Grand News Asia Close

 អ.ស.ប៖ មនុស្សមួយពាន់លាននាក់ រងការគំរាមកំហែងដោយជំងឺអាសន្នរោគ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 291
 អ.ស.ប៖ មនុស្សមួយពាន់លាននាក់ រងការគំរាមកំហែងដោយជំងឺអាសន្នរោគ  អ.ស.ប៖ មនុស្សមួយពាន់លាននាក់ រងការគំរាមកំហែងដោយជំងឺអាសន្នរោគ

 

(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃសុក្រថា មនុស្ស ១ពាន់លាននាក់នៅក្នុងប្រទេសចំនួន៤៣ កំពុងប្រឈមហានិភ័យកើតជំងឺអាសន្នរោគដែលជា «ជំងឺរាតត្បាតសម្លាប់អ្នកក្រីក្រ» ទោះបីជាការការពារនិងការព្យាបាលមានលក្ខណៈសាមញ្ញក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។

លោក Henry Gray នាយកទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ សម្រាប់ការឆ្លើយតបនឹងជំងឺអាសន្នរោគសកលបាននិយាយថា «អង្គការសុខភាពពិភពលោកប៉ាន់ស្មានថា មនុស្ស ១ពាន់លាននាក់នៅក្នុងប្រទេសចំនួ៤៣ មានហានិភ័យជំងឺអាសន្នរោគ»។

លោកបានញ្ជាក់ថា រហូតមកដល់ពេលនេះ មានប្រទេសចំនួន២៤ បានរាយការណ៍ពីការផ្ទុះជំងឺអាសន្នរោគ ធៀបនឹង១៥ប្រទេសកាលពីពាក់កណ្តាលខែឧសភាឆ្នាំមុន។

លោក​ Gray បានស្តីបន្ទោសរឿងនេះ ទៅលើការកើនឡើងនៃភាពក្រីក្រ ជម្លោះ និងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ទីលំនៅដែលធ្វើឲ្យពួកគេចាកចេញពីប្រភពអាហារ និងទឹកដែលមានសុវត្ថិភាពជាងមុន និងដោយគ្មានជំនួយផ្នែកវេជ្ជសាស្ត្រ។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា «ជាមួយនឹងការកើនឡើងនៃចំនួនប្រទេសដែលរងផលប៉ះពាល់ដោយជំងឺអាសន្នរោគ ធនធានដែលមានសម្រាប់ការបង្ការ និងការឆ្លើយតបគឺកាន់តែរីងស្ងួត»។

ជំងឺអាសន្នរោគត្រូវបានបង្កឡើងដោយបាក់តេរី ដែលជាទូទៅឆ្លងតាមរយៈអាហារ ឬទឹកដែលមានមេរោគ៕

អត្ថបទទាក់ទង