សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និង សិក្ខាកាមមេធាវី
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា;
ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា លោក លោកស្រី ជាសាស្ត្រាចារ្យ
ភ្ញៀវ-កិត្តិយស និង សិស្សមេធាវី និង សិក្ខាកាមមេធាវី ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានក្តីសោមនស្ស ដោយបានចូលរួមនៅក្នុង «ពិធីប្រគល់វិញ្ញាបនបត្រសម្បទា ខាងវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវីជំនាន់ទី ១៥ ដល់ជំនាន់ទី ១៩ និង ប្រគល់វិញ្ញាបនបត្រ សុក្រឹតការវិជ្ជាជីវៈមេធាវីដល់សិក្ខាកាមមេធាវីវគ្គទី ៣ ដល់វគ្គទី១៦» សរុបចំនួន ១ ៦៦០ នាក់ ដែលបានបញ្ចប់ការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈ ប្រកបដោយជោគជ័យ ។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះជ័យលាភី ទាំងអស់នៅថ្ងៃនេះ ។
រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ដោយ មនុស្ស ជាអាទិភាពខ្ពស់ទី ១ ។ ដូច្នេះ, ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់សិស្សមេធាវី និង សិក្ខាកាមមេធាវី ពិតជាបានឆ្លើយតប ទៅនឹង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល, ជាពិសេសបានឆ្លើយតបទៅនឹងមុំទី៤ អាទិភាព ការងារទី ១ គឺ «លើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យ យុត្តិធម៌ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និង ប្រសិទ្ធភាព បរិមាណ គុណភាព និង ភាពឆាប់រហ័សនៃការដោះស្រាយវិវាទក្នុង និង ក្រៅប្រព័ន្ធតុលាការ» ។
ផ្អែកតាមរបាយការណ៍ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, គណៈមេធាវី និយាយជារួម វិជ្ជាជីវៈមេធាវី និយាយដោយឡែក គឺជាតួអង្គយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់យុត្តិធម៌សង្គម និង ពង្រឹងនីតិរដ្ឋ តាមរយៈការជួយការពារក្តីជូនជនក្រីក្រ និង ជនងាយ – រងគ្រោះដោយ ឥតគិតថ្លៃ ការផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រ កម្មករនិយោជិត គ្រូបង្រៀនដោយឥតគិតថ្លៃ និង ការផ្សព្វផ្សាយច្បាប់ជាមូលដ្ឋានដល់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ មន្ត្រី នគរបាលយុត្តិធម៌ថ្នាក់មូលដ្ឋាន ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ដឹកនាំភូមិ និង សាធារណជនទូទៅ ។បន្ថែមលើនេះ គណៈមេធាវីបានបន្តជា ប្រចាំជាប់មិនដាច់ក្នុងការបណ្តុះបណ្តាល និង ពង្រឹង សមត្ថភាពរបស់មេធាវី ផ្តល់ការលើកទឹកចិត្ត និង គិតគូរអំពីសុខុមា-លភាពរបស់មេធាវី ផ្សព្វផ្សាយវិជ្ជាជីវៈមេធាវី និង ពង្រីកទំនាក់ទំនងជាមួយស្ថាប័នជាតិ និង អន្តរជាតិ ។
ផ្អែកតាមសមិទ្ធផលការងាររបស់គណៈមេធាវីដែលសម្រេចបាននាពេលកន្លងទៅ, ខ្ញុំសូមវាយតម្លៃខ្ពស់ និង សូមកោតសរសើរចំពោះការដឹកនាំរបស់ឯកឧត្តម លី ច័ន្ទតុលា និង អតីតប្រធានគណៈ មេធាវី ដែលបានខិតខំអស់ពីកម្លាំងកាយ ចិត្ត និង បញ្ញា ជំរុញឱ្យគណៈមេធាវីមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ។ ខ្ញុំសូមគាំទ្រ ចំពោះចក្ខុវិស័យ គោលនយោបាយ និង សកម្មភាពការងាររបស់ គណៈមេធាវី ជាពិសេសសកម្មភាពផ្តល់ជំនួយផ្នែកច្បាប់, ផ្សព្វផ្សាយ ច្បាប់ និង ពង្រឹងនីតិរដ្ឋពេលកន្លងមក ។ សកម្មភាពទាំងនេះ បានឆ្លើយតបទៅនឹង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ជាពិសេស មុំទី ៤ “ការលើកកម្ពស់ និង ពង្រឹងប្រសិទ្ធភាពច្បាប់ និង ប្រព័ន្ធយុត្តិធម៌” ដែលមានគោលដៅពង្រឹងគោលការណ៍នីតិរដ្ឋ, ពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និង ពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌ ដែលជាកត្តារួមចំណែកដ៏សំខាន់ក្នុងការធានាថែរក្សាស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និង ភាពសុខដុមរមនាក្នុងសង្គមជាតិ ។
កន្លងទៅ រាជរដ្ឋាភិបាលតែងតែគាំទ្រចំពោះសកម្មភាព គណៈមេធាវី តាមរយៈការផ្តល់ថវិកាប្រចាំឆ្នាំសម្រាប់ការពារក្តីជូនជនក្រីក្រ ស្ត្រី និង ក្មេងស្រីក្រីក្ររងគ្រោះ ស្នើតែងតាំងតំណាង គណៈមេធាវីជាសមាជិកអាជ្ញាធរជាតិ និង គណៈកម្មាធិការនានា ដូចជាគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គណៈកម្មាធិការរៀបចំឯកសារ សម្រាប់ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជាក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក អនុគណៈកម្មាធិការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីការសម្អាតប្រាក់ និង ហិរញ្ញប្បទាន ភេរវកម្ម និង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ គណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប ជាដើម ។ លើសពីនេះ រាជរដ្ឋាភិបាលបានទទួលស្គាល់តួនាទីរបស់មេធាវី ក្នុងការចូលរួមពង្រឹងនីតិរដ្ឋ តាមរយៈការតែងតាំងមេធាវីជាទីប្រឹក្សាច្បាប់ ជាមេធាវី ប្រចាំរដ្ឋបាលរាជធានី-ខេត្ត ជាដើម។ ក្នុងនីតិកាលទី ៧ នេះ, រាជរដ្ឋាភិបាលនឹងនៅតែបន្តគាំទ្រការផ្តល់ជំនួយផ្នែកច្បាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋក្រីក្រ និង ខ្សត់ខ្សោយដែលត្រូវការសេវាមេធាវី ។
ជាក់ស្តែង ការលើកកម្ពស់ការគោរពច្បាប់ និង ការផ្តល់សេវា ជំនួយផ្នែកច្បាប់ តាមរយៈការបន្តជំរុញការអប់រំ និង ការផ្សព្វផ្សាយ ច្បាប់ ការផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ គឺជាសកម្មភាពអាទិភាព របស់រាជរដ្ឋាភិបាលដែលមានកំណត់ក្នុង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ។ រាជរដ្ឋាភិបាល បានផ្តល់ថវិកាដល់គណៈមេធាវីចំនួន ២ ៩០០ លានរៀលក្នុងមួយឆ្នាំ តាមរយៈកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌ចំនួន ២ ៦០០ លានរៀល និង កញ្ចប់ ថវិការបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីចំនួន ៣០០ លានរៀល សម្រាប់ជួយការពារក្តី និង ពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រ ស្ត្រី និង ក្មេងស្រីក្រីក្រ ដែលរងគ្រោះក្នុងអំពើហិង្សាផ្លូវភេទ និង អំពើបំពានលើសិទ្ធិ កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ស្ត្រី ។
ទិសដៅការងារកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានបន្តចាត់ទុក “ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌” ជាការងារអាទិភាព និង បានរៀបចំការងារកែ-ទម្រង់នេះជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃ យុទ្ធសាស្ត្របញ្ច-កោណ-ដំណាក់កាលទី ១ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកទី ១ កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ។ បន្ថែមលើនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ នៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានដាក់ចេញវិធាន-ការគន្លឹះជាអាទិភាពចំនួន ៥ រួមមាន (១). ការពង្រឹងសមត្ថភាព រដ្ឋបាលសាធារណៈ (២). ការ-លើកកម្ពស់គុណភាពអប់រំ (៣). ការលើកកម្ពស់គុណភាពសេវាសុខាភិបាល (៤).ការពង្រឹងការ-អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន និង (៥). ការពង្រឹង និង លើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ។
ក្នុងនោះ, ដើម្បីពង្រឹង និង លើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ឱ្យកាន់ តែប្រសើរ, រាជរដ្ឋាភិបាលបានសម្រេចប្រគល់ភារកិច្ចនេះជូនក្រសួងយុត្តិធម៌ក្នុងការរៀបចំផែនការសកម្ម ភាពជាក់ស្តែង សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវកិច្ចការអាទិភាពសំខាន់ៗចំនួន ៣ រួមមាន (ទី១) ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន (ទី២). ការជំរុញ និង ពន្លឿនការដោះស្រាយសំណុំរឿងក្តីនៅតាមតុលាការឱ្យបានឆាប់រហ័ស, និង (ទី៣) ការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់តម្លាភាព សុចរិតភាព និង ភាពត្រឹមត្រូវ ក្នុងការអនុវត្តច្បាប់ និង ចំណាត់ការរឿងក្តីដោយតុលាការ ។
លើសពីនេះ ដើម្បីអនុវត្តវិធានការគន្លឹះទី ៥ ខាងលើ, រាជរដ្ឋាភិបាលបានទូលថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ចេញព្រះរាជក្រឹត្យកំណត់អំពីការរៀបចំ និង ការប្រព្រឹត្តទៅនៃ គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាយន្តការដឹកនាំ សម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅពង្រឹង និង លើកកម្ពស់គោលការណ៍នីតិរដ្ឋ ព្រមទាំងគុណភាព និង ប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌នៅព្រះរាជា-ណាចក្រកម្ពុជា និង ព្រះរាជក្រឹត្យកំណត់អំពីការបង្កើតការរៀបចំ និង កិច្ចដំណើរការរបស់អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅព្រះរាជា-ណាចក្រកម្ពុជា សំដៅលើកកម្ពស់ គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង ធានាបាននូវភាពសុខដុមរមនា និង យុត្តិធម៌ក្នុងសង្គមជាតិ ។
តាមរយៈការបញ្ចូលគណៈមេធាវីជាសមាជិកនៃគណៈកម្មាធិការ ដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និង អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលបានចាត់ទុកគណៈមេធាវីជាតួអង្គដ៏សំខាន់មួយក្នុងការចូលរួមការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តាមរយៈការធ្វើអន្តរកម្មរវាងមេធាវីដែលជាអ្នកចូលរួមអនុវត្តច្បាប់ផ្ទាល់ជាមួយក្រសួងយុត្តិធម៌ ។ លើសពីនេះ, រាជរដ្ឋាភិបាលបានចាត់ទុកតួនាទី របស់មេធាវីជាចលករដ៏សំខាន់មួយក្នុងការអនុវត្តគោលការណ៍នីតិរដ្ឋ និង ជំរុញឱ្យមានយុត្តិធម៌ក្នុងសង្គម ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) ក្រៅពីមេធាវីរាជរដ្ឋាភិបាល មានក្រុមមេធាវីសម្ដេចតេជោ ដើរតួនាទីសំខាន់ជួយដល់ជនរងគ្រោះក្រីក្រ
នៅក្នុងអាណត្តិនេះ ក៏យើងបានប្រគល់ភារកិច្ចជូនមេធាវីរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចការសំខាន់មួយចំនួន រួមទាំងការជួយដោះស្រាយបញ្ហាប្រឈមសំខាន់ ដូចជា ករណីឆបោក អចលនទ្រព្យ ក៏ដូចជា … តំណាងឱ្យជនរងគ្រោះ។ ក្រៅពី(មេធាវី)រាជរដ្ឋាភិបាល ក៏មានក្រុមមេធាវីរបស់សម្ដេចតេជោ បានដើរតួនាទីសំខាន់ក្នុងការជួយដល់ជនរងគ្រោះ ជាពិសេសជនក្រីក្រ។ តាំងពីខ្ញុំនៅជាមេបញ្ជាការកងទ័ពជើងគោក ក៏យើងធ្លាប់មានយន្តការមួយរបស់ខ្ញុំ ជួយដោះស្រាយទំនាស់/វិវាទផ្សេងៗ របស់ប្រជាពលរដ្ឋ។ សមាជិកក្រុមការងារភាគច្រើនគឺសុទ្ធតែតែជាមេធាវី។ ខ្ញុំបានសម្រេចបង្កើតក្រុមអ្នកច្បាប់របស់ខ្ញុំមួយ ដើម្បីបង្កើនការជួយបំពេញបន្ថែមការជួយផ្ដល់ការដោះស្រាយវិវាទ ការជួយផ្លូវច្បាប់ដល់ប្រជាជន ជាពិសេសជនងាយរងគ្រោះ និងប្រជាជនក្រីក្រ … និយាយបែបនេះ មិនមែនថា នាយករដ្ឋមន្រ្តីត្រូវតែដើរតួនាទីជំនួសស្ថាប័នពាក់ព័ន្ធនោះទេ ហើយក៏មិនមែនមានន័យថាមេធាវីរបស់រាជរដ្ឋាភិបាល ដើរតួនាទីជំនួសគណៈមេធាវី ឬមេធាវីនៅទូទាំងប្រទេសនោះទេ ប៉ុន្តែជាការជួយគ្នា។ (ពាក្យ)ខ្មែរថាជួយគ្នាមួយដៃមួយជើង … (គឺ)ជួយដោះស្រាយបញ្ហា ជាពិសេសបញ្ហានៅក្នុងប្រព័ន្ធច្បាប់ ដើម្បីធានានូវសុខដុមនីយកម្ម និងការខិតខំដោះស្រាយ។
(២) ការដោះស្រាយបញ្ហាកកស្ទះក្នុងប្រព័ន្ធតុលាការ និងការដោះស្រាយក្រៅប្រព័ន្ធតុលាការ បង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ
ការជំរុញការដោះស្រាយបញ្ហាកកស្ទះនៅក្នុងប្រព័ន្ធតុលាការនេះ គឺជាកិច្ចការសំខាន់ ព្រោះពេលខ្លះតុលាការយើងក៏មានចំនួនកំណត់ ករណីក៏មានច្រើន។ អញ្ចឹង កិច្ចការខ្លះដែលទុកយូរ ប្រជាពលរដ្ឋហាក់មានអារម្មណ៍ថា ជាអំពើអយុត្តិធម៌ (ព្រោះតុលាការ)មិនអើពើ។ ករណីច្រើនណាស់ ដែលខ្ញុំបានឃើញថាការរៀបចំការដោះស្រាយក្រៅប្រព័ន្ធតុលាការបានជួយសម្រួលច្រើន ព្រោះកិច្ចការខ្លះមិនចាំបាច់ទៅតុលាការនោះទេ។ ការរៀបចំអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើរតួនាទីបន្ថែម និងការជួយបំពេញគ្នាទៅវិញទៅមក នឹងអាចជួយសម្រួលដោះស្រាយវិវាទផ្សេងៗ និងបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ។ បន្ថែមលើនេះ ខ្ញុំក៏សូមអរគុណដល់គណៈមេធាវី ដែលបានរៀបចំនូវក្រុមស្ម័គ្រ ក៏ដូចជាការជួយចូលរួមផ្សេងៗនៅក្នុងការងារសង្គម មិនត្រឹមតែក្រៅច្បាប់ទេ ប៉ុន្តែការផ្ដល់អត្ថប្រយោជន៍ផ្សេងៗជូនប្រជាពលរដ្ឋ … ខ្ញុំសូមយកឱកាសនេះ ចាប់អារម្មណ៍បន្ដិចបន្ថែមទៅលើអ្វីដែលវិវត្តនៅក្នុងប្រទេសយើង។ ក្នុងពេលថ្មីៗនេះ វិស័យច្បាប់បានជួយយ៉ាងខ្លាំងក្នុងការរក្សានូវឱកាស ដែលយើងអង្គុយព្រឹកនេះដោយភាពត្រជាក់ត្រជុំ សុខដុមរមនា។
(៣) ច្បាប់កំណត់ព្រំដែនការអនុវត្តច្បាប់ដោយបុគ្គលឬក្រុមមួយចំនួន មិនឱ្យបំពានលើសិទ្ធិអ្នកដទៃឬសង្គមជាតិ
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ អាចបានដឹងហើយពីការវិវត្តនៃសភាពការណ៍របស់ប្រទេស ជាពិសេសនៅក្នុងឱកាសនេះក៏យើងបានឃើញថា កាប្រើប្រាស់យន្តការច្បាប់ដើម្បីធានាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ ពាក់ព័ន្ធទៅនឹងកង្វល់របស់ខ្លួន ក៏ដូចជាការធានានូវសេចក្ដីសុខសម្រាប់ប្រជាពលរដ្ឋជាច្រើន ដែលមានសិទ្ធិរស់នៅដោយស្ថិរភាព ប្រកបរបរចិញ្ចឹមជីវិត ដែលមិនត្រូវរំខានដោយការអនុវត្តច្បាប់របស់បុគ្គលណា ឬក្រុមណាដែលធ្វើលើសព្រំដែនកំណត់(របស់ច្បាប់)។ ឯកឧត្តម អស់លោក (លោកស្រី)ទាំងអស់នៅទីនេះ(បានដឹងហើយ) ខ្ញុំមិនចាំបាច់និយាយឡើងវិញទេ … (កាលពី)ថ្ងៃទី១៧ (ខែសីហា) មានច្រើននាក់ប្រហែលជាចាំអ៊ុតថា ថ្ងៃទី១៨ សីហា នឹងយ៉ាងម៉េច? ថ្ងៃទី១៨ សីហាមាន(ព្រឹត្តិការណ៍)ពីរ (មួយគឺ)ជាថ្ងៃសែនក្បាលទឹក និងមួយទៀត ក៏មាន “ផែនការ១៨សីហា” ដែល(ពួកប្រឆាំង)បានបង្កើតឡើងជាការប៉ុនប៉ងធ្វើសកម្មភាពមួយជ្រកក្រោមសិទ្ធិបញ្ចេញមតិ ដើម្បីប្រែក្លាយទៅជារឿងអ្វីផ្សេង។ ដោយហេតុនេះ ថ្ងៃនេះ ការប្រើប្រាស់ច្បាប់មានសារៈសំខាន់ មិនត្រឹមតែជួយប្រជាពលរដ្ឋដើម្បីអនុវត្ត និងការពារសិទ្ធិរបស់គាត់ទេ ប៉ុន្តែច្បាប់ក៏ជាប្រទីប ក៏ជាការកំណត់ព្រំដែននៃការអនុវត្តច្បាប់របស់បុគ្គល ឬក្រុមមួយចំនួន មិនឱ្យបំពានទៅលើសិទ្ធិរបស់អ្នកដទៃ ឬសង្គមជាតិ។ និយាយឱ្យចំ គឺការពារ(មិនអោយមាន)ទំនាស់ ការពារ(មិនអោយមាន)ការធ្វើសកម្មភាពណា ដែលអាចប៉ះពាល់ដល់សុខដុមនីយកម្ម និងអាចធ្វើឱ្យប្រេះឆាក្នុងសង្គម។ ព្រឹត្តិការណ៍ ថ្ងៃទី ១៨សីហា គឺជាឧទាហរណ៍ជាក់ស្ដែងក្នុងការអនុវត្តច្បាប់ដើម្បីធានាសេចក្ដីសុខទាំងអស់គ្នា។ ការអនុវត្តច្បាប់ត្រឹមត្រូវថ្ងៃទី១៨ សីហា អាចឱ្យយើងអង្គុយនៅទីនេះ ថ្ងៃទី៥ ខែកញ្ញា ដោយមិនព្រួយបារម្ភអំពីអស្ថិរភាព …។
(៤) មនុស្សមួយក្រុមតូចបង្កើតផែនការ១៨សីហា ដើម្បីបង្វែរក្តីកង្វល់របស់ប្រជាពលរដ្ឋ ជាការបំផុសបំផុល
ខ្ញុំសូមលើក(មកបកស្រាយ) ពាក់ព័ន្ធទៅនឹងកង្វល់របស់ប្រជាពលរដ្ឋមួយចំនួន ទៅនឹងប្រធានបទកិច្ចសហប្រតិបត្តិការរួមគ្នា (តំបន់)អភិវឌ្ឍត្រីកោណ ឬ CLV-DTA។ ដូចខ្ញុំធ្លាប់បានលើកហើយ ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិនៅក្នុងការបញ្ចេញមតិ និងកង្វល់អំពីការបាត់បង់ដី ឬការបាត់បង់អធិបតេយ្យភាពរបស់ប្រទេស។ អត់មានអ្វីខុសទេ។ សកម្មភាពនៃការបញ្ចេញកង្វល់នេះ រាជរដ្ឋាភិបាលបានយល់ ហើយក៏បានចេញនូវសារពន្យល់ ហើយក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់។ បន្ដិចទៀតខ្ញុំនឹងនិយាយអំពីការឆ្លើយតបទៅនឹងកង្វល់។ ប៉ុន្តែអ្វីដែលកើតមាននៅថ្ងៃទី ១៨សីហា ផែនការដែលធ្វើនោះ គឺមនុស្សមួយក្រុមតូច ដែលអាចថាមានលក្ខណៈជ្រុលនិយម ចង់បង្វែរស្ថានភាពកង្វល់នេះ ទៅជារឿងអ្វីផ្សេង ខុសពីគោលគំនិតដើមនៃប្រជាពលរដ្ឋភាគច្រើន ដែលចង់បង្ហាញអំពីការព្រួយបារម្ភរបស់ខ្លួនចំពោះអនាគតប្រទេសជាតិ។ (មនុស្សក្រុមនេះ)បែរជាយកកម្លាំងនេះទៅបំផុសបំផុល រុញឱ្យដើម្បីធ្វើសកម្មភាព ដែលអាចដុតប្រទេសយើង(បានទៀតផង)។
(៥) បើសិនជាមិនមានរដ្ឋប្រហារឆ្នាំ ១៩៧០ កម្ពុជាអាចមានប្រជាពលរដ្ឋច្រើន និងសេដ្ឋកិច្ចខ្ពស់ជាងនេះ
កាលពីថ្ងៃទី១៥ ខែសីហា ក្នុងពិធីជួបជាមួយនឹងអាចារ្យ/ចារិនី ខ្ញុំបានលើកហើយ មូលហេតុអ្វីដែលយើង(បាន)បាត់បង់ដី ឬអាណាចក្រនោះ? គន្លឹះធំគឺការបែកបាក់ផ្ទៃក្នុងជាតិ ដោយយករូបភាព និងយកគំនិតនៃការខ្លាច(បរទេស)ខាងក្រៅ តែមកបំបែកផ្ទៃក្នុង បង្កអស្ថិរភាពផ្ទៃក្នុង។ ចុងក្រោយនេះ គឺរដ្ឋប្រហារឆ្នាំ ១៩៧០ ឈានទៅដល់ការកាប់ចាក់គ្នា រហូតដល់ឆ្នាំ ១៩៩៨ ទើបយើងបញ្ចប់(បានការបែកបាក់)។ (ប្រទេសមានមនុស្ស)រាប់លាននាក់ត្រូវបានបាត់បង់(ជីវិត)។ ប្រទេសចុះខ្សោយ។ បើសិនជាគ្មាន(រដ្ឋប្រហារ)ឆ្នាំ ១៩៧០ ទេ ចំនួនប្រជាពលរដ្ឋយើងប្រហែលមិនមែនមានត្រឹមតែ ១៧លាននាក់ទេ អាចខ្ពស់ជាងនេះ សេដ្ឋកិច្ចយើងខ្ពស់ជាងនេះ។ តែយើងមិនអាចអង្គុយយំចំពោះអ្វីដែលបានកើតហើយ(នោះទេ) តែយើងត្រូវធ្វើយ៉ាងណាកុំឱ្យដានប្រវត្តិសាស្រ្ត គឺការបែកបាក់ផ្ទៃក្នុងត្រឡប់មកវិញ។
តើថ្ងៃទី ១៨សីហា មានហានិភ័យយ៉ាងម៉េច? យើងមានការបកស្រាយច្រើន ហើយមានការពន្យល់ច្រើនរបស់អាជ្ញាធរ សមត្ថកិច្ច ក្រសួងមហាផ្ទៃ គ្រប់ក្រសួងស្ថាប័ន អ្នកនាំពាក្យ។ សម័យឥឡូវ តាមបណ្ដាញ Facebook Telegram សូម្បីតែអ្នករៀបចំធ្វើផែនការ ១៨សីហា នេះគឺបានដាក់នៅក្នុង Telegram ឱ្យ(ស្ដាប់និង)មើលទាំងអស់។ អត់មានអ្វីលាក់ទេ។ រឿងនេះខុសយ៉ាងម៉េចពីគោលគំនិតដើមរបស់ប្រជាពលរដ្ឋភាគច្រើន ដែលបារម្ភអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា ឡាវ វៀតណាម ដែលយើងហៅថា CLV-DTA នោះ។ ប្រជាពលរដ្ឋភាគច្រើនមានកង្វល់ ប៉ុន្តែគាត់មិនចង់ឱ្យប្រទេសបែកបាក់គ្នាទេ។
(៦) មនុស្សមួយក្រុមឆ្លៀតឱកាសបង្វែរនិងជំរុញបាតុកម្មថ្ងៃ១៨សីហា ក្នុងគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាល
(សំរាប់ពួកគាត់) ការបញ្ចេញមតិគឺដើម្បីរាជរដ្ឋាភិបាលបានស្ដាប់ និងចាត់វិធានការ ធានាថា កុំឱ្យមានកើតរឿង(បាត់ខេត្តទាំង៤)នេះ។ ប៉ុន្តែ ពីក្នុងគោលបំណងរៀបចំបាតុកម្មដែលថាដើម្បីប្រឆាំង CLV មនុស្សមួយក្រុមតូចនោះបានឆ្លៀតឱកាស (ទី១) បង្វែរនិងជំរុញ(បាតុកម្មនោះ)ឱ្យធ្វើសកម្មភាពក្នុងគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាល។ សួរថា តើធ្វើបែបនេះវាចំណេញអីដល់ប្រជាពលរដ្ឋ? (គេបាន)និយាយ(ពី)គោលបំណងច្បាស់តែម្ដងថា “ត្រូវតែផ្ដួលរដ្ឋាភិបាលឱ្យបាន មិនតែរឿងដក(កម្ពុជា)ចេញ CLV-DTA នោះទេ”។ អ្នកដែលផ្ដួចផ្ដើម និងញុះញង់ខ្លាំងបំផុត គឺអ្នកនៅក្រៅប្រទេស ក្នុងនោះមានម្នាក់ឈ្មោះ ហៃ វណ្ណា នៅជប៉ុន។ ដល់យើងទប់ហេតុការណ៍ថ្ងៃ ១៨សីហា(ជាប់) ទើបគាត់ចេញមកថា “អត់ទេ! ត្រូវតែ(ធ្វើតាម)ការបោះឆ្នោត”។ យើងបាននិយាយ(ពីវិធីនេះ)តាំងពីមុនមកហើយតើ។ ពេលមានសន្ទុះខ្លាំង គាត់ប្រឹងរុញ។ គាត់បានដាក់សារបំផុស។ ឃើញសារហ្នឹង ខ្ញុំក៏យកទៅបង្ហោះ បងប្អូនអាចមើលបានក្នុងផេចរបស់ខ្ញុំ ឬមួយប្រហែលជាបានឃើញហើយ។
ខ្ញុំសង្ខេបខ្លឹមសាររបស់គាត់។ គាត់ថា “នៅថ្ងៃទី ១៨សីហា ហ្នឹង យើងត្រូវតែផ្ដួលរដ្ឋាភិបាលឱ្យបាន។ តែបើថ្ងៃទី ១៨សីហា អត់បានទេ សូមបងប្អូនរក្សាកំសួលនេះឱ្យជាប់ ដើម្បីធ្វើយ៉ាងណា(ឱ្យរដ្ឋាភិបាលដួល)។ សូម្បីតែខ្មែរនៅក្រៅប្រទេសក៏មិនចង់ទៅលេងស្រុកខ្មែរ។ អ្នកវិនិយោគក៏មិនមកស្រុកខ្មែរ ហើយដកចេញពីស្រុកខ្មែរ។ ធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចដាំក្បាលចុះ ដើម្បីឱ្យប្រជាជនកាន់តែខឹងរដ្ឋាភិបាល ហើយផ្ដួលរដ្ឋាភិបាល”។ គាត់ប្រាប់ទៀតថា “បើធ្វើសេដ្ឋកិច្ចខ្មែរដាំក្បាលចុះ ប្រជាពលរដ្ឋយើងអត់ប៉ះពាល់ទេ ព្រោះតែអ្នកធំទេអត់អីហូប។ យើងមានបាយ អង្ករ មានបន្លែជុំវិញផ្ទះយើង”។ បងប្អូនណាខ្លះបានស្ដាប់សារហ្នឹង? ខ្ញុំចាក់អោយស្ដាប់ចុះ។ ប៉ុន្មាននាក់អាចដាំស្លឹកគ្រៃ ដាំបន្លែជុំវិញផ្ទះ អាចរស់បានមួយឆ្នាំ។ អ្នករស់នៅភ្នំពេញ? សូម្បីតែអ្នកតាមខេត្តឥឡូវក៏មិនសូវដាំដែរ ព្រោះកន្លែងខ្លះលែងមានជង្រុកនៅតាមផ្ទះហើយ។ ខ្ញុំបកស្រាយមិនសូវច្បាស់ដាក់ឱ្យស្ដាប់តែម្ដង។
(៧) រាជរដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់ការពារស្ថិរភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
បងប្អូនអ្នកច្បាប់ទីនេះចាំវិនិច្ឆ័យថា តើនេះជាគោលបំណងនៃការសម្ដែងមតិឬមួយអ្វី? (ចាក់សម្លេង ហៃ វណ្ណា) … សូម្បីតែ(ការបំផុសអោយដួលរលំ)សេដ្ឋកិច្ចស្រុកខ្មែរ ដែលប៉ះពាល់ប្រជាពលរដ្ឋរាប់លាននាក់ ក៏គាត់ហ៊ានយកជា(ធាតុបង្ក ដែល)មានពាក្យថា “ដុតផ្ទះមួយដើម្បីចម្អិនពងមាន់” គឺដើម្បីសម្រេចគោលបំណង គាត់បង្វែរស្ថានការណ៍(ទៅជាការផ្តួលរំលំរដ្ឋាភិបាល) ដែលនោះគឺជាគោលដៅពិតប្រាកដ។ ក្នុងនាមជាអាជ្ញាធរ ក្នុងនាមជារដ្ឋាភិបាលដែលត្រូវការពារស្ថិរភាព ការពារជីវភាពរស់នៅរបស់ប្រជាជន សួរថាតើយើងមានកាតព្វកិច្ចអី? យើងគ្មានជម្រើសអីក្រៅពីការមិនឱ្យផែនការបែបនេះជោគជ័យនោះទេ។ នេះជាការអនុវត្តច្បាប់។ ខ្ញុំសូមអរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ គ្រប់ក្រសួងស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធ ជាពិសេសប្រជាពលរដ្ឋដែលមិនចូលរួមក្នុងការជ្រុលនិយមបែបនេះ។ ប្រជាពលរដ្ឋដែលមិនគាំទ្រគម្រោង CLV -DTA ច្រើនណាស់ ដែលគាត់មិនគាំទ្រការដុតប្រទេសខ្លួនឯងដើម្បីសម្រេចគោលបំណងបែបនេះ ព្រោះប៉ះពាល់ដល់សិទ្ធរបស់ប្រជាពលរដ្ឋដែលត្រូវការរស់នៅ ត្រូវការសេចក្ដីសុខ ប្រកបរបរប្រចាំថ្ងៃ។ សេដ្ឋកិច្ចមិនស្រួល ប៉ុន្តែគេមិនចង់ឱ្យសេដ្ឋកិច្ចដាំក្បាលចុះនោះទេ។ (ឯបុគ្គល ហៃ វណ្ណា) អាងតែគាត់នៅជប៉ុន យកគ្រួសារទៅនៅជប៉ុន គាត់បបួលខ្មែរដុតផ្ទះឱ្យខ្ទេច។ នេះជាកិច្ចការគ្រោះថ្នាក់។ ប៉ុន្តែអ្វីដែលគ្រោះថ្នាក់ ទោះបីជាប្រជាពលរដ្ឋភាគច្រើនលើសលប់មិនតាមគាត់ក៏មានបងប្អូនមួយចំនួនចាំតាមគាត់។ (វាអាចកើតទៅបាន ដោយ)អត់ត្រូវការមនុស្សច្រើនដើម្បីបង្កើតស្ថានភាពនោះទេ។ (វាអាចនឹងកើតបាន) បើសិនជាគ្រប់គ្រងមិនបាន។
(៨) ការប្រកូកប្រកាសអោយប្រើអាវុធប្រឆាំងសមត្ថកិច្ច ជាបាតុកម្មអហិង្សាឬ?
