Grand News Asia Close

ទូតឥណ្ឌា អរគុណសម្តេចតេជោ ហ៊ុន សែន ដែលផ្ដួចផ្ដើមឲ្យមានការតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 969
ទូតឥណ្ឌា អរគុណសម្តេចតេជោ ហ៊ុន សែន ដែលផ្ដួចផ្ដើមឲ្យមានការតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ទូតឥណ្ឌា អរគុណសម្តេចតេជោ ហ៊ុន សែន ដែលផ្ដួចផ្ដើមឲ្យមានការតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា

(ភ្នំពេញ)៖ លោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ដួចផ្ដើមឲ្យមានការតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ដែលនឹងដំណើរការក្នុងពេលឆាប់ៗនេះ។

លោកស្រីចាត់ទុកថា សុបិនរបស់យើងបានខ្លាចជាការពិត ដែលទាំងអស់នេះនឹងជួយឲ្យទំនាក់ទំនងរវាងប្រទេសយើងទាំងពីរកាន់តែជិតស្និទ្ធ ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មានជំនឿជឿទុកចិត្តគ្នាបន្ថែមទៀត ក៏ដូចជាការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរផងដែរ។

លោកថ្លែងបែបនេះ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកស្រី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្ដេចតេជោ បានសម្តែងនូវក្ដីរីករាយដែលបានជួប លោកស្រីឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានជួបកាលពីឆ្នាំ២០២១ គឺនៅពេលសម្ដេចតេជោ ជានាយករដ្ឋមន្ត្រី ហើយនៅពេលនេះបានជួបក្នុងនាមសម្ដេចជាប្រធានព្រឹទ្ធសភា។ សម្ដេចបានរំលឹកថា កាលពីជំនួបលើកមុន សម្ដេច និងលោកស្រី បានពិភាក្សាគ្នាលើការរៀបចំព្រះរាជដំណើរទស្សនកិច្ច របស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទៅកាន់ប្រទេសឥណ្ឌា ក្នុងឱកាសខួបទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយក៏បានពិភាក្សាគ្នាលើការត្រួសត្រាយទស្សនកិច្ចរបស់សម្ដេចធិបតី ដែលកាលនោះជាអគ្គមេបញ្ជាការកងទ័ពជើងគោក។

សម្ដេចបានបន្តទៀតថា សម្ដេចកំពុងតាមដានដំណើរការបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌាដែលជាប្រទេសប្រជាធិបតេយ្យមួយ។ សម្ដេច ក៏បានសម្ដែងនៅការពេញចិត្តចំពោះការវិវត្តប្រកបដោយភាពរលូន នៃការបោះឆ្នោត ដែលបង្ហាញពីភាពជោគជ័យដ៏ធំធេង នៃប្រទេសប្រជាធិបតេយ្យដ៏ធំមួយនៅលើសកលលោក។

លោកស្រី ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់ឱកាសឲ្យលោកស្រីបានជួបពិភាក្សាការងារនៅពេលនេះ។ លោកស្រី ក៏បានអបអរសាទរចំពោះសម្ដេចតេជោ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ លោកស្រី ក៏បានសម្តែងការពេញចិត្ត និងកោតសរសើរផងដែរចំពោះទស្សនៈវិស័យ និងការគិតគូរប្រកបដោយភាពច្បាស់លាស់ របស់សម្ដេចតេជោ ក្នុងការលះបង់អំណាចដើម្បីផ្ទេរដល់អ្នកជំនាន់ក្រោយ ហើយប្រកបដោយភាពរលូន។

លោកស្រី ក៏បានសម្តែងនូវការពេញចិត្តចំពោះរាជរដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីនៅតែចាត់ទុកសម្តេចតេជោ ជាមគ្គុទេសក្នុងការដឹកនាំប្រទេសកម្ពុជានាពេលកន្លងមក ឱ្យមានប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍រីកចម្រើន។ លោកស្រី ក៏បានថ្លែងអំណរគុណផងដែរចំពោះក្រុមការងារទាំងក្រសួងការបរទេសកម្ពុជា និងផ្នែកពាក់ព័ន្ធនានា ក្នុងការរៀបចំព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាប្រវត្តិសាស្ត្រទី១ប្រកបដោយភាពជោគជ័យ។

