Grand News Asia Close

ដំណើរការបោះឆ្នោតព្រឹទ្ធសភា បានប្រព្រឹត្តទៅដោយរលូន ខណៈការិយាល័យមួយចំនួន​បានបិទបញ្ចប់

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 796
ដំណើរការបោះឆ្នោតព្រឹទ្ធសភា បានប្រព្រឹត្តទៅដោយរលូន ខណៈការិយាល័យមួយចំនួន​បានបិទបញ្ចប់ ដំណើរការបោះឆ្នោតព្រឹទ្ធសភា បានប្រព្រឹត្តទៅដោយរលូន ខណៈការិយាល័យមួយចំនួន​បានបិទបញ្ចប់

ដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានចាប់​ផ្ដើម​តាំង​ពី​ព្រឹក​ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃត្រង់នេះ គឺបានប្រព្រឹត្តដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមាន​បាតុភាពណាមួ​យ​កើត​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ឡើយ ខណៈការិយាល័យមួយ​ចំនួនក៏បាន​ប្រកាស​បិទ​បញ្ចប់​ក្រោយ​អង្គបោះឆ្នោត​បាន​ចូល​រួមបោះឆ្នោតគ្រប់គ្នា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានឱ្យដឹងថា ការិយាល័យបោះឆ្នោតទាំង ៣៣ ការិយាល័យ នៅតាមរាជធានី ខេត្តចំណុះឱ្យភូមិភាគទាំង ៨ បាន​បើក​ដំណើរការ​ព្រមៗ​គ្នា​តាំង​ពីម៉ោង ៧:០០ ព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់​បម្រើ​ឱ្យ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងបរិយាកាស មានសន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ល្អ។

អ្នកបោះឆ្នោតដែលជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ដែ​ល​មានសិទ្ធិបោះឆ្នោត បានអញ្ជើញ​ទៅ​ចូល​រួម​បោះឆ្នោត​ដោយ​ស្ម័គ្រ​ចិត្ត​រៀងៗ​ខ្លួន​នៅតា​ម​កា​រិយាល័យ​បោះឆ្នោតដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ។

បើ​តាម​ការបញ្ជាក់របស់ គ.ជ.ប ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង ៣:០០ រសៀល​ថ្ងៃនេះ ប៉ុន្តែប្រសិនបើនៅតែ មានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរ ឬ​ស្ថិតនៅ​ក្នុងបរិវេណខាងក្នុងការិយាល័យបោះឆ្នោតទៀត អ្នកបោះឆ្នោត​ទាំង​នោះ​ត្រូវ​តែ​បាន​អនុញ្ញាត​ឱ្យ​បោះឆ្នោត។ ហើយប្រធានគណៈកម្មការការិយាល័យបោះឆ្នោត អាចប្រកាស​បិទ​បញ្ចប់​ការ​បោះឆ្នោតនៅការិយាល័យរបស់ខ្លួននៅមុនម៉ោង ៣:០០ រសៀលនេះបាន​ប្រសិន​បើ​អ្នក​បោះឆ្នោត​ដែល​មានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃ ការិយាល័យបោះឆ្នោត​នោះ​បាន​បោះឆ្នោត​គ្រប់​គ្នា​អស់​ហើយ​។

ផ្អែកតាម​បញ្ជីបោះឆ្នោតផ្លូវការសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ អ្នកបោះឆ្នោត មានចំនួនសរុប ១១.៧៤៧ នាក់ ក្នុងនោះ​តំណាង​រាស្ត្រ​ក្នុងតំណែង មានចំនួន ១២៥ នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង មាន​ចំនួន ១១ ៦២២ នាក់។

ការបោះឆ្នោតជ្រើស​តំាងសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ដែលមានសមាជិក​សមាជិកា​រដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត។ អនុវត្ត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា បាន​រៀប​ចំ​ការ​បោះឆ្នោតសកល និងអសកលជាទៀងទាត់ស្របតាមច្បាប់ជាធរមាន។

ក្នុង​ចំណោម​សមាជិកព្រឹទ្ធសភាចំនួន ៦២រូប ក្រៅពីការបោះឆ្នោតជ្រើសតំាង មាន​សមាជិក​ព្រឹទ្ធ​សភា ២រូប ត្រូវចាត់តំាងដោយព្រះមហាក្សត្រ និង២ រូបទៀតជ្រើស​តំាង​ដោយ​រដ្ឋសភា​តាម​មតិភាគ​ច្រើន​។ សុខសន្តិភាព គឺ​ជាមូល​ដ្ឋាន​គ្រឹះ​ធ្វើ​ឱ្យ​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង ពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ឱ្យ​មាន​ការ​រីក​ចម្រើនជា​លំដាប់។

សូមជម្រាបជូនថា គ.ជ.បនឹង​បើក​កិច្ចប្រជុំ​ផ្សព្វ​ផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ស្តីពី​ការ​សរុប​ព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ​២០២៤ នៅវេលាម៉ោង ៥:០០ ល្ងាចថ្ងៃនេះ បន្ទាប់​ម​ក​នឹង​ធ្វើ​ការ​ផ្សាយ​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ព្រឹទ្ធសភាតែម្ដង៕

អត្ថបទទាក់ទង