Grand News Asia Close

វិភាគអន្តរជាតិ៖ តើអ៉ីស្រាអែល អាចនឹងសងសឹកហេសបូឡា ដោយវិធីណា?​

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 411
វិភាគអន្តរជាតិ៖ តើអ៉ីស្រាអែល អាចនឹងសងសឹកហេសបូឡា ដោយវិធីណា?​ វិភាគអន្តរជាតិ៖ តើអ៉ីស្រាអែល អាចនឹងសងសឹកហេសបូឡា ដោយវិធីណា?​

(ហ្ស៊េរុយសាឡិម)៖ អស់រយៈពេលជាច្រើនខែមកហើយ អ៉ីស្រាអែលបានសន្យាថានឹងបិទបញ្ចប់ការបាញ់ផ្លោងឆ្លងដែនពីសំណាក់ក្រុមហេសបូឡាលីបង់ (Hezbollah) ដែលបានបង្ខំឱ្យ ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្បែរព្រំដែនជាប់ជាមួយលីបង់។ ស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនឡើងក្នុងសប្ដាហ៍នេះ បន្ទាប់ពីរ៉ុក្កែតមួយគ្រាប់ បានធ្លាក់ចំទីលានបាល់ទាត់មួយ ក្នុងតំបន់​ Golan Heights គ្រប់គ្រងដោយអ៉ីស្រាអែល បានសម្លាប់មនុស្សក្មេងៗ១២នាក់។ ឧបទ្ទវហេតុនេះត្រូវបានអ៉ីស្រាអែល និងអាមេរិក ចោទថាជា ស្នាដៃរបស់ក្រុមហេសបូឡា តែចលនាប្រដាប់អាវុធមួយនេះមានមូលដ្ឋានក្នុងប្រទេសលីបង់បានប្រកែកថាខ្លួនមិនមានជាប់ពាក់ព័ន្ធទេ។ យ៉ាងណាក៏ដោយ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែល បានព្រមានថានឹងសងសឹកក្រុមហេសបូឡាយ៉ាងចាស់ដៃ ទោះជាមិនបានបញ្ជាក់ថាតើអ៉ីស្រាអែលនឹងសងសឹកបែបណាចំពោះការវាយប្រហារ កាលពីថ្ងៃសៅរ៍ ២៧ ខែកក្កដា លើទីក្រុង Majdal Shams នៃតំបន់ Golan Heights ក៏ដោយ?

តាមក្រុមអ្នកជំនាញ យុទ្ធសាស្ត្ររបស់អ៉ីស្រាអែល ទំនងជាការបង្កើនការដាក់សម្ពាធលើក្រុមហេសបូឡាផង ហើយព្យាយាមបញ្ចៀសកុំឱ្យសង្រ្គាមទ្រង់ទ្រាយធំផ្ទុះឡើងផង ក្នុងពេលដែល កងទ័ពរបស់ខ្លួនបន្តធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សានៅឡើយ។ ដូច្នេះថាតើអ៉ីស្រាអែលនឹងសងសឹកហេសបូឡា ដោយវិធីណា?

* អ្វីទៅជាជម្រើសរបស់អ៉ីស្រាអែល?

