Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូមកដល់​កម្ពុជាវិញ​ហើយ ដោយនាំមកនូវលទ្ធផលជាប្រយោជន៍ច្រើនសម្រាប់ជាតិ និងប្រជាជន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 259
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូមកដល់​កម្ពុជាវិញ​ហើយ ដោយនាំមកនូវលទ្ធផលជាប្រយោជន៍ច្រើនសម្រាប់ជាតិ និងប្រជាជន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូមកដល់​កម្ពុជាវិញ​ហើយ ដោយនាំមកនូវលទ្ធផលជាប្រយោជន៍ច្រើនសម្រាប់ជាតិ និងប្រជាជន

(ភ្នំពេញ)៖ នៅម៉ោង១១​ជិតកណ្តាលអាធ្រាត្រថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹក​នាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុខសុវត្ថិភាពហើយ បន្ទាប់​ពី​ធ្វើដំណើរលើយន្តហោះរយៈពេលប្រមាណជា១០ម៉ោង ពីទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ស្មារតី និងក្តីត្រេកត្រអាលចង់នាំសមិទ្ធផលសម្រាប់ជាតិ និងប្រជាជន បានជំរុញឱ្យសម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រឹងប្រែងមិនសំចៃកម្លាំង មិនគិតពីពេលវេលាថ្ងៃ ឬយប់​នោះឡើយ។ កិច្ចខិតខំទាំងស្តែងឃើញច្បាស់តាមរយៈកម្មវិធីការងារប្រចាំថ្ងៃរបស់សម្តេចធិបតី មិនថាពេលនៅក្នុង ឬនៅក្រៅប្រទេសនោះឡើយ។

ជាក់ស្តែងក្នុងដំណើរបំពេញការងារនៅប្រទេសអូស្ត្រាលីនាពេលនេះ កម្មវិធីផ្លូវការ គឺកិច្ចប្រជុំកំពូល​ពិសេស​រវាងអាស៊ាន និងអូស្ត្រាលី ដើម្បីអបអរខួបអនុស្សាវរីយ៍ទំនាក់ទំនងដៃ​គូសន្ទនារយៈ​ពេល​៥០​ឆ្នាំ ដែលមានរយៈពេលប្រមាណពីរថ្ងៃប៉ុណ្ណោះ។ តែដោយមិនចង់ឱ្យខាតជើងនៃការធ្វើដំណើរដ៏វែង​ឆ្ងាយ និងដើម្បីចាប់យកឱកាសពង្រីកការទូតផ្នែកនយោបាយ និងសេដ្ឋកិច្ចផងនោះ សម្តេចធិបតី បានរៀបចំកម្មវិធីរហូតដល់ទៅ៦ថ្ងៃ ជាមួយកម្មវិធីដ៏ច្រើនមិនសល់ពេលទំនេរនោះឡើយ។

ក្នុងនោះសូម្បីពេលវេលាធ្វើដំណើរទាំងពេលទៅ និងពេលត្រឡប់មកវិញ សម្តេចធិបតី ហ៊ុន ម៉ា​ណែ​ត យកចិត្តជ្រើសរើសយកការធ្វើដំណើរវេលាយប់ ពោលរើសពេលវេលាយ៉ាងណា​ឱ្យហោះ​ដល់​ប្រទេស​អូ​ស្ត្រា​លី ចំពេលភ្លឺ ហើយអាចធ្វើការបានតែម្តង។ ដោយឡែកពេលហោះមកវិញក៏ដូចគ្នា គឺបានកំណត់​កម្ម​វិធី​ការ​ងាររហូតដល់វេលាយប់នៅអូស្ត្រាលីតែម្តង ទើបឡើងយន្តហោះធ្វើដំណើរមកកម្ពុជាតែម្តង។

តាមរយៈកម្មវិធីការងារ ក៏ដូចជាពេលវេលាធ្វើដំណើរនេះ គឺបានស្តែងឱ្យឃើញឆន្ទៈដ៏មោះមុតរបស់​សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាក្នុងកិច្ចការដឹកនាំជាតិ។

ក្នុងកម្មវិធីនៅប្រទេសអូស្ត្រាលីនាពេលនេះ ក្រៅតែពីការចូលរួមកម្មវិធីផ្លូវការនៃកិច្ចប្រជុំកំពូលពិសេស​អា​ស៊ាន និងអូស្ត្រាលីហើយនោះ សម្តេចធិបតី បានជួបមេដឹកនាំប្រទេសជាមិត្ត ជួបជាមួយប្រធាន​ក្រុម​ហ៊ុន​ធំៗ​របស់អូស្ត្រាលី ដែលកម្មវិធីទាំងអស់សរុបជាង២០កម្មវិធី។