លោកស្រីបានបន្តថា ក្នុងទំនាក់ទំនងជាង៦០ឆ្នាំកន្លងមកនេះ ដំណើរព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជាទៅកាន់ប្រទេសឥណ្ឌា គឺជាព្រះរាជទស្សនកិច្ចកំពូល ហើយលោកស្រីក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានផ្ដួចផ្ដើមគំនិតឲ្យមានព្រះរាជទស្សនកិច្ចរបស់ព្រះអង្គ ដូចជាការផ្ដួចផ្ដើមឲ្យមានដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោកនាពេលនោះ ទៅកាន់ប្រទេសឥណ្ឌាផងដែរ។

លោកស្រីក៏បានអរគុណសម្តេចតេជោ ដែលបានជូនពរដល់ការបោះឆ្នោតនៅប្រទេសឥណ្ឌា ហើយលោកស្រីសង្ឃឹមថា ក្រោយការបោះឆ្នោតរដ្ឋាភិបាលថ្មីរបស់ឥណ្ឌា នឹងមានទំនាក់ទំនងល្អបន្តទៀតជាមួយនឹងកម្ពុជា។ លោកស្រីក៏បានអរគុណផងដែរ ដែលកម្ពុជាបានមើលឃើញថាប្រទេសឥណ្ឌា គឺជាប្រភពនៃការអភិវឌ្ឍសេដ្ឋកិច្ច ដែលប្រទេសឥណ្ឌាជាប្រទេសដែលមានភាពជឿនលឿនសេដ្ឋកិច្ចលំដាប់ទី៣ លើពិភពលោក។ លោកស្រីសង្ឃឹមថាទំនាក់ទំនង វិស័យនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត ហើយសង្ឃឹមថា នៅឆ្នាំនេះនាយករដ្ឋមន្ត្រីថ្មី នៃប្រទេសឥណ្ឌា និងសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងមានឱកាសជួបគ្នា។

លោកស្រី ក៏បានស្នើសុំសម្ដេចតេជោអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសឥណ្ឌាក្នុងតួនាទីជាប្រធានព្រឹទ្ធសភា ហើយប្រទេសឥណ្ឌា នឹងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្ដេចនាពេលខាងមុខផងដែរ។ លោកស្រី បានបន្តទៀតថា ប្រទេសយើងទាំងពីរ មានទំនាក់ទំនងគ្នាជាយូរលង់ណាស់មកហើយ។ កន្លងទៅនេះ ទោះបីជាមានការរាតត្បាតដោយជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ឥណ្ឌា និងកម្ពុជានៅតែធ្វើការជាមួយគ្នាបាន។ លោកស្រីក៏បានស្នើឲ្យសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា មើលឃើញប្រទេសឥណ្ឌាជាដៃគូដ៏គួរឲ្យទុកចិត្តជាមួយនឹងកម្ពុជា។ លោកស្រី ក៏បានសម្តែងនូវក្តីរីករាយដែលថាកម្ពុជាជាដៃគូ ជាមិត្តចាស់ ដែលមានតុល្យភាពក្នុងបញ្ហាការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយនៅក្នុងតំបន់។

