សូមទស្សនាវីដេអូ៖ ទឹកដីរបស់កម្ពុជាគឺជាបេះដូងរបស់ជាតិ ដែលមិនអាចរងការរំលោភបំពានបានឡើយ
នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានបញ្ចេញវីដេអូ មានរយៈពេល៩នាទី និង២១វិនាទី មានចំណងជើងថា៖ ទឹកដីរបស់កម្ពុជាគឺជាបេះដូងរបស់ជាតិ ដែលមិនអាចរងការរំលោភបំពានបានឡើយ ។
ឯកភាពជាតិខ្មែរនិងកម្លាំងសាមគ្គីជាតិ គឺជារនាំងការពារបូរណភាពទឹកដីដ៏រឹងមាំ !
ទឹកដីរបស់កម្ពុជានៅលើផែនទីគឺជាលទ្ធផលនៃការលះបង់និងពលីកម្មដ៏ធំធេង និងប្រវត្តិសាស្រ្តនៃប្រជាជាតិ របស់យើង។ អធិបតេយ្យភាពគឺជារឿងដែលមិនអាចចរចាបាន មិនអាចរំលោភបំពានបាន ហើយក៏មិនអាចលះបង់ចោលបាននោះដែរ ទោះក្នុងកាលៈទេសៈនិងដោយតម្លៃណាក៏ដោយ។
ប្រជាជាតិខ្មែរបានងើបផុតពីទុក្ខលំបាក និងបានឈរការពារទឹកដីដោយការលះបង់សាច់ស្រស់ឈាមស្រស់ និងដោយការប្រើប្រាស់បញ្ញាញាណ។ នៅថ្ងៃនេះ ប្រទេសកម្ពុជាបានងើបឈរជាថ្មីម្តងទៀត ជាមួយនឹងសំឡេងតែមួយ នោះគឺសំឡេងរបស់ប្រជាជាតិនិងប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស។
ពេលនេះគឺជាពេលវេលាដែលជាតិយើងត្រូវការកម្លាំងសាមគ្គីមហាគ្រួសារខ្មែរ តែមួយ ព្រោះការរួបរួមគឺជាជ័យជំនះ។ សូមយើងទាំងអស់គ្នាចងចាំថា នៅក្នុងពេលវេលាដ៏សំខាន់បំផុតនៃប្រវត្តិសាស្ត្រជាតិរបស់យើង ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងក្នុងនិងក្រៅប្រទេស ត្រូវតែបន្តរួមគ្នាជាធ្លុងមួយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ឈរនៅជាមួយរាជរដ្ឋាភិបាល ឈរនៅជាមួយ វីរៈកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់យើង និងឈរនៅជាមួយប្រជាជាតិខ្មែរ ក្រោមបាវចនា «ជាតិតែមួយ បេះដូងតែមួយ» – «ទឹកដីរបស់កម្ពុជាមិនអាចរំលោភបំពានបានឡើយ» – «អធិបតេយ្យភាពរបស់កម្ពុជាមិនអាចបំបែកបំបាក់បានឡើយ»។ អនាគតរបស់កម្ពុជាគឺជាកាតព្វកិច្ចដ៏ពិសិដ្ឋរបស់យើងទាំងអស់គ្នា ដែលត្រូវការពារឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ៕
សូមទស្សនាវីដេអូទាំងស្រុង៖





