(វីដេអូ) សម្រង់ប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, បិទសន្និបាតសុខាភិបាលលើកទី៤៣ «សមិទ្ធផលសុខាភិបាលឆ្នាំ ២០២៣ និង ទិសដៅការងារឆ្នាំ ២០២៤»
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;
ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ដៃគូអភិឌ្ឍន៍;
ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និង
អង្គសន្និបាតទំាងមូលជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីបិទសន្និបាតសុខាភិបាលលើកទី ៤៣ ស្តីពីសមិទ្ធផលសុខាភិបាលឆ្នាំ ២០២៣ និង ទិសដៅការងារឆ្នាំ ២០២៤ » ។ អង្គសន្និបាតបូកសរុបលទ្ធផលការងារក្នុងវិស័យសុខាភិបាល នាឱកាសនេះ ពិតជាមានសារៈសំខាន់ ក្នុងការឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារ ដែលសម្រេចបានក្នុងឆ្នាំ ២០២៣ និង កំណត់ទិសដៅការងារបន្ត សម្រាប់ឆ្នាំបន្តបន្ទាប់ តាមរយៈ ការជួបជុំពិភាក្សា ពិនិត្យ និង ផ្លាស់ប្ដូរយោបល់តាមជំនាញ និង បទពិសោធន៍រវាងថ្នាក់ដឹកនាំ និង មន្ត្រីរាជការ និង ភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់, ដែលជាធាតុចូលយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ខ្ញុំពិនិត្យឃើញនូវសមិទ្ធផល និង វឌ្ឍនភាពជាច្រើន គួរឱ្យកត់សម្គាល់ ដែលវិស័យសុខាភិបាលសម្រេចបាននៅក្នុងឆ្នាំ ២០២៣ រួមមាន ការផ្តល់សេវាអប់រំលើកកម្ពស់សុខភាព សេវាបង្ការថែទាំព្យាបាល និង អន្តរាគមន៍សុខភាពសាធារណៈ ការកែលម្អគុណភាពសេវាជាប្រចាំ ការរៀបចំ និង ការពង្រឹងសមត្ថភាពអង្គភាពសុខាភិបាល ការពង្រឹងកិច្ចការនិយ័័តកម្មសេវាសុខាភិបាល ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងដែលលេចឡើង ការកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល ការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធគាំពារសង្គមការប្រើប្រាស់បច្ចេកវិទ្យាសុខាភិបាលឌីជីថលជាដើម ។ សមិទ្ធផល និងវឌ្ឍនភាពទាំងអស់នេះ បានធ្វើឱ្យស្ថានភាពសុខភាព និងសុខុមាលភាពរបស់ប្រជាជន មានភាពកាន់តែប្រសើរឡើងជាលំដាប់។
សមិទ្ធផល និង វឌ្ឍនភាពសុខាភិបាលទាំងអស់នេះ នឹងមិនអាចកើតមានបានឡើយ ប្រសិនបើគ្មានសុខសន្តិភាពពេញផ្ទៃប្រទេស ស្ថិរភាពនយោបាយ និង សន្តិសុខសង្គម ។ កត្តាទាំងនេះ បានជំរុញឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យសុខាភិបាល ។ ជាការពិត, សមិទ្ធផល និង វឌ្ឍនភាពទាំងអស់នេះ ឆ្លុះបញ្ចាំងនូវកិច្ចបន្តខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល, មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និង គ្រប់ភាគីពាក់ព័ន្ធ ចាប់តាំងពីនីតិកាលមុនៗ, ក្រោមដឹកនាំប្រកបដោយគតិបណ្ឌិត និង ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតី-តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហា-ក្សត្រ ដែលតែងតែចាត់ទុកការលើកកម្ពស់ប្រព័ន្ធថែទាំសុខភាព និង សុខុមាលភាពរបស់ប្រជា-ពលរដ្ឋ ជាអាទិភាពចម្បង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយបរិយាប័ន្ន និង ចីរភាព ។
ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងសុខភិបាលដែលរួមមាន ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង អតីតរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដែលបានខិតខំក្នុងការដឹកនាំក្រសួងដោយសំរេចបានជាសមិទ្ធផលជាផ្លែការជាច្រើននៅក្នុងវិស័យសុខាភិបាលនាអាណត្ដិកន្លងមកនេះ។ក៏ដូចជាឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាណត្ដិថ្មីដែលបានខិតខំធ្វើកិច្ចការជាច្រើនក្នុងរយៈពេល ៦ ខែ មកនេះ ដើម្បីបន្ដការងារក្នុងការពង្រឹងវិស័យសុខាភិបាល។ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ដ្រីសុខាភិបាលរបស់យើងកគ្រប់លំដាប់ថ្នាក់ រដ្ឋបាល និង មន្រ្តីសុខាភិបាលថ្នាក់ក្រោមជាតិ ជាពិសេស គ្រូពេទ្យ និង បុគ្គលិកសុខាភិបាល នៅតាមប៉ុស្តិ៍សុខភាព, មណ្ឌលសុខភាព, មន្ទីរពេទ្យបង្អែកគ្រប់កម្រិត និង មន្ទីរពេទ្យជាតិ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និង ភារកិច្ចប្រកបដោយ ស្មារតីទទួលខុសត្រូវ និង លះបង់ខ្ពស់ ក្នុងការបម្រើផ្តល់សេវាសុខាភិបាលជូនប្រជាជន ។ ទន្ទឹមនឹងនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ, អង្គការមិនមែនរដ្ឋាភិបាល, វិស័យឯកជន, អ្នកស្ម័គ្រចិត្តការងារសុខភាពតាមភូមិ-ឃុំ ដែលបាន និង កំពុងចូលរួម ក្នុងការបង្កើនសមត្ថភាពផ្តល់សេវាថែទាំសុខភាព និង ការអភិវឌ្ឍវិស័យសុខាភិបាលរបស់កម្ពុជា, ជាពិសេស ការខិតខំប្រឹងប្រែងរួមគ្នា នាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយជោគជ័យ ។
វិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់វិស័យសុខាភិបាលរបស់យើង ដែលទាមទារឱ្យមានការពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ឬ គ្រោះអាសន្នផ្នែកសុខភាពសាធារណៈណាមួយ ដែលអាចនឹងកើតឡើងជាយថាហេតុនាពេលអនាគត ។ ទន្ទឹមនឹងនេះ, កម្ពុជាមានភាពចាំបាច់ក្នុងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៣ «សុខភាព និង សុខុមាលភាពមាំមួន» ដើម្បីធានា លំនឹងជីវភាពប្រជាជនប្រកបដោយសុខភាពល្អ និង លើកកម្ពស់សុខុមាលភាពប្រជាជនគ្រប់រូប និង គ្រប់វ័យ ដោយរាប់បញ្ចូលទាំងការគ្របដណ្តប់សុខភាពជាសកល ស្របតាមការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាពនោះឡើយ ។
[ផ្ដើមសេចក្ដីអធិប្បាយ ១]
(១) ជំងឺកូវីដ១៩ ធ្វើអោយឃើញសមត្ថភាពជាក់ស្តែងនៃគ្រូពេទ្យមន្ត្រីបុគ្គលិកសុខាភិបាល
វិបត្ដិនៃជំងឺកូវីដ ១៩ បាននាំឲ្យយើងវាយតំលៃបានទិដ្ឋភាពពីរនៅក្នុងវិស័យសុខាភិបាល។ ទី១ គឺបានបង្ហាញឲ្យយើងឃើញនូវសមត្ថភាពជាក់ស្ដែងនៃពេទ្យ មន្ដ្រី បុគ្គលិកសុខាភិបាលរបស់យើងនៅទូទាំងប្រទេស។ ដំណាក់កាលនោះឯកឧត្តម លោកជំទាវ នៅចាំហើយ (គឺ) ដំណាក់កាលខ្លួនទីពឹងខ្លួន។ ប្រទេសនិមួយៗត្រូវប្រមូលកំលាំងសរុប ជាពិសេសនៅក្នុងវិស័យសុខាភិបាល ដើម្បីដោះស្រាយបញ្ហាចំពោះមុខក្នុងប្រទេសរៀងខ្លួន។ មិនងាយមានប្រទេសណាបញ្ជូនពេទ្យឆ្លងព្រំដែនទៅជួយអ្នកផ្សេងបានទេ។ រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ មានសមត្ថភាពឲ្យកម្ពុជាគ្រប់គ្រងបញ្ហាកូវីដ១៩ ដោយប្រសិទ្ធភាពខ្ពស់។ យើងមានអ្នកឆ្លងជាង ១៣ម៉ឺន នាក់ និងស្លាប់ជាង ៣ពាន់នាក់ ប៉ុន្ដែប្រសិនបើយើងមានសមត្ថភាពសុខាភិបាលមិនគ្រប់គ្រាន់នោះទេ ខ្ញុំគិតថា(អ្នកស្លាប់)មិនមែនមានត្រឹម ៣ពាន់នាក់ទេ។ ខ្ញុំចូលប្រឡូកផ្ទាល់ខ្លួនឯង។ ជាពិសេសនៅដំណាក់កាលនៃអ្នកជំងឺដែលឈឺធ្ងន់។ ពេទ្យមានសមត្ថភាពជួយសង្គ្រោះបានច្រើន។ យើងមិនអាចសង្គ្រោះបាន ១០០% ប៉ុន្ដែសមត្ថភាពនិងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ការប្ដេជ្ញាចិត្តរបស់បងប្អូន(ពេទ្យ) គឺបានបង្ហាញពីសមត្ថភាពជាក់ស្ដែងរបស់យើងមួយកំរិត។
