គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពង់ធំ
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី និងជាប្រធាន គ.ស.ព.ស. បានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពង់ធំ ហើយដែលគ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នានេះនៅខេត្តដទៃទៀតផងដែរ ដើម្បីធានា ឱ្យបាននូវប្រសិទ្ធភាពលើការងារផ្សព្វផ្សាយ ការចងបណ្តាញក្រុមការងារព័ត៌មាន និងសាធារណមតិក្នុងកម្រិតទូទាំងប្រទេស។
នៅក្នុងមតិបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំ វគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ និង ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលបាន ចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយ គ.ស.ព.ស. និងការជួយឧបត្ថម្ភគាំទ្រសម្រាប់រៀបចំវគ្គបណ្តុះបណ្តាល ពីសំណាក់អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ។
វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមពីក្រុមការងារព័ត៌មាននិងសាធារណមតិ, ក្រុមយុវជន និងសកម្មជន និងមន្ត្រីព័ត៌មានទាំងអស់ដែលកំពុងបម្រើការងារនៅក្នុងមូលដ្ឋាននៃខេត្តកំពង់ធំទាំងក្រុមការងារព័ត៌មានដែលជា គ្រូបង្គោលមកពីបណ្តាខេត្តចំនួន៥ផ្សេងទៀត ដូចជាខេត្តស្វាយរៀង ឧត្តរមានជ័យ ត្បូងឃ្មុំ កំពង់ចាម និងខេត្តសៀមរាប សរុបចំនួនប្រមាណជាង២៥០នាក់។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តយន្តការសម្របសម្រួល ដើម្បីធានាប្រក្រតីភាព ប្រសិទ្ធភាព និងនិរន្តរភាពការងារ គ.ស.ព.ស. បានដឹកនាំនិងសម្របសម្រួលរៀបចំសិក្ខាសាលានៅទូទាំងប្រទេសចំនួន២លើករួចមកហើយ ដោយ លើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ និងលើកទី២ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងមកពី៦២ក្រសួង-ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បន្ថែមពីលើនេះ គ.ស.ព.ស. ក៏បានសហការរៀបចំដាក់ឱ្យដំណើរការនូវក្រុមការងារព័ត៌មាននិងសាធារណមតិដែលមានសមាសភាព មន្ត្រី៥រូបនៅតាមបណ្តារាជធានី-ខេត្តទាំង២៥ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដើម្បីដើរតួនាទីជា សេនាធិការបន្ថែមដល់រដ្ឋបាលរាជធានី-ខេត្តទាំងអស់លើការងារព័ត៌មាននិងសាធារណមតិ។
ក្នុងវគ្គបណ្តុះបណ្តាលនៅខេត្តកំពង់ធំនាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានសង្កត់ធ្ងន់ថា គោលបំណងដ៏សំខាន់ គឺការរៀបចំរបៀបរបបការងារឱ្យស្របតាមស្មារតីនៃអនុក្រឹត្យស្តីពីការប្រព្រឹត្តទៅរបស់ គ.ស.ព.ស. ដែលទើបត្រូវបានកែសម្រួលថ្មី រួមនឹងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងពង្រឹងសមត្ថភាពមន្ត្រីដែលកាន់ការងារព័ត៌មាននិងសាធារណមតិ, ដោយអនុវត្តតាមអភិក្រមបុរេសកម្ម (Pro-active Approach) ក៏ដូចជាការចងក្រងបណ្តាញធ្វើការងារឱ្យមានលក្ខណៈជាប្រព័ន្ធតួអង្គតែមួយស្របតាមគោលការណ៍នៃការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត ព័ត៌មានច្បាស់ការ ដែលមានប្រភពច្បាស់លាស់ ឆ្លើយតបនិងបន្សាបព័ត៌មានក្លែងក្លាយ និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយៈយន្តការបង្ហោះ ផ្សព្វផ្សាយ និងការឆ្លើយតបព័ត៌មានបានលឿន រហ័ស និងទាន់ពេលវេលា។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះក៏មានការអញ្ជើញចូលរួមពីវាគ្មិនជំនាញៗ ដែលរួមចំណែកក្នុងការចែករំលែក នូវបទពិសោធលើវិស័យព័ត៌មាន និងថ្នាក់ដឹកនាំដែលប្រឡូកក្នុងកិច្ចការព័ត៌មាននិងសាធារណមតិ ដោយផ្ទាល់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងជាអនុប្រធាន ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ហើយក៏មានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនជាថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ មកពីលេខាធិការដ្ឋាន គ.ស.ព.ស. ក្នុងការចែករំលែកនូវសារៈសំខាន់ ផលប៉ះពាល់ និងគ្រោះថ្នាក់នៃ បញ្ញាសិប្បនិម្មិត (AI) និងព័ត៌មានក្លែងក្លាយ, របៀបកាត់តវីដេអូក្នុងទូរសព្ទដៃ, ការប្រើប្រាស់បណ្តាញសង្គម ក្នុងការងារព័ត៌មាននិងសាធារណមតិ, ការផ្តល់ព័ត៌មាននិងការឆ្លើយតប រួមទាំងការចងក្រងរចនាសម្ព័ន្ធ ក្រុមការងារព័ត៌មានទាំងកម្រិតខេត្ត ដល់ថ្នាក់ឃុំ-សង្កាត់ ក្នុងក្របខ័ណ្ឌបម្រើឱ្យការងារព័ត៌មាននិងសាធារណមតិ នៃប្រព័ន្ធតួអង្គតែមួយផងដែរ ដោយមានកិច្ចសហការជាប្រចាំជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ទូទាំងខេត្តកំពង់ធំ។
ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានសំដែងនូវសេចក្តី សោមនស្សយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ ត្រងត្រាប់ស្ដាប់ និងបានចូលរួមយ៉ាងសកម្មនៅក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា «ក្រៅពីការស្វែងយល់កាន់តែច្បាស់អំពីតួនាទីភារកិច្ច និងរបៀបរបបការងារសំខាន់ៗមួយចំនួន រួមទាំងទម្រង់ វិធីសាស្ត្រ និងរបៀបសហការជាប្រព័ន្ធតួអង្គតែមួយ ជាមួយក្រុមការងារព័ត៌មាននិងសាធារណមតិ សិក្ខាកាមទាំងអស់ប្រាកដជាទទួលបាននូវចំណេះដឹងយ៉ាងច្រើន និងជាក់ស្ដែង ពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជាពិសេសការទាញយកប្រយោជន៍ពីបច្ចេកវិទ្យាមួយនេះ សម្រាប់គោលដៅបម្រើឱ្យការបំពេញការងារប្រចាំថ្ងៃ»។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវរួបរួមគ្នាបំពេញភារកិច្ចរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ និងប្តេជ្ញាការពារនិងថែរក្សាសុខសន្តិភាពដូចសព្វថ្ងៃនេះឱ្យខាងតែបាន និងចាំបាច់ ទាមទារនូវឆន្ទៈនិងសកម្មភាពរួមគ្នាជាធ្លុងមួយរបស់យើងទាំងអស់គ្នា ដើម្បីអនុវត្តនូវ «គោលការណ៍កម្លាំងសរុប និងមធ្យោបាយសរុប» ដែលជាគ្រឹះនៃការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ក្នុងការបំពេញភារកិច្ច លើការងារគ្រប់គ្រងព័ត៌មាននិងសតិអារម្មណ៍របស់សាធារណជន ដើម្បីធានាឱ្យបាននូវប្រក្រតីភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃការងារនេះដែលនឹងទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលល្អប្រសើរ។ វគ្គបណ្ដុះបណ្ដាល ស្តីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» នៅក្នុងខេត្តកំពង់ធំ បានបិទបញ្ចប់នារសៀលថ្ងៃដដែលនេះ ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងភាតរៈបំផុត ៕