សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន ប៊ីន ចាសស៊ីម អាល-ថានី (Sheikh Mohammed Bin Abdulrahman Bin Jassim Al-Thani) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា
នៅព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាសស៊ីម អាល-ថានី (Sheikh Mohammed Bin Abdulrahman Bin Jassim Al-Thani) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា នៅវិមានរដ្ឋាភិបាល រាជធានីដូហា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមនាយករដ្ឋមន្ត្រី បានគោរពនិងស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរដ្ឋកាតា និងបានរំលឹកថាធ្លាប់បានជួប សម្តេចតេជោ នៅភ្នំពេញកាលពីឆ្នាំ២០២២កន្លងទៅ។ ឯកឧត្តមបានបន្តថា ទស្សនកិច្ចរបស់ សម្តេចតេជោ នឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។
នាឱកាសនេះ សម្តេចតេជោ បានសម្តែងនូវសេចក្តីអំណរគុណដល់ ឯកឧត្តមនាយករដ្ឋមន្ត្រី ចំពោះការទទួលស្វាគមន៍ សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ នៅរាជធានីដូហា។ សម្តេច បានបញ្ជាក់ថាបានទទួលជួប ឯកឧត្តម ក្នុងអំឡុងពេលឯកឧត្តម ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចុះហត្ថលេខាចូលជាភាគីនៃសន្ធិសញ្ញាមិត្ត និងសហប្រតិបត្តិការអាស៊ីអាគេ្នយ៍ (TAC)។
សម្តេច បានបន្តថា កម្ពុជា និងកាតា បានបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ២០០៨ ហើយសម្តេច មានបំណងមកធ្វើទស្សនកិច្ចនៅរដ្ឋកាតាជាច្រើនដង ក៏ប៉ុន្តែត្រូវបានលើកពេលជាបន្តបន្ទាប់។ សម្តេចបានបន្ថែមថា ប្រទេសយើងទាំងពីរមានសក្តានុពលច្រើនដែលប្រើប្រាស់មិនទាន់អស់។ កាតា ជាប្រទេសអ្នកមាន និងគួរវិនិយោគនៅកម្ពុជា ជាពិសេស នៅក្នុងវិស័យកសិឧស្សាហកម្មកែច្នៃដើម្បីនាំចេញ។ កម្ពុជាមានផលិតផលកសិកម្មច្រើន ដូចជាគ្រាប់ស្វាយចន្ទីដែលកម្ពុជាផលិតច្រើនជាងគេនៅក្នុងពិភពលោក តែខ្វះលទ្ធភាពកែច្នៃ និងផលិតផលកសិកម្មជាច្រើនទៀត។ សម្តេចបានស្នើ ឯកឧត្តមនាយករដ្ឋមន្ត្រី បញ្ជូនវិនិយោគិនទៅកម្ពុជាដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម។ សម្តេច បានគូសបញ្ជាក់ថា កម្ពុជា និងកាតា គួរចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារវិនិយោគទៅវិញទៅមក និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស និង អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតកិច្ចពិគ្រោះ យោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។
សម្តេចតេជោ បានលើកសរសើរតួនាទីរបស់កាតានៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ដោយបានបញ្ជាក់ថា កាតាត្រូវបានគេស្គាល់ទូទាំងសកលលោក តាមរយៈការចរចាពាណិជ្ជកម្មពិភពលោក Doha Round និងបានរៀបចំគោលនយោបាយមួយ ដែលទទួលបានការទុកចិត្តពីសំណាក់ប្រទេសនានាក្នុងសកលលោក។
សម្តេចតេជោ បានគូសបញ្ជាក់ថា កាតាមានទំនាក់ទំនងជាមួយអាស៊ាន តាមរយៈការចូលជាភាគីនៃសន្ធិសញ្ញា TAC។ អាស្រ័យហេតុនេះ ការតភ្ជាប់ផ្លូវអាកាសពីមជ្ឈិមបូព៌ា មកអាស៊ីអាគ្នេយ៍ជាចំណុចខ្លាំងរបស់កាតា។ សម្តេច បានអរគុណ Qatar Airways ដែលមានជើងហោះហើរប្រចាំថ្ងៃមកកម្ពុជា។ ទង្វើនេះ ផ្តល់ផលប្រយោជន៍ដល់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងវិនិយោគិន។ សម្តេចសម្តែងក្តីរីករាយដែល កាតា ទទួលបានជោគជ័យជាខ្លាំងក្នុងការធ្វើជាម្ចាស់ផ្ទះ World Cup 2022 ដែលបានធ្វើឱ្យតួនាទីរបស់កាតា កើនឡើងលេចធ្លោថែមទៀតនៅលើឆាកអន្តរជាតិ។
ជាកិច្ចឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីកាតា បានអរគុណចំពោះការលើកឡើងខាងលើរបស់សម្តេច និងបានជម្រាបសម្តេចតេជោថា កាតា ផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយប្រទេសជាមិត្តយ៉ាងច្រើន ក្នុងនោះមាន កម្ពុជា និងអាស៊ានផងដែរ។
ឯកឧត្តម បានបន្តថា នៅក្នុងទំនាក់ទំនងទ្វេភាគី កាតា សម្លឹងមើលឱកាសសម្រាប់វិនិយោគនៅក្នុងវិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានចុះហត្ថលេខាចប់សព្វគ្រប់នាពេលខាងមុខ នឹងជំរុញវិនិយោគទៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីកាតា បានលើកឡើងថា ឯកឧត្តម នឹងចាត់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និង ថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) មកជួបសម្តេច ដើម្បីជំរុញទំនាក់ទំនងខាងវិស័យពាណិជ្ជកម្ម និងវិនិយោគ។
កិច្ចពិភាក្សារបស់សម្តេចតេជោនិងឯកឧត្តមនាយករដ្ឋមន្ត្រីកាតា ក៏បានផ្តោតលើបញ្ហាដែលកំពុងវិវត្តនៅក្នុងសកលលោក ផងដែរ ជាពិសេសសភាពការណ៍ថ្មីៗដែលកំពុងកើតមាននៅក្នុងតំបន់ជ្ឈិមបូព៌ា។
ជាចុងបញ្ចប់ តាមរយៈសម្តេចតេជោ ឯកឧត្តមនាយករដ្ឋមន្ត្រីកាតា បានអញ្ជើញសម្តេចធិបតី នាយករដ្ឋមន្ត្រី មកបំពេញទស្សនកិច្ចនៅរដ្ឋកាតា នាពេលខាងមុខ៕