(២) កូវីដ១៩ បង្ហាញពីសមត្ថភាពមានកម្រិតនិងការប្រឈមមួយចំនួន ពិសេសធនធានមនុស្ស
នេះជាមោទនភាពរបស់កងទ័ពអាវសដែលខ្ញុំសូមយកឱកាសនេះ ដើម្បីធ្វើការថ្លែងអំណរគុណ និងកោតសរសើរជាថ្មីម្ដងទៀត។ យើងមានកំលាំងសរុបទូទាំងប្រទេស(ផ្សេងទៀត) ដែលបានចូលរួមគាំទ្រ ប៉ុន្ដែអ្នកខ្សែទី ១ គឺពេទ្យតែម្ដង ដែលធ្វើការព្យាបាល ចាក់វ៉ាក់សាំង និងការដោះស្រាយបញ្ហាផ្សេងៗ។ ការវាយតម្លៃបានទី២ គឺកូវីដ១៩ បានបញ្ជាក់ឲ្យឃើញ(ពីការ)នៅកំរិត និងបញ្ហាកង្វះខាតមួយចំនួនដែលយើងបានប្រឈម ជាពិសេសពាក់ព័ន្ធនឹងការកសាងធនធានមនុស្ស ការពង្រាយធនធានមនុស្ស កំរិតសមត្ថភាពរបស់អង្គភាពសុខភិបាលយើង ពិសេសនៅថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងធនធានមនុស្ស ជំនាញ ឧបករណ៍ សំភារៈ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាកន្លែងផលិតអ៊ុកស៊ីសែន មធ្យោបាយដឹកជញ្ជូនអ្នកជំងឺជាដើម គឺនៅមានកំរិត។ អញ្ចឹងវិបត្ដិនៃជំងឺកូវីដ ១៩ បានបង្ហាញ(អោយយើងឃើញ)ទិដ្ឋភាព២ គឺ(ក្នុងខណៈដែលយើងមាន)ចំណុចខ្លាំង ស្របជាមួយគ្នាក៏ឲ្យយើងឃើញនូវចំណុចខ្វះខាត ដែលយើងដាក់ទិសដៅពង្រឹងក្នុងអាណត្ដិទី៧ នេះ។ ឯកឧត្តម លោកជំទាវ ប្រហែលជាអាចបានដឹងខ្លះ ហើយខ្ញុំធ្លាប់និយាយតាមវេទិកាសាធារណៈជាច្រើន ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់វិធានគន្លឹះសំខាន់ៗ ក្នុងអាណត្តិទី ៧នេះ គឺពង្រឹងវិស័យសុខាភិបាលផ្អែកទៅលើមូលដ្ឋានសំខាន់ៗ មួយចំនួន ដែលបទពិសោធន៍នេះជាមូលដ្ឋានសម្រាប់យើងយកជាចំណុចគិតគូរដាក់ចេញវិធានគន្លឹះពង្រឹងវិស័យសុខាភិបាលក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃ(រដ្ឋាភិបាល)នីតិកាលទី៧នេះ។
[បញ្ចប់សេចក្តីអធិប្បាយ ១]
រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ ដោយបានកំណត់បញ្ចកោណយុទ្ធសាស្ត្រទី១ គឺ «ការអភិវឌ្ឍមូលធនមនុស្ស» ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និង កំណើនសេដ្ឋកិច្ចប្រកបដោយ បរិយាប័ន្ន និង ភាពធន់ ។ មូលធនមនុស្ស មានសុខភាពល្អ និង គុណភាពខ្ពស់ គឺជាទ្រព្យសកម្មរបស់ជាតិដ៏មានតម្លៃ និង ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ «ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន» គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង ៥ របស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកាត់បន្ថយអត្រាឈឺ និង ស្លាប់បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និង ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និង មាតា ។ ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រនេះ, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តភ្លាមៗនូវកម្មវិធីគោលនយោបាយអាទិភាពទី ១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំងប្រាំមួយ គឺការផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ។
ទន្ទឹមនឹងនេះ, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ដោយផ្តោតជាចម្បងលើ ៖ ទី១. ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែក, ទី២. ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ ការងារនិយ័័តកម្ម និង ការឆ្លើយតបទៅនឹងការគំរាម-កំហែងសុខភាពសាធារណៈ និង គ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន, និង ទី៣. ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និង ឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និង ប្រសិទ្ធភាពខ្ពស់ ។
[ផ្តើមសេចក្តីអធិប្បាយ ២]
(៣) ពង្រីកសមិទ្ធផលវិជ្ជមាន និងកាត់បន្ថយចំណុចអវិជ្ជមាន
ដើម្បីអភិវឌ្ឍន៍សង្គមជាតិបន្តទៅមុខទៀត រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើកិច្ចការ២ ក្នុងគ្រប់វិស័យទាំងអស់ ដែលទី១ គឺពង្រីកនូវសមិទ្ធផលវិជ្ជមានបន្ថែមទៀត និងទី២ គឺកាត់បន្ថយនូវចំណុចអវិជ្ជមាន ឬមួយចំណុចខ្វះខាតដែលយើងមាន។ សម្រាប់វិស័យសុខាភិបាល ការបង្កើនសមិទ្ធផលវិជ្ជមានគឺបង្កើនសមត្ថភាពផ្តល់សេវាសុខាភិបាលឲ្យកាន់តែមានគុណភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅគ្រប់កន្លែង។
(៤) អភិក្រមពីក្រោមទៅលើនិងពីលើមកក្រោម
នៅក្នុងកិច្ចការនេះ យើងផ្តោតលើការពង្រឹងសមត្ថភាពដែលគួរធ្វើតាមអភិក្រម២ គឺពីក្រោមឡើងលើ ឬ bottom-up approach និងពីលើចុះក្រោម ឬ top-down approach។ យ៉ាងម៉េចទៅ bottom-up approach? ចំពោះអភិក្រមពីក្រោមឡើងលើនេះ គឺពង្រឹងសមត្ថភាពការផ្តល់សេវាកម្រិតបឋម/មូលដ្ឋាន ឬ basic healthcare ដោយពង្រឹងអង្គភាពសុខាភិបាលពីមូលដ្ឋានកម្រិតទាបទៅខ្ពស់ ដែលវិធានទី១ មានទិសដៅពង្រឹងមណ្ឌលសុខភាព។ យើងអាចភ្ជាប់ជាមួយប៉ុស្តិសុខភាព ឯមណ្ឌលសុខភាពឡើងទៅ(ពេទ្យ)បង្អែក(ថ្នាក់)ស្រុក។ ទិសដៅរបស់យើងគឺពង្រឹងទាំង២ ក្នុងពេលតែមួយជាមួយគ្នា។
(៥) ពង្រឹងការផ្តល់សេវាមូលដ្ឋាន/សេវាបឋមសុខាភិបាលពីក្រោមឡើងលើ
ទី១ យើងពង្រឹងការផ្តល់សេវាមូលដ្ឋាន/សេវាបឋមសុខាភិបាលពីក្រោមឡើងលើ ដែលគណៈកម្មាការជាតិពង្រឹងវិស័យសុខាភិបាលនេះ កំពុងរៀបចំផែនការដែលឆ្លើយតបទៅនឹងកិច្ចការសំខាន់មួយចំនួន គឺពង្រឹងការជ្រើសរើសគ្រូពេទ្យ និង/ឬបំពេញ(ចំនួន)គ្រូពេទ្យ។ កង្វះពេទ្យគឺជាបញ្ហាមួយដែលយើងបានឃើញនិងបានដឹង។ តើត្រូវបំពេញយ៉ាងម៉េច? បំពេញឲ្យត្រូវ និងថែរក្សាឲ្យនៅ ដើម្បីយើងធានានិរន្តន៍ភាពនៃការបំពេញនិងចីរភាព …។
(៦) ពង្រឹងគុណភាពថ្នាំ និងបរិក្ខាពេទ្យ បង្កើនបរិមាណផ្តល់ជូនអ្នកជំងឺនៅតំបន់ដាច់ស្រយាល
ទី២ គឺការគិតគូរការពង្រឹងគុណភាពថ្នាំ និងបរិក្ខាពេទ្យ។ ខ្ញុំបានឲ្យគោលការណ៍ទៅឯកឧត្តម ឈាង រ៉ា ដេញថ្លៃថ្នាំនៅឆ្នាំនេះ ដែលអ្នកផ្គត់ផ្គង់ត្រូវធានាគុណភាពបរិក្ខារ គុណភាពថ្នាំ និងតម្លៃសមរម្យធានា ដើម្បីបានផ្តល់ដល់មូលដ្ឋាន ដោយគិតគូរពីថ្នាំសំខាន់ៗ ដូចជាថ្នាំលើសឈាម និងថ្នាំទឹកនោមផ្អែម ដែលអាចត្រូវបង្កើនបរិមាណឲ្យប្រជាពលរដ្ឋ ជាពិសេនៅតំបន់ដាច់ស្រយាល កុំឲ្យគាត់ពិបាកធ្វើដំណើរឡើងចុះទៅទទួលថ្នាំ ព្រោះជំងឺនេះគឺជាជំងឺអចិន្ត្រៃយ៍។
(៧) បង្កើន/ពង្រឹងប្រព័ន្ធសេវាបញ្ជូន EMS
ទី៣ បង្កើន/ពង្រឹងប្រព័ន្ធសេវាបញ្ជូន EMS (Emergency Medical Services)។ ជាការយកចិត្តទុកដាក់ យើងឃើញថាសេវាទាំងអស់នេះផ្អែកទៅលើមូលដ្ឋានវិធានទាំ៥ ដែលខ្ញុំបានដាក់ចេញដោយផ្ទាល់ ថែមទៅលើ ៦ចំណុចដែលក្រុមការងារយើងបាន(រៀបចំ) ក្នុងនោះ មានវិធានសុខាភិបាលពង្រឹងមណ្ឌលសុខភាព ដោយផ្អែកទៅតាមបទពិសោធន៍មួយចំនួនកាលពីជំនាន់កូវីដ១៩។ ខ្ញុំមិនមែនពេទ្យទេ។ ប៉ុន្តែពេលធ្វើការជាមួយបងប្អូននៅក្នុងវិស័យសុខាភិបាល និងចុះទូទាំងប្រទេស ខ្ញុំបានឃើញថាការពង្រឹងសមត្ថភាពនៅតាមមូលដ្ឋានគឺជាកិច្ចការចាំបាច់។ អញ្ចឹងហើយយើងត្រូវគិតគូរពីបរិមាណនៃគុណភាពគ្រូពេទ្យ និងបរិមាណ/គុណភាពថ្នាំសង្កូវ និងសំភារៈបរិក្ខារពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធបញ្ជូនទៅតាមលទ្ធភាព។
(៨) ការពង្រឹងពីលើចុះមកក្រោម គឺធ្វើទំនើបកម្មនិងពិពិធកម្មសមត្ថភាពព្យាបាលជំងឺកម្រិតខ្ពស់
នេះគឺជាមូលដ្ឋាននៅក្នុងការពង្រឹង ដែលខ្ញុំនិយាយថាជាអភិក្រមពីក្រោមឡើងលើ ដោយផ្តោតទៅលើការផ្តល់សេវាបឋម ហើយនេះជាអាទិភាពចំបងនៅក្នុងអាណត្តិនេះតែម្តង ឬមានន័យថាពង្រឹងជាជាងពង្រីក។ ជាមួយគ្នានេះ យើងត្រូវដើរផ្លូវមួយទៀតផងដែរ គឺអភិក្រមពីលើចុះក្រោម ឬ top-down approach ឬបានន័យថាជាការពង្រឹងពីលើចុះមកក្រោមវិញ ពោលគឺការធ្វើទំនើបកម្មនិងពិពិធកម្មសមត្ថភាពព្យាបាលជំងឺកម្រិតខ្ពស់ ព្រោះត្រូវការជំនាញខ្ពស់ ត្រូវការបំពាក់សំភារៈថ្លៃ និងបណ្តុះបណ្តាលពេទ្យ។ យើងមិនអាចពង្រីកតែម្តង(ទាំងអស់ទេ)។ ត្រូវពង្រឹងថ្នាក់ជាតិ បន្ទាប់មកអាចទៅថ្នាក់តំបន់ ហើយបន្ទាប់មកថ្នាក់ខេត្ត។
(៩) ពង្រឹងសេវាសុខាភិបាលពីលើមកក្រោមដោយធ្វើទំនើបកម្មនិងពិពិធកម្មដល់ថ្នាក់ដំបន់និងថ្នាក់ខេត្ត
អញ្ចឹងអភិក្រម ២នេះត្រូវដើរទន្ទឹមគ្នា។ ពង្រឹងមូលដ្ឋានត្រូវពង្រឹងពីក្រោម។ យើងមិនចាំបាច់ពង្រឹងថ្នាក់ជាតិ ដើម្បីដោះស្រាយជំងឺបឋមទេ។ (ក្រុមគ្រូពេទ្យរបស់យើង)គាត់រឹងមាំហើយ។ (យើងគប្បី)តែផ្តោតទៅលើការទំនើបកម្មនិងពិពិធកម្មសមត្ថភាព(ព្យាបាលជំងឺកម្រិតខ្ពស់)។ ឧទាហរណ៍ ឥឡូវយើងកំពុងពង្រីកសមត្ថភាពពេទ្យជាតិ។ យើងរៀបចំមណ្ឌល cancer ជាច្រើន ពេទ្យបេះដូងក៏មានច្រើន … រៀបចំពេទ្យហ្លួងម៉ែ … ប៉ុន្តែក្នុងដំណើរវិមជ្ឈការការទទួលខុសត្រូវដល់មូលដ្ឋាន យើងមិនចាំបាច់ធ្វើទំនើបកម្មឬពិពិធកម្មកម្រិតខ្ពស់នេះដល់មណ្ឌលសុខភាពទេ។ ថ្ងៃក្រោយ យើងអាច(រៀបចំ)ត្រឹមពេទ្យខេត្ត។ ជាជំហានដំបូងយើងអាចពង្រីក(ដល់)ថ្នាក់តំបន់ ដោយសារគុណភាពនិងតម្រូវការពេទ្យមានច្រើន ហើយជំនាញកាន់តែខ្ពស់ ត្រូវការការបណ្តុះបណ្តាល និងបំពាក់សំភារៈកាន់តែថ្លៃ។
(១០) បំពាក់សម្ភារៈ/ឧបករណ៍កាន់តែខ្ពស់ ត្រូវការពេទ្យមានកម្រិតជំនាញកាន់តែខ្ពស់
ថ្ងៃមុន សម្ពោធពេទ្យបង្អែកនៅកោះធំ មានការបំពាក់(សម្ភារៈឧបករណ៍)ជាង៤លានដុល្លារ ហើយក៏ត្រូវរកពេទ្យជំនាញដើម្បីមកប្រើប្រាស់។ ខ្ញុំបានប្រាប់ថាប្រយ័ត្នមួយឆ្នាំក្រោយមកមើល មិនទាន់បានប្រើឧបករណ៍ ព្រោះម៉ាស៊ីនស្កេន ម៉ាស៊ីន MRI ត្រូវការពេទ្យជំនាញក្នុងការប្រើ គឺត្រូវការបណ្ដុះបណ្ដាល។ ការធ្វើអភិក្រមពីក្រោមឡើងលើជាការងាយទេ ព្រោះយើងអាចពង្រីកពេទ្យ និង Recruit (បុគ្គលិក)អីបានលឿន។ យើងបំពាក់សម្ភារៈ(កម្រិតណាមួយ)នៅមណ្ឌលសុខភាពបាន។ តែបើសិនជាបំពាក់(សម្ភារៈ/ឧបករណ៍កាន់តែខ្ពស់)ហើយ ត្រូវការពេទ្យជំនាញកម្រិតកាន់តែខ្ពស់ដែរ។ នៅកាល់ម៉ែត្រនិងពេទ្យរុស្ស៊ី ត្រូវធ្វើអគារច្រើនជាន់ត្រូវបំពាក់ Bunkers អីផ្សេងៗ … ហ្នឹងជា(ការពង្រឹងសមត្ថភាពតាមអភិក្រម)ធ្វើពីលើទៅក្រោម ដោយមិនចាំបាច់ដាក់ទិសដៅត្រូវតែពង្រាយសមត្ថភាពនេះទៅដល់គ្រប់ខេត្ត(ទេ)។ ជាជំហ៊ានទី១ យើងធ្វើថ្នាក់ជាតិឱ្យរឹងមាំ ហើយ(បន្ទាប់ទៅ)យើងគិតថ្នាក់តំបន់ … ក្នុងប៉ុន្មានអាណត្តិមកនេះ ហើយក៏ជាបន្តបន្ទាប់ ពិសេសអភិក្រមទី២ ឬ Top-down នេះ យើងបានពង្រឹងពេទ្យថ្នាក់ជាតិយើងបានខ្ពស់។
(១១) មន្ទីរពេទ្យធំៗ ថ្នាក់ជាតិ២ និងមន្ទីរពេទ្យថ្នាក់តំបន់១ ជាសមិទ្ធផលអភិក្រមពីលើមកក្រោម
នៅក្នុងរយៈពេលមួយឆ្នាំនេះ មានសមិទ្ធផលធំៗច្រើនណាស់ដែលទាក់ទងនឹងអភិក្រមទី២។ កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ មានការដាក់សម្ពោធអគារតេជោអភិវឌ្ឍនៅពេទ្យកាល់ម៉ែត្រក្រោមអធិបតីភាពសម្ដេចតេជោ ដែលយើងក៏បានបំពាក់ឧបករណ៍ទំនើបច្រើន។ ថ្ងៃ ២៤ ខែតុលា ២០២៣ យើងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនូវមន្ទីរពេទ្យតេជោសន្តិភាពថ្នាក់ជាតិ និងថ្ងៃ១៣ ខែមីនា(២០២៤) កន្លងទៅខ្ញុំបានសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ ដែលបម្រើសេវាជូនប្រជាពលរដ្ឋក្នុងលក្ខណៈជាពេទ្យតំបន់។ តាមព័ត៌មានលឺថា គ្រាន់តែបើកភ្លាមប្រជាពលរដ្ឋទៅពិនិត្យ/ព្យាបាលជំងឺច្រើន។ (មានសម្លេង)ទារកយំផង សម្លេងអ្នកគ្រូពេទ្យផង … ដោយសារតែបានដឹងថាជាពេទ្យមួយទំនើប ប្រជាពលរដ្ឋបានអញ្ជើញមកតាំងពីខេត្តតាកែវ តាំងពី(ស្រុក)លើកដែក(នៃខេត្តកណ្តាល)។ យើងក៏បញ្ជូនពេទ្យទៅខ្លះ ប៉ុន្តែត្រូវរៀបចំបន្ថែម។ យើងមានពេទ្យ៩០នាក់ តែដល់ប្រជាជនបុកទៅខ្លាំងយើងត្រូវការបន្ថែម។ សូមអរគុណលោកគ្រូអ្នកគ្រូពេទ្យ ដែលថាយំទាំងសប្បាយ …។
(១២) រៀបចំអភិវឌ្ឍមន្ទីរពេទ្យតំបន់នៅកំពង់ចាម និងសៀមរាប
ថ្ងៃទី១៤ ខែមីនា(២០២៤) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយ JICA ដើម្បីរៀបចំគម្រោងអភិវឌ្ឍមន្ទីរពេទ្យតំបន់២ នៅកំពង់ចាម និងនៅសៀមរាប … បើមានតែពេទ្យជាតិ ប្រជាពលរដ្ឋដែលមានជំងឺធ្ងន់ ក៏ត្រូវបញ្ជូនមកភ្នំពេញ។ អាចជាការលំបាក ត្បិតទី១ អាចនឹងរកបន្ទប់សំរាកព្យាបាលមិនបាននៅភ្នំពេញ (ព្រមដោយ)ពេទ្យក៏មានការហត់នឿយ។ ទី២ អ្នកជំងឺ ពិសេសជំងឺធ្ងន់ ដែលធ្វើដំណើរឆ្ងាយអាចប្រឈមនឹងគ្រោះថ្នាក់។ អញ្ចឹងបានជា ក្រៅពីពង្រឹងពេទ្យថ្នាក់ជាតិ យើងពង្រឹងថ្នាក់កម្រិតក្រោមជាតិ។ ឥឡូវយើងចាប់ផ្ដើមពីថ្នាក់តំបន់។ ដោយសារយើងមាន ២៥រាជធានីខេត្ត បើយើងធ្វើម្ដងទាំង ២៥ខេត្ត/ក្រុង មិនកើតទេ។ បើចាំមួយខេត្តបម្រើមួយ មិនដឹងកាលណាបានដល់។ យើងចាប់ផ្ដើមពីពេទ្យតំបន់សិន។ ថ្ងៃក្រោយ នៅពេលដែលមានសមត្ថភាព ពេទ្យខេត្តក៏អាចបង្កើនសមត្ថភាពទៀត។
(១៣) ពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាលពីលើទៅក្រោម បង្រួមគម្លាតរវាងខេត្តនិងរាជធានី
នៅពេលដែលយើងធ្វើវិមជ្ឈការឬថាអភិក្រមពីលើចុះក្រោម គឺពង្រឹងជាជំហានពីថ្នាក់ជាតិទៅថ្នាក់ក្រោមនូវជំនាញសំខាន់ៗ ដើម្បីនាំយកជំនាញទាំងអស់នោះទៅខេត្ត ប្រយោជន៍នឹងបិទគម្លាតរវាងខេត្តនិងរាជធានី។ ថ្ងៃក្រោយ ជំងឺធ្ងន់ៗ ដូចជាវះកាត់បេះដូង មហារីក អាចព្យាបាលនៅខេត្តឬនៅមន្ទីរពេទ្យតំបន់ ដោយមិនចាំបាច់មកដល់ភ្នំពេញ។ ថ្ងៃក្រោយយើងនឹងលែងលំបាកអំពីគម្លាតស្ដង់ដារនេះ។ នេះជាកិច្ចការដែល ក្រសួងសុខាភិបាល រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនបានធ្វើជាបន្តបន្ទាប់ ហើយអាណត្តិនេះក៏នឹងបន្តធ្វើ។
(១៤) វិមជ្ឈការការព្យាបាល បន្ថយការនាំអ្នកជំងឺមកភ្នំពេញ ប្រជាជនកក់ក្តៅមានពេទ្យនៅក្បែរ
សមិទ្ធផលដែលខ្ញុំប្រកាសនេះ មិនមែនគ្រាន់តែថានេះទេ។ យើងបានគ្រោងថវិកា ១៤១លានដុល្លារ សំរាប់ការកសាងពេទ្យ/upgrade ពេទ្យ២នេះ នៅសៀមរាបនិងនៅកំពង់ចាមទៅជាពេទ្យតំបន់។ អញ្ចឹងក្នុងរយៈពេលប្រហែលជា ២ទៅ ៣ឆ្នាំទៀត ពេលដែលធ្វើមន្ទីរពេទ្យហើយ អាចមានវិមជ្ឈការការព្យាបាលច្រើននៅទីនោះ។ (ការនាំអ្នកជំងឺកម្រិតធ្ងន់)មកភ្នំពេញ ក៏អាចថយ។ ប្រជាពលរដ្ឋ(មានការកក់ក្តៅដែល)មានពេទ្យនៅជិតខ្លួន។ ថ្ងៃក្រោយយើងអាចពង្រីក(សេវាមានសមត្ថភាពនេះទៅ)តំបន់ផ្សេងៗទៀត ដែលយើងហ៊ានវិនិយោគដើម្បីសុខភាពប្រជាជន។
(១៥) កសាងធនធានមនុស្សក្នុងវិស័យសុខាភិបាលផ្ដោតលើការកសាងសមត្ថភាពបម្រើប្រទេសជាតិ
យើងមិនអាចធ្វើម្ដងឃើញទាំងអស់នោះទេ។ យើងធ្វើជាជំហាន។ ពង្រឹងតែខាងលើ ចោលខាងក្រោមអត់កើត។ ពង្រឹងតែខាងក្រោមចោលខាងលើក៏មិនកើត។ ត្រូវផ្អែកលើបរិមាណនិងគុណភាព លើតម្រូវការហិរញ្ញវត្ថុនិងធនធានមនុស្ស និងពេលវេលា។ ការពង្រឹងវិស័យសុខាភិបាលនេះ ពីមួយអាណត្តិទៅមួយអាណត្តិយើងកាន់តែមានសមត្ថភាពនៅក្នុងការព្យាបាលជំងឺប្រជាពលរដ្ឋ និងវិមជ្ឈការការទទួលខុសត្រូវនិងសមត្ថភាព រហូតទៅដល់មូលដ្ឋានជាជំហានៗ … ការកសាងធនធានមនុស្សនៅតែជាគន្លឹះធំ។ ទៅសម្ពោធពេទ្យកោះធំ ខ្ញុំបាននិយាយថា “មនុស្សកំណត់អ្វីៗ ទាំងអស់។ មានឧបករណ៍ តែបើគ្មានមនុស្ស ក៏ប្រើមិនកើត។ ឧបករណ៍ក៏មិនអាចទំនើបជាងហ្នឹងបានដែរ បើគ្មានមនុស្សស្រាវជ្រាវ ហើយ update … នៅក្នុងវិស័យសុខាភិបាលក៏ដូចគ្នា។ គោលដៅធំរបស់យើងគឺដៅលើមនុស្ស។ បើយើងនិយាយពីការកសាងធនធានមនុស្ស នៅក្នុងវិស័យសុខាភិបាល យើងត្រូវផ្ដោតទៅលើការកសាងសមត្ថភាពនិងការរៀបចំដើម្បីទាញធនធានមនុស្សទាំងនោះមកបម្រើប្រទេសជាតិ។ មិនថានៅក្នុងវិស័យសុខាភិបាលរបស់រដ្ឋ វិស័យឯកជន វិស័យសាធារណៈឬតាមបណ្ដាអង្គការ ការបណ្ដុះបណ្ដាល(ផ្នែកវេជ្ជសាស្ត្រ)នេះ ទៅណាក៏ដោយនៅតែព្យាបាលប្រជាពលរដ្ឋដែលត្រូវការព្យាបាលនៅកម្ពុជា។
(១៦) កសាងធនធានមនុស្សដើម្បីបំពេញនិងថែរក្សាបុគ្គលិកសុខាភិបាលតាមអង្គភាព
ដោយហេតុនេះ មិនថាពេទ្យអង្គការ មិនថាពេទ្យឯកជន មិនថាពេទ្យរដ្ឋទេ គឺត្រូវធានានូវសមត្ថភាព/ស្ដង់ដារឱ្យដូចគ្នា។ មិនអាចថា ស្ដង់ដារនៅពេទ្យរដ្ឋត្រូវខ្ពស់ជាស្ដង់ដារ(នៅពេទ្យឯកជន)ទេ។ ជីវិតមនុស្សត្រូវការ(រស់)ដូចគ្នា។ វះឱ្យត្រូវ អោយថ្នាំឱ្យចំ។ សមត្ថភាពនិងការទទួលខុសត្រូវដូចគ្នា ជីវិតមនុស្សមួយដូចគ្នា មិនថាគាត់សម្រាកព្យាបាលនៅពេទ្យខេត្ត ឬមួយពេទ្យរាជធានី ពេទ្យរដ្ឋឬមួយពេទ្យឯកជន ប្រព័ន្ធសុខាភិបាលត្រូវធានាផ្តល់គុណភាពសេវា។ កិច្ចការធំបំផុតមួយនៃកត្តាមនុស្សគឺធានាកសាងធនធានមនុស្សបម្រើវិស័យសុខាភិបាលនៅក្នុងស្ថាប័នរដ្ឋ ដោយគិតអំពីការបំពេញនិងថែរក្សាបុគ្គលិកសុខាភិបាលតាមអង្គភាព។ ក្នុងនោះ យើងគិតគូរអំពីការបណ្ដុះបណ្ដាល ដែលចេញពីសាលាមក មួយផ្នែកត្រូវចូលមកការងាររដ្ឋ។ មិនថាទទួលការបណ្ដុះបណ្ដាលនៅសាលាក្រហម នៅ IU ឬនៅសាលាណាក៏ដោយ ចេញមកក៏មានសមត្ថភាពប្រឡងចូលក្របខ័ណ្ឌរដ្ឋ ឬមួយក៏ recruit ចូលក្របខ័ណ្ឌរដ្ឋតាមប្រព័ន្ធជ្រើសរើសមន្ត្រី …។
(១៧) ការសិក្សាវេជ្ជសាស្ត្រគួរតែតឹង ដើម្បីគុណភាពជាសេនាទេវតា
អញ្ចឹងការបណ្តុះបណ្តាលនេះត្រូវមើលយកចិត្តទុកដាក់លើគុណភាពអប់រំ និងគុណភាពសិស្ស ហើយរៀនពេទ្យគួរឱ្យតឹង។ ខ្ញុំសូមស្នើសុំក្មួយៗប្អូនៗនិស្សិតពេទ្យកុំសុំជាប់ដោយមិនប្រឡងអី ព្រោះប្រឡងនេះជួយយើងពេលយើងទៅធ្វើការ ដូចខ្ញុំថាពេទ្យជាសេនាឱ្យទេវតា យើងត្រូវទៅព្យាបាលមនុស្សឱ្យចំកុំឱ្យធ្វើឱ្យខុសពីបំណងរបស់យើង អញ្ចឹងសមត្ថភាពយើងមាន។ ដូចនៅក្នុងកងទ័ពអញ្ចឹង ជំនាញដោះមីនត្រូវឱ្យច្បាស់។ ប្រឡងដោះមីនត្រូវឱ្យតឹង។ ថ្មើរជើងបាញ់កាំភ្លើង AK បើតម្រង់ណពោះ តែចំជើងមិនអីទេ។ បើដោះមីន តែហ៊ានខុសបន្តិចផ្ទុះស្លាប់ខ្លួនឯង ផ្ទុះស្លាប់គេផ្សេង។ ពេទ្យដូចគ្នា។ អញ្ចឹងសូមឱ្យប្រឡង។ ឥឡូវខ្ញុំឃើញអ្នកប្រឡងពូកែៗ … ថ្ងៃមុនបានពិន្ទុ ១០០% ច្រើន។ សម្តេចតេជោ Sponsored អ្នករៀនជំនាញ DEA (Le Diplôme d’Études Approfondies) មានពេទ្យជំនាញដែលប្រឡងបានលេខ១ស្ទួន ៤ ទៅ ៥នាក់ … ប៉ុន្តែសូមកុំពូកែទន្ទេញ សូមពូកែក្នុងការវិនិច្ឆ័យ … ទន្ទេញតែយល់ជាមូលដ្ឋាន ព្រោះពេទ្យ(ពិនិត្យ)ស្ថានភាពជំងឺមិនដូចជាកុំព្យូទ័រទេ។ អ្នកជំងឺដូចគ្នា ប៉ុន្តែអាការៈអាចខុសគ្នា អាចវាយតម្លៃខុស …។
(១៨) លើកទឹកចិត្តឱ្យសាលាវិនិយោគនិងរក្សាស្តង់ដារ ត្បិតវានឹងជះឥទ្ធិពលដល់គុណភាពពេទ្យ
សាលានីមួយៗ ត្រូវធ្វើការបណ្តុះបណ្តាលដោយមានស្តង់ដារច្បាស់លាស់ … ហេតុអីរៀនពេទ្យអស់ប្រាក់ច្រើន? ព្រោះត្រូវចំណាយទៅលើបន្ទប់ពិសោធន៍ ឧបករណ៍ ព្រោះបើរៀនពេទ្យ … ត្រូវចេះវះដោយផ្ទាល់តែម្តងទើបជាប់។ បើរៀនទ្រឹស្តី ឬមួយរៀនវះកាត់តាមកុំព្យូទ័រ ដល់ទៅដល់វះមែនទែនគ្រាន់តែឃើញឈាមសន្លប់ … ត្រូវមានឧបករណ៍ស្តង់ដារដើម្បីជួយ។ ខ្ញុំសូមលើកទឹកចិត្តឱ្យសាលាធ្វើការវិនិយោគនិងរក្សាស្តង់ដារ ព្រោះវាជះឥទ្ធិពលដល់គុណភាពពេទ្យរបស់យើង។ ករណីយើងព្យាបាលរាប់លាននាក់ជា មិនសូវមានអ្នកមើលឃើញទេ។ តែបើមាន(បញ្ហា) ១ ឬ២ ករណីគឺផ្អើលពេញពិភពហ្វេសប៊ុក។ ល្ងាចម៉ិញ លើ TikTok … អ្នកមើលឃើញតែអ្នកគ្រូពេទ្យមាត់អាក្រក់ដាក់អ្នកជំងឺ។ ចុះអ្នកគ្រូពេទ្យរាប់ម៉ឺននាក់ ដែលព្យាបាល ខំប្រឹងជួយយកចិត្តទុកដាក់ Care សម្រាប់អ្នកជំងឺមួយគគោកមិនមើលផង … បានន័យថាការប្រតិបត្តិរបស់ពេទ្យនីមួយៗ ស្តង់ដារពេទ្យមួយៗ មិនថាចេញពីសាលា IU មិនថាចេញពីសាលាក្រហមទេ តែយើងមិនច្បាស់អាចជះឥទ្ធិពលទៅដល់ការទុកចិត្តទៅលើអ្នកជំងឺផ្សេងទៀត និងដល់ពេទ្យទាំងមូល។
(១៩) ត្រូវកំណត់និងរក្សានិយាមថ្នាក់ជាតិក្នុងប្រតិបត្តិការវេជ្ជសាស្ត្រ
ឥឡូវគេចូលចិត្តតែនិយាយសរុបចូលគ្នា ដូចជាថា “ពេទ្យស្រុកខ្មែរ(មិនល្អ)”។ មិនអញ្ចឹងទេ នៅកន្លែងណាក៏គ្មានអ្នកឥតខ្ចោះនោះទេ។ នៅប្រទេសណាក៏អត់មានល្អឥតខ្ចោះនោះដែរទេ។ ការវាយតម្លៃជំងឺមិនមែនជាវិទ្យាសាស្ត្រ(ពិត ដែលថា)មួយបូកមួយចេញពីរនោះទេ។ កន្លែងខ្លះវាថ្មី អញ្ចឹងត្រូវតែពង្រឹងស្តង់ដារ ហើយក្រសួងសុខាភិបាលត្រូវកំណត់និយាមឱ្យច្បាស់។ ក្រសួង២ ដែលត្រូវកំណត់និយាមគឺក្រសួងអប់រំ និងក្រសួងសុខាភិបាល។ ត្រូវតែបន្ត(រក្សា)និយាមថ្នាក់ជាតិ ទោះបីយើងធ្វើវិមជ្ឈការការដឹកនាំការគ្រប់គ្រងទៅដល់ខេត្តក៏ដោយ ប៉ុន្តែការនិយាម/ស្តង់ដារក្នុងការប្រតិបត្តិ (រាប់ទាំងការចេញវេជ្ជបញ្ជា)ថ្នាំអីៗ ត្រូវចេញពីថ្នាក់កណ្តាល។ អត់អាចថាថ្នាំនៅខេត្តកំពង់ចាមល្អជាងថ្នាំនៅខេត្តក្រចេះទេ។ នៅតាមមណ្ឌលសុខភាព ត្រូវមានស្តង់ដារមួយថ្នាក់ជាតិ។ ដែលថាពេទ្យមួយៗ មានលទ្ធភាពទិញថ្នាំបន្ថែម ហ្នឹងជារឿងមួយ ប៉ុន្តែស្តង់ដារថ្នាំគឺប្រើដូចគ្នា។ ថ្នាំគ្រុនចាញ់គួរតែដូចគ្នា។ និយាមនៃការប្រតិបត្តិក្នុងការធ្វើតេស្តអីក្តី …។
(២០) សម្រេចជូនក្រសួងសុខាភិបាលនូវសិទ្ធនិងការទទួលខុសត្រូវស្តីពីការសិក្សាវិស័យសុខាភិបាល
កន្លងទៅមានការជជែក ហើយមានការលើកពីសាកលវិទ្យាល័យមួយចំនួន និងការបណ្តុះបណ្តាលវិស័យសុខាភិបាលថា ហាក់បីដូចជា(មានភាព)ជាន់គ្នាបន្តិចរវាងក្រសួងអប់រំនិងសុខាភិបាល ស្តីពីការចេញគោលការណ៍អនុញ្ញាតឱ្យបើកឬបិទសាលា(ដែលមានកម្មវិធីសិក្សាវេជ្ជសាស្ត្រ) គោលការណ៍មួយចំនួន ការរៀបចំកម្មវិធី ការគ្រប់គ្រងការប្រឡង ការបញ្ជាក់ភាពត្រឹមត្រូវនិងសមមូលវិញ្ញាបនបត្រ រហូតកាលពីចុងឆ្នាំកន្លងទៅ ខ្ញុំបានចេញសេចក្តីសម្រេចមួយ … ដើម្បីកុំអោយនៅមិនដាច់ស្រេច អំពីការដែលរវល់តែចាំក្រុមសុខាភិបាល និងអប់រំចុះទៅជាមួយគ្នា ធ្វើឱ្យត្រូវការពេលយូរទម្រាំតែបានចេញគោលការណ៍អ្វីមួយ ខ្ញុំក៏បានឱ្យ(រដ្ឋមន្ត្រីអប់រំ) ឯកឧត្តម ហង់ ជួនណារ៉ុន និង (រដ្ឋមន្ត្រីសុខាភិបាល) ឯកឧត្តម ឈាង រ៉ា ជជែកគ្នាថា តើគួរធ្វើម៉េចឱ្យងាយស្រួលជាង តែកុំឱ្យបាត់បង់នូវភាពទទួលខុសត្រូវ។ បន្ទាប់ពីបានការឯកភាពគ្នាហើយ ខ្ញុំក៏សម្រេចប្រគល់សិទ្ធិទៅឱ្យក្រសួងសុខាភិបាលដាច់លើកិច្ចការបើកបិទគ្រឹះស្ថានសិក្សាវិស័យសុខាភិបាល អនុម័តលើកម្មវិធីសិក្សាវិស័យសុខាភិបាលថ្នាក់ជាតិ ការគ្រប់គ្រងការប្រឡងចូលប្រឡងចេញថ្នាក់ជាតិក្នុងវិស័យសុខាភិបាល ការចុះហត្ថលេខាលើសញ្ញាបត្រវិស័យសុខាភិបាល ការបញ្ជាក់ភាពត្រឹមត្រូវនិងសមមូលវិញ្ញាបនបត្រ/សញ្ញាបត្រវិស័យសុខាភិបាល។ ប្រគល់ឱ្យដាច់ទៅក្រសួងទទួលខុសត្រូវតែម្តង …។
(២១) សម្រួលកុំឱ្យជាន់គ្នា កាន់តែមានប្រសិទ្ធភាព ធានាគុណភាពបណ្តុះបណ្តាលនិងវាយតម្លៃការសិក្សា
ឥឡូវ(អនុវត្ត)ដូចបានអនុវត្តហើយ។ ឯកឧត្តម ហង់ ជួនណារ៉ុន ក៏លោកថាបើក្រសួងសុខាភិបាលយកទៅក៏មិនប៉ះពាល់ដល់វិស័យអប់រំ ព្រោះខាងសុខាភិបាលក៏មាននិយាមអាចកំណត់បានរួចហើយដែរ។ យើងកែសម្រួលកុំឱ្យពិបាក ផ្អែកតាមការពង្រឹងកំណែទម្រង់រដ្ឋបាលសាធារណៈដែលរាជរដ្ឋាភិបាលថ្មីបានដាក់ចេញ មួយផ្នែកពិនិត្យមើលទៅលើយន្តការដែលមានស្រាប់ កែសម្រួលកុំឱ្យជាន់គ្នា តែមិនឱ្យបាត់នូវគុណភាពទេ តែផ្ទុយទៅវិញត្រូវឱ្យកាន់តែមានប្រសិទ្ធភាពនិងធានាគុណភាពការបណ្តុះបណ្តាល និងការវាយតម្លៃការសិក្សា។ ត្រូវទទួលខុសត្រូវ មិនអាចជិះសេះលែងដៃទេ … ថ្ងៃមុខ មិនអាចចង្អុល(ការទទួលខុសត្រូវ)ទៅក្រសួងអប់រំបានទៀតទេ ព្រោះគេឱ្យសិទ្ធិហើយ។ នេះនឹងផ្តល់ភាពងាយស្រួលជួយជំរុញនិងសម្របសម្រួលនៅក្នុងការអប់រំ(ជំនាញវេជ្ជសាស្ត្រ)។
(២២) កុំឱ្យលក្ខខណ្ឌអាយុធ្វើឲ្យបាត់បង់ធនធានមនុស្សមានការបណ្ដុះបណ្ដាលមិនបានបំរើការក្នុងពេទ្យរដ្ឋ
មួយទៀតគឺការបណ្តុះបណ្តាលមនុស្សដោយមានគុណភាព។ យើងត្រូវរើស(អ្នកមានជំនាញនិងគុណភាពពិតប្រាកដ)ចូលមកក្នុងពេទ្យ។ បញ្ហាប្រឈមរបស់យើងគឺកង្វះធនធានមនុស្ស តាំងពីមូលដ្ឋានរហូតទៅដល់លើ។ យើងមិនអាចបំពាក់(សេចក្តីត្រូវការ)ម្តងទាំងអស់បានទេ តែយើងបំពាក់ជាជំហានៗ។ សួរថាបំពាក់ស្អីមុន កន្លែងណាមុន កន្លែងណាក្រោយ។ មិនមែនត្រឹមតែបំពេញ(សេចក្តីត្រូវការធនធានមនុស្សមានគុណភាព)ទេ តែត្រូវធានាថាថែរក្សា(ធនធាន)នៅទីនោះដើម្បីចៀសវាងការដែលគរនៅកន្លែងមួយខ្វះនៅកន្លែងមួយ ហើយខ្វះជាអចិន្ត្រៃយ៍។ ពាក្យថាខ្វះជាអចិន្ត្រៃយ៍បានន័យថាហើរដូចសាំង(ឬរក្សាធនធានមនុស្សមិនបាន ចាំបាច់ត្រូវតែបន្ត)បំពេញ។ អញ្ចឹងត្រូវរករូបមន្ត ដែលការជ្រើសរើសចូលក្របខណ្ឌនេះ កុំឱ្យវាខ្ទាស់ ដែលពេលខ្លះនាំរហូតទៅដល់បាត់ធនធានមនុស្ស។កន្លងទៅធ្លាប់មានបញ្ហា តែក្រោយមករាជរដ្ឋាភិបាល សម្តេចតេជោ បានសម្រេចដោះស្រាយ។ កាល សម្តេច សុខ អាន លោកនៅ(រស់) ខ្ញុំបានជួយសុំដោះស្រាយករណី DESS (Le Diplôme d’Études Supérieures Spécialisées) ដែលថានៅពេលរៀនបានសញ្ញាបត្រក៏មានអាយុច្រើន លើសពីការកំណត់សំរាប់ចូលក្របខណ្ឌ។ អញ្ចឹងទាល់តែសុំពិសេស។ ឥឡូវយើងបានលុបហើយ។ ជួនកាលលក្ខខណ្ឌបន្តិចបន្តួចបែបនេះ ជាការមិនចាំបាច់ ព្រោះជំនាញខុសៗគ្នា ការបណ្ដុះបណ្ដាលខុសគ្នា និងមានលក្ខណៈពិសេសដោយឡែក។ បើមិនធ្វើដូច្នឹងទេ ធនធានដែលខំបណ្ដុះបណ្ដាលមិនបានចូលមកបំរើការងារក្នុងពេទ្យរដ្ឋ ធ្វើអោយយើងមានមិនគ្រប់ បាត់បង់ធនធាន។ ដោយសារតែលក្ខខណ្ឌអាយុមួយបន្ទាត់ធ្វើឲ្យយើងបាត់បង់ធនធានមនុស្សគគោក។ ចាំបាច់យើងត្រូវកែប្រែនិងបត់បែន …។
(២៣) បើកឱ្យមានក្របខណ្ឌមន្ត្រីកិច្ចសន្យាដើម្បីបំពេញតម្រូវការធនធានមនុស្ស
យើងត្រូវធ្វើការប្រឡងជ្រើសរើស ការរៀបចំនិយាម ការពង្រាយគ្រូពេទ្យ/ពេទ្យ។ យើងត្រូវគិតច្រកមួយទៀតគឺភាពបត់បែននៃការបញ្ចូល(ក្នុងការងារ)។ មិនមែនតែវិស័យសុខាភិបាលទេ។ ថ្ងៃក្រោយគឺមានលទ្ធភាពបត់បែនអាចចេញចូលរវាងរដ្ឋនិងវិស័យឯកជន ឬមួយកន្លែងផ្សេងទៀត។ Lifetime Employment ឬមន្រ្តីក្របខ័ណ្ឌមួយជីវិត នេះមិនចាំបាច់សំរាប់ទាំងអស់គ្នាទេ។ យើងត្រូវបើកភាពបត់បែនមួយដើម្បីទាញយកការបំពេញបន្ថែម(ធនធានមនុស្ស)។ ឧទាហរណ៍ ពេទ្យកោះធំថ្ងៃមុនកំពុងខ្វះពេទ្យជំនាញខាង MRI។ មានពេទ្យជំនាញខាង MRI ប៉ុន្តែពីមុនគាត់មិនដែលមានក្របខ័ណ្ឌនិងធ្លាប់តែធ្វើនៅពេទ្យឯកជន។ ឥឡូវគាត់ចង់មកចូលធ្វើការនៅហ្នឹង ព្រោះជិតផ្ទះតែចូលមិនកើត។ កំពុងសិក្សាបើកក្របខ័ណ្ឌមន្រ្តីកិច្ចសន្យាបច្ចេកទេស ដែលយើងគិតអត្រាបៀវត្ស អត្ថប្រយោជន៍ផ្សេងៗ ឲ្យគាត់។ ទោះបីថាគាត់ដល់អាយុចូលនិវត្តន៍ តែមានជំនាញ (យើងបើកច្រកនេះ វាប្រសើ)ជាងចាំសុំគោលការណ៍ពន្យារឲ្យគាត់មួយឆ្នាំម្ដងៗ។ យើងឲ្យគាត់នៅក្នុងក្របខ័ណ្ឌជាកុងត្រាបច្ចេកទេសបែបនេះ ដើម្បីធានាភាពបត់បែននិងភាពជាប្រចាំ។ បែបនេះ គាត់អាចផ្លាស់ប្ដូរទៅកន្លែងណាក៏បាន។ ចប់អាណត្តិចង់ដូរទៅកន្លែងផ្សេង គាត់ឈប់យកកុងត្រានេះ។ សល់ប្រអប់កុងត្រាហ្នឹង ជួលអ្នកផ្សេងមកទៀត។
(២៤) គិតគូរពីអតីតភាពការងារនិងប្រាក់ចូលនិវត្តន៍នៃក្របខណ្ឌមន្ត្រីកិច្ចសន្យា
(ធ្វើបានដូចនេះ វានឹង)ចំណេញដល់អង្គភាពសុខាភិបាល ជាពិសេសនៅមូលដ្ឋាន ដែលកាលពីគ្រាជំងឺកូវីដ-១៩ ខ្ញុំបានឃើញថាយើងខ្វះពេទ្យនៅតាមមូលដ្ឋាន កម្លាំងយើងមិនគ្រប់។ យើងបានយកអ្នកស្ម័គ្រចិត្តដែលមានជំនាញសុខាភិបាលមកធ្វើការងារបឋមបាន ដែលគាត់មិនមានច្រកចូលតែគាត់នៅមូលដ្ឋាននោះ។ នៅក្នុងមណ្ឌលសុខភាព មិនចាំបាច់ត្រូវមានកម្រិតស្មើគ្នាជាវេជ្ជបណ្ឌិតទាំងអស់នោះទេ។ យើងត្រូវគិតពីអតីតភាពបូកតគ្នា ដែលកន្លងទៅបារម្ភថាបាត់អតីតភាព ត្បិតចេញពីរដ្ឋមិនគ្រប់ ២០ឆ្នាំ មិនបានប្រាក់ចូលនិវត្តន៍។ បានឲ្យសិក្សាពី Mobility នៃ Tenure ហ្នឹង គឺបូកអតីតភាពការងារ។ គាត់ធ្វើការងាររដ្ឋ ១០ឆ្នាំ និងទៅធ្វើការឯកជន ត្រូវបូកបន្តយ៉ាងម៉េច ហើយប្រាក់ចូលនិវត្តន៍រូបមន្តយ៉ាងម៉េច ទុកឲ្យបច្ចេកទេសគេធ្វើ។ អញ្ចឹងគាត់ដូរផ្លាស់ពីរដ្ឋទៅឯកជន ថ្ងៃក្រោយដល់ ៣០ឆ្នាំ គាត់អាចទាំងឯកជនខ្លះទាំងរដ្ឋខ្លះ ឬមួយអង្គការខ្លះ។ នៅប្រការថាតើបូកប្រាក់ចូលនិវត្តន៍តាមរូបមន្តបែបណា ព្រោះហ្នឹងត្រូវទៅជាកញ្ចប់។ យើងមិនអាចឲ្យតែសិទ្ធិក្នុងការផ្ទេរ តែមិនគិតពីអតីតភាព សុខភាព ទាំង ប.ស.ស ទេ។ បូកជាមួយគ្នានឹងអតីតភាពនេះឯង។
(២៥) ច្រកមន្ត្រីកិច្ចសន្យាអាចទាញមន្ត្រីសុខាភិបាលទាំងថ្មីទាំងមានស្រាប់ចូលប្រអប់ការងារបាន
ហេតុអីបានជាខ្ញុំនិយាយរឿងហ្នឹង? វាសំខាន់សម្រាប់ការរើសបុគ្គលិក (recruiting) ព្រោះ recruit ហើយ ត្រូវថែរក្សាឱ្យនៅហ្នឹងកន្លែង ហើយបើកច្រកឲ្យអ្នកដែលចង់នៅ(អាច)នៅ(បាន) ហើយមានភាពបត់បែន។ ទៅអូស្រ្តាលីថ្ងៃមុន (ក៏ឃើញនិន្នាការ)ដូចគ្នាដែរ។ មន្រ្តីមួយជីវិត ឬហៅថាមន្រ្តីអចិន្ត្រៃយ៍ មានប្រហែលតែជា ៥០% ទេ ក្រៅពីនោះសុទ្ធតែឃា contract based។ បើយើងចង់បានអ្នកជំនាញ (ឧទាហរណ៍ដូច)ក្រសួងមួយដែលខ្វះមន្រ្តីច្បាប់ (បើ)សុំ(អោយចូល)មក មិនតូចជាងអនុរដ្ឋលេខាធិការទេ ដើម្បីចូលប្រអប់អាចធ្វើការបាន។ បើយក ៣នាក់មក ក្រុមអ្នកច្បាប់សម្រាប់ក្រសួងមួយហ្នឹងគឺយកមិនបាន ទាល់តែដាក់ក្រុមរដ្ឋលេខាធិការ ក្រុមអនុរដ្ឋលេខាធិការទទួលច្បាប់ទៅធ្វើការ។ ពេលដែលយើងបើកប្រអប់បែបនេះ យើងអាច recruit គាត់ចូលមកក្នុងនាយកដ្ឋាននីតិកម្មរបស់ក្រសួងដែលខ្វះ ជាមន្រ្តីកម្រិតណាមួយ ហើយយើងចងប្រអប់។ សុខាភិបាលដូចគ្នាទេ។ អំពីធនធានមនុស្សនេះ ទី១ គឺការបណ្ដុះបណ្ដាល ទី២ Recruitment ការរើសមន្រ្តីចូល ទាំងមន្រ្តីសុខាភិបាលថ្មី និងមន្រ្តីដែលមានស្រាប់ អាចទាញពីប្រភពខាងក្រៅដើម្បីចូលស៊ប់តែម្ដង។
(២៦) ការធានាគុណភាពមន្រ្តីសុខាភិបាល គឺធានាគុណភាពវិស័យសុខាភិបាល
ខ្ញុំនិយាយការងារនេះ ៦ខែហើយដើម្បីឲ្យបានដឹង និងត្រៀមលក្ខណៈទាំងអស់គ្នា។ យើងមិនអាចនិយាយថ្ងៃនេះ ដាក់ស្អែកចេញទេ ហើយក៏ថាតែមិនធ្វើនោះដែរ។ ប៉ុន្មានខែនេះ ក្រសួងមុខងារសាធារណៈកំពុងប្រជុំ ជជែកជាមួយគ្រប់ក្រសួង-ស្ថាប័នជំនាញ ជាមួយហិរញ្ញវត្ថុ រកវិធីដោះស្រាយ។ យើងគិតមិនមែនតែមួយជ្រុង ត្រូវគិតគ្រប់វិស័យ ទាំងមន្រ្តីរាជការស៊ីវិល ទាំងយោធា ទាំងកម្លាំងប្រដាប់អាវុធ ដើម្បីឱ្យមាននិរន្តរភាព សង្គតិភាព និងប្រសិទ្ធភាព … ដែលការធានាគុណភាពនៃមន្រ្តីសុខាភិបាល គឺធានាគុណភាពនៃវិស័យសុខាភិបាល។ យើងនិយាយពីរឿងសម្ភារៈ គ្រឿងបំពាក់ ឧបករណ៍ ជាកត្តាសំខាន់ តែបើគ្មានមនុស្សទេ យើងទៅមិនរួចទេ។ មនុស្សនេះហើយជាកត្តា(កំណត់សំរេច) ដែលក្នុងអាណត្តិនេះ យើងរៀបចំរូបមន្តប្រកបដោយភាពបត់បែន និងធានាប្រសិទ្ធភាពគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាលយើងផង។ រឿងពង្រាយស្រួលទេ។ ឯកឧត្តម ឈាង រ៉ា គុណប៉ុន្មានមណ្ឌលសុខភាព ថាខ្វះ ៩០០នាក់។ ថាជំនាញអីខ្លះ? ប៉ុន្តែខ្ញុំសួរវិញថា ពង្រាយបានប៉ុន្មានឆ្នាំ? ត្រូវធានាឲ្យខ្ញុំ។ ត្រូវបើកច្រកភាពបត់បែនកម្រិតណាមួយ ត្រូវធានានិរន្តរភាពនិងការបំពាក់។
(២៧) បណ្តុះបណ្តាលនិងរើសធនធានមនុស្សចំគោលដៅនិងធានានិរន្តរភាពបំរើវិស័យសុខាភិបាល
មិនមែនតែវិស័យសុខាភិបាលមួយទេ គឺគ្រប់ទាំងអស់ គ្រាន់តែថាវិស័យសុខាភិបាល និងអប់រំ (មានវិសាលភាព)ធំជាងគេ។ ត្រូវពង្រឹង និងបន្តយកចិត្តទុកដាក់ធានាគុណភាពអប់រំក្នុងការបណ្ដុះបណ្ដាលមនុស្ស។ សូមអរគុណចំពោះសាលាពេទ្យគ្រប់ជំនាញពេទ្យទាំងអស់ ទាំងរដ្ឋទាំងឯកជន ដែលបានចូលរួមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។ សូមបន្តយកចិត្តទុកដាក់ធានានូវស្តង់ដារកម្រិតនេះ ព្រោះយើងបណ្ដុះបណ្ដាលអ្នកព្យាបាលមនុស្សឈឺឲ្យជា អ្នកប្រឈមនឹងការស្លាប់ឲ្យរស់។ កាតព្វកិច្ចយើងធំ។ អ្វីដែលត្រូវរួមគ្នាធ្វើបន្តទៀត គឺការធានាបំពេញ(ធនធាននិងសេវា)បន្ថែម។ បានឃើញរបាយការណ៍ពាក់ព័ន្ធនឹងការពិភាក្សាគ្នាប៉ុន្មានថ្ងៃនេះ ដែលរឿងធនធានមនុស្សជារឿងធំ មិនមែនតែក្នុងវិស័យសុខាភិបាលទេ តែនៅច្រើនវិស័យផងដែរ។ អ្វីដែលសំខាន់គឺថាតើយើងរើសបែបណា ធានាបែបណា ឲ្យចំគោលដៅ ធានានិរន្តរភាព បំពេញកង្វះខាតឲ្យបានត្រូវ ហើយឲ្យមាននិរន្តរភាពក្នុងការបំពេញ(ធនធានមនុស្ស រាប់)ទាំងការរៀបចំ incentive ផ្សេងៗ។ ការរៀបចំប្រព័ន្ធក្របខ័ណ្ឌថ្មីនេះទាក់ទងនឹងការលើកទឹកចិត្ត/incentive នេះឯង ត្រូវបត់បែនជាមួយគ្នា។
(២៨) ពង្រឹងការទទួលខុសត្រូវគ្រប់អង្គភាពសុខាភិបាលរដ្ឋនិងឯកជន ពិសេសនិយ័តកម្មសេវាសុខាភិបាល
ខ្ញុំលើកចំណុចប៉ុន្មានខាងលើស្តីពីការពង្រឹងនិងការបង្កើននូវសមិទ្ធផលបន្ថែមនៃការងាររដ្ឋាភិបាលនីមួយៗ មួយអាណត្តិៗ ដែលវិស័យសុខាភិបាលក៏ត្រូវបង្កើននូវអ្វីដែលវិជ្ជមាននិងកាត់បន្ថយនូវអ្វីដែលអវិជ្ជមាន។ ខ្ញុំបាននិយាយអំពីទិសដៅ ផែនការ និងការអនុវត្តចំណុចវិជ្ជមាន។ ឥឡូវ (ខ្ញុំលើកពី)កិច្ចការមួយចំនួនដែលត្រូវយកចិត្តទុកដាក់ដើម្បីកាត់បន្ថយនូវចំណុចខ្វះខាតរបស់យើង … ចូលរួមពង្រឹងការទទួលខុសត្រូវរបស់គ្រប់អង្គភាពសុខាភិបាលទាំងរដ្ឋ និងឯកជន ជាពិសេសក្នុងកិច្ចការនិយ័តកម្មសេវាសុខាភិបាល ក្រសួងសុខាភិបាលបានពង្រឹងស្តង់ដារនិងលក្ខខណ្ឌប្រតិបត្តិ ក៏ដូចជាពិនិត្យអនុលោមភាពតាមបណ្តាមន្ទីរពេទ្យ ឱសថស្ថាន និងឱសថស្ថានរង តាមបណ្តារាជធានីខេត្តមួយចំនួន រួមទាំងបានដាក់ចេញនូវវិធានការនានា រហូតដល់មានការបិទ ឬដកហូតអាជ្ញាប័ណ្ណនៅអង្គភាពមួយចំនួន។ ការត្រួតពិនិត្យគុណភាពថ្នាំ គុណភាពផលិតផលជាកិច្ចការសំខាន់ ត្រូវខិតខំអនុវត្តដោយបត់បែន ទន់ភ្លន់ តែម៉ឺងម៉ាត់។ យើងមិនប៉ះដៃកាត់ដៃប៉ះជើងកាត់ជើងទេ។ ធ្វើការពន្យល់ អប់រំដើម្បីជួយ។ បើថាជួយហើយពន្យល់ហើយនៅតែទៅមិនរួច ហ្នឹងយើងអត់មានអីក្រៅតែពីបិទទេ។
(២៩) កុំធ្វើដាក់អ្នកដទៃនូវអ្វីដែលមិនគួរធ្វើដាក់ខ្លួនឯង កុំឲ្យអ្វីដែលយើងមិនគួរហូបខ្លួនឯងទៅអ្នកដ៏ទៃហូប