លោកស្រី Orna Mizrahi ជាអ្នកជំនាញម្នាក់ស្ដីពីក្រុមហេសបូឡា មកពីវិទ្យាស្ថានសម្រាប់ការសិក្សាសន្តិសុខជាតិរបស់អ៉ីស្រាអែល (Institute for National Security Studies) បាននិយាយថាការសងសឹកនឹងមានលក្ខណៈធ្ងន់ធ្ងរជាងអ្វីដែលអ៉ីស្រាអែលបានធ្វើកន្លងមក មកទល់នឹងឥលូវ។ ប៉ុន្តែ ចំណាត់ការសងសឹករបស់អ៉ីស្រាអែលអាចនឹងធ្វើឡើងក្នុងទម្រង់មួយ ដែលក្រុមហេសបូឡាអាចទប់កំហឹងបាន និងអាចបញ្ចៀសកុំឱ្យស្ថានការណ៍ធ្លាក់ចុះកាន់តែដុនដាប រហូតផ្ទុះទៅជាសង្រ្គាមពេញទំហឹង។ ដូចគ្នាដែរ លោក Jean-Loup Samaan ជាអ្នកស្រាវជ្រាវម្នាក់មកពីវិទ្យាស្ថានទំនាក់ទំនងការបរទេសបារាំង (French Foreign Relations Institute) មានមូលដ្ឋានក្នុងប្រទេសលីបង់ យល់ថាអ៉ីស្រាអែលកំពុងចង់បង្ហាញថា ពួកគេដាច់ខាតត្រូវតែសងសឹក។ ប៉ុន្តែបញ្ហាគឺនៅត្រង់ថាត្រូវសងសឹកដូចម្ដេច? អ្នកស្រាវជ្រាវរូបនេះបន្ថែមថាការកំណត់គោលដៅ និងទីតាំងដើម្បីវាយប្រហារគឺជាកត្តាមួយដ៏សំខាន់ អាចបញ្ជាក់ថាតើអ៉ីស្រាអែលមានការតាំងចិត្តកម្រិតណាក្នុងការសងសឹក។ ពោលគឺថាតើអ៉ីស្រាអែលនឹងវាយប្រហារលើរដ្ឋធានីបេរូត ឬ? ឬមួយ ពួកគេបើកការវាយប្រហារតែនៅត្រឹម គោលដៅនៅភាគខាងត្បូងលីបង់ ដូចដែលពួកគេកំពុងធ្វើសព្វថ្ងៃ? ឬពួកគេនឹងវាយប្រហារលើគោលដៅសំខាន់ៗរបស់ក្រុមហេសបូឡា? ឬក៏ពួកគេនឹងពង្រីកការវាយប្រហារដល់ ហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលលីបង់ ឬអាកាសយានដ្ឋានតែម្ដង»។ តាមលោក Samaan លោកផ្ទាល់មិនគិតនោះទេថាអ៉ីស្រាអែលបានឈានដល់ចំណុចទាំងនេះ។

* តើអាចនឹងមានការបញ្ជូនទ័ពថ្មើរជើងចូលលីបង់ ដែរឬទេ?

ក្រុមអ្នកជំនាញភាគច្រើន បានជឿថាក្នុងពេលបច្ចុប្បន្ន ការបញ្ជូនកងទ័ពថ្មើរជើង ឬការឈ្លានពានតាមជើងគោកមិនទំនងជានឹងកើតឡើងនោះទេ។ លោក Michael Horowitz ជាអ្នកជំនាញ ខាងភូមិសាស្ត្រនយោបាយរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ខាងសន្តិសុខ Le Beck មានមូលដ្ឋានក្នុងតំបន់មជ្ឈិមបូព៌ា បាននិយាយថាអ៉ីស្រាអែលអាចនឹងវាយប្រហារតាមផ្លូវអាកាសយ៉ាងចាស់ ដៃណាមួយលើក្រុមហេសបូឡា ដោយមិនប៉ះពាល់ដល់រដ្ឋធានីបេរូតឡើយ។ ជាឧទាហរណ៍ដូចជាការវាយប្រហារតាមផ្លូវអាកាសកាលពីប៉ុន្មានថ្ងៃមុននេះ លើគោលដៅយោធានៅតាមផ្នែក ជាច្រើនផ្សេងទៀតនៃប្រទេសលីបង់។ សម្រាប់លោកស្រី Mizrahi និងលោក Samaan ក៏យល់ស្របដែរថាការឈ្លានពានតាមជើងគោកមិនទំនងជានឹងកើតឡើងទេ ហើយហេតុផលចម្បង មួយ នោះគឺផលលំបាកក្នុងការបែងចែកកងទ័ពសម្រាប់សមរភូមិសង្រ្គាម២ ក្នុងពេលតែមួយ ខណៈប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់ ត្រូវបានកែនឱ្យចូលបម្រើកងទ័ពរួចទៅហើយ ចាប់តាំងពី សង្រ្គាមហ្កាហ្សាផ្ទុះឡើង កាលពីខែតុលា ឆ្នាំ២០២៣មក។

