៈជាប្រធានអាស៊ាននោះត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំមួយចំនួនទៀត។ កន្លងមក ប្រទេសកម្ពុជាធ្លាប់ធ្វើជាប្រធានអាស៊ានបានចំនួន២ដង គឺលើកទី១នៅឆ្នាំ២០០២ និងលើកទី២នៅឆ្នាំ២០១២ ពិសេសនៅឆ្នាំ២០២២នេះ កម្ពុជាបានធ្វើជាប្រធានអាស៊ានលើកទី៣ហើយ។

៥. ការបង្កើតតំបន់សន្តិភាព សេរី និងអព្យាក្រឹត

ខ្លឹមសារនៃការបង្កើតតំបន់សន្តិភាព សេរី និងអព្យាក្រឹត (Zone of Peace Freedom and Neutrality ─ ZOPFAN) ត្រូវបានអនុម័តនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៧១ នាទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី។

ខ្លឹមសារ ZOPFAN ចែងថា៖

* សមាជិកអាស៊ានប្តេជ្ញាខិតខំរក្សាតំបន់អាស៉ីអាគ្នេយ៍ឱ្យទៅជាតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹត្យ ដោយមិនស្ថិតក្រោមអន្តរាគមន៍នៃមហាអំណាចបរទេសឡើយ។
* សមាជិកអាស៊ានខិតខំបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលាយ ដោយពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងគ្នានឹងគ្នា។
* បន្ធូរភាពតានតឹងអន្តរជាតិ និងធ្វើឱ្យសម្រេចបានសន្តិភាពដ៏យូរអង្វែងមួយនៅអាស៉ីអាគ្នេយ៍។
* គោរពបូរណភាពដែនដី ដោះស្រាយទំនាស់ដោយសន្តិភាពវិធី និងមិនជ្រៀតចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ។

៦. សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ TAC

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ (Treaty of Amity and Cooperation ─ TAC) ត្រូវបានចុះហត្ថលេខាក្នុងសម័យប្រជុំកំពូលអាស៊ាននៅកោះបាលី ប្រទេសឥណ្ឌូណេស៉ី។

ទាក់ទិននឹងសន្ធិសញ្ញា TAC នេះ សមាជិកអាស៊ានមានគោលការណ៍ដូចតទៅ៖
* គោរពគ្នាទៅវិញទៅមកលើឯករាជ្យ អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិនៃសមាជិកទាំងអស់។
* គោរពសិទ្ធិរបស់រដ្ឋនីមួយៗក្នុងការដឹកនាំប្រទេសរបស់ខ្លួនឱ្យចៀសផុតពីការបង្ខិតបង្ខំពីខាងក្រៅ។
* មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក។
* ដោះស្រាយទំនាស់ដោយមធ្យោបាយសន្តិវិធី។
* ប្រឆាំងចំពោះការគំរាមប្រើកម្លាំងទ័ព។
* រួមសហការគ្នាយ៉ាងល្អរវាងសមាជិកទាំងអស់។
* ធ្វើឱ្យតំបន់អាស៉ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។

៧. តំបន់ពាណិជ្ជកម្មសេរី AFTA

នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៣ តំបន់ពាណិជ្ជកម្មសេរី (Asean Free Trade Area ─ AFTA) ត្រូវបានប្រកាសបង្កើតឡើងជាផ្លូវការ។ AFTA មានគោលដៅទាក់ទងនឹងការបញ្ចុះតម្លៃផលិតផលមួយចំនួន បន្ទាប់មកនឹងបើកឱ្យមានពាណិជ្ជកម្មសេរី។ ការបង្កើត AFTA មានគោលបំណងទាក់ទាញការវិនិយោគទុន និងការរកទីផ្សារនៅតំបន់ឥណ្ឌូចិនផងដែរ។

សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី២៧ នៅទីក្រុងបាងកក ថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ១៩៩៤ បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ជាថ្មីពីទិសដៅ AFTA រួមមាន៖
* សម្រេចអនុវត្តលើការបន្ថយតម្លៃទំនិញតាមកម្មវិធីឆ្នាំ១៩៩៤។
* លើកទឹកចិត្តចំពោះរំហូរចូលនៃវិនិយោគទុនបរទេស។
* ឯកភាពចំពោះការភ្ជាប់ពាណិជ្ជកម្មជាមួយតំបន់ដទៃទៀតក្នុងពិភពលោក។

៨. វេទិកាតំបន់អាស៊ាន ARF

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៤ វេទិកាតំបន់អាស៊ាន (Asean Regional Forum ─ ARF) ត្រូវបានបង្កើតជាផ្លូវការក្នុងគោលបំណងរឹតចំណងមិត្តភាពក្នុងបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសនានានៅក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក។ ARF មានតួនាទីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក ដោយកាចរចានានាលើកិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយ និងសន្តិសុខក្នុងតំបន់៕

អត្ថបទទាក់ទង