កន្លងទៅ ធ្លាប់មានករណីមួយមកដល់ខ្ញុំ។ មានក្រុមហ៊ុនមួយនោះលក់ផលិតផលមួយដែលក្នុងហ្នឹងមានជាតិដែលធ្វើឲ្យ(ប្រឈមនឹងមានជំងឺ) cancer។ ក្រសួងសុខាភិបាលបានហៅម្ចាស់ក្រុមហ៊ុនទៅធ្វើកិច្ចសន្យា។ ធ្វើកិច្ចសន្យាបានបន្តិច គាត់លក់ទៀត ហើយចេញពាក្យថាប្តឹងអ្នកណាប្តឹងទៅ។ អញ្ចឹងប្តឹងនាយករដ្ឋមន្រ្តីថ្មីៗ កាត់បណ្តោយទៅ។ ជីវិតរបស់ប្រជាជន សុខភាពរបស់ប្រជាជនធំណាស់។ ខ្ញុំសង្ឃឹមថាបងប្អូនដែលលក់ផលិតផល … ត្រូវគិតមុននឹងលក់ឲ្យកូន ឪពុក ម្តាយ(របស់អ្នកដែលទិញ)ផង។ មានម្តង ខ្ញុំចូលហូប(អាហារនៅ)កន្លែងមួយ … កម្មង់គុយទាវប្រហិតសាច់គោ។ ប្អូនស្រីរត់តុហ្នឹងប្រាប់ខ្ញុំថា បងកុំហូបសាច់គោហ្នឹងធ្វើអត់ល្អទេ។ ខ្ញុំថាប្រាប់ខ្ញុំអញ្ចឹងលក់ម៉េចដាច់។ ខ្ញុំជា fan បងឯង អញ្ចឹងខ្ញុំប្រាប់បងឯង … សូមកុំធ្វើដាក់អ្នកដទៃនូវអ្វីដែលយើងមិនចង់ខ្លួនឯង។ កុំឲ្យអ្វីទៅអ្នកដទៃហូបនូវអ្វីដែលយើងមិនគួរហូបខ្លួនឯង។ ខ្ញុំគិតថាប្រើពាក្យសាមញ្ញអញ្ចឹង ការលក់ប្រកួតប្រជែងត្រូវហើយ ប៉ុន្តែត្រូវមានបទដ្ឋានកម្រិតណាមួយ។ ក្រសួងសុខាភិបាលមិនមានគោលការណ៍ធ្វើបាបបងប្អូនទេ។
(៣០) រដ្ឋាភិបាលធានាសុខភាព អាយុជីវិត និងដង្ហើមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ
ដោយសារតម្លៃផលិតផលអីផ្សេងៗ ពិតណាស់មានការប្រកួតប្រជែង។ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវមានកាតព្វកិច្ចធានាសុខភាព អាយុ ជីវិត សុខភាពប្រជាពលរដ្ឋបូកជាមួយនឹងដង្ហើមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ ដូចប៉ុន្មានថ្ងៃមុន ខ្ញុំដាក់គោលការណ៍រួមស្តីពីការបើកបរស្រវឹងបុកគ្នាស្លាប់។ យើងត្រូវការឲ្យអ្នកបើកបរអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប៉ុន្តែយើងរៀបចំកម្រិតណាមួយដើម្បីធានាទាំង២ ដែលហាងក៏លក់ដូរបានផង និងមានការគោរពច្បាប់ផង។ រកវិធីទាំងពីរ។ ពេលខ្លះ (ការស្វែងរក)តុល្យភាព(ជាការ)លំបាក។ (សំរាប់)រាជរដ្ឋាភិបាលបាតដៃក៏សាច់ខ្នងដៃក៏សាច់។ អ្នកលក់ក៏ជាប្រជាពលរដ្ឋដែលយើងត្រូវទទួលខុសត្រូវ អ្នកទិញក៏យើងទទួលខុសត្រូវ។ រដ្ឋាភិបាលត្រូវធ្វើកម្រិតណាមួយ ដើម្បីឲ្យរស់ទាំងអស់គ្នា។ រដ្ឋមិនចង់ធ្វើអ្វីប៉ះពាល់ដល់ផលប្រយោជន៍បងប្អូនទាំងអ្នកលក់ផលិតផលសុខាភិបាល/ថ្នាំផ្សេងៗហ្នឹងទេ។ តាមពិតបងប្អូនដែលយកផលិតផលមកលក់ ជាការត្រឹមត្រូវគឺយើងជួយវិញទេ។ ដូចជាគាត់ទៅស្រាវជ្រាវផលិតផលល្អៗ ពីកូរ៉េ មកឲ្យប្រជាពលរដ្ឋជាជាងចាំតែពីក្រសួង។ បើផលិតផលហ្នឹងធ្វើបានល្អមានការទទួលខុសត្រូវ គាត់ជួយប្រកួតប្រជែងឲ្យ ប៉ុន្តែបើសិនគាត់មិនមានស្តង់ដារ/និយាមកម្រិតណាមួយ យកផលិតផលមិនល្អមានការប៉ះពាល់ សុខភាពមក រដ្ឋត្រូវលូកដៃចូលហើយ។ មិនអាចឲ្យហួសបន្ទាត់ក្រហមទេ។ យើងឱ្យមានការលក់តាមអនឡាញ។ មិនមានអ្នកណាដាក់បទបញ្ជា(ហាមឃាត់ឬ)បិទអីទេ លើកលែងតែវិធានការកន្លងទៅដែលក្រសួងបានដាក់ ដោយសារអង្គភាពសុខាភិបាលខ្លះមិនបានអនុវត្តតាមគោលការណ៍ ហើយអាចមានហានិភ័យ។
(៣១) រដ្ឋត្រូវធានាថាផលិតផលសុខាភិបាលមានការត្រួតពិនិត្យត្រឹមត្រូវ
ខ្ញុំសូមឲ្យយកកិច្ចការកាត់បន្ថយភាពអវិជ្ជមានជាកិច្ចការសំខាន់។ រឿងស្ថាប័នយើងធ្វើកំណែទម្រង់ហើយ ប៉ុន្តែអ្វីដែលសំខាន់គឺការផ្តល់ជូនប្រជាពលរដ្ឋ។ យើងត្រូវឲ្យវិស័យឯកជនចូលរួមជាមួយរដ្ឋ។ វាជាសិទ្ធិសេរីភាពរបស់គាត់ប្រកបរបរចិញ្ចឹមជីវិត ប៉ុន្តែរដ្ឋត្រូវធានាសិទ្ធិរបស់ប្រជាពលរដ្ឋដែលទិញផលិតផល ត្បិតគាត់មានការជឿជាក់ថាផលិតផលដែលបានចេញលក់នេះ ត្រូវបានក្រសួងសុខាភិបាលពិនិត្យមើល(ត្រឹមត្រូវ)ហើយ។ គាត់ជឿថា (បើមានការអនុញ្ញាត)ឲ្យលក់តាម pharmacy បានន័យថាក្រសួងសុខាភិបាលបានអនុញ្ញាតិហើយ។ អញ្ចឹងវាជាកាតព្វកិច្ចរបស់យើង។ រវាងរដ្ឋនិងវិស័យឯកជន វាជាជាដៃគូ មិនមែនជាសត្រូវទេ។ រដ្ឋ និងវិស័យឯកជន និងអង្គការសង្គមស៊ីវិលដែលបម្រើក្នុងវិស័យសុខាភិបាលគប្បីរួមគ្នាធ្វើ … ការធ្វើនិយ័តកម្មសេវាសុខាភិបាលត្រូវបន្តធ្វើ ហើយត្រូវពង្រឹងក្រមដែលនៅមិនទាន់បានធ្វើ ហើយឱ្យមានការចូលរួមពីគណៈវិជ្ជាជីវៈសុខាភិបាលទាំងឡាយដែលដើរតួនាទីសំខាន់ក្នុងការចូលរួមជាមួយរដ្ឋាភិបាលក្នុងការបំពេញកិច្ចការទាំងនេះ។ ទាំងអស់នេះគឺជាអ្វីដែលយើងដាក់ជាទិសដៅបន្តរបស់ក្រសួងសុខាភិបាលនិងរបស់រាជរដ្ឋាភិបាល។
[បញ្ចប់សេចក្តីអធិប្បាយ ២]
៨. ដើម្បីជំរុញការលើកកម្ពស់វិស័យសុខាភិបាល ដើម្បីធានានូវប្រព័ន្ធថែទាំសុខភាពរឹងមាំ និង សុខុមាលភាពរបស់ប្រជាជន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយ បរិយាប័ន្ន និង ចីរភាព, ខ្ញុំសូមផ្ដល់អនុសាសន៍បន្ថែមមួយចំនួន ដូចខាងក្រោម ៖
ទី១. ក្រសួងសុខាភិបាល ដោយឈរលើមូលដ្ឋាននៃការវិភាគមុខងារច្បាស់លាស់ ត្រូវបន្តពិនិត្យ កែសម្រួលតួនាទី និង រៀបចំរចនាសម្ព័ន្ធក្រសួង និង អង្គភាពសុខាភិបាល ស្របតាមរបត់ថ្មី នៃដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ ។ ជាមួយគ្នានេះ ត្រូវបន្តការអភិវឌ្ឍ និង នវានុវត្តន៍សមត្ថភាពស្ថាប័ន និង អង្គភាពសុខាភិបាល, តាមរយៈការបណ្តុះបណ្តាលស្តីពីបំណិនជាក់លាក់ ភាពជាអ្នកដឹកនាំ ដើម្បីឱ្យកិច្ចដំណើរការមុខងាររបស់ស្ថាប័នកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងសភាពការណ៍វិវត្តនៃតម្រូវការផ្នែកសុខភាពរបស់ប្រជាជន ក៏ដូចជានិន្នាការវិវត្តនៃការកែទម្រង់ការគ្រប់គ្រងអង្គភាពសុខាភិបាល និង ការកែទម្រង់វិមជ្ឈការ និង សហវិមជ្ឈការ ។
ទី២. ក្រសួងសុខាភិបាល ត្រូវបន្តធ្វើបរិវត្តកម្មប្រព័ន្ធ និង កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល, ព្រមទាំងវិធីសាស្រ្តបង្រៀនសម្រាប់ការបណ្តុះបណ្តាលមូលដ្ឋាន និង ការបណ្តុះ-បណ្តាលបន្ត តាមអភិក្រមប្រាកដនិយមមួយ ដែលផ្តោតលើការកសាងចំណេះដឹង ជំនាញ និងពហុជំនាញពិតប្រាកដ ព្រមទាំងការបណ្តុះវប្បធម៌នៃការប្រតិបត្តិក្រមសីលធម៌ល្អ ។ បន្ថែមលើនេះ, ត្រូវពង្រឹងយន្តការអភិបាលកិច្ច និង និយ័តកម្មគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ទាំងនៅផ្នែកសាធារណៈនិង ផ្នែកឯកជន ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅកាន់ការធ្វើ ស្ថាបនូបនីយកម្មប្រព័ន្ធទទួលស្គាល់គុណភាពគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល នាពេលអនាគត។
ទី៣. គណៈវិជ្ជាជីវៈសុខាភិបាលមានតួនាទីសំខាន់ណាស់ ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធផ្តល់សេវាថែទាំសុខភាព នៅផ្នែកសាធារណៈ និង ឯកជន និង ផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹង-ប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការកសាង និង ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដែលមានចំណេះដឹងខ្ពស់ ជំនាញពិតប្រាកដ និង ក្រមសីលធម៌ល្អ នៅបច្ចុប្បន្នកាល និង សម្រាប់ពេលអនាគត ។ ក្នុងន័យនេះ, គណៈវិជ្ជាជីវៈសុខាភិបាលទាំង ៥, រួមមាន គណៈគ្រូពេទ្យ, គណៈឱសថការី, គណៈទន្តពេទ្យ, គណៈគិលានុបដ្ឋាក, និង គណៈឆ្មប ត្រូវបន្តអភិវឌ្ឍនិងពង្រឹងការអនុវត្តស្តង់ដា និង ក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល, ការចុះបញ្ជិកា និង ផ្តល់ អាជ្ញាបណ្ណវិជ្ជាជីវៈ, ការចូលរួមអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលមូលដ្ឋាន ការបណ្តុះបណ្តាលបន្ត និង នវានុវត្តន៍គន្លងអាជីពវិជ្ជាជីវៈសុខាភិបាល ។
ទី៤. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល ដើម្បីប្រែក្លាយ ទៅជាសេវាថែទាំសុខភាពឱ្យទៅជាសេវាដែលផ្តោតលើប្រជាជន តាមរយៈការចាប់យក ការសម្រប និង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយសមានគតិភាព និង ប្រសិទ្ធផល ដោយសហការជាមួយ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូសុខាភិបាលឌីជីថល ដែលដំណើរការប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព ។
ទី៥. រដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តលើកកម្ពស់ការអនុវត្តមុខងារគ្រប់គ្រង និង ផ្តល់សេវាសុខាភិបាល និង មុខងារនិយ័តកម្មសេវាសុខាភិបាល ឱ្យកាន់តែមានសង្គតិភាពជាមួយនឹងលិខិតបទដ្ឋានគតិយុត្ត ។ ជាមួយគ្នានេះ, ត្រូវពង្រឹងប្រសិទ្ធភាពនៃការបែងចែក និង រក្សាគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេស ឱ្យបានសមស្របតាមស្ថានភាពជាក់ស្តែងនៃតម្រូវការសេវាថែទាំសុខភាព ដោយផ្តល់អាទិភាពដល់ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកស្រុក ព្រមទាំង ប្រើប្រាស់វិចារណកម្មរឹងមាំក្នុងការវិភាជន៍ថវិកា និង ការធ្វើអាទិភាវូបនីយកម្មចំណាយ ដែលគាំទ្រ ដល់ការពង្រីកសេវាថែទាំសុខភាព ការកែលម្អគុណភាពសេវា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង ការថែទាំសម្ភារៈឧបករណ៍វេជ្ជសាស្រ្ត ជាដើម ។
[ផ្តើមសេចក្តីអធិប្បាយ ៣]
(៣២) វិភាជន៍ថវិកាសុខាភិបាលសំរាប់ប្រតិបត្តិការ/ការជួសជុលមួយចំនួន បានធ្វើវិមជ្ឈការទៅខេត្តហើយ
ខេត្តមួយចំនួនប្រហែលជានៅច្រឡំថាថវិកាទាំងអស់នេះនៅឯថ្នាក់កណ្តាលនៅឡើយ។ (សូមជំរាបថា)ថវិកានេះត្រូវបានផ្ទេរទៅឲ្យខេត្តហើយ សំរាប់កិច្ចការជួសជុល/ប្រតិបត្តិការមួយចំនួន លើកលែងតែសំណង់ថ្មីៗបន្ថែម ឬមួយពេទ្យកម្រិតថ្នាក់តំបន់ឡើង។ តាមការបញ្ជាក់ ថវិកានេះបានធ្លាក់ទៅក្នុងដៃរបស់ខេត្តហើយ។ ខេត្តមកទេថ្ងៃនេះ? (អត់មកទេ) … មានខេត្តខ្លះនៅមិនទាន់ច្បាស់ … គ្រាន់តែជួសជុលមណ្ឌលសុខភាពហ្នឹង ក៏សុំពីក្រសួងសុខាភិបាលដែរ។ តាមពិតបានធ្វើវិមជ្ឈការទៅហើយ។ លើកលែងតែធ្វើមណ្ឌលសុខាភិបាលថ្មី ទើបបានត្រូវសុំលុយ។ អញ្ចឹងមើលខ្ទង់ចំណាយរបស់ខ្លួនដើម្បីទម្លាក់ថវិកា។ កន្លងទៅ ថវិកាខ្លះអត់មានអ្នកណាប្រាប់ ដូចនៅក្រសួងការងារ កាលខ្ញុំនៅយុវជនកំពង់ចាម ពេលខ្លះក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដាក់ថវិកាមួយលានដុល្លារសម្រាប់ឲ្យមន្ទីរការងារឬក៏សាលាបណ្តុះបណ្តាលវិជ្ជជីវៈ(ប្រើប្រាស់) ប៉ុន្តែអត់មានអ្នកណាស្នើសុំបណ្តុះបណ្តាលនៅខេត្តព្រោះអត់ដឹង។ អញ្ចឹងសុំជម្រាបរឿងថវិកានេះឲ្យហើយ ត្បិតខាងឯកឧត្តមរដ្ឋមន្រ្តីបានសូមឲ្យបញ្ជាក់ផង …។
[បញ្ចប់សេចក្តីអធិប្បាយ ៣]
ទី៦. ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវសហការជាមួយក្រសួងសុខាភិបាល ក្នុងការបញ្ជ្រាបសារអប់រំសុខភាព តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និង បណ្តាញទំនាក់ទំនងសង្គមនានា ដែលអាចជឿទុកចិត្តបាន ព្រឹត្តិការណ៍ ឬ វេទិកាធុរកិច្ចផ្សេងៗ ដែលមានលក្ខណៈសមស្រប សំដៅបង្កើនការយល់ដឹង និង ការយកចិត្តទុកដាក់របស់សាធារណៈជន ដើម្បីបង្ការជំងឺ និង ហានិភ័យសុខភាព។
ទី៧. ក្រសួងសុខាភិបាល និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដោយឈរលើគោលការណ៍អភិបាលកិច្ចល្អ និង ការរក្សាផលប្រយោជន៍សុខភាពសាធារណៈ និង ធុរៈកិច្ច, ត្រូវជំរុញការចូលរួម ប្រកបដោយក្រមសីលធម៌ ទាំងផ្នែកសាធារណៈ និង ផ្នែកឯកជន ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូសុខាភិបាលឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្រ្ត និង សុខាភិបាលឌីជីថល នវានុវត្តន៍គុណភាពសេវា, ជាពិសេសកិច្ចសហការក្នុងការបង្កើនសកម្មភាពអប់រំលើកកម្ពស់សុខភាព និងការបង្ការជំងឺ ឬ ហានិភ័យសុខភាព ។
ទី៨. ខ្ញុំសូមជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ សូមធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយហេតុថាមុខងារអាជីពជាចម្បងរបស់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ គឺការសង្គ្រោះជីវិតប្រជាជន តាមរយៈការផ្តល់ការព្យាបាលសុខភាពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាមួយនឹងការគោរពស្រឡាញ់អ្នកជំងឺ និង អ្នកទទួលសេវាសុខាភិបាល ប្រកបដោយទឹកចិត្តបរិសុទ្ធបំផុត ។
៩. មុននឹងបញ្ចប់ ជាថ្មីម្ដងទៀត, ខ្ញុំសូមកោតសូរសើរ ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាលគ្រប់លំដាប់ថ្នាក់ គ្រូពេទ្យ និង បុគ្គលិកសុខាភិបាល ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ដៃគូ-អភិវឌ្ឍន៍ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការធ្វើឱ្យសម្រេចបាននូវលទ្ធផលការងារជាតិល្អប្រសើរនាពេលកន្លងមក ។ បន្ថែមពីលើនេះ, ខ្ញុំសូមលើកទឹកចិត្តថ្នាក់ដឹកនាំ មន្រ្តីរាជការសុខា- ភិបាលគ្រប់លំដាប់ថ្នាក់ គ្រូពេទ្យ និង បុគ្គលិកសុខាភិបាល ទាំងអស់ សូមបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីសម្រេចបានជោគជ័យកាន់តែច្រើនថែមទៀត សម្រាប់លើកកម្ពស់ប្រព័ន្ធថែទាំសុខភាព និង សុខុមាលភាពរបស់ប្រជាជន, ដែលជាកត្តាមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ភាពធន់ និង ចីរភាព។
១០. ជាទីបញ្ចប់, ជាមួយនឹងការប្រកាសបិទ «សន្និបាតសុខាភិបាលលើកទី៤៣ ស្តីពីសមិទ្ធផលសុខាភិបាលឆ្នាំ ២០២៣ និង ទិសដៅការងារឆ្នាំ ២០២៤ », ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី សមាជិក សមាជិកា នៃអង្គសន្និបាត, សូមមានសុខភាពបរិបូណ៍, ទទួលបានជោគជ័យ ក្នុងគ្រប់ភារកិច្ចរៀងៗខ្លួន និង សេចក្តីចម្រើនគ្រប់ប្រការ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព, និង សូមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាត៕