Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, ទិវាសេរីភាពសារព័ត៌មាន និងជួបជុំពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៦

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 1036

CMF:

ឯកឧត្តម លោកជំទាវ, សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា, សមាជិក មាជិកា រាជរដ្ឋាភិបាល
គណៈអធិបតីភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ,
បងប្អូនអ្នកសារ-ព័ត៌មានទាំងអស់និងជនរួមជាតិជាទីមេត្រី !

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួម នៅក្នុង ពិធីជួបជុំមហាគ្រួសារជាមួយ អ្នកសារព័ត៌មានកម្ពុជាលើកទី ៦ ឆ្នាំ ២០២៤ ដែលត្រូវបានរៀបចំឡើង ក្នុងពេលដែលកម្ពុជា រួមជាមួយពិភពលោក កំពុងប្រារព្ធ «ទិវាសេរីភាពសារព័ត៌មានក្នុងពិភពលោក ៣ ឧសភា», ដែលឆ្លៀតក្នុងឱកាសជួបជុំគ្នាដ៏ច្រើនកុះករនេះ, ខ្ញុំសូមចូលរួមអបអរសាទរជាមួយបងប្អូនអ្នកសារព័ត៌មានកម្ពុជា និង អ្នកសារព័ត៌មានទាំងអស់ នៅលើពិភពលោក !

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យសារព័ត៌មាន និង សុខទុក្ខអ្នកសារព័ត៌មាន, សម្តេចតេជោ កាលពីនៅជានាយករដ្ឋមន្ត្រី បានចូលរួមក្នុងជំនួបជាមួយនឹងបងប្អូន ហើយបានជួប ៥ លើកហើយ ហើយថ្ងៃនេះ ខ្ញុំមានកិត្តិយស ដើម្បីបន្តនូវកម្មវិធីដ៏ប្រពៃនេះ នូវជំនួបលើកទី ៦ និងសង្ឃឹមថា​ យើងនឹងជួបគ្នារាល់ឆ្នាំក្រោយៗទៀត បន្តទៀត។

ខ្ញុំសូមអរគុណដល់ក្រសួងព័ត៌មាន ដែលបានសម្របសម្រួល និង សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ លើដំណើរការដឹកនាំ ចាត់ចែង និង រៀបចំពិធីនេះ ប្រកបដោយជោគជ័យ ។

ជំនួបជាមួយបងប្អូនអ្នកសារព័ត៌មាន ពិតជាមានសារៈសំខាន់ ក្នុងការស្វែងយល់បន្ថែមពីបញ្ហា និង កង្វល់នានារបស់ស្ថាប័នសារព័ត៌មាន និង អ្នកសារព័ត៌មាន ដែលបាន និង កំពុងជួបបញ្ហាប្រឈម ក្នុងប្រតិបត្តិការការងាររបស់ខ្លួន ក៏ដូចជាស្ថានភាពរួមនៃប្រព័ន្ធផ្សព្វផ្សាយក្នុងបរិបទឌីជីថល ។

ទន្ទឹមនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មាន ដែលបានបំពេញតួនាទីក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការជំរុញការអនុវត្តភារកិច្ចប្រកប​ដោយការទទួលខុសត្រូវ និង វិជ្ជាជីវៈអាជីពរបស់អ្នកសារព័ត៌មាន ចំពោះការចុះយកព័ត៌មាន, ការចែករំលែកព័ត៌មាន, និង ការផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ និង ទាន់ពេលទាំងនៅក្នុងក្របខ័ណ្ឌជាតិ និង អន្តរជាតិ ដើម្បីបង្ហាញពីសភាពការណ៍ពិតជាក់ស្តែងនៅកម្ពុជា។

ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានទាំងអស់ ទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងឯកជន ដែលបានចូលរួមយ៉ាងសកម្ម និង ប្រកបដោយការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ ក្នុងការនាំយកព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និង នាំយកព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដើម្បីជាប្រយោជន៍សង្គម សុខដុមរមនា និង ចូលរួមថែរក្សាសុខសន្តិភាព និង ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាយើង ។

ក្នុងឱកាសនេះ, ខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានដឹកនាំវិស័យព័ត៌មានសម្រេចបានសមិទ្ធផលធំៗជាច្រើន នៅក្នុងនានីតិកាលកន្លងទៅ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន​ អតីតនាយករដ្ឋមន្ត្រី។

ថ្ងៃនេះ, ជាឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំលើកទី ៣១ ដែលបាន ប្រារព្ធក្រោមប្រធានបទ «សារព័ត៌មានសម្រាប់ផែនដី : សារព័ត៌មានក្នុងស្ថានភាពនៃវិបត្តិបរិស្ថាន» ដើម្បីជាការអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ។ ឆ្នាំ ២០២៤ គឺជាឆ្នាំ ដែលបានកំណត់នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។ វិបត្តិនៃការប្រែប្រួលអាកាសធាតុ, ការបាត់បង់ជីវៈចម្រុះ និង ការបំពុលខ្យល់ បានធ្វើឱ្យ មនុស្ស ៨៥% នៅក្នុងតំបន់ប្រឈមនឹងហានិភ័យនៃការប៉ះពាល់ កាន់តែខ្លាំង ។ ក្នុងន័យនេះ, ប្រព័ន្ធផ្សព្វផ្សាយ គឺជាកត្តាគន្លឹះមួយក្នុងការចូលរួមប្រយុទ្ធប្រឆាំង និង ទប់ស្កាត់បញ្ហាបរិស្ថាន ។

ក្នុងឱកាសទិវា​សេរីភា​ពសារព័ត៌មាននាថ្ងៃនេះ, ខ្ញុំសូមធ្វើការកត់សម្គាល់ផងដែរថា លំហ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា កាន់តែ​រីកចម្រើន​ធំធាត់​​ និង ឆ្ពោះទៅរក្សាបាននូវសណ្តាប់ធ្នាប់ល្អ។ ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាសអំណោយផល, ដោយហេតុថា អ្នក​សារព័ត៌មានអាចរាយការណ៍ដោយសេរី, ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និង វិជ្ជាជីវៈសារព័ត៌មាន ។

បច្ចុប្បន្ន, ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី៤, កម្ពុជាមានការរីកចម្រើនខ្លាំងផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថល ស្របពេលដែលយើងបានបើកទូលាយនូវសេរីភាព‌នៃការបញ្ចេញមតិ និង សេរីភាពខាងសារព័ត៌មាន ដែលធានាដោយរដ្ឋធម្មនុញ្ញ និង ច្បាប់ស្តីពីរបបសារព័ត៌មាន ។ ការបើកទូលាយចំពោះអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ បានបង្កលក្ខណៈងាយស្រួលដល់អ្នកសារព័ត៌មាន, អង្គភាពសារព័ត៌មាន, សមាគមសារព័ត៌មាន និង ទីភ្នាក់ងារសារព័ត៌មានបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ ជាក់ស្តែង, តាមស្ថិតិក្រសួងព័ត៌មានកម្ពុជាមានអ្នកសារព័ត៌មានប្រមាណ ១០ ០០០ នាក់ និង ស្ថាប័នសារព័ត៌មានជាង ២ ០០០ អង្គភាព ។

យោងតាមរបាយការណ៍របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ជាថ្មីម្តងទៀត ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគី, ជាពិសេស ក្រសួងព័ត៌មាន ដែលបានដាក់ចេញនូវចក្ខុវិស័យ, យុទ្ធសាស្ត្រ និង ផែនការសកម្មភាព សំដៅធ្វើឱ្យកាន់តែមានភាពប្រសើរឡើង, កាន់តែខ្លាំង នៅក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ ក៏ដូចជា លើកតម្កើងនូវសេរីភាពសារព័ត៌មាន និង សេរីភាពនៃការបញ្ចញមតិនៅកម្ពុជា ។

ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះក្រសួងព័ត៌មាន ដែលបានរៀបចំ និង បោះពុម្ពផ្សាយ «របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» ដែលក្រសួងរៀបចំឡើងឈរលើមូលដ្ឋាននៃស្ថានភាពពិតជាក់ស្តែង និង មានអ្នកសារព័ត៌មានកំពុងប្រកបអាជីពវិជ្ជាជីវៈគ្រប់ៗរូបជាសាក្សី ។ លទ្ធផលនៃការស្ទង់មតិលើអ្នកសារព័ត៌មានសរុបចំនួន ៣៤១ នាក់ មានមនុស្សចំនួន ៧៩,៨% បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពប្រសើរ ដែលក្នុងនោះ ៧១% បានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជា មានស្ថានភាពល្អ និង ៨,៨% បានឆ្លើយថាសេរីភាពសារព័ត៌មានមានស្ថានភាពល្អបំផុតនៅកម្ពុជា ។

ជាការពិត, រយៈពេលជាង ៤៥ ឆ្នាំកន្លងមក ព័ត៌មានស្តីពីសមិទ្ធផល និង ស្នាដៃនានា របស់រាជរដ្ឋាភិបាល ត្រូវបានចែករំលែក, ផ្សព្វផ្សាយតាមគ្រប់រូបភាពបានឆាប់រហ័សទាន់សភាពការណ៍ និង ទូលំទូលាយ, ទាំងនៅក្នុងក្របខណ្ឌជាតិ-អន្តរជាតិ ដើម្បីស្វែងយល់កាន់តែច្បាស់ពីកម្ពុជា ។ សកម្មភាពទាំងនេះ សុទ្ធតែមានការចូលរួមដែលមិនអាចខ្វះបានពីស្ថាប័នសារព័ត៌មាន និង បងប្អូនអ្នកសារព័ត៌មាន ដែលបានខិតខំពុះពារ, ជំនះរាល់ឧបសគ្គ ក្នុងការចុះយកព័ត៌មាន ដើម្បីផ្សព្វផ្សាយបានរហ័ស, ទាន់សភាពការណ៍ និង បានទូលំទូលាយ អំពីសភាពការណ៍ពិតនៅកម្ពុជា, ជាពិសេស ព្រឹត្តិការណ៍ធំៗ ជាប្រវត្តិសាស្ត្រនាពេលកន្លងមក។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដល់បងប្អូន(ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន)ចំពោះកិច្ចការនេះ។

[ចប់សេចក្ដីអធិប្បាយ១]

ឯកឧត្តម លោកជំទាវ, លោក លោកស្រី, អង្គពិធី ជាទីមេត្រី !

សារព័ត៌មាន គឺជា​អំណាច​ទី​ ៤ ដែល​អំណាច​នេះ, ប្រសិនបើ​ប្រើប្រាស់​ត្រូវ​ គឺមាន​សារៈសំខាន់​​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ, ថែរក្សា​សន្តិភាព, ស្ថិរភាព និង ​​ផ្តល់​ថាមពល​ឱ្យ​ប្រជាជន​ធ្វើការ​សម្រេចចិត្ត ក៏ដូចជា ​រាជរដ្ឋាភិបាល​ក្នុងការ​ដាក់ចេញនូវ​វិធានការ ​ឱ្យមាន​ប្រសិទ្ធភាព ។ ដូច្នេះ, រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវការគោរពសិទ្ធិសេរីភាពសារព័ត៌មាន, ការបោះពុម្ពផ្សាយ និង ការបញ្ចេញមតិ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

(១) អំណាចទី៤ មានតួនាទីធានាថា អំណាចទាំងអស់រួមគ្នាបម្រើប្រជាជន

អំណាចទី៤។ ពាក្យថា “អំណាច” ក្នុងក្របខណ្ឌជាតិមិនតូចទេ គឺ(មាន)ឥទ្ធិពលធំ។ អំណាចទាំង៣ ៖ នីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និងតុលាការ គឺបង្កើតឡើងដើម្បីរួមគ្នា ការពារជាតិ ការពារប្រជាជននិងអភិវឌ្ឍន៍ប្រទេស។ អំ​ណាចទី៤ ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរនៅក្នុងការធានាថា អំណាចទាំងអស់នឹងរួមគ្នា ដោយការទទួលខុសត្រូវក្នុងការបម្រើប្រជាជន។ នេះគឺជានិយមន័យនៃ(ពាក្យថា) អំណាចសារព័ត៌មាន។ យើងត្រូវរួមគ្នាពង្រឹងការអភិវឌ្ឍន៍ជាតិ។ ប្រជាពលរដ្ឋមានសិទ្ធិទទួលបានព័ត៌មាន ពាក់ព័ន្ធទៅនឹងអ្វីដែល(កើតមាន)ពិតប្រាកដជុំវិញខ្លួនគាត់។ សិទ្ធសេរីភាពនេះ ត្រូវធានាបានតាមរយៈការផ្ដល់ឱ្យ និងការទទួលព័ត៌មានដោយសេរី។ យើងមានមធ្យោបាយនៅក្នុងការដាក់ចេញ(ផ្សព្វផ្សាយ) មានជាអង្គការចាត់តាំងរដ្ឋនិងអង្គភាពសារព័ត៌មានផ្សេងៗ។ ប៉ុន្តែ ក្នុងដំណាក់កាលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋនីមួយៗ មានសិទ្ធិនៅក្នុងការផ្សព្វផ្សាយព័ត៌មាន ជាពិសេស នៅក្នុងដំណាក់កាលនៃការរីកចម្រើននៃប្រព័ន្ធឌីជីថល។ ម្នាក់ៗគឺជាអ្នកព័ត៌មាន ហើយជាការផ្សព្វផ្សាយព័ត៌មានដែលទទួល(ដោយខ្លួនឯងផ្ទាល់)។ អញ្ចឹងហើយ អំណាចទី៤ នេះ កាន់តែមានតម្រូវការខ្ពស់។

(២) ក្នុងរយៈពេល ៨ខែ ដោះស្រាយបានកិច្ចការជាច្រើនជូនប្រជាពលរដ្ឋ ដោយការទទួលព័ត៌មានពីបងប្អូនអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋម្នាក់ៗ

រាជរដ្ឋាភិបាលថ្នាក់ជាតិនិងក្រោមជាតិ ត្រូវការព័ត៌មានពិត រហ័សទាន់ពេលវេលា គ្រប់ជ្រុងជ្រោយ ដើម្បីដាក់ចេញនូវវិធានការណ៍ និងដោះស្រាយទាន់ពេលវេលា ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។ យើងត្រូវការព័ត៌មានពីគ្រប់ជ្រុងជ្រោយ ពីគ្រប់ច្រកល្ហក ទាន់ពេលវេលា។ ក្នុងរយៈពេល ៨ខែនេះ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ ខ្ញុំបានដោះស្រាយបញ្ហាជាច្រើន ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយសារការទទួលព័ត៌មាន និងផ្ដល់ព័ត៌មានពីបងប្អូនអ្នកសារព័ត៌មានទាំងអស់ រួមទាំងប្រជាពលរដ្ឋយើងម្នាក់ៗ ដែលមិនមានអាជ្ញាបណ្ណ ឬ​ជាអ្នកសារព័ត៌មានអាជីព​ ប៉ុន្តែគាត់ក្នុងនាមបុគ្គលម្នាក់ ជាពលរដ្ឋម្នាក់ ដែលមានលទ្ធភាពថតបង្ហោះ ផ្សព្វផ្សាយ(នូវព័ត៌មានពិត)។ ជាការល្អ​​។ ខ្ញុំឃើញមានការផុសផុល​ល្អ ពីការជួយគ្នានៅក្នុងសង្គម ការជួយគ្នាក្នុងនាមមនុស្សធម៌។ នេះហើយ (គឺជាការ)បង្ហាញទឹកចិត្ត …។

