សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ជំរុញនិងលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យម តម្រង់ឆ្ពោះនិងចាប់យកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
ក្នុងពិធីបើកទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រានធុនតូច មធ្យម ឆ្ពោះទៅវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សហគ្រាសធុនតូច និងមធ្យម នឹងមានតម្រូវការបច្ចេកវិទ្យា សម្រាប់ពង្រឹងសមត្ថភាព ដើម្បីចាប់យកទីផ្សារប្រកបដោយភាពប្រកួតប្រជែង ពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងខ្សែច្រវ៉ាក់តម្លៃ ភាពធន់ និងចីរភាព និងបរិយាបន្ន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាសក្ខីកម្ម បង្ហាញពីសក្តានុពលនៃវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញនិងលើកទឹកចិត្ត ឱ្យសហគ្រាសធុនតូច និងមធ្យម តម្រង់ឆ្ពោះនិងចាប់យកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើជាសសរស្តម្ភនិងជាក្បាលម៉ាស៊ីន ក្នុងការកសាងនិងអភិវឌ្ឍសហគ្រាសនានា ដើម្បីសម្រេចបានប្រព័ន្ធអេកូឡូស៊ីជាតិមួយប្រកបដោយនវានុវត្តន៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា បច្ចុប្បន្ន កម្ពុជាមានឯកសារគតិយុត្តិគោលមួយចំនួន ទាក់ទងនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងនោះមានជាអាទិ៍៖ គោលនយោបាយជាតិស្តីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០ ផែនទីបង្ហាញផ្លូវ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ២០៣០ របៀបវារៈស្រាវជ្រាវជាតិ ២០២៥ និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពផ្សេងៗ រួមមាន បច្ចេកវិទ្យាកសិកម្ម បច្ចេកវិទ្យាអប់រំ បច្ចេកវិទ្យាសុខាភិបាល ដែលបានអនុម័ត ព្រមទាំងបណ្តាឯកសារផែនទីបង្ហាញផ្លូវ មួយចំនួនទៀត ដែលបានបញ្ចប់សេចក្តីព្រាងរួចរាល់ដូចជា បច្ចេកវិទ្យាថាមពល បច្ចេកវិទ្យាទេសចរណ៍ និងបច្ចេកវិទ្យាឌីជីថល។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់គ្រប់តួអង្គពាក់ព័ន្ធមានជាអាទិ៍ ក្រសួង ស្ថាប័ន សាកលវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ វិស័យឯកជន និងសង្គមស៊ីវិល ឱ្យបន្តសហការគ្នា ក្នុងការបន្តអនុវត្តឯកសារគតិយុត្តិទាំងនេះ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពដើម្បីប្រែក្លាយបញ្ហាប្រឈមនានាឱ្យទៅជាកាលានុវត្តភាព បង្កើតសក្តានុពលពីការវិវត្តជាវិជ្ជមាន នៃបច្ចេកវិទ្យាសំខាន់ៗ បន្សាំនិងចាប់យកបច្ចេកវិទ្យាថ្មីៗទៀតក្នុងរយៈពេលខ្លី និងមធ្យមដែលមានលក្ខណៈនវានុវត្តន៍ក្នុងរយៈពេលវែងសម្រាប់ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយប្រសិទ្ធភាពនិងភាពធន់៕