Grand News Asia Close

ប្រសាសន៍សំខាន់ៗសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសបើកមហាសន្និបាត JCI តំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៤

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 1073

(សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបើក «មហាសន្និបាតប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិច នៃសភាយុវពាណិជ្ជករអន្តរជាតិ ឆ្នាំ២០២៤» នៅខេត្តសៀមរាប។

មហាសន្និបាតនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាតិ និងអន្តរជាតិប្រមាណជិត៤ពាន់នាក់ មកពី ២១ប្រទេសក្នុងតំបន់ និង២៣ប្រទេសពីតំបន់នានាផងដែរ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសបើកមហាសន្និបាត JCI តំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៤៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានសេចក្តីសោមនស្សរីករាយ ដែលបានថ្លែងនៅក្នុងមហាសន្និបាត JCI ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៤ ដែលជាការជួបជុំរបស់យុវជនដ៏ធំបំផុតមួយ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់យើង។

* សម្តេចធិបតី ថ្លែងថា សម្តេចពិតជាមានកិត្តិយស ដែលប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាបដែលជាទីប្រជុំនៃប្រវត្តិសាស្ត្រ និង វប្បធម៌របស់យើង ត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល សូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ JCI ក្នុងការលើកកម្ពស់ភាពអង់អាចរបស់យុវជនដែលបាន ចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស។

* សម្តេចធិបតី សូមថ្លែងអំណរគុណចំពោះ JCI និង JCI-កម្ពុជា ដែលបានដាក់បញ្ចូលការ អភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់សង្គម ទៅក្នុងរបៀបវារៈអាទិភាពរបស់ខ្លួន។ ការប្តេជ្ញាចិត្តរបស់ JCI និង JCI-កម្ពុជា កន្លងមក ក្នុងការជំរុញឱ្យមានការផ្លាស់ប្ដូរ ដែលផ្តល់ ផលវិជ្ជមានល្អប្រសើរដល់សហគមន៍ សុទ្ធសឹងជាគំនិតផ្តួចផ្តើមដ៏គួរឱ្យស្ញើចសរសើរ ដែលសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ JCI ក្នុងនាមជាដៃគូរបស់រាជរដ្ឋាភិបាល នៅក្នុងការអភិវឌ្ឍប្រទេស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រធានបទ «Rising Together» ពិតជាស័ក្ដិសម ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ វិបត្តិសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងជាបន្តបន្ទាប់នៃជំងឺរាតត្បាតថ្មីៗជាដើម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលៈទេសៈលំបាកបែបនេះ ងាយណាស់នឹងធ្វើឱ្យយើងបាត់បង់នូវក្តីសង្ឃឹម ហើយថែមទាំងអាចឱ្យយើងក្លាយជាមនុស្សបុគ្គលនិយម។ កាលៈទេសៈបែបនេះ ក៏អាចធ្វើឱ្យយើងភ្លេចផងដែរថា អនាគតរបស់យើង អាស្រ័យទៅលើយុវជនគ្រប់ៗរូប ដែលជាអ្នកបន្តវេន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់អំពីតួនាទីដ៏សំខាន់របស់យុវជន ក្នុងការកសាងអនាគតដ៏ត្រចះត្រចង់មួយរបស់កម្ពុជា។
កម្ពុជាដែលធ្លាប់តែត្រូវបានចាត់ទុកជាវាលពិឃាដ, បច្ចុប្បន្នជាជាតិមួយមានសន្តិភាពពេញលេញ … ហើយប្រាង្គប្រាសាទដ៏ល្អឯកដូចជា ប្រាសាទអង្គរវត្ត និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់យើង បាន និងកំពុងទាក់ទាញភ្ញៀវ ទេសចររាប់លាននាក់មកទស្សនាជារៀងរាល់ឆ្នាំ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការអភិវឌ្ឍ មូលធនមនុស្ស ដែលផ្តោតលើការអប់រំ និងការលើកកម្ពស់ភាពអង់អាចរបស់យុវជន ជាកត្តាកំណត់ដ៏សំខាន់បំផុត ក្នុងការកំណត់ជោគវាសនាជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មវិធីគោលនយោបាយជាច្រើន ដើម្បីពង្រឹងការអភិវឌ្ឍយុវជន។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ដើម្បី បណ្ដុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជូនដល់យុវជនមកពីគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន១,៥លាននាក់ ដែលពួកគាត់អាចរៀនបាន ដោយមិនគិតថ្លៃ ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភជារៀងរាល់ខែបន្ថែមទៀត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះរដ្ឋបាល ខេត្តសៀមរាប និងជាពិសេស សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្តល់កិច្ចសហការដ៏ស្រស្រាក់ស្រស្រាំ និងការគាំទ្រដ៏ល្អ ដើម្បីចូលរួមចំណែកជាមួយ JCI-កម្ពុជា ក្នុងការរៀបចំ មហាសន្និបាតនេះ ឱ្យប្រកបដោយភាពជោគជ័យ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មហាសន្និបាតនេះក្លាយជាកាតាលីករ សម្រាប់ការបំផុសគំនិតច្នៃប្រឌិត និងជាការប្ដេជ្ញាចិត្តរបស់យើងសាជាថ្មីក្នុងការកសាងនូវ ជោគវាសនារួមគ្នាមួយ ដែលប្រកបដោយចីរភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មហាសន្និបាតនេះ នឹងក្លាយជា វេទិកាដែលជំរុញនូវកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពល្អប្រសើរ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងសម្រាប់ពិភពលោកទាំងមូល ក្នុងបរិការណ៍នៃការព្យាយាមសម្រេចឱ្យបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងការទប់ស្កាត់ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបើកមហាសន្និបាត JCI តំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០២៤ ចាប់ពីពេលនេះតទៅ!

(Fresh News)

អត្ថបទទាក់ទង