ផលប្រយោជន៍ដែលរាជរដ្ឋាភិបាល(ទទួលបានពីការ)ធានាសិទ្ធិសេរីភាពសារព័ត៌មាននេះ គឺបានប្រែក្លាយទឹកចិត្តទៅជាកម្លាំងមហាសាមគ្គី អាចជួយគ្នាបានទាន់ពេលវេលា។ ការចូលរួមថែរក្សាវប្បធម៌ ប្រពៃណី កីឡា គ្រប់ទម្រង់ទាំងអស់បានល្អ។ រាជរដ្ឋាភិបាល​ក៏បានព័ត៌មាន។ គេសួរថា យប់ឡើងធ្វើអី? ក្រៅពីស៊ីញ៉េឯកសារ យប់ឡើងម៉ោង១ ម៉ោង២ ពេលខ្លះគឺនៅអង្គុយ screenshot។ screenshot អី?​ scan មើលហ្វេសប៊ុក មើលអីផ្សេងៗ, មើលដោយខ្លួនឯង ជួនកាលបងប្អូនផ្សេងបោះមកឱ្យ។ បញ្ហាកើតនៅកន្លែងណា យើងរុញទៅ(អោយអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ)ភ្លាម។ អភិបាលខេត្តខ្លះ ត្រូវទទួលព័ត៌មានពីខ្ញុំម៉ោង១យប់ ម៉ោង ៧ភ្លឺរាយការណ៍មកវិញថា ដោះហើយៗ ឬមួយក៏យ៉ាងណា។ (យើងធ្វើ)ដើម្បីឱ្យលឿនជូនប្រជាពលរដ្ឋ។ យើងត្រូវពង្រឹងតួនាទីនេះនិងលើកទឹកចិត្តបន្ថែមដល់ការផ្ដល់ព័ត៌មានដើម្បីយើងដោះស្រាយបញ្ហាបាន។

(៣) ទទួលព័ត៌មាន ដើម្បី (១) បើមិនពិត ក្រសួង/ស្ថាប័ន/អាជ្ញាធរចេញបកស្រាយបំភ្លឺ (២) បើពិត ត្រូវដោះស្រាយនិងផ្សព្វផ្សាយអោយបានដឹង

ពីមុន មើលឃើញបញ្ហា ខ្ញុំអាចមានមតិយោបល់។ ប៉ុន្តែ អ្នកដែលដោះ គឺសម្ដេចតេជោ។ អញ្ចឹងបានជាគាត់ ភាគច្រើនត្រូវនៅរហូតម៉ោង១ ម៉ោង២ ភ្លឺ។ មើលឃើញបញ្ហាជាក់ស្តែង ត្រូវតែដោះ។ ខ្ញុំទទួលបាន(ព័ត៌មាន)ជាក់ស្ដែង ទោះមិនធានាថាព័ត៌មានទាំងអស់សុក្រឹតក៏ដោយ។ បងប្អូនទាំងអស់ក៏មិនដឹងថា ព័ត៌មានទាំងអស់សុក្រឹតឬមិនសុក្រឹត តែទោះជាយ៉ាងណាក៏បានបញ្ជូន។ កិច្ចការនេះមានផលប្រយោជន៍ពីរ។ ទី១ បើសិនជាព័ត៌មាននេះមិនសុក្រឹត អាជ្ញាធរពាក់ព័ន្ធ ក្រសួងស្ថាប័នត្រូវចេញទៅធ្វើការបំភ្លឺ ដើម្បីជូនដំណឹងទៅឱ្យប្រជាពលរដ្ឋឱ្យដឹងថា រឿងហ្នឹងវាអញ្ចេះទេ។ រឿងហ្នឹងបានដោះចប់ ៣ខែ ឬ​ ២ឆ្នាំរួចទៅហើយ ដើម្បីឱ្យប្រជាពលរដ្ឋយើងដែលជាម្ចាស់ប្រទេស មិនមានកង្វល់អំពីអ្វីដែលកើតមាន។ ជ្រុងមួយនៃដំណោះស្រាយដែលបានប្រយោជន៍ពីព័ត៌មាននេះ គឺឱ្យដឹង ដើម្បីពន្យល់ បំភ្លឺ បើសិន(ព័ត៌មានហ្នឹង)មិនគ្រប់ជ្រុង​ជ្រោយ។ (ទី២)តែបើព័ត៌មាននេះពិត គឺត្រូវតែដោះស្រាយ។ ដោះស្រាយហើយ គឺត្រូវផ្សព្វផ្សាយឱ្យដឹង។

(៤) “ដើរតួជាអ្នកព័ត៌មាន កុំដើរតួជាតុលាការ”

ខ្ញុំសំណូមពរបងប្អូនផង នៅក្នុងតួនាទីជាអ្នកសារព័ត៌មាន ទោះបីយើងមានអាជ្ញាបណ្ណ ឬមិនមានអាជ្ញាបណ្ណ ជាឆន្ទៈរបស់យើង យើងចង់ផ្ដល់ព័ត៌មានពិតប្រាកដឱ្យអ្នកមើល ឱ្យគ្រប់ជ្រុងជ្រោយ ប៉ុន្តែយើងមិនមានលទ្ធភាព ពេល​វេលា ដូចនេះបានតែមួយជ្រុង។ ប៉ុន្តែខ្ញុំសុំ (ទី១) “ដើរតួជាអ្នកព័ត៌មាន ប៉ុន្តែកុំដើរតួជាតុលាការ” បានន័យថា បើយើងដឹងព័ត៌មានមួយជ្រុងហើយ ព្យាយាមទៅរកព័ត៌មានមួយជ្រុងទៀតមក ដើម្បីផ្គុំគ្នាទៅ ឱ្យបានគ្រប់ជ្រុងជ្រោយ។ សូមកុំធ្វើការវិនិច្ឆ័យមុន។​ ខិតខំព្យាយាម(រកបានព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយ)។ យើងមិនកាន់ជើងអ្នកណាទេ។ ខ្ញុំគិតថា បងប្អូនទាំងអស់ប្រាកដជាចង់បាន​និងផ្ដល់ព័ត៌មាន។ ពិតណាស់ មិនអាចបានគ្រប់ពេលនោះទេ។ យើងផ្សាយដើម្បីអាចដឹង។ ពេលខ្លះ យើងផ្សាយទៅ ម្ខាងទៀតក៏ឃើញចេញមកដើម្បីផ្គុំព័ត៌មានឱ្យដឹងថា សខ្មៅ។យើងផ្សាយដោយមិនមែនកាន់ជើងអ្នកណាទេ គឺផ្សាយក្នុងនាមយើងជាអ្នកអព្យាក្រឹត ជាអ្នកប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីផ្សព្វផ្សាយឱ្យ​ដឹង។ ខ្ញុំសូមឱ្យប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈ(អ្នកសារព័ត៌មាន)នេះឱ្យច្បាស់។ មិនថាព័ត៌មាននោះវិជ្ជមាន ឬមួយអវិជ្ជមានទេ យើងព្យាយាមរកឱ្យបានគ្រប់ជ្រុងជ្រោយ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ កុំឱ្យយើងទៅជាអ្នកយកព័ត៌មានផង ជាអ្នកកាត់ទោសផង ជាអ្នកជំរុញផង ដើរតួនាទី(ច្រើន)។

(៥) សូមផ្សាយពីដំណោះស្រាយឬការបំភ្លឺ ដើម្បីជាដំណឹងដល់សាធារណជន និងជាមោទនភាពផ្ទាល់ខ្លួន

ទី២ យើងផ្សាយព័ត៌មានហើយ។ បើសិនជាបញ្ហានោះត្រូវបានដោះស្រាយ ឬមួយបំភ្លឺយ៉ាងណា សូមជួយផ្សាយ(ឡើងវិញ)ផង … ឧទាហរណ៍ ប្រជាជនមានបញ្ហានៅផ្សារមួយនៅខេត្តកំពង់ឆ្នាំង។ ថ្ងៃមុនយើងដោះ … ខ្ញុំ screenshot ទៅឱ្យអភិបាលខេត្តកំពង់ឆ្នាំង។ គាត់(បាន)ដោះស្រាយ។ ស្អែកឡើងប្រជុំដោះបាន។ សម្របសម្រួលគ្នាល្អ។ ខ្ញុំសូមឱ្យបងប្អូនយើង ដែលជាអ្នកបង្ហោះបញ្ហានេះ(កាលពីគ្រាកតមាន) បង្ហោះប្រាប់ផងថា បញ្ហា(ត្រូវបាន)បានដោះស្រាយហើយ(ឬដូចម្តេច) ដើម្បីទី១៖ ឱ្យសាធារណៈមតិបានដឹងថារឿងហ្នឹងដល់ណាហើយ … ទី២៖ បានគុណសម្បត្តិ បានបុណ្យយើងផង ព្រោះដោយសារតែយើងបានផ្សព្វផ្សាយ ឥឡូវព័ត៌មានបានទៅដល់ថ្នាក់ដឹកនាំជាតិ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំផ្សេងៗ ឬមួយក៏អាចដោះស្រាយបាន។ អញ្ចឹងយើងក៏ចូលរួមជាមោទនភាពដែលបានជួយដោះស្រាយបញ្ហា។ ដូចនេះ សូមផ្សព្វផ្សាយផង ដើម្បីយើងចែករំលែកគ្នា … ដោះស្រាយបញ្ហាបានហើយៗ ក៏សូមជួយចែករំលែកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។ រឿងក្ដៅៗ ពេលក្ដៅ បានគេមើល ដោះបញ្ហា(បានហើយ) ដាក់ទៅគេអត់មើល។ សូមបង្ហោះទៅផងទៅ។ ថ្ងៃក្រោយ គេមកមើល ឃើញពីដើមដល់ចប់។ យើងជាអ្នកតាមដានត្រួតពិនិត្យ។ អញ្ចឹងខ្ញុំសុំពីរហ្នឹង។

(៦) “ទទួលបានព័ត៌មាន ត្រូវស្រាវជ្រាវរកការពិត”

ទី៣ ទទួលបានព័ត៌មានមានមូលដ្ឋានពីប្រជាពលរដ្ឋ ត្រូវស្រាវជ្រាវរកការពិត … យើងឃើញមាននៅក្នុងសន្ទុះនៃការជំរុញចលនាផ្សព្វផ្សាយវប្បធម៌ផ្សេងៗ។ សន្ទុះនៃការបំផុសទឹកចិត្តរបស់យើង ជាពិសេស នៅក្នុងការគាំទ្រទៅដល់រាជរដ្ឋាភិបាល ទៅដល់សម្ដេចតេជោ ទៅដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស ដូចជាក់ស្ដែង រឿងព្រែកជីហ៊្វូណនតេជោ គឺបានបង្កើតជាចលនាជាតិនិយមមួយធំណាស់។ (ចលនានេះអាច)បង្កទៅបាន ដោយសារការផ្សព្វផ្សាយស្រុះគ្នា ប្រើប្រាស់សិទ្ធិនិងប្រើប្រាស់ការបញ្ចេញមតិ និងរួមគ្នាដើម្បីជំរុញ គាំទ្រទៅដល់អ្វីដែលជាផលប្រយោជន៍ជាតិ។ ខ្ញុំសូមកោតសរសើរ។ នេះគឺជាអ្វីដែលយើងត្រូវធ្វើ។ នេះគឺជាអំណាចទី៤ អំណាចនៃការប្រមូលផ្ដុំកម្លាំងជាតិ។ អំណាចទី៤ ធំណាស់។ អត់ចាំបាច់ចេញបទបញ្ជារាជរដ្ឋាភិបាល មិនចាំបាច់ត្រូវការចេញពីតុលាការ ចេញពីច្បាប់នោះទេ តែជាទឹកចិត្តដែលបំផុសនូវចលនានេះ តាមរយៈការចែករំលែកព័ត៌មានគ្រប់ជ្រុងជ្រោយ។ នេះគឺជាអំណាចដែលយើងមើលមិនឃើញ។ ពេលខ្លះមិនមានចែងនៅក្នុងបទដ្ឋាន ប៉ុន្តែជាការបំផុស ជាការចងក្រង ដែលត្រូវប្រើប្រាស់ឱ្យគ្រប់ជ្រុងជ្រោយជំរុញការអភិវឌ្ឍប្រទេសជាតិ។

(៧) ដើម្បីឲ្យអំណាចទី៤ មានឥទ្ធិពល ទាល់តែប្រជាជនជឿនិងអោយតម្លៃពិត

ខ្ញុំធ្លាប់បាននិយាយហើយថា “អំណាច និងឥទ្ធិពល” ខុសគ្នា។ មានអំណាច មិនប្រាកដថាមានឥទ្ធិពលទេ ហើយមានឥទ្ធិពលក៏មិនប្រាកដថាមានអំណាចដែរ។ ថ្ងៃមុន ខ្ញុំទៅធ្វើបទបង្ហាញឲ្យថ្នាក់ដែលកូនខ្ញុំរៀន។ គ្រូបានអញ្ជើញខ្ញុំទៅប្រហែលជា ៥-៦ ឆ្នាំ​ហើយ។ ថ្នាក់ទី៥ ទី៦ គេសួរថា អ្វីទៅជាមេដឹកនាំដែលមានប្រសិទ្ធភាព? ខ្ញុំលើកឧទាហរណ៍ មនុស្ស ៦ នាក់ មានមេក្រុម ១។ មានករណីភ្លើងឆេះអគារនៅជិតហ្នឹង។ មេក្រុមនេះមិនបានធ្វើសកម្មភាពអីទេ។ បាត់ម្ចាស់ការ។ គាត់មានសិទ្ធិបញ្ជាមែន តែទៅមិនរួច។ តែក្នុងពេលជាមួយគ្នានេះ មានសមាជិកក្រុមម្នាក់បានប្រាប់គ្នាថា “យើងមិនអាចឈរមើលទេ។ យើងនាំគ្នាយកទឹកទៅជួយពន្លត់”។ គេនាំគ្នារត់តាមគាត់ទៅពន្លត់។ គាត់ជាសមាជិកក្រុម គាត់ជាអ្នកមានឥទ្ធិពល។ តែបើនិយាយពីអំណាច មេក្រុមគឺជាអ្នកមានអំណាច ព្រោះគ្រូឲ្យគាត់ធ្វើជាមេក្រុម (ដោយការ)ចាត់តាំង។

តែពេលនោះ អត់មាននរណាស្ដាប់គាត់ទេ គេស្ដាប់អ្នកដែលដឹកនាំ អាចសម្រេចចិត្តបាន ដើម្បីយកទៅធ្វើការងារដែលត្រឹមត្រូវ។ នេះហើយគឺឥទ្ធិពល។ អ្នកសារព័ត៌មានក៏ដូចគ្នា។ ដើម្បីឲ្យអំណាចទី៤ មានឥទ្ធិពល ទាល់តែមានការផ្ដល់ឲ្យតម្លៃ។ អ្នកណាជាអ្នកឲ្យតម្លៃនោះ? មិនមែនក្រសួងព័ត៌មានទេ។ មិនមែនក្រសួងព័ត៌មានចេញអាជ្ញាបណ្ណឲ្យទេ។ សួរថាតើសារព័ត៌មានហ្នឹង អ្នកសារព័ត៌មានហ្នឹង តើប្រជាជនជឿឬទេ? នេះហើយតម្លៃពិត។ តើគេមើលឬទេ? ហ្នឹងហើយតម្លៃពិត។ អំណាចមានមែន អាជ្ញាបណ្ណមានមែន តែបង្ហោះទៅ គេមិនមើល គេមិនតាមដាន ព្រោះថាបង្ហោះមកនិយាយមិនដឹងអី អត់មានការទទួលខុសត្រូវ គេលែងជឿ។ តែបើសិនជាមានការគោរព ការជឿទុកចិត្តអាចបញ្ជាក់បានថាព័ត៌មានហ្នឹងសុក្រឹត យ៉ាងហោចណាស់មានការទទួលខុសត្រូវ គេនឹងទទួលយក។ នេះហើយឥទ្ធិពលនៃសារព័ត៌មាន។

(៨) ឥទ្ធិពលសារព័ត៌មានពាក់ព័ន្ធនឹងក្រមសីលធម៌វិជ្ជាជីវៈ ដែលធានាដោយសុក្រឹតភាព សុចរិតភាព និងការទទួលខុសត្រូវ

ទាក់ទងនឹងឥទ្ធិពលសារព័ត៌មាន ពាក់ព័ន្ធសំខាន់បំផុតគឺក្រមសីលធម៌វិជ្ជាជីវៈ។ ពិតណាស់ អ្នកសារព័ត៌មានមានអំណាចក្នុងដៃ។ យើងមានទូរស័ព្ទ មានហ្វេសប៊ុក មានអ្នក follow រាប់សែននាក់។ យើងមានអាជ្ញាបណ្ណឲ្យយើងធ្វើ ប៉ុន្តែបើយើងគ្មានការទទួលខុសត្រូវគ្រប់ពេលវេលា យើងមិនត្រឹមតែប្រឈមនឹងច្បាប់ទេ តែក៏នឹងធ្វើឲ្យអ្នកតាមដានធុញ។ យើងបាត់អស់តម្លៃ។ សុក្រឹតភាពអត់ដឹងនៅទីណា។ ប្រជាជនចង់បានព័ត៌មានពិត តែបើមើលទៅវិលមុខ (គាតមិនអោយតម្លៃទេ)។ ពិសេស រឿងព័ត៌មានពិតប្រាកដ។ រឿងបញ្ចេញមតិ រឿង drama ខ្ញុំមិនដឹងទេ។ រឿង drama ​ម្ដងម្កាល គេតតាំងគ្នា។ ហ្នឹងរឿងមួយ តែបើយកព័ត៌មានគឺទាល់តែមានសុក្រឹតភាព និងមានក្រមសីលធម៌វិជ្ជាជីវៈ។ ដើម្បីធានានូវក្រមសីលធម៌វិជ្ជាជីវៈនេះ យើងត្រូវធ្វើយ៉ាងណាឲ្យមានសុចរិតភាព សុក្រឹតភាព និងការទទួលខុសត្រូវ។

(៩) រៀបរយប្រព័ន្ធ Media ដើម្បីគ្រប់គ្នាអាចបំពេញសិទ្ធិសេរីភាពដោយទទួលខុសត្រូវ

(តើធ្វើយ៉ាងណា)ដើម្បីឲ្យវិស័យ​ព័ត៌មានយើងរឹងមាំ។ យើងមានអ្នកសារព័ត៌មានមួយម៉ឺននាក់ ២ពាន់អង្គភាព។ ឥទ្ធិពលនៃអំណាចនេះគឺអាស្រ័យទៅលើការស្រុះគ្នា ធ្វើយ៉ាងណាឲ្យមានភាពរៀបរយ ឥទ្ធិពលវិជ្ជាជីវៈ ក្រមសីលធម៌ជារួម ទើបទទួលបានការទុកចិត្តពីប្រជាជននិងអតិថិជនរបស់យើង។ នេះហើយដែលឯកឧត្ដម នេត្រ ភក្រ្តា បាននិយាយអម្បាញ់មិញអំពីតម្រូវការធ្វើ/សម្រួលឲ្យមានលំដាប់លំដោយ មានរបៀបរៀបរយក្នុងប្រព័ន្ធ Media របស់យើង ដើម្បីឲ្យគ្រប់គ្នាអាចបំពេញសិទ្ធិសេរីភាពរបស់ខ្លួនដោយទទួលខុសត្រូវ មិនអាចប៉ះពាល់ទៅដល់តម្លៃអ្នក ២ពាន់នាក់ទៀត។ កុំឲ្យមនុស្សម្នាក់ធ្វើទៅ ធ្វើឲ្យមានបញ្ហាមួយអង្គភាព។

(១០) អ្នកសារព័ត៌មានវិជ្ជាជីវៈសេរី ត្រូវគ្រប់គ្រង ពង្រឹង ដឹកនាំខ្លួនឯង តាមអភិក្រមទាំង ៥

កុំបង្កើតឡើងដើម្បីទៅកៀបគេទារលុយ កុំបង្កើតឡើងដើម្បីទៅរករឿងគេ ធ្វើឲ្យគេវាយតម្លៃអ្នកកាសែតទាំងអស់។ កុំធ្វើបែបនេះ។ ត្រូវមានក្រមសីលធម៌និងសុចរិតភាព ដើម្បីការពារនូវឥទ្ធិពលនៃអំណាចទី៤ និងប្រតិ​បត្តិករនៃអំណាចទី៤នេះ គឺបងប្អូនទាំងអស់គ្នានៅទីនេះ ត្រូវរួមគ្នាទទួលខុសត្រូវ។ អភិក្រមទាំង ៥ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ មិនសំដៅតែលើអង្គភាពរាជរដ្ឋាភិបាលនោះទេ គឺត្រូវទាំងអស់គ្នា ការទទួលខុសត្រូវ។ គ្រប់កន្លែងទាំងអស់សារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានដែលជាវិជ្ជាជីវៈសេរីនេះ ត្រូវមានលទ្ធភាពក្នុងការគ្រប់គ្រងខ្លួនឯង ពង្រឹងខ្លួនឯង ដឹកនាំខ្លួនឯង អត់ចាំបាច់ទាល់តែក្រសួងតែងតាំងយើងធ្វើជាប្រធានអង្គភាពវិទ្យុ/ទូរទស្សន៍ដែលធំនោះទេ។ ការទទួលខុសត្រូវ និងការបញ្ជាក់នេះ ដើម្បីរួមគ្នាធ្វើ។ ស្ថាប័នទាំងអស់ត្រូវរួមគ្នាធ្វើទៅលើរឿងនេះ។

(១១) រាជរដ្ឋាភិបាលទទួលយកព័ត៌មានទាំងវិជ្ជមានទាំងអវិជ្ជមាន មានក្រមសីលធម៌ ដើម្បីដោះស្រាយ

ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ និងអបអរសាជាថ្មីចំពោះការរីកចម្រើននៅក្នុងវិស័យសារព័ត៌មានរបស់យើង ទាំងបរិមាណ ទាំងគុណភាព ទាំងការទទួលខុសត្រូវ។ អម្បាញ់មិញ នៅក្នុងរបាយការណ៍របស់ឯកឧត្ដម នេត្រ ភក្រ្តា បានបញ្ជាក់អំពីការពង្រឹងនូវក្រមសីលធម៌ដែលយើងបានរីកចម្រើនច្រើនហើយ ទាំងបរិមាណនិងគុណភាព។ ខ្ញុំសូមធ្វើការអបអរសាទរ និងអរគុណសាជាថ្មីចំពោះការចូលរួមរបស់បងប្អូនដើម្បីជួយពង្រឹងអំណាចទី៤នេះ ទៅជាអំណាចមួយដែលមានឥទ្ធិពល និងអាចទទួលការទុកចិត្តបានពីប្រជាជន និងរាជរដ្ឋាភិបាល។ មិនមែនតែប្រជាជនទេ រាជរដ្ឋាភិបាលក៏ត្រូវទទួលព័ត៌មានដែរ។ ព័ត៌មានមិនចាំបាច់ទាល់តែវិជ្ជមានទេ។ ព័ត៌មានអវិជ្ជមានក៏ត្រូវឲ្យដែរ តែត្រូវមានក្រមសីលធម៌ច្បាស់លាស់។ យកព័ត៌មានមកដើម្បីយើងដោះស្រាយ … ថ្ងៃមុន រឿងព្រឹបនៅស្វាយរៀង។ screenshot បញ្ជូនទៅឲ្យឯកឧត្ដម ប៉េង ពោធិ៍សា និងឯកឧត្ដម សាយ សំអាល់ ដោះស្រាយ រឿងបឹង រឿងអីអញ្ចឹងទៅ។ រឿងគេយកភាស៊ីអ្នកលក់ដូរតាមផ្លូវនៅភ្នំពេញ screenshot ព្រឹប រុញទៅឲ្យឯកឧត្ដម ឃួង ស្រេង។ យើងក៏ដោះបាន។

(១២) ផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ តែមានការទទួលខុសត្រូវ គឺចេះកែតម្រូវ

ការអនុវត្តវាតែងតែមានឆកល្វែង។ សារព័ត៌មានក៏ដូចគ្នាដែរ។ បងប្អូនក៏មានឆកល្វែង។​ តែយើងព្យាយាមឲ្យអស់លទ្ធភាព បើខុស ត្រូវហ៊ានទទួលខុសត្រូវ និងកែសម្រួល។ វាខុសគ្នារវាងការផ្សព្វផ្សាយព័ត៌មានដែលមិនគ្រប់ជ្រុងជ្រោយ ហើយគ្មានការទទួលខុសត្រូវ និងការផ្សាយព័ត៌មានដែលមិនគ្រប់ជ្រុងជ្រោយ តែយើងមានការទទួលខុសត្រូវ។ ចំណុចខុសគ្នានៅត្រង់ បើខុសចេះកែសម្រួល។ បើខុស មិនកែសម្រួល បានន័យថា យើងមានចេតនាអ្វីមួយដែលមិនសុចរិត … រាជរដ្ឋាភិបាលក៏ដូចគ្នា។ យើងមិនអាចធានាថាអ្វីដែលយើងដាក់ចេញទៅបាន(អនុវត្តពេញលេញ) ១០០% ទេ។ យើងត្រូវតាមដានជាប់ជាប្រចាំ ក្រែងលោដាក់ទៅវាមានបញ្ហា ដាក់ទៅអនុវត្តអត់ត្រូវគោលដៅ អនុវត្តលើស អនុវត្តខ្វះ អនុវត្តយឺត។ យើងត្រូវរកវិធីដើម្បីដោះស្រាយ …។

(១៣) សារព័ត៌មានមួយចំនួនតូចបង្កើតព័ត៌មានដើម្បីធ្វើសកម្មភាពមិនមែនសារព័ត៌មានដើម្បីទាញប្រយោជន៍

ទន្ទឹមនឹងបងប្អូនសារព័ត៌មានភាគច្រើនលើសលប់បានអនុវត្តត្រឹមត្រូវតាមក្រមសីលធម៌ជាអ្នកសារព័ត៌មានល្អ ក៏មានសារព័ត៌មានមួយចំនួនតូចមិនទាន់បានប្រតិបត្តិឲ្យគ្រប់។ អម្បាញ់មិញ ឯកឧត្ដម នេត្រ ភក្រ្តា បានលើកបញ្ហាប្រឈមមួយចំនួន មានដូចជាការយកព័ត៌មាន បង្កើតព័ត៌មានដើម្បីធ្វើសកម្មភាពមិនមែនជាអ្នកសារព័ត៌មាន តែដើម្បីទាញយកផលប្រយោជន៍អីមួយ។ ខ្ញុំចាំថាម្តងនោះ ឯកឧត្ដម ខៀវ កាញារីទ្ធិ (អតីតរដ្ឋមន្ត្រីព័ត៌មាន)បានអញ្ជើញខ្ញុំចូលរួមទិវាថ្ងៃ៣ ហ្នឹង កាលពីពីរឆ្នាំមុន។ កាលនោះ និយាយ live លើកដំបូង។ កាលចូលកម្មវិធី គេថាអត់និយាយឡាយទេ។ ដល់ពេលរៀបឡើង គេថានិយាយឡាយ។ ពេលនោះមានការលើកឡើងមួយថាមានអង្គភាពសារព័ត៌មាន ៥ ដែលក្រសួងដាក់ពិន័យហ្នឹង ជាការបិទសិទ្ធិសេរីភាពរបស់អង្គភាពនោះ។ ឯកឧត្តម ខៀវ កាញារិទ្ធ បានឡើងបកស្រាយថា “មិនមែនទេ។ អង្គភាពនោះ ពាក់ព័ន្ធពីការជំរិតក្រុមហ៊ុនមួយដើម្បីទាញផលប្រយោជន៍”។ រឿងវាអញ្ចឹង។ ដល់អញ្ចឹងទៅ គេចែកចាយតគ្នា ធ្វើឱ្យបាត់តម្លៃអ្នកសារព័ត៌មាន។ អញ្ចឹងសូមកុំធ្វើបែបនេះ។ កុំឱ្យម្នាក់ពីរនាក់ ប៉ះពាល់ដល់រាប់ពាន់រាប់ម៉ឺននាក់។ យើងរួមគ្នាបញ្ចេញព័ត៌មានពិត …។