«ជាការពិតណាស់ អ៉ីស្រាអែលបានត្រៀមលក្ខណៈសម្រាប់សង្រ្គាមច្រើនសមរភូមិអស់រយៈពេលជាយូរមកហើយ។ ក៏ប៉ុន្តែវាក៏មិនមានមានន័យថាអ៉ីស្រាអែលចាំបាច់ត្រូវតែធ្វើសង្រ្គាម ក្នុងសមរភូមិច្រើនទេ»។ នេះជាការលើកឡើងរបស់លោក Horowitz ដោយបន្ថែមថាសង្រ្គាមជើងគោក គឺជាជម្រើសដ៏ប្រថុយប្រថានបំផុត និងពោរពេញដោយសេណារីយ៉ូដែល ពិបាកព្យាករទុកមុន ពីព្រោះប្រសិនការបញ្ជូនកងទ័ពថ្មើរជើងចូលលីបង់ពិតជាកើតឡើងមែន នោះគ្មាននរណាអាចបញ្ឈប់អ៉ីស្រាអែលបានឡើយ ហើយអ៉ីស្រាអែលខ្លួន​ឯង ក៏មិនអាចដកថយ វិញនោះដែរ។ ម្យ៉ាងវិញទៀត បើតាមលោក Samaan បញ្ហាចម្បង នោះគឺថាតើអ៉ីស្រាអែលត្រូវដកកងទ័ពចំនួនប៉ុន្មានចេញពីហ្កាហ្សា ដើម្បីធ្វើសង្រ្គាមជាមួយហេសបូឡា ស្របពេល ទាហានអ៉ីស្រាអែលបន្តប្រយុទ្ធជាមួយក្រុមហាម៉ាស ដែលនៅតែអាចប្រមូលផ្ដុំកម្លាំងឡើងវិញនៅតាមទីតាំងដែលយោធាអ៉ីស្រាអែលអះអាងថាបានបោសសម្អាតរួចទៅហើយនោះ។ តែយ៉ាងណាក៏ដោយ លោកស្រី Mizrahi បាននិយាយថាខណៈលោកស្រីរំពឹងថាការសងសឹករបស់អ៉ីស្រាអែល នឹងនៅក្នុងកម្រិតល្មមមួយអាចបញ្ចៀសកុំឱ្យសង្រ្គាមទ្រង់ទ្រាយធំផ្ទុះឡើង ក៏អ៉ីស្រាអែលមានសមត្ថភាពធ្វើសង្រ្គាមក្នុងសមរភូមិ២ ក្នុងពេលតែមួយ ទោះជាសង្រ្គាមបែបនេះខាតបង់ច្រើន និងលំបាកខ្លាំងក៏ដោយ។

* តើសហរដ្ឋអាមេរិក អាចឃាត់អ៉ីស្រាអែល បានទេ?

សហគមន៍អន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិបានប្រឹងប្រែងអស់ជាច្រើនខែមកហើយ ដើម្បីទប់ស្កាត់កុំឱ្យសង្រ្គាមហ្កាហ្សារាលដាលចូលទៅក្នុងប្រទេសលីបង់។ លោក Horowitz ពន្យល់ថា អ៉ីស្រាអែលត្រូវតែស្ដាប់ និងពិចារណាលើគំនិតយោបល់របស់សហរដ្ឋអាមេរិក ជាពិសេសពាក់ព័ន្ធនឹងក្រុមហេសបូឡា ពីព្រោះចង់ ឬមិនចង់ ទីក្រុងវ៉ាស៊ីនតោន មុខជាត្រូវធ្វើអន្តរាគមន៍ជួយអ៉ីស្រាអែល ក្នុងករណីសង្រ្គាមទ្រង់ទ្រាយធំផ្ទុះឡើងមែននោះ។ ចំណែក លោកស្រី Mizrachi វិញបានសង្កត់ធ្ងន់ថា «អ្វីដែលសហរដ្ឋអាមេរិក និងស្នើសុំគឺជារឿង ដែលអ៉ីស្រាអែលត្រូវយកទៅពិចារណា ហើយក៏ត្រូវពិចារណាលើគំនិតយោបល់សម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនដែរ។ ក៏ប៉ុន្តែជាទម្លាប់ ការពិចារណាដ៏សំខាន់ដែលមេដឹកនាំអ៉ីស្រាអែលមិនអាចខ្វះបាន នោះគឺអ្វីដែលល្អសម្រាប់ប្រជាជនអ៉ីស្រាអែល»។

គួរបញ្ជាក់ថា អ៉ីស្រាអែល និងក្រុមហេសបូឡា បានបាញ់ផ្លោងឆ្លងដែនដាក់គ្នាស្ទើរតែរៀងរាល់ថ្ងៃ ចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើងមក។ ការបាញ់ផ្លោងដាក់គ្នានេះបានសម្លាប់មនុស្ស យ៉ាងហោច ៥២៩នាក់ក្នុងប្រទេសលីបង់ ក្នុងនោះភាគច្រើនជាសមាជិកក្រុមអ្នកប្រយុទ្ធហេសបូឡា និងជនស៊ីវិល១០៤នាក់។ នេះបើតាមទិន្នន័យរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ខណៈបើតាមយោធាអ៉ីស្រាអែល អ៉ីស្រាអែលមានជនស៊ីវិល ២៤នាក់ និងទាហាន ២២នាក់ត្រូវបានសម្លាប់៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង