Grand News Asia Close

អង្គការសហប្រជាជាតិស្វែងរកថវិកាជិត ២.៦ពាន់លានដុល្លារ សម្រាប់តម្រូវការជំនួយមនុស្សធម៌ក្នុងប្រទេសស៊ូដង់

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1197
អង្គការសហប្រជាជាតិស្វែងរកថវិកាជិត ២.៦ពាន់លានដុល្លារ សម្រាប់តម្រូវការជំនួយមនុស្សធម៌ក្នុងប្រទេសស៊ូដង់ អង្គការសហប្រជាជាតិស្វែងរកថវិកាជិត ២.៦ពាន់លានដុល្លារ សម្រាប់តម្រូវការជំនួយមនុស្សធម៌ក្នុងប្រទេសស៊ូដង់

(ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់មួយរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយនៅថ្ងៃពុធនេះថា ទីភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌កំពុងស្វែងរកថវិកាចំនួន ២.៥៦ពាន់លានដុល្លារ ដើម្បីជួយដល់ប្រជាជនដែលរងផលប៉ះពាល់ ដោយវិបត្តិនៅក្នុងប្រទេសស៊ូដង់ ខណៈដែលទីភ្នាក់ងារជនភៀសខ្លួនក៏កំពុងស្វែងរកមូលនិធិបន្ថែមទៀត ដើម្បីជួយដល់ អ្នកដែលត្រូវបានបង្ខំឲ្យភៀសខ្លួនផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣។

ប្រធានការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់ UN ប្រចាំទីក្រុងហ្សឺណែវ និងជានាយកផ្នែកសម្របសម្រួល លោក រ៉ាំម៉េស រ៉ាចាស៉ីងហុំា (Ramesh Rajasingham) បានគូសបញ្ជាក់ថា «សព្វថ្ងៃនេះ ប្រជាជន ២៥លាននាក់ ដែលច្រើនជាងពាក់កណ្តាល នៃប្រជាជនសរុបនៅស៊ូដង់ ត្រូវការជំនួយមនុស្សធម៌ និងការការពារ។ នេះគឺជាចំនួនខ្ពស់បំផុតដែលយើងមិនធ្លាប់បានឃើញ។ តម្រូវការថវិកាជិត ២.៦ពាន់លានដុល្លារក៏ជាកម្រិតខ្ពស់បំផុត សម្រាប់ការអំពាវនាវរកជំនួយមនុស្សធម៌សម្រាប់ស៊ូដង់»។

ផែនការនេះត្រូវបានរៀបចំឡើងដើម្បីកំណត់គោលដៅលើមនុស្សចំនួន ១៨លាននាក់ដែលត្រូវការជំនួយ។ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ធ្វើបានការអំពាវនាវរួមគ្នាជាមួយទីភ្នាក់ងារផ្តល់ជំនួយ នៅថ្ងៃពុធនេះថា ខ្លួនកំពុងស្វែងរកថវិការចំនួន ៤៧២លានដុល្លារដើម្បីជួយដល់ប្រជាជនជាង ១លាននាក់ក្នុងរយៈពេល ៦ខែខាងមុខ។

គួរបញ្ជាក់ថា ជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF) បានបង្កឲ្យមានវិបត្តិមនុស្សធម៌ ដែលគំរាមកំហែងដល់អស្ថិរភាពក្នុងតំបន់ ដោយបានមនុស្សជាង ៧០០,០០០នាក់ផ្លាស់ទីលំនៅក្នុងប្រទេស ហើយបង្ខំឲ្យមនុស្សប្រហែល ២០០,០០០ភៀសខ្លួនចូលទៅក្នុងប្រទេសជិតខាងរបស់ស៊ូដង់៕ Fresh News

អត្ថបទទាក់ទង