(១៤) ពិនិត្យនិងប្រើពាក្យពេចន៍ឱ្យបានត្រឹមត្រូវក្នុងផ្សាយបន្តផ្ទាល់

ទី៤ កន្លែងខ្លះគឺយើងមានការប្រើប្រាស់ឡាយ(live) ឬផ្សាយបន្តផ្ទាល់។ ពេលខ្លះ ការផ្សាយនោះប្រើពាក្យពេចន៍គ្រោតគ្រាតបន្តិច។ ឥឡូវយើងធ្វើបានល្អ។ ក្រសួងបានធ្វើការចែកចាយ។ ប៉ុន្តែពេលខ្លះនៅភ្លាត់។ សូមឱ្យពិនិត្យ។ ពេលយើងនិយាយឡាយ/ផ្សាយផ្ទាល់ពីរឿងរបស់(នរណាម្នាក់)ជាសាធារណៈ។ យើងនិយាយមិនបនតផ្ទាល់ ឬឡាយ ឱ្យប្រជាជនរាប់ពាន់រាប់ម៉ឺននាក់មើល ជារឿងផ្សេង។ តែយើងជាមនុស្សសាធារណៈ។ ពេលដែលយើងឡាយ សូមពិនិត្យមើល។ យើងអាចជា Model ហើយអ្នកសារព័ត៌មានក៏ជា Role model ដែរ។ ជា Idol របស់ប្រជាពលរដ្ឋច្រើនណាស់។ មិនមែនតែតារាសិល្បករជា Idol ទេ។ អ្នកសារព័ត៌មានក៏មាន Idol ក៏មានអ្នកតាមមើលដែរ។ អញ្ចឹង អ្វីដែលយើងនិយាយ ក៏អាចក្លាយទៅជាគំរូទៅដល់អ្នកផ្សេង។ ជា Fan ដែលទទួលនូវការចែកចាយរបស់យើង។

(១៥) បិទឬមិនផ្សាយព័ត៌មានប៉ះពាល់ដល់សីលធម៌/វប្បធម៌ (១) អ្វីដែលគ្រោតគ្រាត (២) ផ្សាព្វផ្សាយខ្លឹមសារណែនាំ និង(៣) កុំធ្វើព័ត៌មានក្លែងក្លាយ

ទី៥ ពេលខ្លះ ការផ្សព្វផ្សាយប៉ះពាល់ដល់សីលធម៌ វប្បធម៌។ សូមជួយបិទ ជួយកុំផ្សាយ។ ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ វិចិត្រសិល្បៈ ក្រសួងកិច្ចការនារី បានធ្វើការផ្សព្វផ្សាយហើយ … ទី១ កុំផ្សព្វផ្សាយអ្វីដែលគ្រោតគ្រាត ឬអសីលធម៌។ ទី២ ជួយផ្សព្វផ្សាយខ្លឹមសារ ឬជួយនិយាយណែនាំជាខ្លឹមសាររបស់យើងបន្ថែម។ ដូចជាថា រឿងហ្នឹងមិនគួរផ្សាយ វាប៉ះពាល់អីអញ្ចេះៗ។ (៣) បញ្ហាមួយទៀតគឺបញ្ហា Fake News ឬព័ត៌មានក្លែងក្លាយ។ បញ្ហានេះក្លាយជាបញ្ហាប្រឈមនៅទូទាំងពិភពលោក ហើយអាចមានចរិតត្រឹមតែជាព័ត៌មានឱ្យគេចាប់អារម្មណ៍។ កន្លែងខ្លះអាចជាព័ត៌មានអំពីបញ្ហាសន្តិសុខជាតិ។ ធ្វើឱ្យមនុស្សយល់ច្រឡំ អាចធ្វើឱ្យផ្ទុះសង្គ្រាម … ការងារនេះគឺសូម​អ្នកសារព័ត៌មានកុំ(ចូលទៅពាក់ព័ន្ធអនុវត្ត)។

សូមយកឱកាសនេះបន្តិច ពណ៌នាព Fake News នេះ។ ល្ងាចមិញ កំពុងតែប្រជុំ ស្រាប់តែមានព័ត៌មានផ្សាយដោយ Cambodia daily ចោទថា ឯកឧត្តម គុណ ញឹម សូកលុយខ្ញុំ តាមរយៈប្រពន្ធរបស់ខ្ញុំ ដើម្បីគាត់បានពន្យាការចូលនិវត្តន៍រហូតទៅដល់ឆ្នាំ ២០២៨។ ម៉េចបានវាចេញមកអញ្ចឹង។ ទើបនឹងចប់ប្រជុំ គិតថាបានធូរអារម្មណ៍បន្តិច ចេញមកក្តៅឆេវលើសដើម។ សួរថាតើចេតនាអី? ហើយគេពូកែណាស់ខាងជ្រកក្រោមពាក្យថា “មន្ត្រីនេះមន្ត្រីនោះនិយាយ”។ រឿងនេះជារឿង Fake។ រឿងនេះវាប៉ះពាល់ដល់ខ្ញុំនឹងគ្រួសារ។ ប៉ុន្តែរឿងបែបនេះក៏អាចប៉ះពាល់ទៅដល់ប្រជាជនយើងផង ប៉ះពាល់ទៅដល់ស្ថាប័នផង។ នេះគ្រាន់តែជាឧទាហរណ៍មួយទេ។ ដល់ខ្ញុំបញ្ជាក់ទៅវិញ រឿងច្បាស់ក្រឡែត។ គេថាសម្តេច តេជោ បានប្រកាសហើយ ឱ្យឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ឆ្នាំ ២០២៥។ ឥឡូវដល់ឆ្នាំចូលនិវត្តន៍ហើយ ឯកឧត្ត​ម គុណ ញឹម ចង់ពន្យារដល់ឆ្នាំ ២០២៨ លួចយកលុយមកសូកខ្ញុំតាមរយៈប្រពន្ធខ្ញុំ ដើម្បីឱ្យចូលនិវត្តន៍ឆ្នាំ ២០២៨។ ខ្ញុំយកលិខិតដែលសម្តេចតេជោលោកបានចារឯកភាព នៅថ្ងៃទី ២២ ខែ ១២ ឆ្នាំ ២០២២ អនុញ្ញាតឱ្យឯកឧត្តម គុណ ញឹម បានពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ ២០២៨ ដើម្បីដឹកនាំការកំណែទម្រង់ប្រព័ន្ធគយ។ នេះយើងមានឯកសារជាភស្តុតាង។

(១៦) ការផ្សាយថាមានការសូកប៉ាន់តំណែងមេគយ ជាចេតនានយោបាយ? ការជ្រើសរើសតែងតាំងអគ្គនាយកគយនិងរដ្ឋាករ ជាឆន្ទានុសិទ្ធរបស់នាយករដ្ឋមន្ត្រី

បើសិនជាសម្តេចគ្រាន់តែឱ្យជាគោលការណ៍ ឬមួយក៏គោលការណ៍ណាមួយមិនមានការឯកភាពនេះ តើវាយ៉ាងម៉េច? ទី១ គ្មានការសូកប៉ាន់ តើការបង្កើតរឿងបែបនេះដើម្បីអី? ចេតនានយោបាយ ឬយ៉ាងណា? ចាំមើលៗ Cambodia daily មួយហ្នឹង ដែលឥឡូវភស្តុតាងចេញហើយ អចេតនាឬចេតនា? បើខ្លួនឯងចេញផ្សាយដោយអចេតនា ប្រាកដជាចេញកែសម្រួលហើយ។ ឥឡូវភស្តុតាងបានបញ្ជាក់ហើយ ថាមិនមែនជាគោលការណ៍ដែលសម្តេចតេជោឱ្យគាត់ចូលនិវត្តន៍ឆ្នាំ ២០២៥ ទេ គឺសម្តេចតេជោបានឯកភាពឱ្យចូលនិវត្តន៍ឆ្នាំ ២០២៨។ បើសិនជា​មានការពន្យារដល់ឆ្នាំ ២០២៨ ក៏មានការឯកភាព ហើយគ្មានការបង់លុយណាមួយនោះទេ។ នេះមកចោទទាំងស្រុង។ ទី២ ក្នុងនាមជានាយករដ្ឋមន្ត្រី ខ្ញុំមានឆន្ទានុសិទ្ធិគ្រប់គ្រាន់ នៅក្នុងការជ្រើសរើសតែងតាំងអគ្គនាយក នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ពេលណាក៏បានដែរ។ ខ្ញុំអាចជ្រើសរើសបេក្ខជន និងធ្វើការស្នើសុំចាត់តាំង តែងតាំងផ្លាស់ប្តូរអគ្គនាយដ្ឋានគយនិងរដ្ឋាករ ផ្អែកទៅលើគុណាធិបតេយ្យ។ ខ្ញុំគិតថាអ្នកដែលផ្សាយនេះ វិទ្យុ Cambodia daily នេះ ប្រហែលជាមានចេតនាចង់ឱ្យ ឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ឆ្នាំ ២០២៥។ អញ្ចេះ ជ្រុលជាដាក់អញ្ចឹងហើយ ឯកឧត្តម គុណ ញឹម នឹងនៅបន្តដល់ឆ្នាំ ២០២៨។ អ្នកឯងចង់បានបរាជ័យទៅ។

គោលការណ៍អនុញ្ញាតទី១ សម្តេចតេជោ មិនមែនអនុញ្ញាតឱ្យឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ឆ្នាំ ២០២៥ ទេ។ ជាគោលការណ៍ឆ្នាំ ២០២៨។ ប្រហែលជាឃើញវីដេអូមួយដែលសម្តេចធ្លាប់និយាយ(ពន្យាដល់ឆ្នាំ)២០២៥។ ក្រោយមកដោយសារមានតម្រូវការចាំបាច់នៅក្នុងការកែទម្រង់គយមួយអាណត្តិទៀត ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្នើសុំរក្សាមេទ័ពដើម្បីកែសម្រួលមួយអាណត្តិទៀត។ អញ្ចឹងសម្តេចតេជោបានឯកភាពពីចុងខែ ១២ ឆ្នាំ ២០២២ ប្រហែល ២ឆ្នាំមុនរួចទៅហើយ។ អញ្ចឹង គ្មានករណីចាំបាច់អីដែលថាសម្តេចតេជោមិនអនុញ្ញាតនោះទេ។ ប៉ុន្តែ អាណត្តិថ្មីនេះខ្ញុំជានាយករដ្ឋមន្ត្រី រឿងតែងតាំងមិនតែងតាំងជាឆន្ទានុសិទ្ធិរបស់ខ្ញុំ។ ខ្ញុំពន្យារ។ ឥឡូវនេះ វិទ្យុ Cambodia daily ដែលផ្សាយហ្នឹង ចង់ថាខ្ញុំពន្យារឱ្យឯកឧត្តម គុណ ញឹម ឬមួយក៏យ៉ាងណា? ខ្ញុំថា បើចង់បានអញ្ចឹង ខ្ញុំនឹងឱ្យឯកឧត្តម គុណ ញឹម នៅដល់ឆ្នាំ ២០២៨ ដោយគ្មានការកែសម្រួល។ បើជ្រុលជាអញ្ចឹង រុញទូកបណ្តោយទឹកតែម្តងទៅ ផ្អែកទៅលើគុណាធិបតេយ្យ និងការងារនេះ។

(១៧) គ្មានមន្រ្តីនិយាយទេ គឺវិទ្យុអាស៊ីសរី/The Cambodia Daily ខ្លួនឯងនិយាយ តែមិនទទួលខុសត្រូវ

ប្រើវិធីចាស់ Style តែមួយហ្នឹងឯង។ Style ទីមួយគឺស្រដៀងវិទ្យុអាស៊ីសេរីហ្នឹង គឺថាឱ្យតែនិយាយរឿងអីគឺតែងយកមន្ត្រីយើងដាក់ពីមុខហើយ “តាមប្រភពព័ត៌មានជាសាច់ការពីមន្ត្រីជាន់ខ្ពស់ ដែលមិនហ៊ានបញ្ចេញឈ្មោះ”។ រឿងអាស៊ីសេរីឱ្យតែនិយាយរឿងនេះ គឺតែងតែយកមន្ត្រីយើងដាក់ពីមុខ … រឿងអាស៊ីសេរីប្រឆាំងព្រែកជីកហ៊្វូណនតេជោ ក៏យកមន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមកសំអាង។ តាមពិត គ្មានមន្រ្តីណាអ្នកនិយាយទេ ខ្លួនឯងហ្នឹងអ្នកនិយាយ តែមិនហ៊ានទទួលខុសត្រូវ។ មួយទៀត គេយកវិធីចិត្តសាស្រ្តបងប្អូន និយាយមេក្រូមិនសូវឮទេតែបើខ្សឹបឮជាង។ បើខ្សឹបប្រាប់ថាកុំនិយាយប្រាប់គេ ខ្លាចដាច់ក កាន់តែជឿទៀត។ ម្សិលមិញក៏ដូចគ្នា ថាមន្រ្តីនៅអគ្គនាយកដ្ឋានគយនិងរដ្ឋករច្រើនណាស់បានប្រាប់ទៅ Cambodia Daily ថាសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រឆាំងគោលការណ៍ ឬមួយក៏យកលុយឯកឧត្តម គុណ ញឹម ដើម្បីពន្យាការចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម ទៅ ២០២៨ ដែលផ្ទុយពីអ្វីដែលជាគោលការណ៍បានឯកភាពពីនាយករដ្ឋមន្រ្តីអាណត្តិមុន។

ខ្ញុំប្រាប់បើលេងតែវិធីហ្នឹងងាប់ហើយ។ ហ៊ានចេញខ្លួនឯងខ្លះទៅ។ ក្លាហានចេញព័ត៌មានក្លែងក្លាយវាយគេតែមិនហ៊ានទទួលខុសត្រូវថាខ្លួនឯងអ្នកស្រាវជ្រាវមកពីណា ទៅយកប្រភព(មកពីណា)។ បើសិនជាមានមន្រ្តីនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋករ ប្រាប់អញ្ចឹងមែន ហើយក្នុងចេតនាថ្ងៃមួយ គឺមិនឲ្យឯកឧត្តម គុណ ញឹម ពន្យារ (គឺចប់ត្រឹម)ឆ្នាំ២០២៥។ ឥឡូវដាំចេកទៅ។ តែខ្ញុំមិនជឿថាមានផ្ទៃក្នុង។ ប្រាកដជាវិធីសាស្រ្តរបស់លោកសារព័ត៌​មានហ្នឹងហើយ។ នេះហើយដែលខ្ញុំនិយាយថាកុំជ្រកក្រោមសិទ្ធិសេរីភាពសារព័ត៌មាន ធ្វើឲ្យបាត់បង់សក្តានុពល ធ្វើអ្វីដោយគ្មានការទទួលខុសត្រូវ គ្មានក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ វាធ្វើឲ្យខាតប្រយោជន៍ធំរបស់ខ្លួន។

(១៨) ដឹងថាជ្រកក្រោមផ្លាកសារព័ត៌មានដើម្បីការវាយប្រហារនយោបាយ ប៉ុន្តែគួរកុំឲ្យវាថោកពេក

