សម្ដេចតេជោ ចាត់ទុកទស្សនកិច្ចប្រតិភូក្រសួងនគរបាលវៀតណាមបានរួមចំណែកពង្រឹងទំនាក់ទំនងរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ អនុញ្ញាតឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា ។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅ និងបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម តូ ឡឹម នៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោបានចាត់ទុក ទស្សនកិច្ចរបស់ប្រតិភូក្រសួងនគរបាលវៀតណាម នៅកម្ពុជានាពេលនេះ ពិតជាបានរួមចំណែកបន្ថែមទៀត ក្នុងការពង្រឹងនូវទំនាក់ទំនងរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត។ សម្ដេចប្រធានគណបក្សបានសម្ដែងនូវការអបអរសាទរ ចំពោះឯកឧត្តម តូ លឹម ដែលទទួលបានគ្រឿងឥស្សរយស ពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចឆ្លើយតប ឯកឧត្តម តូ ឡឹម បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានឆ្លៀតពេលដ៏មមាញឹក និងមានតម្លៃ អនុញ្ញាតឲ្យប្រតិភូ បានចូលជួបសម្ដែងការគួរសម ។ ឯកឧត្តមបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ង្វៀន ហ្វូចុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងជូនពរបុណ្យចូលឆ្នាំសកល២០២៤ និងចូលឆ្នាំប្រពៃណីវៀតណាម ជិតចូលមកដល់នាពេលខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្រ្ដីបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្នុងការសម្រេចបាននូវសមិទ្ធផលលើគ្រប់វិស័យនាឆ្នាំ២០២៣ កន្លងមក ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោជាអគ្គមគ្គុទេស និងជោគជ័យរបស់រាជរដ្ឋាភិបាលបន្តវេនថ្មី ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ឯកឧត្តមបានអបអរសាទរ ចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលកន្លងទៅ និងជោគជ័យនៃការរៀបចំអ្នកបន្តវេនប្រកបដោយភាពរលូន និងសន្តិភាព។ ឯកឧត្តម តូ ឡឹម បានអបអរសាទរដល់គណបក្សប្រជាជនកម្ពុជា ដែលបានរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ខ្លួនកន្លងទៅ ប្រកបដោយជោគជ័យ និងបានបោះឆ្នោតបំពេញបន្ថែមនូវសមាជិកគណៈកម្មាធិការកណ្ដាល សមាជិកគណៈអចិន្ត្រៃយ៍ និងអនុប្រធានគណបក្ស ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្ស។ ឯកឧត្តម តូ ឡឹម បានបញ្ជាក់ជូនសម្ដេចតេជោផងដែរថា គណបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាប្រជាជនវៀតណាម គាំទ្រយ៉ាងពេញទំហឹង ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាថ្មី ដែលមានសម្ដេចអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ឯកឧត្តមបានជូនពរចំពោះគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យចំពោះការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ ក៏ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលខាងមុខ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងគណបក្សទាំងពីរនាពេលកន្លងមក ហើយឯកឧត្តមបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវិស័យសន្តិសុខនៃប្រទេសទាំងពីរ គឺជាសសរស្ដម្ភដ៏រឹងមាំ ដែលយើងត្រូវតែបន្តពង្រឹង និងពង្រីក ឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការវាយតម្លៃរបស់ឯកឧត្តម តូ ឡឹម ចំពោះពាក្យពេចន៍ល្អៗ នៃការរីកចម្រើនរបស់កម្ពុជា។ សម្ដេចតេជោបានជូនពរ និងផ្ញើនូវការសាកសួរសុខទុក្ខរបស់សម្ដេច ជូនចំពោះថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម មានដូចជា ឯកឧត្ត ង្វៀន ហ្វូចុង, ឯកឧត្តម វ៉ូ វ៉ាន់ធឿង, ឯកឧត្តម ផាម មីងជីញ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីវៀតណាម ដែលនឹងចូលមកដល់នៅពេលខាងមុខនេះ។ សម្ដេចតេជោ ហ៊ុន សែន បានឯកភាពអំពីការរីកចម្រើន នៃទំនាក់ទំនងរវាងគណបក្សទាំង២ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ និងរីកចម្រើនជាលំដាប់។ សម្ដេចតេជោក៏បានជូនពរដល់ទំនាក់ទំនងជាប្រពៃណីរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កាន់តែរឹងមាំឋិតថេរចេរកាល យូរអង្វែងទៅទៀត។ នៅក្នុងកិច្ចសន្ទនាគ្នានោះដែរ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នា មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងជាមួយនឹងប្រទេសវៀតណាម ឬក៏ប្រឆាំងនឹងប្រទេសកម្ពុជានោះឡើយ៕