Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើរដ្ឋាភិបាលចិន បន្តជួយអភិវឌ្ឍគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 182

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បន្តជួយអភិវឌ្ឍគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា រួមមាន គម្រោងព្រែកជីកតេជោ-ហ្វូណន ផ្លូវរថភ្លើងធុនស្រាល និងរថភ្លើងក្រោមដីជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មិត្តចិន តែងតែយកចិត្តទុកដាក់ និងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ទាំងនៅក្នុងទីប្រជុំជន តំបន់ព្រំដែន តំបន់ដាច់ស្រយាល និងតំបន់ដែលមានភាពស្មុគ្រស្មាញ និងកកស្ទះចរាចរណ៍ ដើម្បីបម្រើដល់ការដឹកជញ្ជូន និងការផ្សាភ្ជាប់ទំនាក់ទំនង ប្រជាពលរដ្ឋយើងទៅដល់គ្រប់ទីកន្លែង និងការតភ្ជាប់ប្រទាក់ក្រឡាគ្នានៅទូទាំងប្រទេស ហើយនិងតភ្ជាប់ផងដែរទៅនឹងប្រទេសជិតខាងស្របតាមតម្រូវការនៃការរីកចម្រើនរបស់ប្រទេសជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា តាមរយៈការជួយជ្រោមជ្រែង និងឧបត្ថម្ភគាំទ្រទាំងអស់នេះ បានធ្វើឱ្យមិត្តចិន ក្លាយជាប្រទេសទី១ ដែលបានផ្តល់ឥណទានសម្បទាន ក៏ដូចជាជំនួយជាច្រើនសម្រាប់ការកសាងអភិវឌ្ឍ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា៕

អត្ថបទទាក់ទង