សម្ដេចតេជោ បានអបអរសាទរដែលប្រទេសឥណ្ឌាខិតខំបង្កើតឲ្យមាន ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជា ទៅកាន់ប្រទេសឥណ្ឌា ហើយសម្ដេចតេជោបានចាត់ទុកថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ នៃទំនាក់ទំនងកម្ពុជា និងឥណ្ឌា។ សម្ដេចតេជោបានរំលឹកថា នៅក្នុងឆ្នាំ១៩៧៩ ក្រោយប្រទេសកម្ពុជាត្រូវបានរំដោះពីរបបប៉ុលពត ពេលនោះ ប្រទេសឥណ្ឌាគឺជាប្រទេសប្រជាធិបតេយ្យតែមួយគត់ នៅលើសកលលោក ដែលបានទទួលស្គាល់កម្ពុជា នៅពេលដែលប្រទេសដទៃទៀតទាំងលោកខាងលិច ទាំងអឺរ៉ុប មានភាពច្របូកច្របល់នាំគ្នាដាក់ទណ្ឌកម្មទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ការទូត មកលើកម្ពុជា ដែលទើបតែរំដោះពីរបបប្រល័យពូជសាសន៍។

សម្ដេចបានបន្តថា ដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសឥណ្ឌានារយៈពេលកន្លងទៅនេះ បានបង្ហាញពីការទទួលយកពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជា។ សម្ដេចតេជោ ក៏បានរំលឹក ពីតួនាទីរបស់កម្ពុជាក្នុងការនាំឥណ្ឌាចូលមកក្នុងអាស៊ាន ដែលយើងធ្លាប់ធ្វើជាសហប្រធានរួមគ្នាក្នុងខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ក្នុងឆ្នាំ២០១២។ ការរីកចម្រើនរបស់ឥណ្ឌា ត្រូវបានចាត់ទុកជាសសរទ្រូងដែលបានចូលរួមចំណែកក្នុងការទប់ស្កាត់វិបត្តិនៅតំបន់អាស៊ីផងដែរ។ សម្ដេចបានគាំទ្រឥណ្ឌាហើយចាត់ទុកឥណ្ឌា ដែលមានប្រជាជនច្រើន មានសេដ្ឋកិច្ចរីកលូតលាស់ ហើយតួនាទីរបស់ឥណ្ឌាគួរតែក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។

សម្ដេចតេជោ ក៏បានអរគុណឥណ្ឌាដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដែលកន្លងទៅបានផ្ដល់អាហារូបករណ៍ដល់មន្ត្រីកម្ពុជាជាច្រើនអ្នកទៅបន្តការសិក្សានៅប្រទេសឥណ្ឌា។ សម្ដេច ក៏បានអរគុណដល់ឥណ្ឌាដែលបានធ្វើជាសហប្រធាន ICC ព្រះវិហារ ដែលជាការជួយថែរក្សាបេតិកភណ្ឌវប្បធម៌ ដ៏អស្ចារ្យរបស់កម្ពុជា។ សម្ដេចតេជោ ក៏បានអបអរសាទរផងដែរចំពោះការតភ្ជាប់ហោះហើរត្រង់ រវាងរដ្ឋធានីនៃប្រទេសទាំងពីរ ដែលទាំងនេះនឹងជំរុញឲ្យទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែមានភាពជិតស្និទ្ធ និងល្អប្រសើរបន្ថែមទៀត។

លោកស្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្ដេច ដោយលោកស្រីបានចាត់ទុកថា ជាមិត្តចាស់ មិត្តល្អ ហើយសម្ដេច បានពូនជ្រុំឲ្យទំនាក់ទំនងកម្ពុជា-ឥណ្ឌាកាន់តែមានភាពល្អប្រសើរជាបន្តបន្ទាប់។ ជាពិសេសនៅពេលដែលសម្ដេចធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមក។

លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានបង្ហាញនូវក្ដីសង្ឃឹមថា សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងមានឱកាសជួបជាមួយនឹងនាយករដ្ឋមន្ត្រីឥណ្ឌាថ្មី នាពេលខាងមុខនេះ ។ លោកស្រី នឹងរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភាទៅកាន់ប្រទេសឥណ្ឌានាពេលខាងមុខផងដែរ។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានជូនពរ លោកស្រី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា សូមឱ្យមានសុខភាពល្អ និងទទួលបានភាពជោគជ័យជាបន្តបន្ទាប់ទៀត៕

អត្ថបទទាក់ទង