ទី២ទៀត ដែលប្រកាសថាធ្វើបាតុកម្មអហិង្សា ប៉ុន្តែបងប្អូនជាច្រើនអាចដឹងហើយ ដោយសារតែគេបង្ហោះតាម TikTok។ គេមានបង្តើតក្រុមតេលេក្រាម ដោយក្រុមហ្នឹងមានសុទ្ធតែកាំបិត ដាវ ជំពាមគ្រាប់ឃ្លី រហូតដល់មានការជជែកគ្នាពីរឿងអាវុធជាតិផ្ទុះ រកទិញដ្រូនដើម្បីយកទម្លាក់លើកម្លាំងសមត្ថកិច្ច (គ្រាប់បែក)ដបសាំងសម្រាប់ដុត និងគប់លើកម្លាំងសមត្ថកិច្ច។ តើនេះឬជាបាតុកម្មអហិង្សាឬ? បើជាអ្នកបាតុកម្មអហិង្សាអ្វីដែលគេត្រូវទិញ គឺបដា ក្រដាស ដើម្បីសរសេរខ្លឹមសារឱ្យចាក់ដោត មិនមែននិយាយពីរឿងកាំបិត ដាវ ទិញដ្រូនដើម្បីទម្លាក់គ្រាប់បែកប្រឆាំងសមត្ថកិច្ចនោះទេ។ គោលបំណងនៃការកៀរគរគឺបានចាត់តាំងក្បាលម៉ាស៊ីនដឹកនាំ មិនមែនត្រឹមតែនិយាយទេ។ បើត្រឹមតែនិយាយនៅលើហ្វេសប៊ុក នៅលើ(បណ្ដាញសង្គម)អី(ផ្សេងៗ) ជាគោលគំនិតជារឿងមួយ តែនេះគឺមានការចាត់តាំងជាក់ស្ដែង ប្រមូលមនុស្ស … អ្នកដែលស្រែកលឺជាងគេនៅស្រុកក្រៅ ឯអ្នកដែលធ្វើ(សកម្មភាព)នៅស្រុកខ្មែរ។ ការកៀរគរថវិការៃអង្គាសលុយមិនដឹងយកទៅណាទេ។
(៩) អាជ្ញាធរយកវិធានការបង្កា និងបន្ទន់សិទ្ធកុំឱ្យសិទ្ធបញ្ចេញមតិ ប៉ះពាល់ដល់អ្នកដ៏ទៃ
ចំណុចទី៣ គឺរៀបចំសម្ភារៈអាវុធកាំបិត ចំពាម គ្រាប់បែក ដ្រូនស្អីៗ … ដែលយកគោលដៅវាយប្រហារគឺសមត្ថកិច្ច រួមទាំងចុងក្រោយថាដៅផ្ទះទៅ។ ពេលដែលផ្ទុះហ្នឹងគឺចាប់ផ្ដើមដើរដុតផ្ទះមុខសញ្ញាសំខាន់ៗ។ នេះអត់មានលាក់ទេ គឺមាននៅក្នុងប្រព័ន្ធតេឡេក្រាម។ គេនិយាយជាចំហ។ (ទី១) សួរថាតើអាជ្ញាធររបស់យើង(ត្រូវប្រកាន់ជំហរ)យ៉ាងម៉េច? ភារកិច្ចរបស់យើង ត្រូវបង្កា ឬមួយចាំឆ្លើយតប។ ចាំគេទម្លាក់គ្រាប់បែក ដុតផ្ទះ អ្នកនេះអ្នកនោះហើយ … ដូចនៅតាមបណ្ដាប្រទេសមួយចំនួន ឬបង់ក្លាដែស ដែលឥឡូវវាយគ្នាសងសឹកមិនទាន់ចប់ផង នៅអង់គ្លេសដុតអូតែល អន្តោប្រវេសន៍និងប្រជាជនអង់គ្លេសមួយចំនួនវាយគ្នាទៅវិញទៅមក។ រាជរដ្ឋាភិបាលចាំបាច់ត្រូវតែបង្កា។ បើសិនជារូបភាពនៃការដុតនៅក្នុងទីក្រុងភ្នំពេញបានកើតឡើង សួរថាតើវាប៉ះពាល់ទៅដល់សេដ្ឋកិច្ចសង្គមយើងទេ? គេបង្ហោះតាម CNN តាម(បណ្ដាញព័ត៌មានផ្សេងៗ) ថានៅស្រុកខ្មែរ/នៅភ្នំពេញត្រូវឆេះ ទើបរដ្ឋាភិបាល/សមត្ថកិច្ចចាប់ផ្ដើមធ្វើការឬ? តើសមត្ថកិច្ចត្រូវធ្វើអ្វី បើមិនអនុវត្តច្បាប់? យើងមិនប្រើបន្លាជួសបន្លា ឬមួយថាបើគេចេញមកអញ្ចឹង យើងឱ្យអ្នកគាំទ្រយើងចេញទៅវិញនោះទេ។ កុំ(ធ្វើបែបនេះ)។ វានាំឱ្យវាយគ្នាបែកបាក់។ វាអត់ត្រូវ ហើយក៏មិនចាំបាច់ធ្វើបែបហ្នឹង។ អត់ត្រូវច្បាប់។
ទី២៖ យើងអនុវត្តបន្ទន់សិទ្ធិគាត់ត្រឹមកម្រិតណា។ អោយបញ្ចេញមតិ តែកុំឱ្យធ្វើសកម្មភាព ព្រោះប៉ះពាល់ដល់បងប្អូនមួយចំនួន។ តាមខ្ញុំសួរថ្ងៃ១៧សីហា មានអ្នកចេញពីក្រុងមួយចំនួន។ មិនមែនចេញទៅសែនក្បាលទឹកទេ គឺម៉ែឪហៅទៅផ្ទះ ប្រយ័ត្នថ្ងៃ១៨សីហា។ យ៉ាងម៉េចរត់ឱ្យហើយ។ មិនខុសពីថ្ងៃ០៩ វិច្ឆិកា ២០១៩ទេ។ មុនបុណ្យអុំទូក និងបុណ្យឯករាជ្យ … ក្រោយហ្នឹងប៉ុន្មានថ្ងៃ ខ្ញុំទៅតាកែវបានសួរអ៊ំៗ។ គាត់ថាហៅកូនដែលធ្វើការនៅភ្នំពេញមកផ្ទះសិនមក មិនដឹងយ៉ាងម៉េចទេ ម៉ែធ្លាប់ឆ្លងកាត់ហើយ ធ្លាប់វេចបង្វិចរួចហើយ។ នេះគឺជាការអនុវត្តវិធានការច្បាប់។ យើងបានអនុវត្តត្រឹមត្រូវ ហើយបានទប់ស្ថានភាព(វឹកវរ)មិនឱ្យកើតឡើង។ ភស្តុតាងទាំងអស់នេះគឺការអនុវត្តច្បាប់ដើម្បីធានាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ តែមិនឱ្យជ្រុលហួសទៅប៉ះពាល់សិទ្ធិរបស់សង្គមនិងរបស់ប្រជាពលរដ្ឋដទៃទៀតទេ តាមរយៈការធ្វើសកម្មភាពលើសព្រំដែនច្បាប់ដូចជាគ្រោងធ្វើបាតុកម្មហិង្សា រៀបចំសម្ភារៈ ប្រមូលមនុស្សដើម្បីវាយប្រហារ ធ្វើសកម្មភាពដុត នាំដល់សេដ្ឋកិច្ចដាំក្បាលចុះ ដែលនឹងធ្វើឱ្យប្រជាជនកាន់តែលំបាក។ អ្វីដែលជា(រាជរដ្ឋាភិបាលយកជា)សកម្មភាព គឺយើងបាន(បង្កា)។
(១០) អនុវត្តច្បាប់ ការពាររដ្ឋធម្មនុញ្ញ និងសិទ្ធិរបស់អ្នកបោះឆ្នោត
រាជរដ្ឋាភិបាលអនុវត្ត(វិធានការ)បែបនេះ ការពារសិទ្ធិប្រជាពលរដ្ឋទាំងមូល និងមួយទៀតអនុវត្តច្បាប់ដើម្បីការពាររដ្ឋធម្មនុញ្ញ និងការពារសិទ្ធិរបស់អ្នកបោះឆ្នោត។ រដ្ឋធម្មនុញ្ញធានាការបោះឆ្នោត ៥ឆ្នាំម្ដង … នៅឆ្នាំ២០២៣ ប្រជាពលរដ្ឋ ៨,២លាននាក់ ស្មើនឹង៨៤,៥៩% នៃអ្នកចុះឈ្មោះបោះឆ្នោតបានទៅបោះឆ្នោត ក្នុងនោះ ៦,៤លាននាក់ ស្មើនឹង៨២,៣% បានឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំរាជរដ្ឋាភិបាលដោះស្រាយបញ្ហា ដាក់ចេញគោលនយោបាយផ្សេងៗ។ ទុក៥ឆ្នាំឱ្យដោះស្រាយ។ រឿងមិនមែនល្អឥតខ្ចោះនោះទេ ប៉ុន្តែទប់លំនឹងស្ថិរភាព ៥ឆ្នាំដើម្បីឱ្យរដ្ឋាភិបាលនីមួយៗ (ធ្វើការ)។ ប្រទេសខ្លះ ៤ឆ្នាំ ប្រទេសខ្លះ៥ឆ្នាំ។ គ្មានរដ្ឋាភិបាលណាមួយដែលមិនប្រឈមបញ្ហាទេ ជាបញ្ហាសេដ្ឋកិច្ច ឬមួយក៏បញ្ហាសន្តិសុខ ឬមួយក៏បញ្ហាសង្គមកិច្ច។ រដ្ឋាភិបាលនីមួយៗ ដែលឡើង(កាន់អំណាច)ដោយការបោះឆ្នោត មិនថាប្រទេសអាមេរិក មិនថាប្រទេសបារាំង គេឡើងមកប្រធានបទដោះស្រាយមួយ គេទុកពេលឱ្យដើម្បីស្ថិរភាពក្នុងការដោះស្រាយបញ្ហា។ ប៉ុន្តែអ្វីដែលសំខាន់ ការដាក់ចេញនូវគោលនយោបាយ ពេលវេលានៃការដោះស្រាយបញ្ហា ហើយដំណើរការជីវិតរបស់ប្រជាពលរដ្ឋត្រូវការរស់នៅក្នុងសេចក្ដីសុខ និងស្ថិរភាពដែរ … មើលតែតាមហ្វេសប៊ុកអីទៅ។ ប្រទេសមួយណាក៏មានប្រធានបទដែលរដ្ឋាភិបាលត្រូវបន្តដោះស្រាយ។ កម្ពុជាដូចគ្នា។ បញ្ហាសេដ្ឋកិច្ច ការងារ សន្តិសុខ។
(១១) មិនអាចឲ្យមនុស្សមួយចំនួនតូចផ្តួលសិទ្ធិរបស់ប្រជាពលរដ្ឋអ្នកបោះឆ្នោត ៨,២ លាននាក់បានទេ
អម្បាញ់មិញខ្ញុំប្រាប់ថាកំណែទម្រង់ប្រព័ន្ធតុលាការនេះក៏ដោះស្រាយបញ្ហាយុត្តិធម៌ដែរ។ មិនអាចធ្វើមួយថ្ងៃទេ យើងត្រូវការពេលវេលាដើម្បីអនុវត្តគោលនយោបាយ។ បើសិនជាខ្ញុំធ្វើតែមួយថ្ងៃបាន ខ្ញុំជប់បាត់ទៅហើយ ជូនបងប្អូន មិនបាច់ចាំរៀន ៤-៥ឆ្នាំទេ ជប់មួយថ្ងៃហ្នឹង ដោនឡូតចូលតែម្ដង។ សាលាមេធាវីមិនបាច់បង្កើតទេ បើធ្វើអ្វីតែមួយថ្ងៃភ្លាម តែវាមិន(អាចទៅរួច)បាន។ យើងរៀន៤ឆ្នាំ មានឡើងមានចុះ ប៉ុន្តែចុងក្រោយត្រូវតែបូកសរុបជាប់។ អញ្ចឹង សិទ្ធិរបស់ប្រជាពលរដ្ឋអ្នកបោះឆ្នោត មិនអាចទូទាំងប្រទេសធ្វើប្រជាមតិ ហើយយកមកឲ្យអ្នកមួយចំនួនផ្ដួល(ទទេៗនោះទេ)។ហ្នឹង(ជាអ្វី)ដែលគេឧស្សាហ៍និយាយថាប្រជាពលរដ្ឋទូទាំងប្រទេសបោះឆ្នោត តែអ្នកក្រុងទម្លាក់ ដោយមិនបានសួរមតិអ្នកបោះឆ្នោតហ្នឹងផង។ អញ្ចឹង សួរថាបងប្អូនដែលជំរុញឱ្យកើតការដុតប្រទេស អុកឡុកសេដ្ឋកិច្ចឱ្យដាំក្បាលចុះ ដើម្បីឲ្យរាជរដ្ឋាភិបាលធ្លាក់ តើមានប៉ុន្មាននាក់? តើគាត់មានបានសួរអ្នកបោះឆ្នោត ៨,២លាននាក់ឬទេ? សួរប្រជាពលរដ្ឋ ១៧លាននាក់ឬទេ? ថា តើចង់ឲ្យអុកឡុកអញ្ចឹងរហូត ឬមួយទុកឱកាសរស់ក្នុងស្ថិរភាព សន្តិភាព កុំឲ្យបែកបាក់ ហើយទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហាឲ្យ ៥ឆ្នាំ ចាំយើងមកវាយតម្លៃម្ដង តាមរដ្ឋធម្មនុញ្ញ។
(១២) អនុវត្តវិធានការច្បាប់បង្ហាញថា រាជរដ្ឋាភិបាលស្តាប់ប្រជាពលរដ្ឋ ដោយធានានូវសន្តិភាព និងស្ថិរភាព
ការអនុវត្តនូវវិធានការច្បាប់(បង្កាហេតុការ)ថ្ងៃទី១៨ សីហា កន្លងទៅនេះ គឺដើម្បីការពារច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពារសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោត។ ប្រជាមតិគឺពេលបោះឆ្នោតនេះឯង ដែលប្រជាពលរដ្ឋច្រើនលើសលប់ ទាំងក្នុងប្រទេស អ្នកខ្លះត្រឡប់(ពីក្រៅប្រទេស)មកវិញ ដើម្បីបោះឆ្នោត។ អញ្ចឹងទុកឱកាសឲ្យគាត់ ស្ដាប់គាត់ គាត់បោះហើយ គាត់រើសហើយ គាត់ទុកពេល៥ឆ្នាំឲ្យធានានូវសន្តិភាព និងដោះស្រាយនូវបញ្ហា។ រាជរដ្ឋាភិបាលនៅបន្តស្ដាប់(ប្រជាពលរដ្ឋ)លើកិច្ចការនេះ។ អញ្ចឹង រាជរដ្ឋាភិបាលគ្មានជម្រើស ហើយមិនអាចឲ្យអ្នកមួយចំនួនតូចមក(អុកឡុក/អុជអាល)ដុតប្រទេស បំផ្លាញរដ្ឋធម្មនុញ្ញ និង/ឬសិទ្ធិរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស(បានទេ) … ត្បិតថា អ្នកដែលបានឆ្លងកាត់សង្រ្គាម ឆ្លងកាត់វេចបង្វិចហ្នឹងហើយ ជាអ្នកដែលហៅកូនហៅអីទៅផ្ទះនោះ។ ឲ្យតែមានសភាពការណ៍អីខ្លាំង។ ព្រោះខ្លាចអ្វីដែលបានកើតឡើងដូចឆ្នាំ៧០អី។ អញ្ចឹងគាត់ចង់បាននូវស្ថិរភាព។ បញ្ហាវាវិលរហូត។
បញ្ហាតាមវិស័យយើងខំប្រឹងដោះស្រាយ។ ឆ្នាំខ្លះកសិកម្មប្រឈម។ ២ឆ្នាំនេះ កសិកម្មរាងល្អ វិស័យអចលទ្រព្យជួបបញ្ហាវិញ។ មុននឹង កូវីដ-១៩។ អចលទ្រព្យគឺអ្នកណាក៏ចំណេញដែរ ប៉ុន្តែបើយើងបិទប្រទេស រលាយទាំងអស់។ កុំនិយាយវិស័យអីទាំងអស់ គឺទាំងអស់តែម្ដង កុំថាហៅទេសចរមក។ កាលពីថ្ងៃទី១ (កញ្ញា) នេះ យើងទើបនឹងដាក់ប្រព័ន្ធអេឡិកត្រូនិក(សំរួលការត្រួតពិនិត្យការមកដល់នៃភ្ញៀវ)។ ឥឡូវកាន់តែស្រួល។ ប៉ុន្មានថ្ងៃនេះ ឯកឧត្ដម ស សុខា និងឯកឧត្ដម សុខ វាសនា រាយការណ៍ឲ្យខ្ញុំជាប្រចាំថា អ្នកដែលប្រើប្រាស់សេវាហ្នឹង គេកាន់តែទំនើប។ ឲ្យគេមកកាន់តែច្រើនជួយលើកវិស័យទេសចរណ៍។ រាជរដ្ឋាភិបាលកំពុងតែរៀបចំដាក់ចេញនូវគោលនយោបាយ គោលការណ៍ និងវិធានការមួយចំនួន(បន្តសំរួលថែមទៀត)។ ថ្ងៃមុន ជួបជាមួយវិស័យធនាគារ ក៏បានចេញគោលការណ៍មួយចំនួនជួយសម្រាលដល់អតិថិជនមួយចំនួន។ យើងរួមគ្នាដោះ មិនមែនថាអត់បញ្ហាទេ ប៉ុន្តែកុំដុតប្រទេស។ ក្នុងវិស័យអចលនទ្រព្យ កាលមុនតម្លៃឡើង មួយឆ្នាំឡើង កន្លែងខ្លះខ្ញុំធ្លាប់បងប្អូនត្រូវជាមិត្តភក្ដិម្ដាយក្មេកខ្ញុំ កូនគាត់នៅបារាំងមកទិញដីមួយឡូត៍ ១ម៉ឺនដុល្លារ។ ១ឆ្នាំក្រោយឡើងដល់ ៣ម៉ឺន។ គាត់ថា ស្រុកខ្មែរឡើងប៉ុន្មានភាគរយ? លឿនម្ល៉េះ? ព្រោះពេលនោះវាឡើង។ ឥឡូវរាងថ្កល់ តែមិនសូន្យ។ តែបើសិនជាបែកបាក់ កាប់ចាក់គ្នា គ្មាននរណាទិញទេ។ ឥឡូវ តើអ្នកណាទៅទិញដីនៅប្រទេសមានសង្រ្គាម? … គេឲ្យដី free អ្នកណាទៅយក? តែទទួលខុសត្រូវខ្លួនឯង ឆ្លងកាត់មីនខ្លួនឯង។ អត់មាននរណាទៅទេ។
(១៣) ឃាត់ខ្លួន ៦៦នាក់ តែដោះលែងវិញ ៥៧នាក់ និង ៩នាក់ កសាងនីតិវិធីទៅតុលាការ
ការអនុវត្តច្បាប់ ដើម្បីការពារច្បាប់(រដ្ឋធម្មនុញ្ញា) និងសិទ្ធិប្រជាជន ជាឧទាហរណ៍ជាក់ស្ដែងនៅថ្ងៃទី១៨ សីហា … ចំនួនអ្នកដែលត្រូវបានឃាត់ខ្លួនមាន ៦៦នាក់ ក្នុងនោះសមត្ថកិច្ចធ្វើការណែនាំនិងដោះលែងទៅវិញ ៥៧នាក់ហើយ។ អ្នកទាំងនោះមកតាមគេតាមឯង មានចម្ពាម មានដាវ មានអី។ ឥឡូវនៅសល់ ៩នាក់ ជាមេក្លោងបំផុសបំផុល ដែលត្រូវកសាងនីតិវិធីទៅតុលាការ។ ការអនុវត្តច្បាប់ យើងមិនរឹងកំព្រឹស។ យើងមើល។ យើងយោគយល់។ បងប្អូនខ្លះភាគច្រើនគឺថ្ងៃនោះតាម(គេ)។ មេស្រែកពីក្រៅ ហើយចុងក្រោយដោះដៃ … ដើមឡើយគាត់ស្រែក តាមសារអម្បាញ់មិញថា “បងប្អូនទៅធ្វើម៉េចដុត” ដល់ជិតផ្ទុះថ្ងៃ១៨ សីហា គាត់ប្រាប់ថា “ខ្ញុំអត់ដឹងទេ បងប្អូនទៅខ្លួនឯងទេ”។ ហ្នឹងដូចខ្ញុំមើលសារមួយនៅគូលែន គេសួរថា ម៉េចលោកប្រធានហៅខ្ញុំមក? (សុំទោស)។ គាត់ថា “អញនិយាយអញ្ចឹង ពួកអ្ហែងជឿអញដែរ?” អញ្ចឹងមិនមែនកំហុសគាត់ទេ។ តែរឿងនេះស្រដៀង … អ្នកដែលជាប់គឺបងប្អូនក្នុងស្រុក។ ហេតុនេះហើយបានជាយើងឃាត់ ៦៦នាក់ កាលពីថ្ងៃ១៨ សីហា។ ច្រើនណាស់បញ្ចេញសារ តែភាគច្រើនគាត់មិន(មក)។
