Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, បើកជាផ្លូវការ ”ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី ២”

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 563

CMF:

លោក Gordon Tang អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី និង
ជាប្រធានសមាគមកីឡាយុទ្ធគុនចម្រុះអាស៊ី
ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
គណៈអធិបតីភ្ញៀវកិត្តិយស ប្រតិភូកីឡា អត្តពលិក ជាតិនិងអន្តរជាតិ និង
អង្គពិធីទាំងមូលជាទីស្រលាញ់រាប់អាន!

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

First of all, I’d like to welcome all the participants from all the 15 countries and regions and all the referees to AMMA. I hope you enjoy (staying in) Cambodia as well as the competition. Good luck to all.

[បញ្ចប់សេចក្ដីអធិប្បាយ១]

ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីបើកការប្រកួតយុទ្ធគុនចម្រុះជ្រើស–រើសជើងឯកអាស៊ីលើកទី ២» នាពេលនេះ ។ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា, ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកីឡាយុទ្ធគុនចម្រុះទាំង ១៨ ប្រទេស តំបន់ ដែលបានចូលរួមក្នុងទីនេះ និង សូមអរគុណដល់គណៈប្រតិភូតំណាងចលនាអូឡាំពិក សមាគមយុទ្ធគុនចម្រុះអាស៊ី ដែលបានផ្តល់ទំនុកចិត្តដល់កម្ពុជា ក្នុងការរៀបចំ ការប្រកួតជ្រើសរើសជើងឯកកីឡាយុទ្ធគុនចម្រុះអាស៊ី លើកទី ២ នេះ។

ខ្ញុំសូមយកឱកាសនេះ រំលឹកឡើងវិញថា កម្ពុជាទើបតែបានរៀបចំ ការប្រកួតកីឡា SEA Gamesលើកទី ៣២ និង ASEAN Para Games លើកទី ១២ ឆ្នាំ ២០២៣ ដោយទទួលបានជោគជ័យ ដ៏ត្រចះត្រចង់។

វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និង បានដើរតួនាទីយ៉ាង​សំខាន់ ទាំង​នៅ​កម្ពុជា និង ពិភពលោក, ដោយកីឡាទទួលបាននូវការចាប់អារម្មណ៍ និង គាំទ្រ កាន់តែច្រើនពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬ និន្នាការនយោបាយឡើយ។ ក្នុងន័យនេះ​ ព្រឹត្តិការណ៍កីឡាមិនមែនគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះទេ, ប៉ុន្តែជាងនេះទៀត​ ព្រឹត្តិការណ៍ប្រកួតកីឡា គឺជា ឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និង កេរ្តិ៍ឈ្មោះប្រទេសជាតិ, ក៏ដូចជា រួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាព និង មិត្តភាព រវាងប្រតិភូកីឡានៃប្រទេសដែលបានចូលរួម ។

ក្រោមដំបូលនៃសុខសន្តិភាព, ស្ថិរភាពនយោបាយ និង កំណើនសេដ្ឋកិច្ច, រាជរដ្ឋាភិបាល​​កម្ពុជា បាន និង កំពុង​យកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យកីឡា ដើម្បីបង្កលក្ខណៈល្អប្រសើរ សម្រាប់ បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងការលេងកម្សាន្ត និង ពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះ ក្នុងព្រឹត្តិការណ៍កីឡាធំៗ ។

ការប្រកួតយុទ្ធគុនចម្រុះ (Mix Martial Arts-MMA) ដែលបើកទ្វារចំហ សម្រាប់អ្នកហាត់ក្បាច់-គុន ឬ កីឡាប្រយុទ្ធគ្រប់ប្រភេទ គ្រប់ទម្រង់ អាចចូលរួមប្រកួតបាននេះ, ហើយកន្លងមកឃើញមានកីឡាករប្រយុទ្ធជាច្រើន មកពីកីឡា Jujitsu, Judo, Wrestling, Boxing, Kickboxing, Karate, Taekwondo។ ចំពោះកម្ពុជា, យើងក៏ធ្លាប់មានឱកាសល្អចូលរួមប្រកួតយុទ្ធគុនចម្រុះអន្តរជាតិជាច្រើនលើក ក្នុងនាមជាកីឡាករប្រយុទ្ធគុនខ្មែរ, កីឡាករគុនល្បុក្កតោ, កីឡាករចំបាប់, កីឡាករការ៉ាតេ និង កីឡាករយូដូ ជាដើម ។

បន្ថែមលើនេះ, កម្ពុជានៅមានយុទ្ធគុនខ្មែរបុរាណសម្បូរបែបច្រើនប្រភេទ ច្រើនទម្រង់ និង ច្រើនមេគុន ដែលខ្ញុំបានផ្តើម និង ផ្តល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ក្នុងខែ តុលាជារៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ ២០២៤ តទៅ ដើម្បីបើកចំហ យ៉ាងទូលំទូលាយ ដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ, គ្រប់ទម្រង់, គ្រប់ក្បាច់គុន និង គ្រប់ទិសទី អាចមកចូលរួមប្រកួតទាំងមហាជន, ទាំងមន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពោលគឺទាំងសញ្ជាតិខ្មែរ និង បរទេស អាចចូលរួម ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ បានទាំងអស់គ្នា។ ក្នុងនោះ ខ្ញុំក៏បានណែនាំឱ្យរៀបចំបង្កើតក្រុមជំនុំសិក្សាស្រាវជ្រាវចងក្រងស្រាវជ្រាវយុទ្ធគុនខ្មែរបុរាណផងដែរ ។

[ផ្ដើមសេចក្ដីអធិប្បាយ២]

សូមឆ្លៀតឱកាសនេះ ជំរាបដល់កីឡាករនៅទីនេះ ដល់យុវជន និងបងប្អូនដែលចូលរួមទស្សនា អ្នកដែលចេះក្បាច់គុនបុរាណខ្មែរ ទាំងប្រជាពលរដ្ឋដែលទស្សនាតាមកញ្ចក់ទូរទស្សន៍(អោយបានជ្រាបថា) នៅខែតុលា ឆ្នាំ២០២៤ នេះ ហើយរៀងរាល់ខែតុលា ចាប់ពីឆ្នាំ ២០២៤ (នេះទៅ) យើងហ្នឹងមានរៀបចំ(ព្រឹត្តិការណ៍)ស្រដៀងAMMA ​ដែរ ប៉ុន្តែរបស់ខ្មែរ គឺប្រកួតតែក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ រាប់តាំងពីល្បុក្កតោ យុទ្ធគុនខម ខ្លាក្រាប ស្រង៉ែពេន គុណដំបង។ (សូមអំពាវនាវឱ្យអ្នកចេះក្បាច់គុណទាំងនេះ)ដាក់ពាក្យចូលប្រកួតឱ្យបានច្រើនកុះករ។ ព្រឹត្តិការណ៍នេះក៏ស្វាគមន៍បងប្អូនបរទេសដែរ ប៉ុន្តែត្រូវចេះក្បាច់គុនខ្មែរ។ អញ្ចឹងបើសិនជាចង់ចូលប្រកួតពីនេះ(ទៅ)សល់៣ខែ អាចរៀនក្បាច់គុនខ្មែរណាមួយដើម្បីចូលប្រកួតបានទៀត។

កន្លងទៅ យើងមានរៀបចំប្រកួតក្បាច់គុនចម្រុះមានដូចជាប្រដាល់គុនខ្មែរ ល្បុក្កតោ ជាដើម តែឥឡូវយើងរៀបស្រដៀង AMMA ដោយយកក្បាច់គុនចម្រុះ ដើម្បីឱ្យអ្នកដែលចេះក្បាច់គុនគ្រប់ទម្រង់មានឱកាសមកសម្ដែង មកប្រកួតក្នុងពេលតែមួយ, បង្ហាញកូនខ្មែរនិងអន្តរជាតិថាខ្មែរមានក្បាច់គុនច្រើន មិនមែនមានតែ ២ឬ៣ នោះទេ ក៏ដូចជាដើម្បីផ្ដល់ឱកាសឱ្យស្រាវជ្រាវមកបង្ហាញឡើងវិញ។ នេះគឺជាឱកាសធំសម្រាប់កូនខ្មែរ។ សូមស្វាគមន៍ទាំងអស់គ្នា។​ ឆ្នាំនេះ យើងរៀបចំថ្ងៃទី២០ ខែតុលា ហើយនៅឆ្នាំក្រោយៗ យើងនឹងព្យាយាម(រៀបចំក្នុង)ខែតុលា។ អញ្ចឹង (ក្នុងព្រឹត្តិការណ៍នេះ)កំដៅសាច់ដុំត្រៀមឱ្យហើយ។

[បញ្ចប់សេចក្ដីអធិប្បាយ២]

មុននឹងបញ្ចប់ ខ្ញុំសូមថ្លែអំណរគុណចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ជាពិសេសឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន, ឯកឧត្តម វ៉ាត់ ចំរើន និងក្រុ​មការងារ, គណៈកម្មាធិការអូឡាំពិក អន្តរជាតិ IOC, លោក Gordon Tang, ក្រុមប្រឹក្សាអូឡាំពិក COCA, សមាគមយុទ្ធគុនចម្រុះអាស៊ី, គណៈប្រតិភូកីឡាអត្តពលិក យុទ្ធគុនចម្រុះអាស៊ីមកពីបណ្ដាប្រទេសដែលចូលរួមថ្ងៃនេះ មាន១៨ប្រទេស តំបន់ ដែលបានសហការរៀបចំព្រឹ​ត្តិការនៅថ្ងៃនេះបានរលូន ធ្វើឱ្យកម្មវិធីថ្ងៃនេះបានអធិកអធម។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរឱ្យការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ីលើកទី២ AMMA Championship second នឹងប្រព្រឹត្តិទៅបានជោគជ័យនិងសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ, ប្រតិភូកីឡា អត្តពលិក គណៈគ្រប់គ្រងប្រកួតទាំងអស់​ឱ្យទទួលបានសេចក្ដីសុខជោគជ័យគ្រប់ភារកិច្ច ។

ខ្ញុំសូមប្រកាសបើក «ការប្រកួតយុទ្ធគុនចម្រុះ ជ្រើសរើសជើងឯកអាស៊ីលើកទី ២ ឆ្នាំ២០២៤» ចាប់ពីពេលនេះតទៅ !

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]

ក្នុងឱកាសនេះ សូមផ្ដល់ជូនគណៈកម្មការរៀបចំ២០លាន(រៀល) គ្រូពេទ្យប្រចាំការ ថវិកា ៣លានរៀលផងដែរ។

អត្ថបទទាក់ទង