សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រកាន់យកអភិក្រមដែលយកប្រជាជនជាស្នូលនៅក្នុងការប្រើប្រាស់ AI មានសារៈសំខាន់ខ្លាំងណាស់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការប្រកាន់យកអភិក្រមដែលយកប្រជាជនជាស្នូលនៅក្នុងការប្រើប្រាស់ AI មានសារៈសំខាន់ខ្លាំងណាស់ ហើយយើងត្រូវផ្លាស់ប្តូរឥរិយាបថរបស់យើងជាអ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ និងស្ថាប័នឯកជនផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ទន្ទឹមនឹងនោះ ការប្រើប្រាស់ AI យើងត្រូវមានក្របខណ្ឌគតិយុត្តដើម្បីគាំទ្រដល់វឌ្ឍនភាពនៃបញ្ញាសិប្បនិម្មិតដោយមានការចូលរួមវិភាគទានពីគ្រប់ភាគីពាក់ព័ន្ធ។
គួរបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះ ចំនួន ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០» នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ៕