​មួយវិញទៀត ឃើញហើយ ដឹងហើយមិនព្រមកែ។ ឥឡូវបានបញ្ចេញភស្តុតាងហើយ។ ចាំមើលតើ Cambodia Daily ចេញការកែសម្រួលនូវអ្វីដែលខ្លួនធ្វើ(ឬអត់)? ខ្ញុំជឿថាមិនទេ។ ចាញ់បងប្អូនអ្នកសារព័ត៌យើងជាច្រើនផងដែលផ្សាយទៅខុស ដល់ពេលបានព័ត៌មានពីអាជ្ញាធរឲ្យគ្រប់ គាត់ចេញមកប្រាប់ថាមានការផ្សាយព័ត៌​មានអត់គ្រប់ជ្រុងជ្រោយ។ ខ្ញុំសុំកែសម្រួល។ អញ្ចឹងវិទ្យុ ២នោះ ចាញ់ទាំងបងប្អូនអ្នកសារព័ត៌មានក្នុងប្រទេសយើង ដែល​អង្គភាពខ្លះគ្មានអ្នកផ្តល់លុយច្រើនដូចគាត់ផង។ យើងដឹងហើយ ជ្រកក្រោមផ្លាកសារព័ត៌មាន ប៉ុន្តែធ្វើកិច្ចការនយោបាយដើម្បីវាយប្រហារ។ ប៉ុន្តែកុំឲ្យវាថោកពេក។ បើវាយមនុស្ស កុំចង់វាយក្រុមគ្រួសារធ្វើអី។ ​បង្កើតរឿងអត់ប្រយោជន៍។ កុំលេងស្ទីលដូចអ្នកនយោបាយចាស់វស្សា វាយទាំងអស់។ ឈ្លោះជាមួយសម្តេចតេជោ វាយជាមួយកូនចៅទាំងអស់។ សូម្បីតែប្អូនថ្លៃរបស់គាត់ដែលស្លាប់ទៅហើយក៏មិនលើកលែងដែរ។ បង្កើតរឿងដើម្បីចោទប្រកាន់មួលបង្កាច់អ្នកដែលស្លាប់។ ភាពអសីលធម៌បែបនេះមិនគួរមានសោះក្នុងសង្គមខ្មែរយើង។ វាគួរតែដឹងពេលវេលា ដឹងអីផង។ នេះហើយជាការមិនទទួលខុសត្រូវ។ អ្នកឯងនឹងបាត់តម្លៃ។

ថ្ងៃមិញខ្ញុំឃើញបងប្អូនច្រើនណាស់ចេញការពារភាពស្អាតស្អំ បង្ហាញនូវភស្តុតាងជាក់ស្តែងដើម្បីការពារ។ ខ្ញុំឃើញវិទ្យុ ABC របស់អាចារ្យអេធ្វើបទបង្ហាញមួយសម្រាប់ឲ្យប្រពន្ធខ្ញុំ។ ខ្ញុំមិនបាន(មើល) រវល់ស៊ីញ៉េឯកសារ។ គាត់រត់យកមកបង្ហាញខ្ញុំ។ អាចារ្យអេ និយាយ show រឿងហ្នឹង។ រឿងដែលវិទ្យុ Cambodia Daily បំភ្លៃការពិត យករឿងក្លែងក្លាយទៅនិយាយ។ ឥឡូវមានភស្តុតាងជាក់ស្តែង។ ខ្ញុំឃើញប្រជាពលរដ្ឋច្រើនដែលទូរស័ព្ទចូលទៅ ការពារភាពស្អាតស្អំរបស់គ្រួសារខ្ញុំ … ជាទូទៅ មានការការពារច្រើន។ ខ្ញុំសូមយកឱកាសនេះអរគុណទៅដល់បងប្អូនបានចេញសារចូល comment ដើម្បីជួយការពារភាពស្អាតស្អំរបស់គ្រួសារខ្ញុំ ជាពិសេស បងប្អូនដែលទូរ​ស័ព្ទចូលទៅវិទ្យុ ABC … ថ្ងៃមុន កូនខ្ញុំមកវិស្សមកាល ហើយចំពេលខ្ញុំចេញទៅប្រជុំនៅជប៉ុន។ អញ្ចឹងកូនវាតាមទៅ។ គ្រាន់តែកូនទៅតាម គេថាកូនខ្ញុំហ្នឹងដូចកូនរបស់ប្រធានាធិបតីកូរ៉េខាងជើងឯណាឆ្កុយ។ វាយដោយទាំងកូនឯងទៀត។ គួរគិតក្រមសីលធម៌ខ្លះទៅ បងប្អូនអ្នកសារព័ត៌មាន។ តតាំងជាមួយខ្ញុំទៅ។ កូនក្មេងគ្នាអត់ដឹងអីទេ ហើយខ្ញុំក៏មិនដែលវាយប្រហារកូនអ្នកណាដែរ។ សូម្បីតែអ្នកចាស់វស្សាដែលជេរខ្ញុំរាល់ថ្ងៃ កូនរបស់គាត់ជាមិត្ត​របស់ខ្ញុំ។ យើងឆ្លងឆ្លើយគ្នាក្នុងនាមជាមិត្តភក្តិ។ យើងស្គាល់គ្នា គោរពគ្នាទៅវិញទៅមក។ រឿងនយោបាយខុសគ្នា ប៉ុន្តែការគោរពគ្នាក្នុងនាមជាមនុស្ស ជាបុគ្គលជាខ្មែរដូចគ្នា ត្រូវចេះគោរពគ្នារឿងហ្នឹងផងទៅ។

(១៩) ដើម្បីចីរភាពនិងនិរន្តរភាពឥទ្ធិពល សូមប្រតិបត្តិករអំណាចទី៤ គោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន

សារព័ត៌មានដូចគ្នា ពេលខ្លះសុំកុំវាយគ្នា ក្មេងអត់ដឹងអីទេ។ បើឪពុកម្តាយធ្វើខុស កុំលើកដាក់ទៅគ្នា។ គ្នាអត់ដឹងអីទេ។ បើឪពុកម្តាយធ្វើខុស កុំបង្ហាញរូបគ្នា។ ទៅរៀនខ្មាសគេ។ ខ្ញុំសុំឲ្យគិតពីជ្រុងហ្នឹងផងបងប្អូន។ យើងចង់បង្ហាញឲ្យដឹង ប៉ុន្តែពេលខ្លះសូម blur អីទៅ។ ជួនកាលឪពុម្តាយធ្វើខុសដោយប្រការណាមួយ។ ឧទាហរណ៍ ចោរប្លន់គេបាញ់ស្លាប់។ កុំទៅស្រាវជ្រាវដល់ឪពុកម្តាយគ្នានៅផ្ទះនៅភូមិធ្វើអី។ បង្ហោះធ្វើអី។ មិនបាច់ទេ។ ទុកឲ្យប៉ូលីសគេស្រាវជ្រាវបានហើយ។ កុំចាំបាច់ទៅស្រាវជ្រាវឪពុកម្តាយ។ គាត់អត់ដឹងទេ។ អត់ដឹងថាកូនធ្វើអីទេ។ ឥឡូវតាមការផ្សព្វផ្សាយ ចុះទៅយកដល់ផ្ទះថាចោរហ្នឹងនៅទីនេះ។ ឪពុកម្តាយចាស់ជរា គាត់ត្រូវខ្មាសគេមួយភូមិ។ ខ្ញុំសុំ។ នេះហើយក្រមសីលធម៌។ ត្រូវមានព្រំដែន។ ជាពិសេសក្រុមគ្រួសារអ្នកដែលមិនពាក់ព័ន្ធកុំប៉ះពាល់។ នេះជាអ្វីដែលបងប្អូនអ្នកសារព័ត៌មាននៅទីនេះអាចដើរតួនាទីសំខាន់ជាអ្នកប្រតិបត្តិករអំណាចទី៤ និងសូមរក្សាព្រំដែនឲ្យបានច្បាស់លាស់។ ធ្វើអ្វីឲ្យសមប្រកបនឹងក្រមសីលធម៌វិជ្ជាជីវៈជាអ្នកកាសែត។ នេះគឺជាអ្វីនៃការពង្រឹងចីរភាព និងនិរន្តរភាពនៃឥទ្ធិពលនៃអំណាចទី៤។

(២០) ​កុំថាឡើយអន្ដរាគមន៍មន្ដ្រីឱ្យកាន់តំណែង ស្ត្រីទី១កម្ពុជាមិនធ្វើអ្វីពាក់ព័ន្ធនឹងការងារប្ដីទេ

សូមអរគុណប្រជាពលរដ្ឋដែលចេញការពារគ្រួសារខ្ញុំ តែក៏ធ្វើឲ្យខ្ញុំរអៀសខ្លួន។ ប្រជាពលរដ្ឋជាច្រើនចេញការ​ពារហើយ អ្នកស្គាល់គាត់(ភរិយាខ្ញុំ ចេញការពារហើយ)។ ចុះប្តី តើមានសិទ្ធិក្នុងការការពារប្រពន្ធខ្លួនឯងទេ? ឥឡូវខ្ញុំសុំបើកវង់ក្រចកបន្តិច ដើម្បីបំពេញកាតព្វកិច្ចជាប្តី មិនមែនជានាយករដ្ឋមន្រ្តី បង្ហាញមួយជ្រុងនៃគ្រួសាររបស់ខ្ញុំ។ ខ្ញុំដឹងថាដល់ផ្ទះគាត់ស្តីឲ្យខ្ញុំ ព្រោះគាត់មិនដែលចង់ឲ្យខ្ញុំយកកូន យករឿងគាត់ទៅប្រាប់គេឯងទេ។ គាត់ធ្វើការងារមិនចង់បង្ហាញអ្នកណាទេ។ តែឥឡូវសុំទោស មិនមែនដោយសារគាត់នៅហ្នឹងយកក្រេឌីតទេ ប៉ុន្តែបើបានក្រេឌីតក៏ល្អដែរ។ ថ្ងៃមុន មកសួរខ្ញុំ “រួចខ្ញុំយ៉ាងម៉េច? គេជេរខ្ញុំយួន ឥឡូវគេជេរខ្ញុំផ្តាច់ការ។ ឥឡូវគេជេរខ្ញុំពុករលួយទៀតបង”។ ខ្ញុំថា សុំទោស។ ឥឡូវ ធ្វើម៉េច អូនឯងមកធ្វើជាប្រពន្ធនាយករដ្ឋមន្រ្តី វាត្រូវតែប្រឈមអញ្ចឹងហើយ។ តែខ្ញុំសុំឆ្លៀតឱកាសនេះដើម្បីបញ្ជាក់បន្តិច ប្រហែលជាប្រជាពលរដ្ឋយើងក៏ចង់ដឹងរឿងខ្លះ។

បានឃើញសកម្មភាពគាត់នៅក្នុងសង្គម សកម្មភាពគាត់នៅក្នុង TYDA សកម្មភាពក្មេងៗជំនាន់កូវីដ-១៩ បងប្អូនបានឃើញបងស្រី ឃើញចៅនៅខាងក្រៅជួបគ្នាម្តងម្កាល ខ្ញុំនៅជាមួយគាត់ ១៨ ឆ្នាំហើយ។ ហ្នឹងមិនទាន់និ​យាយអំពីប្រវត្តិស្គាល់គាត់ផង។ គ្រាន់តែចង់ប្រាប់ប្រវត្ដិស្គាល់(គ្នា)ដំបូង គាត់មិនស្រឡាញ់ខ្ញុំទេ។ តែជារឿងនិស្ស័យ។ ខ្ញុំមិនបកស្រាយ​នៅពេលនេះទេ …​ ១៨ ឆ្នាំហើយ តាំងពីមិនទាន់នៅជានាយទាហ៊ានជើងគោក។ គាត់មិនប្រែប្រួលទេ។ ទោះបីឥឡូវគាត់ក្លាយជាស្ដ្រីទី១ ក៏គាត់មិនប្រែប្រួលដែរ។ ទី១ ភាពសាមញ្ញរបស់គាត់។ ពេលខ្លះមកដល់ផ្ទះ គាត់សួរខ្ញុំថា “បង! ខ្ញុំស្លៀកពាក់ខោអាវនឹងស្រែឬយ៉ាងម៉េច? បានជាគេមានគេមកប្រាប់ខ្ញុំ។ ថ្ងៃខ្លះគេមក​ប្រាប់(គាត់) ពេលខ្លះមិត្តភក្ដិប្រាប់ថា លោកជំទាវជាស្ដ្រីទី១ ស្លៀកពាក់អញ្ចឹងមិនសមទេ គួរតែឲ្យឆើតឆាយជាងនេះ។ គាត់ទៅមិនរួចទេ …។

ឥឡូវ នេះជជែកតវ៉ាតែជាមួយនឹងអង្គរក្សទេ … កាលពីមុនទៅណា (អង្គរក្ស)តែម្នាក់គត់ជាមួយគាត់។ ដល់ឥឡូវ ដោយសារហានិភ័យត្រូវដាក់កំលាំង។ អញ្ចឹងគាត់ចរចា។ កុំដាក់ច្រើនពេក។ ខ្ញុំសុំទៅតែម្នាក់ឯង។ គេមិនហ៊ានឲ្យទៅ។ ជាកាតព្វកិច្ច។ គាត់ថាតាំងពីឡើង(ស្ត្រីទី១) ឥឡូវទៅណាលែងរួចហើយ។ ថានាយករដ្ឋ​មន្ដ្រីទៅណាគេវាស់ដីឲ្យដើរ ឥឡូវគាត់ក៏គេវាស់ដីឲ្យដើរដែរ។ ខ្ញុំគេវាស់ដីឲ្យដើរ ខ្ញុំអត់ដឹងទៅផ្លូវណាកាច់ផ្លូវណាទេ ដឹងតែម៉ោង ​គេឲ្យឡើងឡាន ចេញពីឡានគេបើកទៅណាទៅនោះ។ ចេញពីឡាន ពិធីការចង្អុលផ្លូវឲ្យខ្ញុំដើរ។ គាត់ចង់បានភាពសាមញ្ញ ការរាក់ទាក់មិនចោលនោះទេ។ អ៊ំពូមីងតាយាយនៅតែដដែលជាមួយគាត់។ ទី២ គាត់​កុំថាឡើយអន្ដរាគមន៍រកមន្ដ្រីដើម្បីកាន់តំណែង រឿងពាក់ព័ន្ធនឹងការងារប្ដី គាត់មិនធ្វើទេ តាំងពីខ្ញុំកាន់អង្គភាព​ដំបូង។ គាត់មិនទៅក្បែរតែម្ដង។ កុំថាមានការអីត្រូវការគាត់ជួយ។ (បើ) ពេលបុណ្យពេលទានគាត់ជួយរៀប តែបើឲ្យគាត់ទៅអត់ទេ។ គាត់អត់ទៅក្បែរទេ។ គាត់ជួយពីចំងាយ កុំឱ្យ(មានការិះគន់)។

ការងារខ្លះ(របស់ខ្ញុំគឺគាត់)មិនចូល។ កម្មវិធីបែបនេះ គាត់មិនងាយមកទេ។ គាត់ថា “បង! ខ្ញុំមិនចង់ឲ្យឃើញរូបភាពខ្ញុំត្រូវទៅកន្លែងបង (ចូលរួម)ការងាររបស់បងគ្រប់ពេល។ ខ្ញុំមានការងាររបស់ខ្ញុំ …”។ ប៉ុន្ដែការងារនេះជាលក្ខណៈគ្រួសារបានជាគាត់មកចូលរួម។ ប៉ុន្ដែបើ​ជាការងារផ្លូវការ គាត់មិនងាយចូលទេ។ កុំថាឡើយអន្ដរាគមន៍មនុស្សឲ្យខ្ញុំស៊ីញ៉េ។ គាត់ដឹង(ចិត្ដ)ប្ដីគាត់ដែរ។ ខ្ញុំដឹងគាត់ជាមនុស្ស(បែបណា)។

(២១) ស្ត្រីទី១៖ “ជួយ​ជាតិ មិនចាំបាច់ទាល់តែធ្វើមន្ដ្រីរាជការទេ, កុំតែបំផ្លាញជាតិ និងជួយប្រជាជនបានម្នាក់ក៏ជួយប្រទេសជាតិហើយ”

កុំថាឡើយទាក់ទងការងារប្ដី សូម្បីការងារគាត់ (ដែល) គាត់រៀនបរិញ្ញាបត្រឱសថ​ស្ថានពីសាកលវិទ្យាជាតិសុខាភិបាល, គាត់បញ្ចប់ហើយទៅរៀបបរិញ្ញាបត្រជាន់ខ្ពស់នៅសហរដ្ឋអាមេរិកខាងសុខភាព​សាធារណៈ, បន្ទាប់មកទៅយកបណ្ឌិតសុខភាពសាធារណៈនៅសាលាធំនៅចក្រភពអង់គ្លេស។ មកវិញមានគេឲ្យយោបល់គាត់ចូលធ្វើការនៅក្រសួងសុខាភិបាល។ សូម្បីឯកឧត្តម ម៉ម ប៊ុនហេង ហៅគាត់ចូលធ្វើការថាដើម្បីយកចំណេះចែករំលែកដើម្បីបម្រើប្រជាជន។ គាត់ប្រាប់ខ្ញុំថា គាត់សុំមិនទៅទេ។ មិនមែនគាត់ស្អប់ការងារ​រដ្ឋទេ ប៉ុន្ដែ(ជា)ឆន្ទៈរបស់គាត់។ មូលហេតុអ្វីបានជាគាត់ប្ដូរពីហ្វាម៉ាស៊ី ទៅរៀនសុខភាពសាធារណៈ ព្រោះគាត់ចុះទៅខេត្តចង់ធ្វើការជាមួយប្រជាជននៅមូលដ្ឋានក្នុងលក្ខណៈសាមញ្ញជា NGO ហ្នឹងបំណងដើមដែលគាត់រៀន ហើយមកដល់ម៉ោងនេះក៏គាត់មិនទាន់ប្រែប្រួលដែរទេ។ គាត់ប្រាប់ថា “ខ្ញុំមិនចោលឆន្ទៈរបស់ខ្ញុំទេ។ ខ្ញុំដូរពីរៀនហ្វាម៉ាស៊ី មក(រៀន)សុខភាពសាធារណៈ ទៅធ្វើការងារជាមួយប្រជាជន ជួយទៅតាមអ្វីដែលខ្ញុំអាចធ្វើទៅបាន។ ខ្ញុំចង់ធ្វើការ ចង់ចុះមូលដ្ឋាន។ ជួយប្រទេសខ្ញុំនៅតែធ្វើ ហើយជួយ​ប្រទេសជាតិមិនចាំបាច់ទាល់តែធ្វើមន្ដ្រីរាជការទើបជួយបានទេ។ យើងធ្វើអីក៏បានដែរ ទី ១ កុំឲ្យតែបំផ្លាញជាតិ ទី​២ ជួយប្រជាជនបានម្នាក់ក៏ជួយប្រទេសជាតិនោះហើយ។

ឥឡូវធ្វើការពេទ្យ TYDA សមាជិកចូលរាប់ពាន់នាក់។ ចុះធ្វើការជួយប្រជាជននៅមូលដ្ឋាន។ ចុះដល់ខ្នងផ្ទះ។(ក្លាយ)ជាស្ដ្រីទី១ ក៏ទារចុះមូលដ្ឋានដែរ។ ថ្ងៃមុន ទើបទៅស្ទឹងមានជ័យ ជួបជាមួយប្រជាពលរដ្ឋ ជាមួយតា យាយ។ ខ្ញុំច្រណែនគាត់វិញហើយឥឡូវ។ ប៉ុន្ដែគាត់សប្បាយ។ ខ្ញុំសូមប្រាប់គាត់វិញ កុំច្រណែនខ្ញុំ កុំប្រច័ណ្ឌខ្ញុំ ​ប្រ​សិនបើស្នាមក្រែមជាប់ថ្ពាល់។ ធ្វើការងារបំរើប្រជាជន តែងតែមានសេចក្ដីស្រឡាញ់ … កម្មវិធីជួប(កម្មករ/ការិនី)កាលពីថ្ងៃ ២៨ មេសា នៅជ្រោយចង្វារ។ គេថើប។ ខ្ញុំដឹងតែស្នាមក្រែមជាប់។ ដល់ពេលកាន់មេក្រូ អ្នកស្ដាប់នាំគ្នាសើច … មិនអីទេ ក្រែមសុវត្ថិភាព ក្រែមអត់គីមី។ សំខាន់ទៅផ្ទះនៅបើកទ្វារចូលបាន ដោយប្រពន្ធមិនឲ្យទៅដេកលើសាឡុង។ គាត់ធ្វើការងារពេទ្យ TYDA ពង្រីកទៅការងារសមាគមអាហារូបករណ៍ជាមួយនិស្សិតក្រីក្រ។ ឥឡូវគាត់ជាប្រធានសមាគមកាយឬទ្ធិនារី ផ្ដោតលើគ្រួសារ យុវជន/នារី ពីគ្រួសារក្រីក្រ។ ថ្ងៃមុនយើងបញ្ចូលសមាជិកនៅស្ទឹងមានជ័យ … ថ្ងៃណាមកឃើញក៏ធ្វើផែនការ យប់ឡើងសួរធ្វើអី? (គាត់)ថារៀបចំផែន​ការ​ដើម្បីឲ្យក្មួយៗ ប្អូនៗ … ផ្ដល់លទ្ធភាពអីខ្លះ យកពីខេត្តនេះ ចេញទៅសិង្ហបុរី ដើម្បីឲ្យគាត់រៀន​សូត្រ នេះហើយទឹកចិត្តរបស់គាត់។

កាលប្រយុទ្ធប្រឆាំងកូវីដ-១៩ ខ្ញុំស្គាល់ពីការប្រទាក់ក្រឡាដំបូងដោយសារគាត់។ មួយថ្ងៃមុន ​សម្ដេចតេជោអនុញ្ញាតឲ្យ Westerdam ចូលមក យើងត្រូវរៀបចំផែនការទទួល។ ខ្ញុំចេញពីប្រជុំជើងគោកមក គាត់អង្គុយនៅតុ ទើបជជែកជាមួយលោកជំទាវ យក់ សម្បត្ដិ។ គាត់ថា ឥឡូវពឹងបងឯង ព្រោកងទ័ពអាចទាក់ទង Helicopter​ ទៅយកសំណាកលឿន ព្រោះយើងមិនអាចប្រថុយទេ។ យើងត្រូវធ្វើម៉េចអនុវត្ដនូវគោលការណ៍របស់​សម្ដេចតេជោដើម្បីធានា(សុវត្ថិភាព) ព្រោះនៅលើកប៉ាល់មានមនុស្ស ៧នាក់ ដែលក្ដៅខ្លួនត្រូវទៅយកសំណាកហ្នឹងឲ្យលឿន​។ យើងក៏ទាក់ទងជាមួយ Westerdam។ តាំងពីថ្ងៃហ្នឹងមក ជាមួយបញ្ហាកូវីដ១៩ … គាត់ចូលរួមគ្រប់ជំហានទាំងអស់ តាំងពីពេលផ្ទុះសហគមន៍ អង្គុយជាមួយគា្ន ម៉ោង ១២ ម៉ោង ១ ជាមួយក្រុមការងារតាំងពីម៉ោង ៤ ម៉ោង ៥ ល្ងាច សរសេរបទដ្ឋានការងារ ដើម្បីធ្វើចត្ដាឡីស័កយ៉ាងម៉េចៗ ដើម្បីជួយដល់គណៈកម្មាការ។ ចុងក្រោយបំផុតពេលផ្ទុះខ្លាំង ចេញផ្ទាល់តែម្ដងទាំងពីរនាក់ប្ដីប្រពន្ធ។ ខ្ញុំប្រាប់ថា ទុកឲ្យខ្ញុំទៅបានហើយ គាត់នៅផ្ទះមើលកូន ព្រោះកូនត្រូវការម្ដាយ បើសិនជាឆ្លងឬយ៉ាងម៉េចត្រូវមានមួយ។ គាត់ថាអត់ទេ។ ទី១ គាត់រៀនជំ​នាញ​ហ្នឹង។ ទីពីរ ព្រោះតែគាត់ស្រលាញ់កូនបានជាគាត់ត្រូវចេញទៅ។ យើងត្រូវការមនុស្សគ្រប់ទាំងអស់ដើម្បីចូលរួមជាមួយគ្នាគាំទ្រដល់គោលនយោបាយសម្ដេចតេជោធ្វើការងារនេះ។ បើសិនជាយើងខ្ទប់កូវដី-១៩ មិនជាប់ទេ វាចូលមកដល់ផ្ទះយើង រួមទាំងកូនយើង។ អញ្ចឹងត្រូវតែលះបង់ពេលវេលាជាមួយកូន ដើម្បីចេញទៅរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩ កុំឱ្យចូលផ្ទះប្រជាពលរដ្ឋរួមទាំងផ្ទះយើង។ ហ្នឹងជាភាសាដែលគាត់និយាយជាមួយខ្ញុំ។ ខ្ញុំថាគាត់អាចនៅផ្ទះគាត់ជួយរៀបឥវ៉ាន់ ជួយរៀបនំចំណីបាន ទុកឱ្យខ្ញុំចេញទៅរៀបកន្លែង។​ គាត់ថាត្រូវទៅទាំងអស់គ្នា។ កូនផ្ញើមីងចុះ។ រឿងហ្នឹងអញ្ចឹង។

ពេលធ្វើការងារកូវីដ-១៩ មួយថ្ងៃៗ មកស្ត្រេស ពេលខ្លះយំ។ សួថារយំរឿងអី? យំថ្ងៃខ្លះស្ត្រេស ដោយសាររឿងរាជធានីភ្នំពេញ ពេលខ្លះរាប់ពាន់នាក់អត់កន្លែងដាក់។ ពេលខ្លះ យើងយំដោយជួយអ្នកជំងឺមិនបាន។ នៅពេទ្យហ្លួងម៉ែ គាត់ថាខំអស់ហើយតែជួយមិនបាន។ ពេលខ្លះពេទ្យដែលចុះទៅត្រូវឆ្លងកូវីដ-១៩ គាត់យំ។ ខ្ញុំថាកុំយំពេទ្យយើងគេបានធ្វើអស់ហើយ។ ក្នុងនាមជាមេ ព្រោះក្រុម contacts ក្រុមចាក់វ៉ាក់សាំងរបស់គាត់ថាខ្ញុំជាមេ។ ខ្ញុំហៅក្មួយៗ ប្អូនៗ មក។ ឥឡូវគាត់ឈឺ។ ខ្ញុំបរាជ័យ។ ការពារគាត់មិនបាន។ គាត់យំរឿងហ្នឹង។ រឿងបែបនេះអត់មានអ្នកណាដឹងទេ។ ទាល់តែខ្ញុំនៅបន្ទប់ជាមួយគាត់បានដឹង។ គាត់មិនដែលនិយាយប្រាប់អ្នកណាគេទេ។ គាត់មិនដែលត្អូញរឿងនេះប្រាប់អ្នកណាគេទេ។ ប្រាកដជាគាត់ស្ដីឱ្យខ្ញុំហើយ ដែលយកការណ៌សំងាត់របស់គាត់ទៅប្រាប់ទាំងអស់គ្នានៅថ្ងៃនេះ។ តែដើម្បីឱ្យបងប្អូនដឹង ទី១ អរគុណចំពោះអ្នកដែលបានការពារគាត់ ព្រោះគេវាយប្រហារគាត់ដោយអយុត្តិធម៌ ដោយគាត់គ្រាន់តែជាគ្រួសារខ្ញុំ។ ក្នុងនាមជាប្ដីល្ងាចនេះ បងប្អូនទូទាំងប្រទេសជាច្រើន រាប់រយនាក់បានចេញការពារគ្រួសារខ្ញុំ share តាមបណ្ដាញសង្គម។ ក្នុងនាមជាប្ដី ថ្ងៃនេះខ្ញុំសូមការពារគ្រួ​សារតាមរយៈការបង្ហាញនូវជ្រុងខ្លះនៃជីវិតគាត់និងការគិតគូររបស់គាត់ក្នុងនាមជាប្រពន្ធរបស់ខ្ញុំ។ នេះជាការពិត។ ខ្ញុំមិនចង់យកឱកាសនេះដើម្បី(ធ្វើការបកស្រាយរឿងនេះទេ) ប៉ុន្តែជាយុត្តិធម៌ក្នុងនាមជាប្ដីនិងការពារដើម្បីឱ្យបងប្អូនបានដឹង មានសិទ្ធដឹងដែរថាស្ត្រីទី១ របស់បងប្អូនដូចគេវាយប្រហារអញ្ចឹងដែរទេ ឬមួយក៏គាត់មានលក្ខណៈយ៉ាងណា។

ខ្ញុំសូមជូនព័ត៌មានមួយជ្រុងប៉ុននេះ មិនអស់ទេនូវអ្វីដែលគាត់ធ្វើនិងការគិតរបស់គាត់។ ប៉ុន្តែខ្ញុំសូមជូនប៉ុននេះ អាចមានអាចដឹងថាតើស្ត្រីទី១ របស់បងប្អូនគិតគូរអីក្នុងនាមជាប្រពន្ធនាយករដ្ឋមន្ត្រី ហើយគ្រោងធ្វើអី។ ឥឡូវកំពុងតែគិតគូរទៀតជាមួយឯកឧត្តម​ វង្សី វិស្សុត និងលោកជំទាវ ភឿង សកុណា ធ្វើយ៉ាងណាជំរុញរឿងវប្បធម៍ រៀបចំរឿងសូត្ររឿអី ស្រាវជ្រាវចងក្រងអីទៀត។ គាត់ចូលរួម។ សមាគមសុំថាឱ្យគាត់ធ្វើប្រធាន។ ថាអត់ទេ។ បើសិនយន្តការរដ្ឋ គាត់សុំអត់ប៉ះ(ពាល់)ទេ។ គាត់សុំចូលរួមកម្រិតណា។ យន្តការរដ្ឋឱ្យលោកជំទាវរដ្ឋមន្ត្រីធ្វើចុះ ប៉ុន្តែយើងរៀបចំយន្តការឱ្យមានការចូលរួមដើម្បីជាមួយបងប្អូនប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ឯកជន​ មន្ត្រីរាជការរបស់យើងគ្រប់កម្លាំងទាំងអស់ដើម្បីចូលរួមថែរក្សាអភិរក្សវប្បធម៌ជាតិ។ ឥឡូវគាត់គិតអាហ្នឹង។ គាត់បានគិតគូរតាំងពីដើមឆ្នាំមកហើយ … ខ្ញុំសុខចិត្ត ល្ងាចនេះទៅដល់ផ្ទះប្រពន្ធខ្ញុំអត់និយាយរកចុះ ហែកកេរ្តិ៍គាត់នៅលើ(វេទិកា)សាធារណៈ ប៉ុន្តែក្នុងនាមជាប្ដីក៏ចូលរួមក្នុងការការពារភាពត្រឹមត្រូវ ហើយឱ្យបងបានដឹងថាតើគាត់មានលក្ខណៈសម្បត្តិបែបណា។ ប្រជាជនចេញមកការពារគាត់។ អ្នកស្គាល់គាត់ជាច្រើន … ខ្ញុំសូមបញ្ជាក់បន្ថែម ក្នុងនាមជាគ្រួសារ ក៏សូមអរគុណជាថ្មី ជូនដល់ការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលចេញការពារនិងផ្ដល់នូវភាពសច្ចៈធម៌ជូនគាត់ ពេលដែលគេវាយប្រហារកន្លងទៅនេះ សូមអរគុណសាជាថ្មី។

(២២) រួមគ្នាទប់ស្កាត់និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ការពារសិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ

បិទវង់ក្រចក។ ត្រឡប់មកការងារយើង។ អម្បាញ់មិញ ជាការបើកវង់ក្រចក ឧទាហរណ៍មួយពីរឿងព័ត៌មានក្លែងក្លាយ ដែលវាប៉ះពាល់ដល់ខ្ញុំ។ ខ្ញុំដឹងផ្ទាល់។ បើសិនជាខ្ញុំប៉ះបែបនេះ អ្នកផ្សេងដែលប៉ះពាល់រងគ្រោះពីព័ត៌មានបែបនេះ ក៏ជាជនរងគ្រោះស្រដៀងខ្ញុំដែរ។ នៅមិននៅ គេទៅបង្កើតរឿងក្លែងក្លាយ ចោទប្រកាន់ ដើម្បីទាញផលប្រយោជន៍ គៀបសង្កត់ផ្លូវណាមួយនោះ។ អញ្ចឹង យើងត្រូវយល់អំពីអត្ថប្រយោជន៍នៃការរួមគ្នាដើម្បីការ​ពារកុំអោយមានព័ត៌មានក្លែងក្លាយនេះ។ ត្រូវរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យអស់ពីកម្ពុជា ដើម្បីការពារសិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋគ្រប់រូប។ រឿងខ្ញុំលើកអម្បាញ់មិញ ជារឿងតូចមួយ ប៉ុន្តែគ្រប់គ្នាក៏អាចប្រឈមជាមួយនឹងរឿងនេះ បើសិនជាយើងមិនអាចឱ្យសារព័ត៌មានរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយនេះ។ បើការងារអាក្រក់ អាចបង្កើតទៅជាជម្លោះរវាងប្រជាជននិងប្រជាជន ប្រទេសនិងប្រទេស ឬមួយបង្កើតសង្រ្គាមដោយសារព័ត៌មានក្លែងក្លាយនេះជាគ្រោះថ្នាក់ធំ។ អញ្ចឹង ទប់ឱ្យជាប់ បំបាត់វាឱ្យអស់ កុំឱ្យវាឈានទៅដល់ភ្លើង បាននាំគ្នាទៅពន្លត់។ គ្មានខាតអ្វីទេ ដកសិទ្ធិសេរីភាពក្នុងការនិយាយព័ត៌មានបំផ្លើសនេះចោលទៅ យកមកវិញនូវការនិយាយផ្សព្វផ្សាយដោយការទទួលខុសត្រូវ ទើបអំណាចទី៤ របស់យើង មានឥទ្ធិពល គេស្ដាប់ ហើយនិងផ្ដល់នូវការទុកចិត្តពីប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលក្នុងការផ្ដល់សិទ្ធិជូន …។

(២៣) ពង្រឹងបទដ្ឋានគតិយុត្ត មិនមែនក្បិតក្បៀត ប៉ុន្តែពង្រឹងសិទ្ធិសេរីភាពប្រកួតប្រជែង និងប្រតិបត្តិ

ត្រូវពង្រឹងបទដ្ឋានគតិយុត្ត។ ខ្ញុំគាំទ្រទិសដៅយុទ្ធសាស្រ្តទាំង៥ របស់ក្រសួងព័ត៌មានដែលបានដាក់ចេញកាលពីការបិទសន្និបាតឆ្នាំ ២០២៣-២០២៤ ដែលក្នុងនោះ ការពង្រឹងក្របខណ្ឌគតិយុត្ត គឺកិច្ចការសំខាន់។ អ្នកខ្លះឱ្យតែឮ យើងពង្រឹងច្បាប់ថាយើងក្បិតក្បៀតសិទ្ធិសេរីភាព។ អត់ទេ។ ប៉ុន្តែ យើងពង្រឹងសិទ្ធិសេរីភាពប្រកួតប្រជែង និងប្រតិបត្តិដោយត្រឹមត្រូវ។ បងប្អូនអាចដឹងថា ព្រំដែនណាដែលអាចធ្វើបាន កុំឱ្យគេទៅរករឿង … ដែលភ័យព្រួយគឺនៅត្រង់ថាមិនដឹងដើរកន្លែងណា អាចត្រូវហៅទៅ។ តែបើមានបទដ្ឋានច្បាស់លាស់ សរសេរត្រឹមត្រូវ បណ្ដុះបណ្ដាលច្បាស់លាស់ បងប្អូនអ្នកសារព័ត៌មាន អាចមានសិទ្ធិការពារនូវសិទិ្ធសេរីភាពរបស់ខ្លួនច្បាស់លាស់។នៅអាមេរិក ឧស្សាហ៍ឃើញមានតាមហ្វេសប៊ុក ពេលដែលប៉ូលីសទៅរករឿង ប្រជាពលរដ្ឋមួយ ឬមួយអ្នកសារព័ត៌​មានមួយយកព័ត៌មាននៅកន្លែងសាធារណៈ អ្នកសារព័ត៌មានហ៊ាននិយាយភ្លាម។ មាត្រាប៉ុណ្ណេះ ខ្ញុំចាំច្បាស់។ ប៉ូលីសដកថយ។ ប៉ុន្តែ បើអត់មានច្បាប់ច្បាស់លាស់ ទាំងអ្នកអនុវត្តច្បាប់ ក៏អត់ដឹងច្បាប់ច្បាស់លាស់ អ្នកដែលត្រូវដាក់ឱ្យអនុវត្តច្បាប់ក៏អត់ដឹងច្បាប់ច្បាស់លាស់ ហ្នឹងវាទៅជាការចរចា។ ភាពមិនច្បាស់លាស់នេះ គឺមិនបានលើកតម្កើងសិទ្ធិសេរីភាពទេ ប៉ុន្តែវាធ្វើ​ឱ្យប្រជាពលរដ្ឋដែលអនុវត្តសិទ្ធិសេរីភាព អ្នកសារព័ត៌មានអនុវត្តនេះ មិនបានពេញលេញ មិនច្បាស់លាស់ ភ័យខ្លាចរហូត។ ត្រូវពង្រឹងបទដ្ឋានគតិយុត្ត ធ្វើឱ្យមានតម្លាភាពត្រឹមត្រូវ ឱ្យបងប្អូនអាចដឹងច្បាប់ សិទ្ធិ និងកាតព្វកិច្ច …។

[បញ្ចប់សេចក្ដីអធិប្បាយ២]

ឯកឧត្តម លោកជំទាវ ដើម្បីពង្រឹងវិស័យព័ត៌មា​ន និង សោតទស្សន៍ ដើម្បីឆ្លើយតបនឹងការវិវត្តនៃសង្គមជាតិ ខ្ញុំសូមផ្តល់នូវអនុសាសន៍មួយចំនួន ជូនក្រសួងព័ត៌មាន ៖

ទី១. លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរក្សាក្រមសីលធម៌ និង គុណភាពការងារ។ ក្រសួងព័ត៌មានត្រូវជំរុញដំណើរការឡើងវិញនូវមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]

(២៤) ករណីសុំមជ្ឈមណ្ឌលបណ្តុះបណ្តាល សូមធ្វើការជាមួយក្រសួងមុខងារសាធារណៈ អំពីចក្ខុវិស័យ កុំបង្កើតដើម្បីបង្កើត បង្កើតហើយមិនដើរ និង/ឬខ្វះធនធានខ្វះមនុស្ស

ខ្ញុំសូមឱ្យយោបល់អញ្ចេះ ត្រូវប្រើប្រាស់ធនធាននៅក្នុងប្រទេសឱ្យអស់។ កុំគិតថា ត្រូវធ្វើតែខ្លួនឯង។ សាលាបណ្ដុះបណ្ដាលជំនាញដូចជា IFL អាចធ្វើការសហការពង្រឹងធនធានដែលមានស្រាប់ទៅ កុំចាំបាច់ទាល់តែសា​លារបស់ក្រសួងបានពង្រឹងធ្វើកិច្ចការនេះ។ ជួនកាល យើងពង្រឹងខ្លួនឯងអស់ធនធានមនុស្ស រើសគ្រូមិនត្រូវចំណាយអស់ច្រើន។ តែសាលាដែលមានស្រាប់ កុងត្រាធ្វើទៅ។ ពង្រឹងនិងផ្ដល់សិទ្ធដើម្បីផ្ដល់ការបណ្ដុះបណ្ដាល។ ជួនកាលយើងត្រូវកុងត្រាគ្រូមកពីក្រៅ … ខ្ញុំឃើញស្ថាប័នក្រសួងចង់បង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលរៀងៗ​ខ្លួន។ ខ្ញុំឱ្យមុខងារសាធារណៈពិនិត្យមើលកន្លែងណាដែលសំខាន់។ ជំនាញសំខាន់ច្បាស់លាស់ចាំបង្កើត។ ក្រៅពីហ្នឹង ប្រើប្រាស់ធនធានដែលមានស្រាប់។ ធនធាននៅក្នុងជាតិ សាលាបណ្ដុះបណ្ដាលផ្សេងៗ មិនថារដ្ឋឯកជនសហការគ្នាដើម្បីពង្រឹង។ សូមមើលកន្លែងហ្នឹងផង។ ឥឡូវ យើងពង្រឹងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល។

សុំរៀបចំទៅជាវិទ្យាស្ថាន។ ខ្ញុំមិនទាន់ឆ្លើយ។ ខ្ញុំឱ្យក្រសួងមុខងារសាធារណៈធ្វើការជជែកគ្នាឱ្យបានច្បាស់លាស់ ត្រូវមានទឡ្ហីករណ៍ច្បាស់លាស់ ចក្ខុវិស័យវែងឆ្ងាយ។ កុំបង្កើតដើម្បីបង្កើត។ បង្កើតហើយអត់ដើរ។ បង្កើតហើយខ្វះធនធានខ្វះមនុស្ស ហើយមិនចាំបាច់។ បើសិនជាមានទឡ្ហីករណ៍ច្បាស់លាស់ មិនថាតែក្រសួងព័ត៌មានឬក្រសួងផ្សេងទេ អោយច្បាស់ថាជំនាញនេះមានតែខ្ញុំដែលអាចធ្វើបាន។ ឧទាហរណ៍ ការបរទេស។ ខ្ញុំអាចធ្វើបាន វិទ្យាស្ថានការទូតដែលពិបាករកអ្នកផ្សេងទៅជំនួសកន្លែងណាមួយ។ ក្រសួងផែនការវិទ្យាស្ថានស្ថិតិជាតិអាហ្នឹងចាំបាច់។ តែក្រសួងស្ថាប័នផ្សេងៗទៀត យើងពិនិត្យមើល។ តើកន្លែងណាដែល Outsource បាន។ ភាគច្រើនរដ្ឋ Outsource បានន័យថាអត់ធ្វើខ្លួនឯងទេ។ អញ្ចឹងកុងត្រាថោកជាង។ សូម្បីតែឡានក៏គេលែងប្រមូលលុយទៅទិញដែរ។ គេកុងត្រាជួល។​ យន្តហោះក៏អញ្ចឹងដែរ។ អត់មានអ្នកណាទិញ(ទេ គេកុងត្រាជួល)។ តាមសាលាមួយចំនួន កុំព្យូទ័រក៏គេលែងទិញទៅហើយ។ ស្រុកយើងខ្ញុំអត់ដឹង កន្លែងខ្លះគេកុងត្រាតែម្ដងត្រូវការ ១ពាន់គ្រឿង។ គេជួលក្រុមហ៊ុន …។

(២៥) ជំរុញដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ​និងសហការគ្រប់សាលា/សមា​គមដែលមានស្រាប់

កិច្ចការនេះខ្ញុំថា ចំពោះមុខ ខ្ញុំឯកភាព ទី១ ត្រូវជំរុញដំណើរការឡើងវិញនូវមណ្ឌលបណ្ដុះបណ្ដាលវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មាន។ ទី២ ត្រូវសហការជាមួយគ្រប់បណ្ដាសាលា បូកជាមួយហ្នឹងសមាគមដែលមានស្រាប់។ ខ្ញុំឃើញសមាគមអ្នកកាសែតធ្វើការបណ្ដុះបណ្ដាល ធ្វើការសហការដើម្បីឱ្យគាត់ធ្វើជាសេនាធិការរបស់យើងនៅក្នុងការអនុវត្តកម្មវិធីបណ្ដុះបណ្ដាលសំដៅឱ្យមានសុក្រឹត្យភាពទាំងស្ដង់ដារនិងវិជ្ជាជីវៈ។ នេះគឺជាកិច្ចការល្អ។ ថ្ងៃមុនឯកឧត្តម សាយ សំអាល់ លើកយោបល់ … (មិន)ដឹងខ្ញុំ(បាន)បាញ់សារឱ្យឯកឧត្តម ហេង សួរ ឬអត់? យើងគិតពីរឿងបណ្ដុះបណ្ដាលចុងភៅ ចូលសាលាយើងចេញ certificate។ ឥឡូវក្រសួងការងារគាត់ថាមិនបាច់ទេ បណ្ដុះបណ្ដាលអ្នកជាងក៏ដោយ ចេះក៏ដោយ មិនបាច់ចូលសាលា គាត់មានធ្វើលិខិតទទួលស្គាល់ថាគាត់មានជំនាញ។ អញ្ចឹងដូចការរៀនក្រឡុកតែ​ ក្រឡុកកាហ្វេ ក្រឡុកអី ជួនកាលយើងមិនចាំបាច់ចូលសាលាទាំងមូលធ្វើអី។ ក្រុមហ៊ុនដូចជា Brown ដូចជាស្អីដែលគាត់មានជំនាញស្រាប់ កុងត្រាជាមួយគាត់បាន។ តែយើងកម្រិតស្ដង់ដារកំណត់ … យើងត្រូវការតែគ្រូទៅ validate នៅហ្នឹងតើ។ សមាគមអ្នកការសែតដូចគ្នា។ ចេញវិញ្ញាបនបត្រឱ្យ យើងចេញស្ដង់ដារមួយឱ្យសមាគមបណ្ដុះបណ្ដាលជួយអីទៅ។ យើងបន្តធ្វើទៅលើកិច្ចការនេះ​។

[បញ្ចប់សេចក្ដីអធិប្បាយ៣]

ទី២. ពិនិត្យឡើងវិញលើលិខិតបទដ្ឋានច្បាប់ និង បទដ្ឋានគតិយុត្ត ដែលនៅជាធរមាន ដើម្បីរៀបចំធ្វើវិសោធនកម្ម ឬ រៀបចំថ្មី ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គមសេដ្ឋកិច្ច

ទី៣. រៀបចំធម្មនុញ្ញសារព័ត៌មាន ដែលជាឯកសារគោលក្នុងការកំណត់នីតិវិធីប្រតិបត្តិស្តង់ដាស្តីពីក្រមសីលធម៌អ្នកសារព័ត៌មាន ដើម្បីលើកកម្ពស់​តម្លៃ​នៃ​វិជ្ជាជីវៈ​

ទី៤. រៀបចំកំណត់គោលការណ៍ណែនាំស្តីពីការផលិតមាតិកា និង ការផ្សព្វផ្សាយរបស់អ្នកកាសែតប្រជាពលរដ្ឋដើម្បីធានានូវសណ្ដាប់ធ្នាប់របៀបរៀបរយលើបណ្ដាញសង្គម

ទី៥. រៀបចំមូលនិធិគាំទ្រដំណើរការកសាង និង អភិវឌ្ឍសមត្ថភាពរបស់សមាជិកសមាគមអ្នកសារព័ត៌មាន, និង លើកស្ទួយការគាំទ្រ និង លើកកម្ពស់វិជ្ជាជីវៈ

ជាមួយនេះ, ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួន ដល់បងប្អូនអ្នកសារព័ត៌មាន ៖

ទី១. បន្តចូលរួមថែរក្សាសុខសន្តិភាព, ការអភិវឌ្ឍប្រទេសជាតិ និង ពង្រឹងលទ្ធិប្រជា- ធិបតេយ្យ ផ្អែកលើការអនុវត្តច្បាប់, ក្រមសីលធម៌, វិជ្ជាជីវៈ ឱ្យបានខ្ជាប់ខ្ជួន និង ត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន

ទី២.​ ផ្ដល់ព័ត៌មានពិតដល់សាធារណជនជាតិ-អន្តរជាតិ អំពីសភាពការណ៍ពិត នៅកម្ពុជា និង ផ្សព្វផ្សាយ គោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និង នាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និង មានប្រសិទ្ធភាពខ្ពស់

ទី៣. ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពជាក់ស្ដែង ទាំងភាពសកម្ម អសកម្ម
ក្នុងសង្គម ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាឱ្យចំគោលដៅ, និងមានប្រសិទ្ធភាព ស្របតាមកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល

ទី៤. ផ្សព្វផ្សាយ អប់រំដល់សាធារណជនអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍, គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន, ការជួញដូរមនុស្ស, គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍, ការប្រើប្រាស់គ្រឿងញៀន និង រក្សាសុវត្ថិភាពសង្គម

ទី៥. បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេសជាតិ មានអស្ថិរភាពនយោបាយ, ចលាចល, ភាពវឹកវរ និង បាត់បង់ សណ្តាប់ធ្នាប់សង្គម

ទី៦. ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត, មានតុល្យភាព, គ្រប់ជ្រុងជ្រោយ, ចៀសវាងការផ្សព្វផ្សាយព័ត៌មាន ដែលធ្វើឱ្យខូចផលប្រយោជន៍ជាតិនិង បាត់បង់ទំនុកចិត្តពីសាធារណជន

ទី៧. បណ្តុះបណ្តាលសមត្ថភាពជំនាញរបស់អ្នកសារព័ត៌មាន, ទាំងបច្ចេកទេស និង វិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន, សណ្តាប់ធ្នាប់វិស័យព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន ។

មុននឹងបញ្ចប់, ជាថ្មីម្តងទៀត ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់បងប្អូនអ្នកសារព័ត៌មាន ក្នុងការលើកកម្ពស់គុណភាពព័ត៌មាន ឱ្យកាន់តែមានប្រសិទ្ធភាព ។ ខ្ញុំសូមលើកទឹកចិត្តបន្ថែម ចំពោះបងប្អូនអ្នកសារព័ត៌មាន ក្នុងការបន្តអនុវត្តនូវភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន ឱ្យកាន់​តែ​រីកចម្រើន។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]

(២៧) រៀបចំជូនបណ្ណសរសើរ/ពានរង្វាន់/គ្រឿងឥស្សរិយយស ជូនមន្ត្រីរាជការនៅមូលដ្ឋាន និងអ្នកក្រៅប្រព័ន្ធ

ចំពោះសំណើររបស់ឯកឧត្តម នេត្រ ភក្ត្រា។ នៅដើមអាណត្តិនេះ ខ្ញុំបានផ្ដល់គោលការណ៍ ទី១ លើកលែងពន្ធប៉ាតង់សម្រាប់ ៥ឆ្នាំ ២០២៣-២០២៨ សម្រាប់ព័ត៌មានអនឡាញ ដែលបានអនុវត្តរួចទៅហើយ។ ខ្ញុំក៏បានឯកភាពពេលនោះឱ្យបញ្ចុះតម្លៃបញ្ជីស្នើសុំបង្កើតអង្គភាពសារព័ត៌មានថ្មីចំនួន ៥០%​ ដែលក្រសួងព័ត៌មានបានអនុវត្តរួចទៅហើយ។ ឥឡូវការស្នើចុះបញ្ជីពាណិជ្ជកម្មដើម្បីបានសិទ្ធប្រកបអាជីវកម្មអង្គភាពព័ត៌មានអនឡាញតូចៗ ត្រូវបង់ខ្ទង់ ១៨ម៉ឺនរៀលក្នុងមួយឆ្នាំ ខ្ញុំឯកភាពផ្ដល់ការលើកលែងការបង់ថ្លៃរយៈពេល៣ឆ្នាំតាមសំណើ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧។ សូមឱ្យក្រសួងព័ត៌មានរៀបចំដើម្បីលើកទឹកចិត្តជូនបងប្អូនអ្នកសារព័ត៌មានក្នុងការខិតខំចូលរួមអភិវឌ្ឍសង្គម និងលើកកំពស់វិស័យសារព័ត៌មាន តាមរយៈការបំពេញភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ។ ខ្ញុំឯកភាពឱ្យសិក្សាអំពីការរៀបចំជាបណ្ណសរសើរពានរង្វាន់និងគ្រឿងឥស្សរិយយសផ្សេងៗជូនដល់បងប្អូនរបស់យើង។ ខ្ញុំសូមយកឱកាសនេះ អំពាវនាវដល់ក្រសួងស្ថាប័នរដ្ឋបាលរាជធានីខេត្ត ត្រូវគិតគូរនៅក្នុងការរៀបចំនូវការសរសើរនិងការស្ទង់ឡើងមើលទៅលើការងារនេះ។ ថ្ងៃមុនខ្ញុំទៅផ្ដល់ជូនសិល្បៈករជាង ២ពាន់នាក់ មានទាំងលោកគ្រូវរសិល្បៈ មានទាំងសិល្បៈករខ្លះចូលនិវត្តន៍ហើយផ្សេងៗយើងផ្ដល់ជូន។

(ទី១) កុំគិតតែក្នុងក្របខណ្ឌមន្ត្រីរាជការ ក្នុងមន្ត្រីរាជការត្រូវពិនិត្យមើលជាពិសេសនៅមូលដ្ឋាន។ ខ្ញុំធ្លាប់នៅជើងគោក។ ពេលបំពាក់ស័ក្តិមានអ្នកស៊យ។ អ្នកខ្លះ ៣០ឆ្នាំអត់ដែលបានមេដាយទេ។ ពេលឡើងបញ្ជីមកលើចេះតែជ្រុះ។ អញ្ចឹងសូមមើលឱ្យច្បាស់។ គ្រប់ក្រសួងស្ថាប័ន ជាពិសេសតាមខេត្តឱ្យមន្ទីរឆែកឱ្យ​ច្បាស់។ ជួនកាលអាចចន្លោះប្រហោង។ ម្សិលមិញឯកឧត្តម ឈាង រ៉ា បំពាក់នៅក្រសួងសុខាភិបាល។ គាត់សួរមន្ត្រីខ្លះថា ៣០ឆ្នាំហើយទើបតែបាន ព្រោះពីមុនដាក់អត់បាន។ មិនមែនថាពីមុនអត់តម្លើងទេ តែជួនកាលមានភាពឆកល្វែង។ សូមយកចិត្តទុកដាក់ជាពិសេសឱ្យអាទិភាពទៅលើអ្នកដែលមិនធ្លាប់មានសោះតែម្ដង ត្រូវរៀបចំជូនមន្ត្រី។

ទី២ ត្រូវគិតគូរពីអ្នកក្រៅប្រព័ន្ធ។ ឥឡវយើងមានអ្នកស្ម័គ្រចិត្តច្រើនណាស់។ ខ្ញុំឃើញបងប្អូននៅគ្រប់វិស័យក្នុងវិស័យបរិស្ថាន វិស័យសិល្បៈ វិស័យវប្បធម៌ ពេលខ្លះឃើញគាត់ប្រមូលគ្នាចុះរើសផ្លាស្ទិកក្នុងទឹកស្អុយ​អីផ្សេងៗ។ គ្រប់វិស័យទាំងអស់ពិនិត្យមើល កុំចាំបាច់ទាល់តែមន្ត្រីរបស់យើង។ ពិនិត្យមើលរាជធានីខេត្ត។ មន្ត្រី ប្រជាពលរដ្ឋ យុវជនយើងក៏ក៏ដោយ ឱ្យតែគាត់មានអ្វីលេចធ្លោរៀបចំជូនគាត់ជាបណ្ណសរសើរក្ដី ពានរង្វាន់ ឬមួយក៏មេដាយ។ ខ្ញុំមិនចិត្តអាក្រក់ទេ សម្រាប់ប្រជាពលរដ្ឋយើង។ នេះគឺជាការចាំបាច់។ បើកច្រកទៅ។ យើងគ្មានអីអរគុណគាត់ក្រៅពីជូនគាត់។ ជាពិសេសអ្នកនៅក្រៅប្រព័ន្ធច្រើនណាស់ នៅក្នុងមន្ត្រីរាជការរបស់យើងធ្វើពីក្រោម ពិនិត្យមើលទៅដល់ខាងក្រោម។

នៅកងទ័ពជើងគោកខ្ញុំធ្វើពីរ សំណើរមួយពីក្រោម មួយទៀតឱ្យបុគ្គលិកពីលើកាន់បញ្ជីចុះទៅក្រោមតែម្ដង ផ្ទៀងផ្ទាត់មើល អ្នកហ្នឹង ៣០ឆ្នាំតើធ្លាប់មានឡើងស័ក្តិឬអត់។ បើអត់ទេ សួរតើឈ្មោះហ្នឹងយ៉ាងម៉េច? ជួន​កាលឈ្មោះហ្នឹងបានរត់ចោលជួរហើយបានអត់ឡើងស័ក្តិ តែបើសិនក្នុង ១ពាន់នាក់ មាន១នាក់ ទៅ២នាក់ ដែលថាកន្លងទៅចេះតែស៊យ ពេលគេឡើងគាត់ឈឺ ពេលគេឡើងគាត់អី យើងរៀបចំជូន។ នៅតាមក្រសួងស្ថាប័ន ខ្ញុំថាសូមយកចិត្តទុកដាក់។ សូមឱ្យមន្ទីរស្រង់តាមការិយាល័យ តាមមូលដ្ឋាន ព្រោះជួនកាលអាចឆ្ងាយ ហើយអាចពីមុនមកការលំបាកក្នុងការស្រង់និងគ្រប់គ្រងទិន្នន័យ។ ការលើកទឹកចិត្តនេះ ខ្ញុំសូមឯកភាពជាមួយសំណើរបស់ឯកឧត្តម នេត្រ ភក្ត្រា គឺរៀបចំជូនគាត់។ ប៉ុន្តែត្រូវធ្វើនីតិវិធីយ៉ាងណាឱ្យមានតម្លាភាពត្រឹមត្រូវនិងយុត្តិធម៌ដើម្បីធានានូវតម្លៃនៃមេដាយដែលយើងផ្ដល់ឱ្យ។ ខ្ញុំសូមបញ្ចប់មែនទែន ព្រោះចុងភៅចេញម្ហូបមកហើយ។​

[បញ្ចប់សេចក្ដីអធិប្បាយ៤]

ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី, ថ្នាក់ដឹកនាំ, មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន, បងប្អូនអ្នកសារព័ត៌មាន និង ភ្ញៀវកិត្តិយស, សូមមានសុខភាពល្អបរិបូណ៌, ទទួល​បាន​ជោគជ័យ ក្នុងគ្រប់ភារកិច្ចរៀងៗខ្លួន និង មានសេចក្តីសុខ, សេចក្តីចម្រើន ក្រោមម្លប់ដ៏ត្រជាក់​នៃ​សុខសន្តិភាព, និង សូមប្រកបដោយពុទ្ធពរ និង ពរ, ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបី​ឃ្លៀងឃ្លាត ។ សូមអរគុណ៕

អត្ថបទទាក់ទង