មេដឹកនាំប្រទេសជាមិត្តចំនួន៦រូប ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ឆ្លៀតជួបទ្វេភាគីជាបន្តបន្ទាប់ ដើម្បី​បន្ត​ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយឱ្យកាន់តែល្អ​ប្រសើរ សម្តៅឆ្ពោះទៅ​ពង្រីក​ការធ្វើធុរកិច្ចនាំប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ជាតិ និងប្រជាជន។ មេដឹកនាំប្រទេសជាមិត្ត​ដែល​សម្តេច​ធិបតី បានជួបរួមមាន៖ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វី​លីពីន, លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី, លោក លី សៀន ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីសឹង្ហបុរី, លោក អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី, លោក Christopher Luxon នាយករដ្ឋមន្ត្រីណូវែលហ្សេឡង់ និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីរបស់វៀតណាម។

ដោយឡែកថ្នាក់ដឹកនាំក្រុមហ៊ុនឯកជនធំៗ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យជួប​សម្តែង​ការគួរសម និងពិភាក្សាការងារនោះរួមមាន៖

១៖ លោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy។ ក្រុមហ៊ុន FreshStart Energy គឺជាបុត្រសម្ព័ន្ធរបស់​ក្រុមហ៊ុន Fresh Start Australia ដែលធ្វើ​អាជីវកម្ម​លើថាមពលកកើតឡើងវិញ ដោយបានចូលរួមចំណែកគិតគូរលើ ការរក្សានិរន្តរភាព និងបរិយាបន្នសម្រាប់ពេលអនាគត។

២៖ លោកស្រី Tennealle O’Shannessy នាយកប្រតិបត្តិ ស្ថាប័ន IDP Education។ IDP Education គឺជាអង្គភាពឈានមុខគេលើពិភពលោក ក្នុងការផ្តល់សេវាកម្មអប់រំលក្ខណៈអន្តរជាតិ។ នៅក្នុងបទពិសោធន៍ជិត៥០ឆ្នាំ ក្នុងឧស្សាហកម្មនេះ IDP Education បានជួយសិស្សជិត ៥០០,០០០នាក់ ឱ្យសិក្សានៅប្រទេសអូស្ត្រាលី កាណាដា នូវែលសេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

IDP Education (Cambodia) បានដំណើរការមជ្ឈមណ្ឌលធ្វើតេស្តផ្លូវការ ដែលដំណើរការយូរជាង​គេ​បំផុត​របស់កម្ពុជា សម្រាប់ការធ្វើតេស្ត IELTS ដែលជាការប្រឡងតេស្តសមត្ថភាពភាសាអង់គ្លេស​កម្រិត​ខ្ពស់ ដ៏ពេញនិយមបំផុតសម្រាប់ការសិក្សា ការងារ និងការធ្វើចំណាកស្រុក។

IELTS ត្រូវបានគ្រប់គ្រងរួមគ្នាដោយ British Council, IDP: IELTS Australia និង Cambridge Assessment English អស់រយៈពេលជាង ៣០ឆ្នាំ ដែលមានអ្នកធ្វើតេស្តចំនួន ៤លាននាក់ ជារៀង​រាល់​ឆ្នាំ។

៣៖ លោក Peter Fox ប្រធានប្រតិបត្តិ ក្រុមហ៊ុន Linfox។ ក្រុមហ៊ុន Linfox ត្រូវបានបង្កើតឡើង​ក្នុង​ឆ្នាំ១៩៥៦ ដែលមានបទពិសោធន៍ក្នុងវិស័យដឹកជញ្ជូនរយៈពេលប្រមាណ ៦ទសវត្សរ៍មកហើយ។

Linfox គឺជាក្រុមហ៊ុនឈានមុខផ្នែកឡូជីស្ទីកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានក្រុមហ៊ុនក្នុងប្រទេស​ចំនួន ១២ ជាមួយនឹង បុគ្គលិកច្រើនជាង ២៤,០០០នាក់ នៅអូស្ត្រាលី នូវ៉ែលសេឡង់ និងអាស៊ីអាគ្នេយ៍។

៤៖ លោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia។ ក្រុមហ៊ុន Enserv Holding Australia គឺជាក្រុមហ៊ុនឈានមុខ ក្នុងការបង្កើតថាមពល​ស្អាត ការកាត់បន្ថយការ​បំភាយឧស្ម័ន និងបម្រែបម្រួលអាកាសធាតុ។ ចក្ខុវិស័យរបស់ក្រុមហ៊ុន ផ្តល់​ដំណោះ​ស្រាយថាមពល​សម្រេច តាមរយៈការច្នៃប្រឌិត ថាមពលស្អាត និងការបង្កើតថាមពលស្អាត។

៥៖ លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group។ ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនឈានមុខក្នុងការនាំចេញអាហារ​របស់ប្រទេស​អូស្ត្រាលី ដែលមានទីផ្សារសំខាន់ៗ​នៅសហ​រដ្ឋ​អាមេរិក ប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា ក៏ដូចជាការពង្រីក​ទីផ្សារ​​នៅទូទាំងអឺរ៉ុប និងអាស៊ី។

ក្រុមហ៊ុន ក៏មានប្រតិបត្តិការ និងទីផ្សារជុំវិញពិភពលោក ពិសេសលើការផ្គត់ផ្គង់ផលិតផលអាហារូបត្ថម្ភ ជិត ៥០ប្រទេសផងដែរ ។ SunRice Group មានចំណាប់អារម្មណ៍លើផលិតផលអង្ករផ្កាម្លិះ​កម្ពុជា ដែលកំពុងមានឈ្មោះបោះសំឡេងស្រាប់នៅលើទីផ្សារអន្តរជាតិ។

៦៖ លោក Daniel Phillips ប្រធានក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics។ ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Fresh Start Australia។ ក្រុមហ៊ុន Aegros ធ្វើអាជីវកម្មក្នុងវិស័យសុខាភិបាល ដែលផ្ដោតលើការ​ផលិត​ឱសថប្លាស្មា។ ចំណែកក្រុមហ៊ុន Fresh Start Logistics ធ្វើអាជីវកម្មលើប្រព័ន្ធឡូជីស្ទីក និងភស្ដុ​ភារ​កម្ម។ ក្រុមហ៊ុនបានផ្តល់ដំណោះស្រាយផ្នែកដឹកជញ្ជូន ប្រកបដោយភាពច្នៃប្រឌិត និងរស់រវើក។

៧៖ លោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia)។ ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី តំណាងឱ្យវិស័យ​ឯកជន​ដែលមានក្រុមហ៊ុនឯកជនធំៗ របស់អូស្ត្រាលីជាង ១២០ក្រុមហ៊ុន ហើយផ្ដល់ឱកាសការងារជាង១លាន​កន្លែង។

៨៖ លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group។ ក្រុមហ៊ុន SPC Group គឺជាក្រុម​ហ៊ុន​ដ៏ចំណាស់ជាងគេ និងល្បីល្បាញបំផុត​របស់​ប្រទេស​អូស្ត្រាលីនៅក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ។ ផលិតផល ដែលផលិតដោយក្រុមហ៊ុន ត្រូវបាន​ទទួលស្គាល់​ថាមានគុណភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក។

៩៖ លោក Enrique Razon ប្រធានក្រុមហ៊ុន International Container Terminal Service, Inc. (ICTSI)។ ICTSI គឺជាក្រុមហ៊ុនពហុជាតិ និងអន្តរជាតិដ៏ធំបំផុតមានមូល​ដ្ឋាននៅប្រទេស​ហ្វី​លី​ពីន ដែលបានបង្កើតឡើងនៅឆ្នាំ១៩៨៧ ដោយប្រកបអាជីវកម្មលើវិស័យគ្រប់គ្រងកំពង់ផែ ដោយមាន​ប្រតិ​បត្តិការ​អាជីវកម្មនៅអាស៊ីប៉ាស៊ីហ្វិក អាមេរិក អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក ហើយក្រុមហ៊ុននេះ​ ត្រូវ​បានជាប់ចំណាត់ថ្នាក់ជាស្ថានីយកុងតឺន័រធំជាងគេទី៨។

ក្រុមហ៊ុន ក៏មានប្រតិបត្តិការអាជីវកម្មអភិវឌ្ឍ គ្រប់គ្រង និងប្រតិបត្តិការកំពង់ផែ និងសេវាគ្រប់គ្រងថែទាំ និងដឹកជញ្ជូនទំនិញ។ ក្រុមហ៊ុន ICTSI ក៏បាននិងកំពុងពង្រីកឱកាសវិនិយោគនៅកម្ពុជា​បន្ថែមទៀត​លើ​វិស័យកំពុងផែ។

ការស្វែងរកការវិនិយោគ និងបើកទីផ្សារសម្រាប់ផលិតផលកម្ពុជា គឺជាកិច្ចដ៏​សំខាន់​ក្នុងបេសកកម្ម​ដឹកនាំប្រទេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ រាល់ដំណើរបំពេញបេស​ក​កម្មការងារ​ក្រៅប្រទេស​សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា មែនដែលរំលងឡើយវេទិកាធុរកិច្ច ដែលជា​វេទិកាផ្សព្វផ្សាយពីសក្តានុពលវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។

