Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ ឯកឧត្តម អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងសេចក្តីថ្លែងការណ៍ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ទំព័រវីដេអូ ព័ត៌មានជាតិ សម្រង់ប្រសាសន៍ 280

(ម៉ាឡេស៊ី)៖ តាមរយៈសេចក្តីថ្លែងការណ៍រួមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ឯកឧត្តម អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបង្ហាញសេចក្តីសោមនស្សរីករាយក្រៃលែង ដែល​បានស្វាគមន៍សម្តេចធិបតី ក្នុងនាមជាមិត្ត និងបន្តទំនាក់ទំនងដ៏អស្ចារ្យដែលម៉ាឡេស៊ី មានជាមួយ​សម្តេច ហ៊ុន សែន អស់ជាច្រើនទសវត្សរ៍។

ឯកឧត្តម អាន់វ៉ា អ៉ីប្រាហ៉ីម បានគូសបញ្ជាក់ថា ក្នុងជំនួបជាមួយសម្តេចធិបតី មានការពិភាក្សាប្រកប​ដោយ​ផ្លែផ្កាលើបញ្ហាជាច្រើន។ ឯកឧត្តមបន្តថា ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់​គ្នារវាងធនាគារជាតិ​កម្ពុជា និងធនាគារកណ្តាលរបស់ម៉ាឡេស៊ី គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជាសសរស្តម្ភមួយក្នុ​ង​ចំណោមសសរស្តម្ភទាំងឡាយទាក់ទងបញ្ហារូបិយប័ណ្ណ។

ឯកឧត្តម អាន់វ៉ា បានគូសបញ្ជាក់ថា ម៉ាឡេស៊ី បានទទួលជោគជ័យលើកិច្ចសហប្រតិបត្តិការ​រូបិយប័ណ្ណ​ជាមួយប្រទេសចិន និងជាមួយប្រទេស​ថៃ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះ នឹងកាត់​បន្ថយបន្ទុកនៃការពឹងផ្អែកតែលើប្រាក់ដុល្លារអាមេរិក។

ឯកឧត្តម អាន់វ៉ា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបង្ហាញការកត់សម្គាល់ចំពោះការវិវឌ្ឍន៍យ៉ាងលឿនហួស​ការរំពឹងទុកលើកិច្ចចរចាពាក់ព័ន្ធសន្តិសុខស្បៀង ការស្រាវជ្រាវកិច្ចសហប្រតិបត្តិការ ការវិនិយោគ ឧស្សាហកម្មអាហារហាឡាល ថាមពលកកើតឡើងវិញ និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ រួមទាំង EV និង AI។ ឯកឧត្តម អាន់វ៉ា បានអះអាងថា ស្ថាប័នគយប្រទេសទាំងពីរ នឹងជួយសម្រួលការផ្លាស់ប្តូរទំនិញ ហើយប្រទេសទាំងពីរបានចាប់ផ្តើមពិភាក្សាគំនិតផ្តួចផ្តើមនៃការចុះអនុស្សារណៈរវាងស្ថាប័ន គយនៃប្រទេសទាំងពីររួចហើយ ហើយនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

ឯកឧត្តម អាន់វ៉ា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា និងម៉ាឡេស៊ី មានសក្ដានុពលខ្ពស់​លើការធ្វើ​ពាណិជ្ជ​កម្ម ប្រេងដូង និងអង្ករ។ ក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងប្រើប្រាស់​វេទិកា​គណៈកម្មាធិការបច្ចេក​ទេសដើម្បីដោះស្រាយបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយនានា សម្រាប់ធ្វើឱ្យពាណិជ្ជកម្ម និង​ទេសចរណ៍កាន់តែល្អប្រសើរ។ សម្រាប់ការវិនិយោគ វិញ ឯកឧត្តម អាន់វ៉ា រំពឹងថា នឹងមានការវិនិយោគកាន់​តែច្រើន​ក្នុងប្រទេសកម្ពុជា និងពីកម្ពុជា ទៅម៉ាឡេស៊ី។

ពាក់ព័ន្ធការតភ្ជាប់បណ្តាញបញ្ជូនថាមពលអគ្គិសនី ឯកឧត្តម អាន់វ៉ា បានគូសបញ្ជាក់ថា ក្រសួង និង​ស្ថាប័ន ដែលមានចំណាប់អារម្មណ៍នឹងចំណាយការសាងសង់បំពង់ថាមពល​បាតសមុទ្រប្រវែង ១,០០០គីឡូម៉ែត្រ ដែលជួយសម្រួលការបញ្ជូនថាមពលកកើតឡើងវិញពីកម្ពុជា និងឡាវ ទៅសិង្ហបុរី។

ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងអំណរគុណសម្តេចធិបតីនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលកម្ពុជា ដែលបានជួយដោះស្រាយបញ្ហារបស់ជនជាតិម៉ាឡេស៊ី រងគ្រោះដោយការបោកប្រាស់ការងារ។ ឯកឧត្តម អាន់វ៉ា បានអរគុណកម្លាំងនគរបាល និងមន្ត្រីអន្តោប្រវេសន៍របស់កម្ពុជា ដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ។

ឯកឧត្តម អាន់វ៉ា បានបញ្ជាក់ដែរថា ម៉ាឡេស៊ី និងកម្ពុជា នឹងធ្វើការរួមគ្នាជាមួយ​សហគមន៍​ឥស្លាមគាំទ្រ​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈនានា ដែលជាតម្រូវការរបស់កម្ពុជា។

ពាក់ព័ន្ធការហោះហើរវិញ ឯកឧត្តម អាន់វ៉ា បានបញ្ជាក់ថា បច្ចុប្បន្នមានជើងហោះហើរត្រង់ចំនួន ៤៧ជើង ក្នុងមួយសប្តាហ៍ពីកម្ពុជា ទៅទីក្រុងកូឡាឡាំពួរ និងពីកូឡាឡាំពួរ មកកម្ពុជា។ ឯកឧត្តម អាន់វ៉ា បានបញ្ជាក់ថា ឯកឧត្តមបានយល់ព្រមពិចារណា ពង្រីកការហោះហើរព្រោះវាមានសក្តានុពលដ៏ធំសម្រាប់ប្រទេសទាំងពីរ។

ឯកឧត្តម អាន់វ៉ា បានគូសបញ្ជាក់ដែរថា ឯកឧត្តម និងសម្តេចធិបតី ទទួលស្គាល់ការពិតថា អាស៊ានបានកត់ត្រាពីកិច្ចសហប្រតិបត្តិការដ៏គួរឱ្យចាប់អារម្មណ៍ក្នុងវិស័យមួយចំនួន ប៉ុន្តែពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសសមាជិកអាស៊ាន នៅមានកម្រិតទាបខ្លាំង ដែលគួរត្រូវបានពង្រឹង ដើម្បីផ្តល់អត្ថប្រយោជន៍​ដល់ប្រទេសទាំងពីរ៕

 

អត្ថបទទាក់ទង