គាត់ដឹងដែរ អាមួយរឿងច្បាប់ មួយទៀតគេមិនជឿថាមកដុតប្រទេសធ្វើអី មកសុទ្ធតែគ្រាប់បែកមកតតាំងអី ពលីជីវិតដើម្បីអី។ ខ្ញុំសួរ។ ជាវីរបុរសអី បើយើងវីរបុរសដើម្បីតែដុតប្រទេស ធ្វើឲ្យសេដ្ឋកិច្ចដាំក្បាលចុះ ប្រជាពលរដ្ឋយើងវេទនា។ អញ្ចឹង មិនមានការចូលរួម។ អ្នកដែលចូលរួមនោះ របាយការណ៍ខាងនេះមក ថ្ងៃ១៨សីហានេះ យើងឃាត់បាន ៦៦នាក់ ហើយបានណែនាំអប់រំព្រលែង ៥៧នាក់ នៅសល់ ៩នាក់។ អ្នកខ្លះគ្នាអត់ដឹងទេ។ ចុងក្រោយនេះរហូតទៅដល់យកមកសុទ្ធតែបងស្ទាវទៀត ចេញមកគឺថាទៅកៀរគរក្មេងៗ ប្អូនៗ ក្មួយៗមួយចំនួនដែលដើរលេងហើយអាជ្ញាធរ(កំពុងអនុវត្តច្បាប់បង្រ្កាប)។ គេចេញមកថា ពីមុនស្ទាវបង្កបញ្ហាសង្គម។ ឥឡូវដល់ស្ទាវយល់ពីបញ្ហាសង្គម នាំគ្នាភ័យ។ ខ្ញុំសួរ តើបងប្អូនរួមទាំងឪពុកម្ដាយរបស់ក្មួយៗ ដែលដើរខុសហ្នឹងផង តើចង់ទេឲ្យអាជ្ញាធរមានវិធានការដើម្បីអប់រំគាត់ ដើម្បីកាក់ទុកគាត់ឈប់ឲ្យដើរផ្លូវខុស … គ្រឿងញៀនអីហ្នឹង ទៅផ្ទះ ទៅរៀនវិញ។ មែនទេ? ប្រាកដជាអញ្ចឹងហើយ។ ដល់ពេលថ្ងៃទី១៨សីហានេះ គេទៅជាថា រដ្ឋាភិបាល/អាជ្ញាធរដែលចាត់វិធានការបង្រ្កាបក្មេងទំនើងនេះ ខុសទៅវិញ។
(១៤) ការប៉ុនប៉ងរបស់ក្រុមជ្រុលនិយមមិនបានជោគជ័យ ព្រោះគ្មានកម្លាំងគ្រប់ចូលរួម
គេលេងគ្រប់បែបយ៉ាង … ខ្ញុំសូមអរគុណដល់ប្រជាពលរដ្ឋយើងទាំងអស់ ទាំងសមត្ថកិច្ច ដែលធ្វើអោយការព្យាយាមរបស់ក្រុមជ្រុលនិយមមួយចំនួនតូចនេះមិនបានជោគជ័យ ព្រោះគ្មានកម្លាំងគ្រប់។ ប៉ុន្តែ នៅមានអ្នកជឿគាត់។ យើងណែនាំមិនឲ្យចេញពីភូមិមួយចំនួន នៅមានអ្នកជឿ អូសមក។ ៦៦នាក់នេះ សួរចុះឡើង ខ្លះអត់ដឹងទេ។ ខ្លះគឺថាក្មេងៗឲ្យតែឮគេបាតុកម្ម គឺសប្បាយហើយ។ ខ្ញុំសួរឯកឧត្ដម ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៅទីស្ដីការគណៈរដ្ឋមន្រ្តី គាត់ប្រាប់ខ្ញុំ កាលពីឆ្នាំ១៩៧០ គាត់ជានិស្សិត បានទៅចូលរួមបាតុកម្ម(តាមការហៅ)របស់ព្រះករុណា។ គាត់ថាគាត់មិនដឹងអីទេ។ គេបបួលគាត់ទៅលេងទេ។ គាត់ទៅលេងនឹងគេ … កាលពីខ្ញុំទៅរៀនភាសានៅបារាំង មិត្តភក្ដិខ្ញុំអង់គ្លេស និងអេស្បាញ រៀនភាសាបារាំង ជនជាតិបារាំងគេបាតុកម្មទេនៅប៉ារីស តែបបួលគ្នាទៅ។ ជនជាតិអង់គ្លេស ជនជាតិអេស្បាញអីហ្នឹង ថាទៅកុំភ្លេចយកស្គរទៅផង ទៅលេងសប្បាយណាស់វើយ។ ប៉ុន្តែ អាប្រមូលផ្ដុំហ្នឹង វាអាចងាយស្រួលណាស់ សូម្បីតែនៅបារាំង និងអង់គ្លេស ដុតខ្ទេចដុតខ្ទី វាយ ឆក់ ប្លន់ហាងពេញហ្នឹង ព្រោះទៅប្រមូលផ្ដុំមានតែ ៤-១០នាក់ ចាប់ផ្ដើមធ្វើសកម្មភាព ញែកមិនចេញទេ។ អ្នកភាគច្រើនមិនដឹងផង (ដូច)អ្នក៦៦នាក់នេះអញ្ចឹង ឯកឧត្ដម នេត សាវឿន សួរយោបល់។ ខ្ញុំថា ឯកឧត្ដម អ្នកណាត្រឹមតែមកតាមគេហ្នឹង ក្មេងៗទេ អប់រំទៅ ឲ្យម៉ែឪវិញទៅ ព្រោះគ្នាមិនដឹងអី … ប៉ុន្តែចំពោះមេក្លោងដែលដឹកនាំបំផុសត្រូវទទួលខុសត្រូវតាមច្បាប់។
(១៥) “ប្រមូលគ្នា ទិញអាវុធ បំផុសឱ្យដុតបំផ្លាញ ផ្ដួលរដ្ឋាភិបាល” ជាអង្គហេតុដាក់បន្ទុកសកម្មភាពខុសច្បាប់
ឃើញអង្គការសិទ្ធិមនុស្សណាមួយចេញមកថ្កោលទោសរាជរដ្ឋាភិបាល (ថា)ចាប់(មនុស្ស)។ ខ្ញុំថា “នែ! ឯកឧត្ដម អស់លោក មើលអង្គហេតុឲ្យច្បាស់។ បើមើលអង្គហេតុហ្នឹង ភស្ដុតាងដាក់បន្ទុកដែលមុនថ្ងៃ១៨សីហានេះ ប្រមូលគ្នាទិញអាវុធ បញ្ឆេះដុតផ្ដួលរដ្ឋាភិបាល។ អង្គហេតុច្បាស់លាស់ណាស់ដែលដាក់បន្ទុកថាអាហ្នឹងជាសកម្មភាពខុសច្បាប់រួចទៅហើយ។ ម៉េចក៏ពេលនោះ ឯកឧត្ដមមិនចេញមកថាកុំធ្វើរឿងហ្នឹងវាខុសច្បាប់? នៅស្ងៀមអោបដៃ អ្នកខ្លះធ្វើមិនដឹងទៀត”។ តែដល់អនុវត្តច្បាប់ គេមកថា អាហ្នឹងអនុវត្តលើស រំលោភសិទ្ធិមនុស្ស។ រឿងនេះនៅប្រទេសណាក៏មានអនុវត្តដែរ ដើម្បីការពារសិទ្ធិរបស់ប្រជាពលរដ្ឋរបស់គេ។ នៅអង់គ្លេស ខ្ញុំឲ្យទៅឆែកមើល ចាប់ជាង ១ពាន់នាក់ កាត់ទោស ២រយនាក់ជាង ហើយនៅបន្តកាត់ទៀត។ នៅកម្ពុជា ឃាត់៦៦នាក់ ឥឡូវបញ្ជូនទៅ ៩នាក់ (មេក្លោង)។ នៅអង់គ្លេសចាប់ជាង ១ពាន់នាក់ អ្នកដុត អ្នកធ្វើសកម្មភាពវាយឡានប៉ូលីស រួមទាំងអ្នកដែលហៅគេតាម Facebook ដើម្បីទៅដុតអូតែលដែលជនអន្តោប្រវេសន៍ស្នាក់នៅ គឺគេចាប់ទាំងអស់ ព្រោះវាខុសនិងហួសព្រំដែនច្បាប់។ ប្រទេសអង់គ្លេសជាប្រទេសប្រជាធិបតេយ្យលោកខាងលិច។ អញ្ចឹងប្រទេសណាក៏ដោយមានកាតព្វកិច្ចការពារច្បាប់ ប្រើច្បាប់ដើម្បីការពារច្បាប់ និងសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ ស្ថិរភាពរស់នៅ។ អញ្ចឹងខ្ញុំសូមបញ្ជាក់ទៅលើការងារនេះ។
(១៦) ការបញ្ចេញមតិរាប់លាននាក់តាមប្រព័ន្ធ Social media គឺជាវេទិកាសាធារណៈ
ខ្ញុំសូមថែមបន្តិចទៅចុះ ការវិវត្តទាក់ទងនឹងដើមហេតុនៃរឿង CLV-DTA នេះ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ មានការបកស្រាយ(ហូរហែ)។ ប្រជាជនយល់ច្រើន តែនៅមានកង្វល់។ រឿងនេះខ្ញុំធ្លាប់លើកនៅថ្ងៃទី១៥ សីហា ម្ដងហើយ(ពេល) ជួបអាចារ្យ/ចារិនី។ សំណួរសួរថារាជរដ្ឋាភិបាលពេល ដែលយើងដាក់ចេញគោលនយោបាយមួយៗ យើងត្រូវស្តាប់ប្រជាពលរដ្ឋ និងធ្វើវេទិកា។ មុននឹងយើងចេញគោលនយោបាយបញ្ចកោណដំណាក់កាលទី១ យើងជួបជាមួយវិស័យឯកជនច្រើនណាស់ ជាមួយគ្រប់វិស័យទាំងអស់ ស្តាប់គាត់ចង់បានអី? ក្រុមការងាររាជរដ្ឋាភិបាលចុះទៅធ្វើការងារ វេទិកាស្តាប់ប្រជាពលរដ្ឋដើម្បីដាក់ចេញនូវសំណូមពរ នៅក្នុងការដោះស្រាយស្របតាមសំណូមពររបស់ប្រជាពលរដ្ឋ។ រឿងនេះរាជរដ្ឋាភិបាល ហើយខ្ញុំផ្ទាល់ក៏បានតាមដាន។ ឥឡូវវេទិកាមិនមែនចាប់បាច់ទាល់តែមកអង្គុយអញ្ចឹងហៅថាវេទិការសាធារណៈទេ? គឺការបញ្ចេញមតិរាប់លាននាក់តាមហ្វេកប៊ុក ប្រព័ន្ធ Social media នេះហើយគឺជាវេទិកាសាធារណៈ ដែលយើងក្តាប់ជាប់ពីកង្វល់របស់ប្រជាពលរដ្ឋ។
(១៧) ទស្សនៈស្តីពី CLV-DTA មានបីក្រុម
អញ្ចឹង ការដោះស្រាយ និងការដាក់ចេញគោលនយោបាយយ៉ាងណា? តាមការស្តាប់មកដល់ម៉ោងនេះ មិនខុសពីការដែលខ្ញុំវាយតម្លៃថ្ងៃទី១៥ សីហា នោះទេ។ ប្រជាជនមាន ៣ក្រុម។ ក្រុមទី១ បង្ហាញអំពីកង្វល់ ពីការបាត់ដី និងបាត់អធិបតេយ្យភាពនៅខេត្តទាំង ៤ នាពេលអនាគត ហើយមិនទុកចិត្តនៅក្នុងកិច្ចសហប្រតិបត្តិការនេះ ខ្លាចយើងបាត់ប្រៀប ហើយសំណូមពរឱ្យដកចេញដើម្បីអភិវឌ្ឍខ្លួនឯង។ ក្រុមទី២ បង្ហាញពីកង្វល់នៃការបាត់បង់អធិបតេយ្យភាព និងទឹកដី។ ប៉ុន្តែជឿថា ការការពារនេះ ទាល់តែយើងអភិវឌ្ឍ ហើយអភិវឌ្ឍទាំងខ្លួនឯងទាំងកិច្ចសហប្រតិបត្តិការ។ វាអត់ខុសអីទេ បន្ថែមទៅលើអ្វីដែលយើងត្រូវធ្វើ។ អញ្ចឹងមានការគាំទ្រគម្រោងនេះ ដែលយើងកន្លងទៅ គម្រោងនេះមិនមែនជាគម្រោងដែលដាក់ហ៊ុន ឬមួយអីនោះទេ វាជាផ្នែកមួយនៃការអភិវឌ្ឍខេត្តទាំង ៤ នៅទិសឦសាន។
ទិសឦសានរបស់យើងមិនមែនអភិវឌ្ឍដោយមានតែកម្មវិធីគម្រោងកិច្ចសហប្រតិបត្តិគ្នាតែមួយជ្រុងនេះទេ គឺយើងមានផែនការជាតិរបស់យើង។ អញ្ចឹងប្រជាពលរដ្ឋក្រុមទី២ នេះគាត់គាំទ្រ ជាពិសេសអ្នកនៅខេត្តនោះតែម្តង។ គាត់ថាអត់មានអីផង ២៥ឆ្នាំហើយមានទៅស្អី។ ខ្ញុំនៅហ្នឹងតាំងពីអត់មានមនុស្ស ឥឡូវទៅជាភូមិមួយ។ ខ្ញុំនៅហ្នឹងតាំងពីអត់មានផ្លូវស្រួលបួល ឥឡូវផ្លូវកៅស៊ូទៅដល់ច្រកព្រំដែន។ ប្រជាពលរដ្ឋចេញចូលនៅតាមច្បាប់អន្តោប្រវេសន៍រៀងៗខ្លួន។ ខ្មែរចូលទៅវៀតណាម ចូលទៅឡាវ ក៏ត្រូវការអនុវត្តតាមច្បាប់អន្តោប្រវេសន៍ វៀតណាមចូលមកយើង ឡាវចូលមកយើងត្រូវការអនុវត្តតាមច្បាប់អន្តោប្រវេសន៍របស់ខ្មែរ។ ច្បាប់មាន កន្លែងកាន់តែរីក។ ពីមុនជ្រោះប៊ូស្រា អត់មានអ្នកណាទៅលេង។ ឥឡូវគេរៀបចំមានក្រុមហ៊ុនអភិវឌ្ឍ។ ពីមុនអត់សូវមានមនុស្សឥឡូវមានការវិនិយោគមួយចំនួនប្រជាពលរដ្ឋមកពីក្រោម រស់នៅហ្នឹងច្រើន មិនទាន់ឡើងដល់ ១០លាននាក់ទេ ព្រោះមួយប្រទេសយើងមានតែ ១៧លាននាក់ បើ ១០លាននាក់នៅទិសឦសានអស់បាត់ហើយ ទាល់តែនៅភ្នំពេញអស់មនុស្សតែម្តង។
តែប្រជាជនតិច ឬច្រើន សំខាន់យើងធានាបាននូវអធិបតេយ្យភាពទឹកដី និងច្បាប់របស់យើងនៅទីនោះ។ យើងនឹងបង្កើតសក្តានុពលបន្ថែម។ អ្នកក្រុមទី១ ទី២ គឺជាអ្នកដែលបញ្ចេញមតិច្រើនណាស់នៅក្នុងបណ្តាញសង្គម មានទាំងដូរ Profile គាំទ្រ ការដកចេញគាំទ្រ ជំរុញអភិវឌ្ឍ ២ក្រុមហ្នឹងបញ្ចេញច្រើន។ ក្រុមទី៣ គឺជាក្រុមអ្នកស្ងាត់ ខ្វល់អំពីរឿងអធិបតេយ្យភាព បាត់បង់ទឹកដី អ្នកណាក៏ខ្វល់ដែរ។ ១០០% នៃជាតិខ្មែរ គ្មានខ្មែរណាម្នាក់មិនខ្លាចបាត់បង់ទឹកដី និងអធិបតេយ្យភាពទេ។ ខ្ញុំសូមបញ្ជាក់បែបនេះ ចង់អ្នកនៅក្រុមទី១ ទី២ ក្រុមទី៣ ក៏ដោយ គឺចង់បានកាន់តែខ្មែរខ្លាំង ខ្មែររឹងមាំ កុំឱ្យឈ្លោះគ្នា កាប់ចាក់គ្នាទៅទៀត។ រកពេលស្ថិរភាពដើម្បីដកដង្ហើម បញ្ហាប្រឈមរកវិធីដោះស្រាយរួមគ្នាដើម្បីទៅមុខ។ អញ្ចឹងអ្នកទី ៣ គឺជាអ្នកស្ងាត់ស្ងៀម ប៉ុន្តែគាត់ក៏ចង់បានការធានាថាមានការអភិវឌ្ឍ ហើយមិនឱ្យមានបាត់បង់ទឹកដី ទាំងអធិបតេយ្យភាពរបស់យើងនៅទូទាំងប្រទេស ហើយជាពិសេសនៅក្នុងតំបន់ឦសានគឺខេត្តទាំង ៤។
(១៨) រាជរដ្ឋាភិបាលខុសពីអ្នកមិនកាន់អំណាច គ្មានសិទ្ធិគ្រាន់តែអង្គុយស្តាប់ តែត្រូវធ្វើសកម្មភាព
ស្តាប់ទៅបងប្អូនទាំងអស់ ប្រហែលជាអាចដូចខ្ញុំដែរ ព្រោះសម្មតិកម្មវានៅលើវេទិកាសាធារណៈតាមហ្វេកប៊ុក តាម TikTok តាមអីហ្នឹង។ អញ្ចឹង បើយើងទាញមកវិញ តើរដ្ឋាភិបាលឆ្លើយតបសំឡេងមនុស្សទាំង ៣ក្រុមបែបណា? រាជរដ្ឋាភិបាល ខុសពីអ្នកដែលមិនកាន់អំណាច។ យើងគ្មានសិទ្ធិក្នុងការគ្រាន់តែអង្គុយស្តាប់ទេ។ យើងត្រូវធ្វើសកម្មភាព ដាក់ចេញជាគោលនយោបាយ មិនអាច ៥ឆ្នាំ បោះឆ្នោតហើយអង្គុយតែស្តាប់ ស្អែកឡើងអង្គុយស្តាប់ទៀត អត់ធ្វើអីសោះ។ យើងត្រូវវះកាត់ អាកាត់ ហើយដាក់ចេញជាគោលនយោបាយ ឲ្យចំទិសដៅ។ អ្នកដែលបង្កើតមាតិកា បង្កើតរឿងជាប្រចាំ ខ្ញុំមើលនៅអង់គ្លេស រវាងអតីតនាយករដ្ឋមន្ត្រី Rishi Sunak ហើយនឹងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន (Keir) Starmer។ កាលពីប៉ុន្មានខែមុន នាយករដ្ឋមន្ត្រី Rishi Sunak នៅកាន់អំណាច លោក Starmer លើកបញ្ហារហូត ហើយអង្គុយអត់បែកញើសទេ។ តែលោក Rishi Sunak បែកញើសដោះស្រាយបញ្ហារហូត។ ឥឡូវ គ្រាន់តែឡើងភ្លាម នាយករដ្ឋមន្ត្រីអង់គ្លេសត្រូវប្រឈមបញ្ហាភ្លាម អន្តោប្រវេសន៍ អីផ្សេងៗ។ ព្រឹកមិញ មើលលោក Rishi Sunak និយាយដោយរំភើយ ដោយសារគាត់នៅក្នុងបក្សប្រឆាំង ឯនាយករដ្ឋមន្រ្តី Starmer បែកញើស ធ្វើហើយត្រូវដាក់គោលនយោបាយដោះទៀត ប្រឈមទៀត។ អញ្ចឹងអ្នកកាន់អំណាច រាជរដ្ឋាភិបាលដែលទទួលខុសត្រូវ មិនអាចគ្រាន់តែអង្គុយស្តាប់ហើយចោលទេ យើងត្រូវដោះស្រាយ។ ដោះស្រាយបែបណា ស្តាប់គាត់ហើយចាត់វិធានការ។
យើងត្រូវមើលចំណុចរួម និងងចំណុចដែលមិនទាន់ឯកភាពគ្នា។ ចំណុចរួមរវាងអ្នកគាំទ្រកិច្ចសហប្រតិបត្តិការ និងអ្នកមិនគាំទ្រកិច្ចសហប្រតិបត្តិការ។ ចំណុចរួមមាន ២។ ទី១ ធ្វើយ៉ាងណាកុំឱ្យបាត់ដី ហើយបាត់អធិបតេយ្យភាព ក្នុងខេត្តទាំង ៤ នៅក្នុងអនាគត។ គាត់ឯកភាពគ្នាទាំងអស់ទាំង ៣ក្រុម។ ទី២ ត្រូវអភិវឌ្ឍខេត្តទាំង ៤ នឹង ឱ្យខ្មែរខ្លាំង គាត់ឯកភាពគ្នាចំណុចហ្នឹង។ អ្វីដែលមិនទាន់ឯកភាពគ្នា ១ក្រុម ថាអត់ទេ ខ្មែរធ្វើខ្លួនឯង ១០០% ក្នុងការអភិវឌ្ឍ។ មួយក្រុមទៀតថា ខ្ញុំឯកភាពខ្មែរ យើងក៏ធ្វើ ហើយឯកភាពមានកិច្ចសហប្រតិបត្តិផង។ ហ្នឹងជាចំណុចដែលមិនទាន់ត្រូវគ្នា។ រាជរដ្ឋាភិបាលយកមួយណា? តើយើងទៅអង្គុយយកចាញ់ឈ្នះរឿងដកខ្លួនមិនដកខ្លួន ឬមួយយើងមកមើលគោលដៅធំៗ ដែលចង់បានទាំងអស់គ្នា គឺការអភិវឌ្ឍ ហើយការធានាមិនឱ្យបាត់អធិបតេយ្យភាព និងទឹកដីទៅអនាគត? រដ្ឋាភិបាលត្រូវធ្វើការងារជាបន្ទាន់ ហើយយើងបានធ្វើកន្លងមកហើយ។ រឿងដកខ្លួនមិនដកខ្លួនជារឿងចំពោះមុខបច្ចុប្បន្ន ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនដែលខ្ញុំហៅថាក្រុមទី៣ គាត់មិនឈឺក្បាលទេ រឿងដកខ្លួនមិនដកខ្លួនហ្នឹង។ អ្វីដែលសំខាន់គឺការពារកុំឱ្យបាត់ដី កុំឱ្យបាត់អធិបតេយ្យភាព ព្រោះទោះមាន DTA ឬមិនមាន DTA បើសិនការពារទឹកដី/អធិបតេយ្យភាពមិនបាន ក៏មិនជាអ្វីដែលប្រជាជនចង់បាននោះដែរ មែនទេ? រដ្ឋាភិបាលត្រូវវះកាត់និងដាក់គោលការណ៍រួមយកចំណុចដែលប្រជាជនចង់បានទូទាំងប្រទេស ទាំងអ្នកគាំទ្រ មិនគាំទ្រ CLV-DTA នេះ …។
(១៩) មានអធិបតេយ្យភាព មានការវិនិយោគ ជំរុញកំណើនប្រជាពលរដ្ឋក្នុងខេត្តទាំង៤
តើ ១០ឆ្នាំ ១៥ឆ្នាំ ២០ឆ្នាំ ប្រជាជននៅមានទំនុកចិត្តជាមួយរាជរដ្ឋាភិបាលឬទេ? បើសិនជាយើងមិនអភិវឌ្ឍកន្លែងហ្នឹង ហើយបាត់ដីកន្លែងហ្នឹង។ បើយើងការពារមិនឱ្យបាត់បង់អធិបតេយ្យភាពក៏ដោយ ប៉ុន្តែកន្លែងហ្នឹងនៅតែក្រលំបាក មិនអភិវឌ្ឍ មនុស្សកាន់តែខ្សត់ ហ្នឹងក៏មិនកើត។ តែបើយើងមានមនុស្សច្រើន ប៉ុន្តែយើងមិនអាចគ្រប់គ្រងច្បាប់របស់យើង រួមទាំងច្បាប់អន្តោប្រវេសន៍ផ្សេងៗ បូកជាមួយនឹងការវិនិយោគ ការជំរុញប្រជាពលរដ្ឋខ្មែរឱ្យកាន់តែកើនទេ នៅក្នុងខេត្តទាំង ៤ យើងក៏មានបញ្ហា។ នេះហើយដែលនៅថ្ងៃទី ២២(សីហា) មួយសប្តាហ៍ក្រោយពីខ្ញុំបានលើកនៅក្នុងនោះ ខ្ញុំបានដាក់ចេញនូវផែនការសកម្មភាពមួយចំនួន ដើម្បីឆ្លើយតបទៅនឹងអ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋពិតប្រាកដ ដែលចំណុចរួមរបស់ខ្មែរទាំងអស់គ្នា គឺការពារទឹកដី ការពារអធិបតេយ្យភាព និងអភិវឌ្ឍខេត្តទាំង ៤នេះ ដើម្បីឱ្យបានកាន់តែល្អប្រសើរ។ នេះជាគោលដៅដែលរាជរដ្ឋាភិបាលកំណត់យកជាសាររួមរបស់ប្រជាពលរដ្ឋ។ រឿងចាញ់ឈ្នះ អ្នកណាច្រើនជាង អ្នកណាតិចជាង ដកខ្លួន មិនដកខ្លួន អារឿងហ្នឹងវាតូច រឿងហ្នឹងវាប៉ះអារម្មណ៍បងប្អូន …។
បើយើងអង្គុយនៅតែចាំសម្របសម្រួល ចាំតែរឿងយកចាញ់យកឈ្នះ ចំណុចតូចនេះយើងបាត់កិច្ចការធំ … ថ្ងៃមុន ខ្ញុំមើល Clip មួយពីរឿងចិន រឿងសាមកុក ឆាវៗ ជូខឺលៀង ហើយខ្ញុំបង្ហោះដែរ។ ឃើញក្រុមការងារដាក់សារទៅ ខ្ញុំក៏បង្ហោះទៅ។ គេថា«អ្នកកាន់អំណាចរដ្ឋាភិបាលត្រូវមើលឱ្យទូលំទូលាយ កុំមើលតែរឿងកន្លែងណាមួយ ហើយចងជើងអោយដើរ»។ ការមើលរឿងនេះ វាមានរឿងមួយចំនួនដែលជាកង្វល់ ហើយបញ្ចេញច្រើនតាមហ្វេកប៊ុក ប៉ុន្តែជាកង្វល់ពិតប្រាកដ ស្អីដែលខ្ញុំនិយាយត្រូវកំណត់ឱ្យបាន។ រឿងដកមិនដក យកចាញ់ឈ្នះរវាងអ្នកគាំទ្រ មិនគាំទ្រ កិច្ចសហប្រតិបត្តិការនេះរឿងមួយ។ តើរាជរដ្ឋាភិបាលនៅអង្គុយឱ្យគាត់ចាញ់ឈ្នះនៅហ្នឹងទេ? អត់ទេ។ ត្រូវមើលកិច្ចការរួមដែលជាកង្វល់របស់អ្នកទាំងអស់គ្នា។ បើមិនបាន ១០០% ក៏បាន ៩០% ដែលគាត់កង្វល់ធំគឺការពារទឹកដី អធិបតេយ្យភាព និងអភិវឌ្ឍតំបន់ទាំង ៤ នេះហើយ បានជាថ្ងៃ ២២(សីហា) ខ្ញុំដាក់ចេញនូវគោលនយោបាយមួយចំនួន និងវិធានការមួយចំនួនដើម្បីជូនបងប្អូន ហើយរឿងនេះមិនមែនរឿងថ្មីទេ។
(២០) កំណត់និងបោះបង្គោលព្រំដែនជាមួយវៀតណាមនិងឡាវឱ្យចប់ ជំរុញហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដើម្បីអភិវឌ្ឍតំបន់ព្រំដែន ពិសេសខេត្តទាំង៤
ដើម្បីធានាការការពារអធិបតេយ្យភាព ការពារទឹកដី ការអភិវឌ្ឍនៅទីនោះ យើងមានកិច្ចការសំខាន់ៗមួយចំនួនដែលត្រូវធ្វើនៅទីនោះ (ទី១) គឺការបោះបង្គោលព្រំដែនកំណត់ឱ្យបានច្បាស់ ត្រូវបន្តធ្វើឱ្យចប់ ព្រំដែនយើងជាមួយវៀតណាម ជាមួយឡាវ។ ជំនាន់បារាំង យើងមានតែ ១២៤បង្គោលទេ បោះពីខេត្តកំពតទៅដល់ខេត្តកំពង់ចាម ដែលឥឡូវ(ជាខេត្ត)ត្បូងឃ្មុំ។ ព្រំដែនរវាងកម្ពុជាជាមួយនឹងកូសាំងស៊ីន ប៉ុន្តែព្រំដែនពីខេត្តកំពង់ចាមឡើងទៅដល់កន្ទុយនាគជាមួយវៀតណាម អត់មានទេ (មានតែ)ផែនទីរដ្ឋបាល។ អញ្ចឹងយើងត្រូវចរចា។ ឥលូវយើង(បោះបង្គោល)៨៤% នៅខ្វះ ១៦ %។ ប្រសិនបើយើងចង់ឲ្យបាត់កន្លែងហ្នឹង ចាំបាច់ចរចាធ្វើអី ទុកចោលទៅ … ការបោះបង្គោលព្រំដែន រៀបចំឲ្យបានផ្អែកលើមូលដា្ឋនប្លង់រឹងគឺផែនទី bonne ដោយក្រុមភូមិសាស្ដ្រឥណ្ឌូចិនដែលភាគីទាំងអស់ឯកភាព មិនមែនផែនទី google ផែនទី JICA ឬផែនទីអាមេរិកទេ។ នៅស្រុកយើងមានប្រើផែនទី ២ ឬ៣ ឯនោះ។ ផែនទី JICA ផែនទីអាមេរិក កាលទម្លាក់គ្រាប់បែក។ យើងអត់ប្រើផែនទីទាំងអស់នោះទេ គឺយើងយកផែនទីដែលតម្កល់ទុកនៅអង្គការសហប្រជាជាតិ ផែនទី bonne ២៦ សន្លឹក ដែលកន្លងទៅសម្តេចតេជោធ្លាប់ឲ្យទៅសុំយកមកផ្ទៀងផ្ទាត់នៅទីស្តីការជាតម្លាភាពឲ្យមើលទាំងអស់គ្នា។ យើងយកផែនទីនេះជាគោល ហើយការដោះស្រាយដោយទទួលខុសត្រូវ។
ទី២ ការអភិវឌ្ឍតំបន់ព្រំដែននេះ ជាពិសេសខេត្តទាំង ៤ តាមរយៈការជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ ខ្មែរយើងនិយាយថា មានផ្លូវគឺមានសង្ឃឹម។ ទៅដណ្តឹងកូនគេ បើគេថាគ្មានផ្លូវទេ ដេកចាំទៅ។ តែបើគេថាអាចមានផ្លូវ ខំយកចិត្តឪ យកចិត្តម៉ែតិចទៅ ម៉ែក្មេកបានហើយ។ បើសិនជាយើងគ្មានផ្លូវនៅតាមព្រំដែន តើប្រជាពលរដ្ឋយើងទៅរស់នៅយ៉ាងម៉េច? ប៉ូលីស ទាហាន យើងល្បាតការពារព្រំដែនយ៉ាងម៉េច? ខ្ញុំនៅកងទ័ពខ្ញុំដឹង។ កងទ័ពយើងលំបាកណាស់។ កន្លែងខ្លះមិនមែនតែព្រំដែនវៀតណាមទេ។ តាមព្រំដែនវៀតណាមស្រួល។ គេថាភាគច្រើននៅខាងក្រោមគឺវាលរាប ប៉ុន្តែឡើងទៅខាងមណ្ឌលគីរី រតនគីរី វារាងខ្ពស់។ បើនៅខាងព្រំដែនថៃ ព្រំដែនខ្លះចោទណាស់ តែបងប្អូនពិបាកទៅ ប្រឈមជាមួយមីនទៀត ដាច់ជើងស្លាប់។ កាលខ្ញុំនៅជើងគោកតែងទទួលរបាយការណ៍ជាប់។ តើយើងធ្វើម៉េច? តើពេលណាទៀតដែលយើងត្រូវប្រើកម្លាំងកងទ័ពទៅល្បាតព្រំដែន? យើងមិនអាចធ្វើអញ្ចឹងរហូតទេ។
យើងត្រូវប្រើប្រជាពលរដ្ឋជារបងការពារព្រំដែន ទើបមានចីរភាព សហប្រតិបត្តិការ នៅយូរអង្វែង។ បើប្រជាជនគាត់ទៅរស់នៅ គាត់ដឹងដីគាត់នៅហ្នឹង។ ឥឡូវបោះបង្គោលព្រំដែនហើយ យើងធ្វើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដែលមានផ្លូវព្រំដែនជាគោល។ ជំរុញកំណើនប្រជាជននៅទីនោះ។ បន្តិចទៀតខ្ញុំនិយាយថាកើនយ៉ាងម៉េច? ថាយើងអនុវត្តច្បាប់ ជាពិសេសការគ្រប់គ្រងដែនអធិបតេយ្យជាតិមួយ គឺច្បាប់របស់ប្រទេសហ្នឹងអ្នកកំណត់ ហើយច្បាប់អន្តោប្រវេសន៍នៅក្នុងតំបន់ទាំង ៤ នេះ អត់ខុសពីច្បាប់អន្តោប្រវេសន៍នៅទូទាំងប្រទេសទេ។ ច្បាប់អន្តោប្រវេសន៍សម្រាប់ប្រជាជនវៀតណាម ប្រជាជនឡាវ នៅតាមព្រំដែន ចូលនៅខេត្តទាំង ៤ នេះ ឬមួយនៅតាមច្រកព្រំដែន(ឯទៀតក៏)មិនខុសពីសម្រាប់ប្រទេសផ្សេងៗ។
(២១) កសាងផ្លូវព្រំដែនបាន ១៣០០ គីឡូម៉ែត្រ លើ ២៦៦០ គីឡូម៉ែត្រ
កិច្ចការនេះយើងបានធ្វើច្រើន ហើយយើងបន្តធ្វើទៀត។ ប៉ុន្តែអ្វីដែលសំខាន់ គឺការអភិវឌ្ឍព្រំដែន ដោយទី១ ការធ្វើខ្សែបង្គោលព្រំដែននេះ។ កាលពីថ្ងៃទី ២២(សីហា) ខ្ញុំបានប្រកាសពីការរៀបចំ ហើយនៅថ្ងៃទី ២៦(សីហា) ខ្ញុំបានចាប់ផ្តើមយន្តការទទួលថវិកា។ ខ្ញុំសូមយកឱកាសនេះដើម្បីធ្វើការថ្លែងអំណរគុណ ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមអរព្រះគុណ និងអរគុណចំពោះអង្គព្រះមហាក្សត្រ និងព្រះមហាក្សត្រី ឥស្សរជន ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្សទាំងក្នុងនិងក្រៅប្រទេស ដែលបានគាំទ្រមូលនិធិនេះយ៉ាងច្រើនផុសផុល។ ការចូលរួមមិនកំណត់ថវិកាត្រូវតែធំនោះទេ។ បងប្អូនចូលរួមដោយទឹកចិត្ត ស្ម័គ្រចិត្ត។ កម្មករអ្នករត់ Pass app ១០០ រៀល ដើម្បីភ្ជាប់និស្ស័យចូលរួមកសាងរបស់គាត់។ អ្នកខ្លះគេថាម៉េចរដ្ឋខ្វះលុយធ្វើ? រដ្ឋអស់រលីងហើយឬយ៉ាងម៉េច? មិនដូចនោះទេ។ មកដល់ពេលនេះ ការកសាងផ្លូវក្រវាត់ព្រំដែនដែលយើងត្រូវធ្វើមានជាង ២ ៦៦០ គីឡូជាង។ ឥឡូវយើងធ្វើបាន ១ ៣០០ គីឡូ ឬ៥០% នៅសល់ជាង ១៣០០ គីឡូទៀត។ ១៣០០ គីឡូទៀត ខ្ញុំបានស៊ីញ៉េកាលពីចុងខែ ៧នេះ ជូនផែនការរបស់បញ្ជាការដ្ឋានវិស្វកម្ម ឯកឧត្តម ខ្វាន់ ស៊ាម ដើម្បីធ្វើក្នុងរយៈពេល ១០ ឆ្នាំ ដើម្បីបញ្ចប់(ប្រើ) ថវិកាជាង ២០០លានដុល្លារ។ យើងបានរៀបចំបន្តធ្វើនូវកិច្ចការនេះ។
(២២) ទោះបីលទ្ធភាពខុសគ្នា ប៉ុន្តែទឹកចិត្តស្រឡាញ់ជាតិស្មើគ្នា
អញ្ចឹង (បើមាននៅ)ក្នុងផែនការ ចាំបាច់យកថវិកាប្រជាជនធ្វើអ្វី? ដើម្បីឲ្យប្រជាជនបានផ្សាភ្ជាប់ចូលរួមតែប៉ុណ្ណោះ។ ពេលដែលខ្ញុំប្រកាសថ្ងៃ ២២ សីហានេះ និងមុននោះ ពេលដែលខ្ញុំទៅព្រំដែន មុនថ្ងៃ ២២ សីហា ទៅមើលកម្លាំងវិស្វកម្មធ្វើផ្លូវជាមួយឯកឧត្តម ខ្វាន់ ស៊ាម (កាលដែលនៅកងទ័ពជើងគោក ខ្ញុំចុះមើលការជួសជុលផ្លូវនិងជីវភាពប្រជាជននៅជិតស្នួល ជាប់នៅកែវសីមា) ខ្ញុំបានបង្ហោះ ហើយមានបងប្អូនច្រើនចូលមកផ្តល់មតិថា សម្តេចបើបង្កើតមូលនិធិនេះ ខ្ញុំចង់ចូលរួមជួយយ៉ាងម៉េច តិចច្រើនលទ្ធភាពរបស់ខ្ញុំ ដើម្បីជាកូនខ្មែរម្នាក់ដែលព្រួយបារម្ភពីរឿងទឹកដី ខ្ញុំក៏អាចចូលរួម។ ថាខ្ញុំបានចូលរួមដែរ តាមរយៈថវិកា ១០០ រៀលរបស់ខ្ញុំក៏ខ្ញុំបានភ្ជាប់ដែរ។ នេះគឺជាទឹកចិត្តធំបំផុត។ ខ្ញុំសូមអរគុណណាស់។ មកដល់ម៉ោងនេះយើងមានប្រជាពលរដ្ឋចូលរួមជិត ៤០ម៉ឺននាក់ ក្នុងមួយថ្ងៃៗ។ យើងមិនទាន់បិទទេ។ ម្សិលមិញជាង ១ ម៉ឺន ៥ ពាន់នាក់ទៀត។ ក្នុងមួយថ្ងៃៗ យើងមានចន្លោះពី ១ម៉ឺន ៣ពាន់នាក់ទៅ ១ម៉ឺន ៧ពាន់នាក់ ដែលបន្តចូលជាបន្តបន្ទាប់។ យើងនៅបើក។ ខ្ញុំសូមអរគុណ។
ខ្ញុំឲ្យក្រុមការងារធ្វើលិខិតថ្លែងអំណរគុណជូនគ្រប់គ្នាទាំងអស់ គ្រាន់តែថា ៣០ ឬ៤០ ម៉ឺននាក់ រាងយឺតបន្តិច។ ពេលខ្លះឡើងគាំង error facebook តែយើងនឹងបញ្ជូនបន្ថែមទៀត។ រឿងទឹកចិត្តធំណាស់។ ការភ្ជាប់សមានចិត្តជាមួយការការពារទឹកដី តាមរយៈមិនត្រឹមតែបញ្ចេញកង្វល់ ប៉ុន្តែធ្វើសកម្មភាពជាក់ស្តែង ដើម្បីចូលរួមកសាង នេះគឺជាស្មារតីរួមគ្នា មិនមែនចូលរួមគ្នាស្រឡាញ់ជាតិ ដើម្បីនាំគ្នាធ្វើម៉េចឲ្យសេដ្ឋកិច្ចខ្មែរដាំក្បាលចុះ យកឈ្នះដៃ រដ្ឋាភិបាលរលំទេ ប៉ុន្តែរួមគ្នាដើម្បីការកសាង ការពារប្រទេសជាតិ ហើយនៅក្នុងលទ្ធភាពមួយតាមរយៈការចូលរួម គឺបង្ហាញសមានចិត្ត មិនថា ១០០ រៀល ឬជាង ១ លានដុល្លារនោះទេ។ លទ្ធភាពខុសគ្នា ប៉ុន្តែទឹកចិត្តនៃការស្រឡាញ់ជាតិគឺស្មើគ្នា។ ខ្ញុំសូមអរគុណណាស់ចំពោះប្រជាពលរដ្ឋទូទាំងប្រទេសដែលបានចូលរួម។
(២៣) បោះបង្គោល កសាងនិងអភិវឌ្ឍព្រំដែន បង្កើនថាមភាពសេដ្ឋកិច្ច ជាការការពារព្រំដែន
សូមបន្តចូលរួម។ មិនមែនខ្ញុំយកមកធ្វើផ្លូវផ្ទះខ្ញុំទេ។ សម្តេចតេជោដែលដាក់គោលការណ៍ចរចាបោះបង្គោលព្រំដែន ក៏ដើម្បីកុំឲ្យកូនចៅជំនាន់ក្រោយឈ្លោះគ្នារវាងប្រទេសជិតខាង ដោយមិនដឹងគោលជាកន្លែងណា។ ការពារព្រំរបស់យើង បោះបង្គោលហើយកសាងព្រំដែន ដើម្បីកសាងកន្លែងនោះជូនប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍរស់នៅកន្លែងនោះដើម្បីជាកន្លែងបង្កើនសេដ្ឋកិច្ច។ នោះហើយជាការការពារព្រំដែន។ បងប្អូនទៅមើលព្រំប្រទល់នៅអ៊ឺរ៉ុប EU គេដោះបង្គោលព្រំដែនអស់ហើយ។ គេឲ្យប្រជាជនរស់នៅហ្នឹង។ អ្នកហ្នឹងហើយជាអ្នកដឹងថា ដីកន្លែងណា រដ្ឋបាលកន្លែងណា មានភូមិនៅហ្នឹង អាជ្ញាធរនៅនឹង ប្រជាជននៅកន្លែងណា គេបោះបង្គោល បោះត្រាកន្លែងហ្នឹងលិខិតរដ្ឋបាល។ នេះហើយជាគោលការណ៍ដែលយើងអនុវត្ត។ រាជរដ្ឋាភិបាលបានបន្តធ្វើហើយ។ អាណត្តិទី៧ យើងនឹងបន្តធ្វើតទៅទៀត។ នឹងមានការចូលរួមរបស់ប្រជាជន។ ខ្ញុំសូមអរគុណណាស់ចំពោះកិច្ចការនេះ។ ស្មារតីជាតិនិយមធំណាស់ ការរួមគ្នាជួយគាំទ្រ។
ខ្ញុំសូមអរគុណការធ្វើព្រែកជីកហ្វូណនតេជោ ដែលជាផលប្រយោជន៍ជាតិ ការចូលរួមកសាងផ្លូវតាមបន្ទាត់ព្រំដែន ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋយើងធ្វើដំណើរភ្ជាប់សេដ្ឋកិច្ច កម្លាំងប៉ូលីស កម្លាំងទាហានរបស់យើងនៅព្រំដែនគាត់មានឱកាសល្បាត។ កាលមុនអត់ផ្លូវគាត់ល្បាតមួយថ្ងៃដឹងបានប៉ុន្មានគីឡូ ថ្មើរជើង ជិះម៉ូតូមិនស្រួលខ្ទេចអស់។ ឥឡូវមានផ្លូវ គាត់ល្បាតមួយថ្ងៃជិះ ៥០ ឬ៦០ គីឡូក៏អត់បញ្ហា។ ប៉ុន្តែ សំខាន់យើងមិនត្រូវការប្រើកម្លាំងកងទ័ព កម្លាំងប៉ូលីស ដើម្បីទៅមើលបង្គោលព្រំដែននោះទេ។ យើងការពារប្រឆាំងបទល្មើសផ្សេងៗ ប៉ុន្តែត្រូវការប្រជាពលរដ្ឋនៅទីនោះ ដើម្បីជួយជាបង្គោលព្រំដែន ជារបងព្រំដែនរួមរបស់យើង។ នេះគឺជាគោលដៅ។ រាប់សិបឆ្នាំមកនេះ ក្រោយពីធ្វើផ្លូវក្រវាត់ព្រំដែន កន្លែងខ្លះធ្វើ ២ជាន់ មិនមែនធ្វើ ១ជាន់ទេ កៀកនឹងមួយ ហើយមានក្នុងហ្នឹងមួយទៀត សម្រាប់ភ្ជាប់ ហើយមានឆ្អឹងជំនីភ្ជាប់មកផ្លូវជាតិខាងក្នុងដើម្បីតភ្ជាប់។ មិនមែនធ្វើដើម្បីលំអទេ ដាក់ឲ្យអ្នកណាប្រើ គឺយើងភ្ជាប់។ ខ្ញុំទៅស្នួលថ្ងៃមុន ប្រជាពលរដ្ឋនៅហ្នឹងថា កាលពីមិនទាន់ធ្វើផ្លូវព្រំដែន គាត់ចង់ចេញពីភូមិ គាត់ទៅភូមិក្បែរហ្នឹងត្រូវសុំចូលទៅខាងវៀតណាម ប្រើផ្លូវវៀតណាមឆ្លង។ ឥឡូវផ្លូវយើងគាត់ចេញចូល គាត់ថាឥឡូវមានផ្លូវខ្លួនឯងកក់ក្តៅ។ ទោះបីយើងមិនទាន់មានលទ្ធភាពធ្វើផ្លូវកៅស៊ូរាប់ពាន់គីឡូក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ យើងដាក់ផ្លូវដី ហើយជាជំហានៗ យើងនឹងពិនិត្យលទ្ធភាពធ្វើបណ្តើរៗ ប៉ុន្តែសំខាន់ខ្លាំងបំផុត ទី១ តភ្ជាប់វាឲ្យបាន។ តាមភូមិឃុំ ពីមុនផ្លូវរទេះ មុននឹងបានបេតុង …។
(២៤) កម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព”
នៅសល់(ផ្លូវព្រំដែន) ១៣០០ គីឡូទៀតដែលយើងត្រូវតភ្ជាប់ ហើយរុញប្រជាជនទៅតាំងទីលំនៅ។ កន្លងទៅពេលដែលធ្វើផ្លូវ រាជរដ្ឋាភិបាលផ្តល់ដី ផ្តល់ផ្ទះ ក្រសួងដែនដីនគរូបនីយកម្ម បានធ្វើដូចប៉ុន្មានពាន់ខ្នង … មិនមែនតែនៅក្នុងកន្លែងតំបន់ដីផ្ទៃក្នុងប្រទេសទេ តែតាមព្រំដែនហ្នឹង យើងធ្វើនៅស្វាយរៀង នៅតាមបណ្តោយព្រំដែនថៃ នៅស្អីៗ។ យើងធ្វើផ្ទះជូនគាត់ទៀត។ ចែកដីឲ្យអតីតយុទ្ធជន … នៅថ្ងៃ ២២ (សីហា) ខ្ញុំបានថែមគោលនយោបាយមួយទៀតគឺកម្មវិធីដីសម្បទានដែលយើងមានពីមុន តែយើងនឹងបង្កើនល្បឿន។ យើងហៅថា “កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព”។ កម្មវិធីនេះ មិនសំដៅតែតំបន់ព្រំដែននោះទេ។ យើងនឹងធ្វើនៅតាមតំបន់មួយចំនួននៅទូទាំងប្រទេស ប៉ុន្តែក្នុងនោះ ខេត្តជាប់ព្រំដែននេះក៏ជាខេត្តអាទិភាពមួយ។ តើកម្មវិធីនេះយ៉ាងម៉េច? សង្ខេបខ្លី ប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ យើងនឹងផ្តល់សិទ្ធិជូនគាត់ ឱកាសជូនគាត់បានទទួលដី នៅក្នុងតំបន់ដែលយើងអភិវឌ្ឍនេះ តាមកម្មវិធីសម្បទានដី។ យើងនឹងជួយគាត់នៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍភូមិនៅទីនោះ ហើយសុំគាត់មកវិញតែមួយទេ ជួយការពារដី ជួយការពារតំបន់ហ្នឹងផង។ បានន័យថាម៉េច? ដូចជាកន្លែងមួយហ្នឹង មានការកាប់ទន្ទ្រានព្រៃច្រើន។ យើងមានឧទ្យាននុរក្ស(មិនគ្រប់)។ កម្លាំងយើងទៅការពារអត់បាន។ វាច្រើន/ធំពេក។ អញ្ចឹង យើងនឹងបង្កើតភូមិ តំបន់មួយសម្រាប់ប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ ជាជាងគាត់ទៅកាប់ឆ្ការ យើងនឹងរៀបជូនជាដីលំនៅដ្ឋាន ដីអាស្រ័យផល។ យើងផ្គុំជាមួយកម្មវិធីមួយចំនួន ដែលយើងរៀបចំជាកញ្ចប់ដើម្បីអភិវឌ្ឍន៍ភូមិតែម្តង។ មិនដាក់គាត់ចោលនៅនោះទេ ដើម្បីឲ្យគាត់បង្កើតជាសហគមន៍ការពារព្រៃឈើនៅកន្លែងនោះ។ ខ្ញុំសួរឯកឧត្តម សាយ សំអាល់ កាលពីគាត់នៅក្រសួងបរិស្ថាន គាត់ថាបើឲ្យសហគមន៍ប្រជាពលរដ្ឋនៅហ្នឹង គាត់ការពារព្រៃសហគមន៍បានផលច្រើនជាង។
គាត់នៅហ្នឹងជាប្រចាំ។ យើងយករូបមន្តនេះ បានន័យថា ការពារព្រៃរួមគ្នា អភិវឌ្ឍរួមគ្នាដោយចីរភាព។ យើងដោះស្រាយទាំងបញ្ហាប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ យើងការពារទាំងធនធានធម្មជាតិ ហើយរួមគ្នាអភិវឌ្ឍប្រទេសជាតិ។ នៅក្នុងខេត្ត ៤នេះ មានតំបន់មួយចំនួនដែលយើងនឹងរុញ(ប្រជាពលរដ្ឋដែលមិនមានដី/ត្រូវការដី)ទៅទីនោះ តែឲ្យអ្នកអត់ដីពិតប្រាកដ។ ម្សិលមិញប្អូន សាពូន មីដាដា ឃើញដាក់សារមកថា “ខ្ញុំអត់ដី សុំទៅនៅដែរ”។ ទេ អាអូន។ អូនឯងដូចមានហើយ។ ដាក់មកបងតាម facebook។ ឥឡូវបងប្រាប់ឲ្យហើយទៅ អូនឯងមានដីហើយ ជួយមិនបានទេ។ គាត់ចង់ស្ម័គ្រចិត្តទៅជួយព្រំដែន។ ជាកិច្ចការល្អ។ ខ្ញុំអរគុណណាស់ ប៉ុន្តែជាជាងយកដីទៅនៅ ប្អូនអាចជួយក្នុងរូបភាពអ្វីផ្សេង ទុកដីឲ្យអ្នកអត់ដីពិតប្រាកដ។ ប្រជាពលរដ្ឋយើង រួមគ្នាធ្វើនៅទីនោះ។ នេះគឺជាអ្វីដែលធ្វើ ហើយនេះគឺជាមួយផ្នែកមួយនៃការជំរុញប្រជាពលរដ្ឋទៅនៅឲ្យច្រើន។
(២៥) ឆ្នាំ ២០២២ ប្រកាសខេត្តភាគឦសានជាប៉ូលទី៤ នៃសេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម ទេសចរណ៍
ប្រជាពលរដ្ឋទៅនៅឲ្យច្រើនមានតាមរូបភាព ២។ ទី ១ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីបង្កើតការងារវិនិយោគឲ្យច្រើន។ តែមានការងារច្រើនគាត់ទៅហើយ។ មើលអ្នកនៅភ្នំពេញជាង ២លាននាក់ តើមានប៉ុន្មាននាក់មកពីខេត្ត? ច្រើនណាស់។ ទៅមើលកោះកុង ពេលដែលយើងតភ្ជាប់ផ្លូវ ពេលដែលមានតំបន់សេដ្ឋកិច្ចពិសេស ប្រជាជនកោះកុងកើនលឿន ដោយសារអ្នកទៅពីក្រោម។ អញ្ចឹងយើងជំរុញអភិវឌ្ឍនៅខេត្តទិសឦសាន។ ការអភិវឌ្ឍនេះ សម្តេចតេជោបានប្រកាសយកខេត្តឦសានតាំងពីឆ្នាំ ២០២២ ជាប៉ូលទី ៤ នៃសេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម ទេសចរណ៍។ មិនមែនរឿងថ្មីទេ។ យើងធ្វើយូរមកហើយ គ្រាន់តែឥឡូវចាប់ផ្តើមបារម្ភ។ ផ្លូវព្រំដែននេះមិនមែនទើបធ្វើទេ យើងធ្វើយូរហើយ គ្រាន់ឥឡូវយើងបន្តជំរុញធ្វើបន្តទៀត។ កម្មវិធីរៀបផ្តល់ដីជូនប្រជាជនទៅនៅព្រំដែនមិនមែនទើបតែធ្វើទេ មានយូរហើយតែឥឡូវយើងបង្កើនលទ្ធភាពនេះដាក់ចេញគោលនយោបាយធ្វើឲ្យចំតែម្តង។
(២៦) ធានាអភិវឌ្ឍន៍ កំណើនប្រជាសាស្ត្រ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ កុំឲ្យផ្នែកណាមួយនៃកម្ពុជាបាត់ដោយគ្មានមនុស្សទៅដល់
អញ្ចឹង សារដែលប្រជាពលរដ្ឋចង់បានថាដើម្បីធានាឲ្យខ្ញុំ ២០ ឆ្នាំ ៣០ ឆ្នាំ ៥០ ឆ្នាំទៀតកុំឲ្យបាត់ដី បាត់អធិបតេយ្យភាព ត្រូវតែជំរុញការអភិវឌ្ឍ និងជំរុញកំនើនប្រជាពលរដ្ឋខ្មែរនៅទីនោះឲ្យច្រើន។ នេះជាគោលនយោបាយដែលយើងដាក់ចេញ និងផែនការសកម្មភាពជាក់ស្តែង ដើម្បីជំរុញឲ្យកើតជាផ្លែផ្កា។ រដ្ឋាភិបាលអត់មានសិទ្ធិគ្រាន់តែអង្គុយចាំស្តាប់ ហើយបិទបញ្ជីទុកធ្វើរបាយការណ៍ ហើយមួយអាទិត្យក្រោយមកស្តាប់រឿងដដែលៗនោះទេ។ យើងត្រូវស្តាប់ប្រជាពលរដ្ឋ ត្រូវដោះស្រាយឲ្យទាន់ ឲ្យលឿន ជាពិសេសរឿងទឹកដី រឿងអធិបតេយ្យភាព រឿងការអភិវឌ្ឍនៅខេត្តឦសាននេះ។ ខ្ញុំបានស្តាប់ហើយៗ ខ្ញុំបានសង្ខេបអម្បាញ់មិញហ្នឹង ទាំងអ្នកគាំទ្រ មិនគាំទ្រកិច្ចការសហប្រតិបត្តិការ ទាំងអ្នកនៅកណ្តាល ស្អីចំណុចរួមដែលចង់បានគឺធានាមិនឲ្យបាត់បង់ដី បាត់បង់អធិបតេយ្យភាព នាំប្រជាពលរដ្ឋទៅរស់នៅទីនោះឲ្យច្រើន និងអភិវឌ្ឍសេដ្ឋកិច្ចឲ្យច្រើន ដើម្បីទៅអនាគតកាន់តែរីកចម្រើន។ អ្វីដែលគាត់មិនទាន់ឯកភាពគ្នា មួយថាធ្វើខ្លួនឯងទៅបានហើយ មួយថាធ្វើខ្លួនឯងក៏មិនចិត្តអាក្រក់មិនឲ្យគេចូលរួមដែរ តែចូលរួមមិនមែនថា CLV DTA នេះ យកឡាវ និងវៀតណាមមកអនុវត្តលើដីខ្មែរនោះទេ។ ប្រទេសនីមួយៗ អភិវឌ្ឍគម្រោងខ្លួនឯង ហើយកម្មវិធីដែលជួយនេះ កន្លងទៅមានជប៉ុនដែរ មាន world bank មានសុទ្ធតែអង្គការអន្តរជាតិជួយទម្លាក់មក។ ប្រទេសនីមួយៗ យកផ្នែកហ្នឹងទៅអភិវឌ្ឍខ្លួនឯង។
អញ្ចឹងចំណុចដែលខុសគ្នាមិនទាន់ឯកភាពគ្នាគឺរឿងប៉ុណ្ណឹង។ យើងមិនគួរណាអង្គុយយកចាញ់ឈ្នះរឿងហ្នឹងទេ។ មើលការងារធំ គឺដាក់គោលនយោបាយដើម្បីធានាការអភិវឌ្ឍកំណើនប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច និងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ កុំឲ្យផ្នែកណាមួយនៃកម្ពុជាបាត់ដោយគ្មានមនុស្សទៅដល់។ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមើលតាមទូរទស្សន៍ ឯកឧត្តម លោកជំទាវ សូមមានមោទនភាព។ ខ្ញុំនៅកងទ័ពជើងគោកខ្ញុំដើរបានច្រើន។ កន្លែងខ្លះ ពីដើមឡើយយើងមិនដែលបានទៅទេ តាំងពីក្រុមភូមិសាស្រ្តឥណ្ឌូចិនទៅបោះបង្គោល គឺទុកចោលនៅក្នុងព្រៃ អត់ដែលមានខ្មែរណាប្រជាជនណាទៅទេ ទើបតែសម័យនេះទេ។ នៅកំពង់ស្រឡៅ ខ្ញុំទៅសម្ពោធសាលាមួយ និយាយរឿងកំប្លែងមួយថ្ងៃច្រើន ជាងដាក់ឲ្យបងប្អូនស្តាប់ទៀត គេអត់សើចទេ សើចតែអ្នកលើវេទិកា ដល់ជិតចប់ គេមកប្រាប់ខ្ញុំថា ប្រជាពលរដ្ឋអត់ចេះខ្មែរទេ។ គាត់ចេះតែឡាវ។ ខ្ញុំថាអញ្ចឹងមិនព្រមប្រាប់ខ្ញុំពីដើម តែវាអនោចអធមដោយសារពីមុនយើងដាច់កន្លែងហ្នឹង។ វាឆ្លងទឹកដល់ឡាវ។ យើងច្បាំងគ្នាខេត្តព្រះវិហារ មិនទាន់មានផ្លូវតភ្ជាប់។ អញ្ចឹងក៏គ្មានជម្រើស។ ឥឡូវយើងធ្វើផ្លូវតភ្ជាប់ខាងឡាវមកទិញឥវ៉ាន់ពីយើងវិញ។ សាលាយើងរៀនប្រជាជនខ្មែរ។ នៅអូរអាឡៃ អូរតាង៉ាវ ពេលដែលយើងធ្វើផ្លូវព្រំដែនមានភូមិមួយ ស្រែចំប៉ា។ អត់មានខ្មែរទៅនៅ។ គាត់មកនៅក្នុងដីយើង។ ពេលយើងធ្វើផ្លូវទៅ បានសុំឲ្យគាត់រើទៅវិញ ព្រោះអត់មានអ្នកណាទៅនៅ។ ឥឡូវ យើងធ្វើផ្លូវទៅដល់។
(២៧) ពង្រាយពលរដ្ឋឲ្យច្រើន អភិវឌ្ឍឲ្យច្រើន នៅតំបន់ព្រំដែន ធ្វើជារបងការពារអធិបតេយ្យភាព
ជាផែនការ ខ្ញុំថាយើងធ្វើទៅដល់កន្ទុយនាគ។ ពីដើមអត់ដែលទៅដល់ទេ។ កន្លែងហ្នឹងចោត។ ខ្ញុំថាត្រូវតែធ្វើយ៉ាងម៉េចពុះពារឲ្យបាន។ ថ្ងៃមុនសម្តេចតេជោលើកផ្លូវ ៧៨.៥ ដែលយើងគ្រោងធ្វើភ្ជាប់ពីសៀមប៉ាងឡើងទៅមួយ ផ្លូវកណ្តាល ផ្លូវព្រំដែននេះ។ ធ្វើយ៉ាងម៉េចថ្ងៃក្រោយឲ្យកូនខ្មែរមានឱកាសទៅដល់គ្រប់ច្រកល្ហក គ្រប់ទិសទីនៃផ្ទៃដីរបស់ខ្មែរ។ នេះហើយគឺការការពារទឹកដី។ បើកូនខ្មែរមិនទៅដល់ គេយកម៉េចដឹង។ មើលខ្ញុំសួរ បើផ្ទះយើង បងប្អូនប្រជាពលរដ្ឋថាដីមាន ២០ ហិកតា តែមួយកំណាត់ ១០ ហិកតា ខ្ញុំមិនដែលទៅព្រោះសុទ្ធតែមីន ដឹងថានៅក្រោយហ្នឹងគេយកអត់? អត់ដឹងទេមិនស្រួលអ្នកណាមកបោះយកបាត់ហើយ។ តែដោយសារយើងចូលបាន យើងបោះបង្គោលព្រំដែន យើងទៅដាំចេក ដាំទុរេន ដាំបន្លែ។ អញ្ចឹង យើងមើលឃើញរាល់ថ្ងៃ ដោយសារយើងទៅដល់ ដោយសារប្រជាពលរដ្ឋយើងម្ចាស់ដីទៅដល់។ អញ្ចឹង ការធ្វើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រុញឲ្យដល់គ្រប់កន្លែងដែលយើងបោះបង្គោល។ រុញប្រជាពលរដ្ឋ សកម្មភាពសេដ្ឋកិច្ចនៅទីនោះរបស់កម្ពុជា នេះហើយគឺការស្តាប់ប្រជាពលរដ្ឋ ហើយដោះស្រាយកង្វល់ប្រជាពលរដ្ឋនៅអនាគតព្រោះរឿង CLV DTA។ នេះមិនមែនរឿងបច្ចុប្បន្ន គឺរឿងអនាគតគ្រប់គ្នាដែលព្រួយ។ មិនព្រួយថាបាត់ឥឡូវទេ ព្រោះ ២៥ ឆ្នាំ អត់ទៅណា ទៅមើលឥឡូវអត់បាត់ តែគេព្រួយ ២០ ឆ្នាំ ៥០ ឆ្នាំ។ អញ្ចឹងដើម្បីកុំឲ្យកង្វល់ ពង្រាយកូនខ្មែរឲ្យច្រើន អភិវឌ្ឍឲ្យច្រើននៅតំបន់នោះ យកទៅចាំដីធ្វើជារបងការពារអធិបតេយ្យភាព ហើយពង្រឹងសេដ្ឋកិច្ច។ បងប្អូនអាចពិនិត្យមើល។ ជជែកគ្នារឿងអនាគតនេះពិបាកណាស់ ព្រោះអត់មានភស្តុតាង។ មេធាវីពិបាកបំផុត បើសិនជាសកម្មភាពវាកើតហើយស្រួលទេ តែពិបាកបំផុតរឿងចេតនា។ ត្រូវហើយ ព្រោះអាហ្នឹងវាមិនទាន់កើត យើងការពារអាហ្នឹងវាមិនទាន់កើត។
(២៨) ធ្វើរបងព្រំដែនអាចត្រូវចំណាយ ១៧០០ លានដុល្លារ ធ្វើផ្លូវតាមព្រំដែនចំនាយប្រមាណ ៥០០ លានដុល្លារ
យើងដាក់សកម្មភាពជាបុរេសកម្ម។ បើគាត់ព្រួយបារម្ភ ២០ ឬ៣០ ឆ្នាំទៀត យើងមានតែថាកុំឲ្យគាត់ព្រួយ ឬកុំឲ្យថាឱកាសវាបាត់ ធ្វើការអភិវឌ្ឍ ដាក់មនុស្សឲ្យច្រើនពេញហ្នឹង។ គាត់លែងភ័យហើយ។ មានតែធ្វើបែបនេះ។ ជារាជរដ្ឋាភិបាល គ្មានឱកាសអង្គុយស្តាប់ ហើយដេកអេសពោះទេ។ ប៉ុន្តែ ត្រូវដាក់ចេញផែនការ ហើយជំរុញការអនុវត្តគោលនយោបាយដើម្បីធ្វើឲ្យកាន់តែច្រើន ឲ្យឆាប់បានផល ឲ្យប្រជាពលរដ្ឋមានទំនុកទុកចិត្ត។ ក្នុងនាមជាខ្មែរម្នាក់ ខ្ញុំក៏មិនចង់ឃើញប្រជាពលរដ្ឋខ្ញុំបែកបាក់គ្នា មិនទុកចិត្តគ្នា ឈ្លោះគ្នា ដោយសារតែរឿងអីដែលមិនទាន់កើតមានសោះនោះទេ។ អញ្ចឹងយើងត្រូវធ្វើយ៉ាងណាធានាឲ្យបងប្អូនយល់។ ខ្ញុំគិតថាបងប្អូនមួយចំនួននៅមិនទាន់សប្បាយចិត្តទេ។ បងប្អូនខ្លះចង់ធ្វើរបង អត់ធ្វើផ្លូវ។ វិធីសាស្រ្តច្រើនណាស់ តែខ្ញុំសុំធ្វើផ្លូវហើយ ដើម្បីយកប្រជាពលរដ្ឋជារបង។ ថ្ងៃមុន ខ្ញុំឲ្យគិត ១២៧០ គីឡូម៉ែត្រ គុណជារបងដូចជា ១៧០០ លានដុល្លារ។ ហ្នឹងរបងបេតុងកម្ពស់ ២ ម៉ែត្រ ធម្មតាកម្រាស់ ២ តឹក។ ផ្លូវព្រំដែន ក្នុង ១៣០០ គីឡូម៉ែត្រនេះ យើងចំណាយបន្ថែមសរុបទាំងអស់ប្រហែលជាខ្ទង់ជាង ៥០០ លានដុល្លារ។ ឥឡូវយើងធ្វើពាក់កណ្តាលនៅសល់ជាង ២០០ លានទៀត។
(២៩) បើរវល់យកចាញ់ឈ្នះ ពីការដកខ្លួនឬមិនដកខ្លួន ធ្វើរបងឬធ្វើផ្លូវ យើងនឹងមិនបានធ្វើអ្វីទាំងអស់
ការធ្វើរបងធ្វើអីនោះមិនងាយស្រួលទេ។ គ្មានប្រទេសណាធ្វើទាំងអស់ទេ។ សូម្បីតែចិនវៀតណាម របងព្រំដែនគេជាង ២០០០ គីឡូម៉ែត្រ ធ្វើបានតែមួយផ្នែកទេ។ អាមេរិកចង់ធ្វើប៉ុន្មានធ្វើបានតែមួយផ្នែកទេ … អ៊ីស្រាអែលនិងហាម៉ាស ហ្គាសា ធ្វើរបងកាត់នៅតែចេញចូលតាមក្រោមដី និងតាមលើ។ គាត់ចេញចូលតាមរបង ចេញចូលតាមអី។ បងប្អូនខ្លះថាបើសិនជាធ្វើរបងបាន គាត់ចូល(មូលនិធិ)។ ខ្ញុំថាមិនអីទេ។ ឥឡូវប្រជាពលរដ្ឋជាង ៤០ម៉ឺននាក់ មួយថ្ងៃជាង ១ម៉ឺន ២ម៉ឺននាក់ ចូលបន្ថែម។ នេះមិនមែនជាការយកចាញ់ឈ្នះទេ។ រដ្ឋាភិបាលមិនត្រូវគិតរឿងចាញ់ឈ្នះទេ។ យើងត្រូវមើលអ្វីធំ។ រវល់តែយកចាញ់ឈ្នះ ដកខ្លួនចេញមិនដកខ្លួនចេញ ធ្វើរបងធ្វើផ្លូវ រវល់តែយកចាញ់ឈ្នះចុះឡើង រវល់តែពន្យល់សម្របសម្រួល យើងមិនធ្វើអ្វីទាំងអស់។ ហ្នឹងហើយខាតធំ។ ខាតធំបង្អស់ដែលយើងមិនអាចគ្រប់គ្រងសភាពការណ៍បាន ឲ្យប្រទេសឆេះ សេដ្ឋកិច្ចដាំក្បាលចុះដោយសារការអស្ថិរភាព កាប់ចាក់គ្នាក្នុងប្រទេស ធ្វើឲ្យបាត់បង់សន្តិសុខ។ នេះហើយគឺជាគ្រោះថ្នាក់ធំ។
(៣០) រាជរដ្ឋាភិបាលឆ្លើយតបតម្រូវការរួមប្រជាពលរដ្ឋ ដើម្បីរក្សាសុខសន្តិភាព ស្ថេរភាព កុំឱ្យការបែកបាក់កើតឡើងវិញ
រាជរដ្ឋាភិបាលគ្មានជម្រើសអីផ្សេង ដូចថ្ងៃទី ១៥ សីហា ដែលខ្ញុំបានបញ្ជាក់គឺរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងតម្រូវការរួមរបស់ប្រជាពលរដ្ឋ រក្សាសុខសន្តិភាព ស្ថេរភាព កុំឲ្យប្រទេសនេះបែកបាក់ បែកបាក់ឯកភាពទឹកដី(កើត)ឡើងវិញ។ ជំរុញការអភិវឌ្ឍ និងដោះស្រាយកង្វល់ប្រជាពលរដ្ឋ ហើយធានាឲ្យបាននូវអធិបតេយ្យភាព និងការមិនបាត់បង់នូវទឹកដីនៅក្នុងខេត្តទាំង ៤ នៅទូទាំងប្រទេសនេះ តាមរយៈការជំរុញកំណើនប្រជាពលរដ្ឋ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ តាមរយៈការដាក់ចេញគោលនយោបាយដើម្បីជំរុញអភិវឌ្ឍដើម្បីឲ្យសេដ្ឋកិច្ចខ្មែរកាន់តែខ្លាំង នៅតំបន់ដែលមានការកង្វល់នោះ។ នេះគឺជាអ្វីដែលខ្ញុំបានប្រកាសថ្ងៃ ១៥ ហើយថ្ងៃ ទី ២២(សីហា) ខ្ញុំបានដាក់ចេញនូវផែនការអនុវត្តជាក់ស្តែង។ តាំងពីថ្ងៃទី ២៦(សីហា) មកដល់ពេលនេះ យើងបានរៀបចំការធ្វើជាក់ស្តែង មិនដល់ ១ខែ ព្រោះរដ្ឋាភិបាលគ្មានពេលទេ ពេលវេលាជាមាសប្រាក់។ អ្វីដែលប្រជាជនចង់បាន ត្រូវធ្វើឲ្យលឿនកំណត់ឲ្យបាននូវគោលដៅធំ។
មួយទៀត បច្ចុប្បន្ន ចំពោះបងប្អូនដែលបារម្ភ យើងរៀបចំកម្មវិធីទៅកំសាន្ត។ ឯកឧត្តម នេត្រ ភក្រ្តា ប៉ុន្តែឥឡូវមិនទាន់បានចេញផង មានគេដើរលេងបាត់ហើយ។ អ្នកខ្លះថាកាលពីថ្ងៃ ២ ខែ ៥ ខ្ញុំប្រកាសនៅកម្មវិធីឧកញ៉ាថាបើបងប្អូនកង្វល់ សូមអញ្ជើញនាំគ្នាទៅឲ្យបានច្រើនទៅទីនោះ។ អ្នកខ្លះថាអត់លុយ អ្នកខ្លះថាម៉េចទៅជានិយាយបែបនេះ។ ពាក្យខ្មែរថា ឃើញមួយដង ប្រសើរជាងស្តាប់ ១ពាន់ដង។ បើបងប្អូនមានលទ្ធភាព បងប្អូនទៅមើល។ បងប្អូនមានចម្ងល់ទៅមើលថាតើនៅក្នុង ២៥ ឆ្នាំ ក្រោយពីមាន DTA នេះ តើសេដ្ឋកិច្ចប្រជាពលរដ្ឋរស់នៅយ៉ាងម៉េច តើមានតម្រូវការធ្វើផ្លូវ ឬធ្វើរបង ឬមួយក៏យ៉ាងណា។ ជម្រើសមានច្រើន តែរដ្ឋាភិបាលរើសយកមួយ។ យើងបានជំរុញធ្វើហើយ បងប្អូនទៅច្រើន ក៏ជួយជំរុញសេដ្ឋកិច្ចរបស់យើងនៅទីនោះ …។
ជំនាន់កូវីដ ១៩ ធ្វើឲ្យខ្មែរយើងច្រើនស្គាល់ទឹកដីកម្ពុជា។ កាលពីមុនកូវីដ ១៩ ឲ្យតែពេលចូលឆ្នាំពេញយន្ដហោះទៅក្រៅ។ ដល់តែជំនាន់កូវីដ ១៩ ចេញទៅក្រៅ(ស្រុក)មិនបាន គាត់នាំគ្នាទៅលេង។ អ្នកខ្លះថាអត់ទាន់ទៅលេងរតនគិរី មណ្ឌលគិរី កាលនឹងមានអូតែលផ្កាយមួយពាន់ច្រើន។ ស្គាល់អូតែលផ្កាយមួយពាន់ទេ? ទៅកក់បន្ទប់មិនទាន់គេ គេងខាងក្រៅ មើលទៅលើមេឃ ផ្កាយមួយពាន់។ អញ្ចឹងគាត់ទៅលេងរតនគិរី មណ្ឌលគិរី។ ដល់ទៅច្រើន គាត់បង្ហួសទៅស្ទឹងត្រែង ពីមណ្ឌលគិរី ទៅរតនគិរី។ យើងធ្វើផ្លូវតកាត់តាមអូរពងមាន់។ រតនគិរីគាត់ចេញទៅស្ទឹងត្រែង ស្ទឹងត្រែងគាត់ឆ្លងស្ពាន ទៅដល់ព្រះវិហារ ចាក់ទៅដល់អន្លង់វែង បន្ទាយមានជ័យ ប៉ៃលិន។ គាត់ដើរស្គាល់ស្រុកខ្មែរ បានដឹងថាប្រទេសកម្ពុជាធ្វើផ្លូវធ្វើស្ពានបានប៉ុណ្ណឹងផង។ ស្មានតែធ្វើតែនៅភ្នំពេញ។យើងធ្វើច្រើន ប៉ុន្ដែការផ្សព្វផ្សាយមិនបានទូលំទូលាយ … ការឲ្យបងប្អូនទៅមើលដើម្បីឃើញថាតើមូលដ្ឋានយើងនៅពេលនេះជាកង្វល់(ឬទេ) ហើយយើង(នឹងត្រូវ)ធ្វើអ្វីបន្ថែមទៀត។ ខ្ញុំបានឲ្យរៀបចំ។
កម្មវិធីនេះ ឯកឧត្តម នេត្រ ភក្រ្ដា បានរៀបហើយ ចាប់ផ្ដើមពីចុងសប្ដាហ៍នេះ។ ដូចប្រកាសឲ្យចុះឈ្មោះអនឡាញពីថ្ងៃ ៣០ សីហា។ ឥលូវនេះ ចុះបានជាង ១ ពាន់នាក់ជាងហើយ។ មួយពេលចុងសប្ដាហ៍យើងទៅបាន ២០០ នាក់។ យើងរៀបចំ ១៤ bus។ មាន ៣ ជំរើស។ ជំរើសវិលល្ងាច ជំរើសមួយ(ទៀត) គេងមួយយប់ ដោយសារយើងទៅខេត្តឆ្ងាយ។ ជំរើសមួយ ដូចទៅស្ទឹងត្រែង រតនគិរី ជំរើសមួយទៀត ក្រចេះ មណ្ឌលគិរី។ ការចុះឈ្មោះក្ដី ការហូបចុក ស្នាក់នៅ ធ្វើដំណើរ គឺមិនតំរូវឲ្យបងប្អូនបង់ថ្លៃទាំងអស់។ សូមប្រយ័ត្នក្រែងមានអ្នកឆ្លៀត(ឱកាសបោកប្រាស)។ កាលពីខ្ញុំបង្កើតមូលនិធិ មានអ្នកឆ្លៀត គ្រាន់តែបង្កើតមូលនិធិឲ្យចូលតាម aba QR code មានពីរបីនាក់បង្កើត account ក្លែងក្លាយដើម្បីឲ្យប្រជាពលរដ្ឋចូល។ លេងសុទ្ធតែអញ្ចឹង។ បានប៉ូលីសហៅមកណែនាំ ឥលូវឲ្យទៅវិញហើយ។ ក្មេងៗ គាត់បែកគំនិត។ អញ្ចឹងសុំប្រយ័ត្ន ខ្ញុំប្រកាសឲ្យហើយ។
សួរថា ថវិកាបានមកពីណា? អត់យកថវិការដ្ឋទេ ទី២ ក៏អត់យកមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនេះដែរ។ ថវិកានេះ ខ្ញុំនិងគ្រួសារ បូកជាមួយសប្បុរសជនជាច្រើនបានចូលរួម។ មានអ្នកជួយបញ្ចុះតំលៃ។ មានអ្នកខ្លះឧបត្ថម្ភបាយ Free។ ក្រុមហ៊ុន សេង ហុកហេង ថាគាត់ធានាបាយជូនតាមផ្លូវ។ មានអ្នកជួយបញ្ចុះតំលៃអូតែល មានអ្នកផ្ដល់អូតែល free នៅមណ្ឌលគិរី។ មានទាំងទេសចរនៅប៊ូស្រា ថាបើទៅចុងសប្ដាហ៍ពីនេះទៅដល់ចុងឆ្នាំគាត់ឲ្យ free ទាំងអស់ ប្រជាពលរដ្ឋទាំងអស់ដែលទៅលេង។ អញ្ចឹងនាំគ្នាទៅលេងឲ្យបានច្រើន។ ការចូលរួមបែបនេះ មិនថាជាថវិកា ទឹកចិត្តបែបណា ដើម្បីបងប្អូនទាំងអស់គ្នា។ សូមអញ្ជើញបងប្អូនទាំងអស់គ្នាទៅបាន ដើម្បីឲ្យយើងបានស្គាល់ទឹកដីយើង។ បងប្អូនដែលមានលទ្ធភាព អ្នកខ្លះថាអត់ទេ ខ្ញុំអត់ត្រូវការចូលកម្មវិធីនេះទេ គាត់រៀបកម្មវិធីខ្លួនឯង ដូចគណៈមេធាវីដាក់ ៣ bus។ មិនស្រួលទៅហើយ។ អោយគាត់ទៅលេងផង។ ទៅមើលស្ថានភាពជាក់ស្ដែងផ្លូវព្រំដែន។ កន្លែងអភិវឌ្ឍសប្បាយនៅទីនោះ។ ខ្ញុំថា អញ្ចឹងឯកឧត្តម លី ចន្ទតុលា ចង់ភ័យខ្លួន បន្ដិចទៀតគេសំណូមពរហើយ។ ទៅលេងទៅ។ ឥលូវគាត់ទើបនឹងចប់។ ការអបអរសាទរ graduation ceremony យើងទៅហ្នឹង។ ខ្ញុំឲ្យឯកឧត្តម នេត ភក្ដ្រា ជួយបញ្ជូនព័ត៌មានផងថាក្រែងលោពីពេលនេះដល់ចុងឆ្នាំមានភ្ជាប់និស្ស័យបានខ្លះ ជួយប្រាប់ផងចងដៃដែរ។ ជួនកាល trip អញ្ចឹងៗ ទៅជួបគ្នា។ កាលជំនាន់កូវីដ ១៩ ពេទ្យTYDA រៀបការជាមួយគ្នាមួយគគោក។ អត់ទាន់កូវីដ អត់ដែលជួបគ្នា។ ដល់កូវីដមកប្រមូលផ្ដុំនៅនឹង ស្ម័គ្រចិត្តដូចគ្នាអីដូចគ្នា អ្នកណាដឹង គូព្រេងមិនព្រាត់។ ទេព្ដាចារមកថាត្រូវជួបអ្នកណា មានអ្នកណាដឹងមែនទេ? …។
(៣១) អនុវត្ដច្បាប់និងប្រើច្បាប់ការពារសិទ្ធិស្របច្បាប់ប្រជាពលរដ្ឋ របស់សង្គមជាតិ ដើម្បីស្ថិរភាព សន្ដិសុខ និងសន្ដិភាព
ទី៣ រៀបចំកញ្ចប់វិនិយោគសំរាប់ឆ្នាំ ២០២៥ សំរាប់លើកទឹកចិត្តរុញវិនិយោគក្នុងស្រុកទៅវិនិយោគឲ្យច្រើន ខេត្ដ ឦសានយើងនេះ។ តាមពិត ដូច(ដែល)បាននិយាយអញ្ចឹង យើងមានប៉ូល(សេដ្ឋកិច្ច) ៥។ សម្ដេចតេជោបានរៀបចំរួចហើយ។ ភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប តំបន់ឦសាននិងទិសពាយ័ព្យ។ មួយៗតាំងពី ២០២២ មក។ យើងជំរុញបន្ថែមទៀត។ រឿងនេះ ខ្ញុំសូមជូនបងប្អូនទាំងអស់ មិនថាមេធាវី មិនថាប្រជាពលរដ្ឋ ជាកងកម្លាំងប្រដាប់អាវុធ ជាខ្មែរត្រូវតែមានការព្រួយបារម្ភអំពីទឹកដី អធិបតេយ្យភាព កម្លាំងនិងសក្ដានុពលរបស់ជាតិយើង ព្រោះយើងវេទនា សង្គ្រាមបែកបាក់ជាតិយូរមកហើយ។ យើងមិនឲ្យមានហេតុដូចនេះទៅទៀតទេ ប៉ុន្ដែរួមគ្នាកសាងជាតិយើងឲ្យកាន់តែខ្លាំងទៅមុខទៀត។ គ្រាន់តែវិធីក្នុងការធ្វើខុសគ្នា ប៉ុន្ដែគោលដៅតែមួយ។ កុំប្រើវិធីសាស្ដ្រជ្រុលនិយម ដុតប្រទេស ឲ្យសេដ្ឋកិច្ចប្រទេសដាំក្បាលចុះ ដូចដែលអ្នកខ្លះស្រែក។ ខ្ញុំកោតនិយាយកើត និស្សិតរៀននៅជប៉ុន នៅពេលដែលចង់ឈ្នះ គាត់ចង់ស្ងោរពងមាន់ គាត់សុខចិត្តដុតផ្ទះចោល ហើយផ្ទះនឹងអ្នកណានៅ? ពងមាន់គាត់ហូបម្នាក់ឯង ប៉ុន្ដែផ្ទះនេះមួយគ្រួសារនៅ «ឲ្យសេដ្ឋកិច្ចដាំក្បាលចុះទៅ ដើម្បីឲ្យរដ្ឋាភិបាលនឹងធ្លាក់ បងប្អូនអត់ខ្វះអីហូបទេ បងប្អូនមានអង្ករ បន្លែជុំវិញផ្ទះហើយ» មិនបាច់ហូបសាច់អីទៀតទេ។
ខ្ញុំសូមអំពាវនាវបងប្អូនទាំងអស់ដែលមានការព្រួយបារម្ភរួមគ្នា ការបញ្ចេញមតិ កង្វល់ ខ្ញុំមិនហាមឃាត់ទេ ប៉ុន្ដែសុំកុំធ្វើអ្វីដែលហួស។ ការអនុវត្ដច្បាប់ និងការប្រើច្បាប់ដើម្បីការពារសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋក្នុងការរស់នៅ សិទ្ធិស្របច្បាប់របស់សង្គមជាតិដើម្បីដំណើរការទៅដោយស្ថិរភាព សន្ដិសុខ សន្ដិភាព ជាកិច្ចការសំខាន់។ បងប្អូនទាំងអស់នៅក្នុងវិស័យច្បាប់ក៏មានតួនាទីជួយផ្សព្វផ្សាយផង ណែនាំផង ជួនកាលក្មេងៗគ្នាអត់ដឹងទេ។អ្នកដែលចេញមកនេះជាអ្នកដុតនៅក្រៅ(ប្រទេស)មួយចំនួន រួមទាំងអ្នកនយោបាយមួយចំនួននៅពីក្រោយ អ្នកវិភាគមួយចំនួនចាស់ទុំ ប៉ុន្ដែគ្នាអ្នកចេញមកអនុវត្ដនេះគឺក្មេងៗ។ ឃើញគេមកៗតាម ជំពាមផង ដាវផង ម៉ែអត់ដឹងទៀត។ សូមជួយពន្យល់ទៅអ្វីជាសិទ្ធិ (និង)ព្រំដែនរបស់សិទ្ធ ដែលមិនគួរធ្វើ។ ភាសារបស់អ្នកច្បាប់ទៅលើ(ទិដ្ឋភាព)ច្បាប់មានឥទ្ធិពលណាស់ ហើយជួយបំពេញគ្នាដើម្បីការពារទាំងអស់គ្នា។
[បញ្ចប់សេចក្ដីអធិប្បាយ ១]
ខ្ញុំបានទទួលដំណឹងថា នាខែតុលាខាងមុខនេះ នឹងមានការបោះឆ្នោតជ្រើសតាំងប្រធានគណមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី ១៥ និង សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី ១១ ។ ក្នុងន័យនេះ, ខ្ញុំសូមលើកទឹកចិត្តដល់សមាជិក-សមាជិកា នៃគណៈមេធាវីបោះឆ្នោតជ្រើសរើសថ្នាកដឹកនាំនៃ ស្ថាប័នដ៏សំខាន់ នេះ ដែលមានសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានភាពជាអ្នកដឹកនាំល្អ ប្រកបដោយគុណធម៌ និង បុរេសកម្មជានិច្ច ដើម្បីបន្តដឹកនាំគណៈមេធាវីនៃព្រះ-រាជាណាចក្រកម្ពុជាឱ្យសម្រេចបាន សមិទ្ធផលថ្មីៗ បន្ថែមទៀត សំដៅរួមចំណែកឱ្យកាន់តែច្រើនដល់ការលើកកម្ពស់ នីតិរដ្ឋ ការពង្រឹងគោរពច្បាប់ និង យុត្តិធម៌ សង្គមជាតិ ។ ខ្ញុំសូមយកឱកាសនេះ ជូនពរ ក្រុមការងាររៀបចំមហាសន្និបាតគណៈមេធាវីលើកទី ២៩ ដឹកនាំដោយ ឯកឧត្តម លី ច័ន្ទតុលា ជាប្រធាន និង ឯកឧត្តម សាំង វណ្ណៈ ជាអនុប្រធាន សូមទទួលបានជោគជ័យខ្ពស់ ។
ដើម្បីបន្តពង្រឹង និង លើកកម្ពស់គុណភាព និង ប្រសិទ្ធភាព ប្រព័ន្ធយុត្តិធម៌, ខ្ញុំសូមផ្តល់នូវទស្សនៈ និង អនុសាសន៍មួយចំនួន ដូចខាងក្រោម ៖
ទី១. ជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់លើគុណភាព និង សេវាមេធាវី, គណៈមេធាវី ត្រូវបន្តយកចិត្តទុកដាក់លើ ការបន្តការបណ្តុះបណ្តាល និង ការបង្កើនសមត្ថភាពមេធាវី ទាំង ជំនាញរឹង និង ជំនាញទន់ ជាប្រចាំ ដើម្បីពង្រឹងការគោរពច្បាប់ វិធានវិជ្ជាជីវៈ និង ក្រមសីលធម៌មេធាវី នៃ គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ។
ទី២. មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ត្រូវបន្តជ្រើសរើសសម្រិតសម្រាំងគ្រូ បណ្តុះបណ្តាលប្រកបដោយសមត្ថភាពខ្ពស់ ទាំងជំនាញរឹង និង ជំនាញទន់, បន្តធ្វើបច្ចុប្បន្នភាពលើមុខវិជ្ជាដែលត្រូវបណ្តុះបណ្តាល និង វិធីសាស្ត្របង្រៀនឱ្យមានលក្ខណៈទំនើប ទាន់សម័យ និង ស្រប-តាមការវិវត្តនៃសង្គម សេដ្ឋកិច្ច និង បច្ចេកវិទ្យា ។
ទី៣. គណៈមេធាវី ត្រូវបន្តអនុវត្តគោលនយោបាយ និង បេសកកម្មរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារក្តី និង ផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និង កុមារ និង ពង្រីកសកម្មភាពផ្សព្វផ្សាយច្បាប់ដល់សាធារណជន, ព្រមទាំងចូលរួមលើកកម្ពស់គោលការណ៍នីតិរដ្ឋ ដើម្បីចូលរួមលើកកម្ពស់យុត្តិធម៌សង្គម ប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និង ពង្រឹងជំនឿទុកចិត្តពីសាធារណជន មកលើវិស័យយុត្តិធម៌ ។
ទី៤. ខ្ញុំសូមលើកទឹកចិត្តដល់ ក្រសួងយុត្តិធម៌ សហការជាមួយ គណៈមេធាវី ដើម្បីពិនិត្យការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ពីព្រោះច្បាប់នេះបានអនុវត្តអស់រយៈពេលជិត ៣០ ឆ្នាំហើយ គួរតែធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា និង ឧត្តមានុវត្ត ដូចជាការគ្រប់គ្រង ការប្រកបវិជ្ជាជីវៈ ការផ្សព្វផ្សាយវិជ្ជាជីវៈ និង របៀបនៃការបោះឆ្នោត ជ្រើសរើសប្រធាន និងក្រុមប្រឹក្សាគណៈមេធាវីជាដើម។
ទី៥. មេធាវី គ្រប់រូប សូមបន្តជួយការពារយុត្តិធម៌នៅក្នុងសង្គម ជាពិសេសសូមបន្តជួយការពារក្តីដល់ជនក្រីក្រដោយមិនយកកម្រៃដោយយកចិត្តទុកដាក់ប្រកបដោយទឹកចិត្តអាណិតស្រឡាញ់ ដូចសមាជិកគ្រួសាររបស់ខ្លួន។
ទី៦. ក្នុងនាមជាអ្នកច្បាប់រួមចំណែកដល់ការពង្រឹងនីតិរដ្ឋ និង ការអនុវត្តច្បាប់, មេធាវីគ្រប់រូប ត្រូវគោរពច្បាប់ និងប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន, ព្រមទាំងត្រូវចៀសឱ្យខានតែបាននូវអាកប្បកិរិយាក្រអឺតក្រអោង និង អំពើល្មើសច្បាប់ណាមួយ។ ក្នុងន័យនេះ, ក្នុងករណីប្រព្រឹត្តសកម្ម- ភាពល្មើសច្បាប់ និង អសីលធម៌ណាមួយ, គណៈមេធាវី ត្រូវមានវិធានការឱ្យតឹងរ៉ឹងបំផុតស្របតាម នីតិវិធីជាធរមាន ។
ទី៧. ខ្ញុំសូមលើកទឹកចិត្តដល់ មេធាវីនៃគណៈមេធាវី សូមបន្តរួមចំណែកឱ្យបានកាន់តែច្រើនថែមទៀតជាមួយរាជរដ្ឋាភិបាល ដល់សកម្មភាពសង្គម និង ការលើកស្ទួយ និង ពង្រឹងនីតិរដ្ឋនៅព្រះរាជា- ណាចក្រកម្ពុជា ។
ទី៨. លេខាធិការដ្ឋាននៃសាលាជម្រះក្តីនានា ក្រឡាបញ្ជី ព្រះរាជអាជ្ញា និង ចៅក្រម សូមជួយសម្រួលដល់ការងាររបស់មេធាវី ដែលបានបំពេញវិជ្ជាជីវៈរបស់ខ្លួនត្រឹមត្រូវយុត្តិធម៌តាមច្បាប់ ជាពិសេសក្នុងរឿងក្តីរបស់ជនក្រីក្រ ។
ទី៩. ខ្ញុំសូមណែនាំដល់ អង្គភាពនគរបាលយុត្តិធម៌ទាំងអស់ សូមសហការជួយសម្រួលដល់មេធាវី ដែលបានអនុវត្តវិជ្ជាជីវៈក្នុងការអមកូនក្តីនៅដំណាក់កាលស៊ើបអង្កេតបឋមរបស់នគរបាលយុត្តិធម៌ ។
មុននឹងបញ្ចប់, ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះប្រធានក្រុមប្រឹក្សា និង មន្រ្តីគ្រប់លំដាប់ថ្នាក់ នៃគណៈមេធាវី ចំពោះការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញលើកស្ទួយប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និង សូមបន្តបេសកកម្មដឹកនាំ និង គ្រប់គ្រង គណៈមេធាវី និង វិជ្ជាជីវៈមេធាវី ប្រកបដោយតម្លាភាព គណនេយ្យភាព បរិយាប័ន្ន និង បុរេសកម្ម ។ ក្នុងឱកាសនេះ, ខ្ញុំសូមជូនពរ សិស្ស និង សិក្ខាកាម មេធាវី ដែលទទួលបានជ័យលាភីនៅថ្ងៃនេះ សូមទទួលបានជោគជ័យក្នុងអាជីពការងាររបស់ខ្លួន និង សូមប្រើចំណេះដឹង និង ជំនាញ វិជ្ជាជីវៈរបស់ខ្លួន ឱ្យស្របតាមច្បាប់ និង ក្រមសីលធម៌វិជ្ជាជីវៈ ។
[ចាប់សេចក្ដីអធិប្បាយ២]
(៣២) រៀបចំបង្កើតគណៈកម្មាការគ្រប់គ្រងនិងផ្សព្វផ្សាយពីមូលនិធិជូនប្រជាពលរដ្ឋដើម្បីជាតម្លាភាព
មួយចំណុចទៀតដែលសំខាន់ក្នុងវង់ក្រចក។ ចំពោះការចូលរួមថវិកាក្នុងមូលនិធិ(កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន)មកដល់ពេលេនះ បានជាង ១៩ លានដុល្លារ។ សំណួរសួរថាយើងគ្រប់គ្រងយ៉ាងម៉េច? ការធានានូវតម្លាភាព និងចំគោលដៅជាកិច្ចការសំខាន់ យើងនឹងបង្កើតគណៈកម្មាការគ្រប់គ្រង និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ។ឯកឧត្តម ខ្វាន់ ស៊ាម ខាងវិស្វកម្មនឹងធ្វើផែនការលំអិតរាយការណ៍ជាសាធារណៈជូនប្រជាពលរដ្ឋអំពីគំរោងដែលត្រូវធ្វើ។ យើងនៅសល់ ១ ៣០០ គីឡូម៉ែត្រ និងពេលជាង ១០ ឆ្នាំទៀត (ត្រូវការ)ថវិកា ជាង ២០០លានទៀត។ អញ្ចឹង ថវិកាដែលបាននេះ នឹងចូលទៅក្នុងការជួយកំណាត់ផ្លូវណាមួយ ហើយប្រជាពលរដ្ឋអាចទៅមើលផ្ទាល់តែម្ដងថាធ្វើឬអត់? បានប៉ុន្មាន? យើងនឹងដាក់ឲ្យច្បាស់ កុំឲ្យស្រពិចស្រពិល កំណត់ពីកន្លែងណាដល់កន្លែងណាបង្គោលណា ចំងាយប៉ុន្មាន ត្រូវប្រើប្រាស់ថវិកានេះ ហើយបងប្អូនអាចទៅមើល។ ខ្ញុំសូមបញ្ជាក់។ គេតែងតែលើកមក។ ខ្ញុំសូមបញ្ជាក់តែម្ដងគឺតម្លាភាព និងការប្រើប្រាស់ឲ្យចំគោលដៅ ធ្វើផ្លូវក្រវាត់ព្រំដែននេះ។ យើងនឹងធ្វើជាជំហាន ហើយបញ្ជាក់ជូន ព្រោះមានអ្នកសួរច្រើនលើរឿងនេះ …។
[បញ្ចប់សេចក្ដីអធិប្បាយ២]
ជាទីបញ្ចប់, ជាមួយនឹងការអបអរសាទរដល់សិស្សមេធាវី និង សិក្ខាកាមមេធាវីជ័យលាភីទាំងអស់ ខ្ញុំសូមប្រសិទ្ធពរជ័យជូនឯកឧត្តម លោកជំទាវ, លោក លោកស្រី, នាងកញ្ញា និង មេធាវីទាំងអស់ សូមប្រកបដោយសុខភាពល្អបរិបូណ៌ មានសុភមង្គលក្នុងក្រុមគ្រួសារ និង សម្រេចបានជោគជ័យក្នុងការងាររៀងៗខ្លួន ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព និង សូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត៕