ក្រៅពីជួបជាមួយប្រធានក្រុមហ៊ុនធំៗរបស់អូស្ត្រាលីហើយនោះ សម្តេចប្រមុខរាជរដ្ឋាភិបាល បាន​អញ្ជើញ​ជា​អធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី ដែលមានគោលដៅលើកកម្ពស់ការធ្វើ​ធុរកិច្ច​រវាងកម្ពុជា និង​អូស្ត្រាលី។ ជាពិសេសទាក់ទាញអ្នកវិនិយោគអូស្ត្រាលី ចូលមកវិនិយោគនៅកម្ពុជា។

វេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហ​កម្ម​វិទ័ររៀ ដោយមានការចូលរួមពីវិនិយោគិនចំនួន ៣៥០នាក់ និងក្រុមហ៊ុនចំនួន ៣៥០ក្រុមហ៊ុន។

ក្នុងវេទិកានេះ សម្តេចធិបតី បានរំលឹកអំពីទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី ដែលមានប្រមាណ​៧​ទស​វត្សរ៍មកនេះ។ សម្តេចធិបតី បានរំលឹកពីតួនាទីរបស់អូស្ត្រាលី ដែលបានចូលរួមក្នុងដំណើរស្វែងរក​សន្តិ​ភាព​នៅកម្ពុជា និងការចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជាតាំងពី​មានកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសទៅលើវិស័យសំខាន់រួមមានហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងវិស័យកសិកម្មជាដើម។

សម្តេចធិបតី ក៏បានលើកបង្ហាញពីសក្តានុពល និងឱកាសនៃការវិនិយោគនៅកម្ពុជា ដែលនាំឱ្យអ្នក​វិនិ​យោគអាចទទួលបានផលល្អប្រសើរពីការវិនិយោគរបស់ពួកគេ តាមរយៈគោលនយោបាយលើកទឹកចិត្ត និងគាំពារអ្នកវិនិយោគរបស់រាជរដ្ឋាភិបាល កត្តាភូមិសាស្ត្រ ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាង​កម្ពុជា ជាមួយបណ្តាប្រទេសនានា ដែលធ្វើឱ្យទីផ្សារផលិតផលមានទំហំធំ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់អ្នកវិនិយោគអូស្ត្រាលី ចូលមកកាន់កម្ពុជាសិក្សាស្វែង​យល់​ពីឱកាសនៃការវិនិយោគ។ សម្តេចធិបតី ប្រកាសរង់ចាំស្វាគមន៍អ្នកវិនិយោគរបស់អូស្ត្រាលី ប្រកប​ដោយក្តីសោមនស្សរីករាយ។

ក្នុងវេទិកាធុរកិច្ចនេះ ក៏មានពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារដូចជា៖

១៖ អនុស្សរណៈ​យោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម​វិទ័រ​រៀ ក្នុងការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រ​កម្ពុជា និងប្រទេសអូស្រ្តាលី។

២៖ អនុស្សរណៈយោគយល់គ្នារវាងសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ជាមួយក្រុមហ៊ុន La Vie Hospitality Group ក្នុងចូលរួមទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍។

អូស្ត្រាលីជាប្រទេសមួយ ដែលប្រជាពលរដ្ឋខ្មែរជាច្រើន ភៀសខ្លួនទៅជ្រកកោនពេលកម្ពុជាជួបវិបត្តិ​សង្គ្រាម​ ហើយបច្ចុប្បន្នក៏មាននិស្សិតជាច្រើនកំពុងសិក្សារៀនសូត្រ។ ដោយការនឹករលឹកក្រោម​ស្មារ​តី​ផ្សារ​ភ្ជាប់សាច់ឈាម និងទំនាក់ទំនងខ្មែរគ្រប់ទីកន្លែងឡើងវិញ ក្នុងសម័យស្រុកទេសមានសុខសន្តិភាព​នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតជួបសំណេះសំណាលសួរសុខទុក្ខ និងជម្រាបពីស្ថានភាព​របស់ប្រទេសជាតិដល់ពួកគេផងដែរ។ ជំនួបនេះមានខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់ចូល​រួមរហូត​ដល់ទៅជាង ១ពាន់នាក់។

ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតគូសរំលេចពីគោលនយោបាយរបស់រាជរដ្ឋាភិបាល​នីតិ​កាលថ្មី ដែលជាគោលនយោបាយផ្តល់ការគិតគូរខ្ពស់ទៅសុខមាលភាព និងជីវភាពប្រជាពលរដ្ឋជា​ចម្បង។

ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីសំណេះសំណាលនេះ បានបង្ហាញការពេញចិត្តជាខ្លាំងចំពោះ​ឆន្ទៈ​មនសិការស្នេហាជាតិ និងគិតគូរប្រជាពលរដ្ឋជាធំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត៕ ដោយ៖ Fresh News

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង