Grand News Asia Close

ព្រឹត្តិការណ៍ប្រឡងសរសេរតាមអានថ្នាក់ជាតិជាសាធារណៈ “សំណេរអង្គរ” ទាក់ទាញបានចំណាប់អារម្មណ៍ខ្លាំងពីមហាជន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 205
ព្រឹត្តិការណ៍ប្រឡងសរសេរតាមអានថ្នាក់ជាតិជាសាធារណៈ “សំណេរអង្គរ” ទាក់ទាញបានចំណាប់អារម្មណ៍ខ្លាំងពីមហាជន ព្រឹត្តិការណ៍ប្រឡងសរសេរតាមអានថ្នាក់ជាតិជាសាធារណៈ “សំណេរអង្គរ” ទាក់ទាញបានចំណាប់អារម្មណ៍ខ្លាំងពីមហាជន

កម្មវិធីប្រឡងសរសេរតាមអាន ថ្នាក់ជាតិជាសាធារណៈ “សំណេរអង្គរ” បានរំលេចនូវទិដ្ឋភាពក្នុងការលើកកម្ពស់ និងជំរុញទឹកចិត្តឱ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានដ៏មហស្ចារ្យក្នុងពិភពលោក ដែលផ្សារភ្ជាប់នឹងតថភាពវប្បធម៌ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា ។ ព្រឹត្តិការណ៍នេះ ក៏បានផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដោយផ្តោតសំខាន់លើការអភិវឌ្ឍនូវមូលធនមនុស្ស ដែលជាកាតាលីករមិនអាចខ្វះបាន ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា២០៣០ និងមហិច្ចតាក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០របស់កម្ពុជា ។ នៅក្នុងមុំទី១ នៃបញ្ចកោណទី១, រដ្ឋាភិបាលបានផ្តោតសំខាន់ទៅលើការពង្រឹងគុណភាពវិស័យអប់រំ ដោយបន្តពង្រឹងគុណភាពអប់រំ និងការបណ្តុះបណ្តាលគ្រប់កម្រិត ព្រមទាំងបង្កើតបរិយាកាសល្អសម្រាប់ការសិក្សាពេញមួយជីវិត ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអបអរសាទរដល់ជយលាភីទាំង៣រូប នៃកម្មវិធីប្រឡងសរសេរតាមអានថ្នាក់ជាតិជាសាធារណៈ “សំណេរអង្គរ” មានដូចជា៖
– ជយលាភីលេខ១ បេក្ខជន ចេង រតនា
– ជយលាភីលេខ២ បេក្ខជន វ៉ន វីដា
– ជយលាភីលេខ៣ បេក្ខនារី យ៉ោប សុឃាក់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ ក្រុមស្ថាបនិកព្រឹត្តិការណ៍សំណេរអង្គរ តំណាងដោយលោក លីម ប៊ុនហុក ក៏ដូចជាការគាំទ្ររបស់ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, អាជ្ញាធរ, សាកលវិទ្យាល័យអង្គរ, សហការី និងភាគីពាក់ព័ន្ធក្នុងការរៀបចំទាំងអស់ ដែលបានសហការបង្កើតកម្មវិធី “សំណេរអង្គរ” នាពេលនេះឡើង នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ប្រកបដោយស្មារតីក្នុងការពង្រឹងបន្ថែមនូវចំណេះដឹងទូទៅ អត្តសញ្ញាណជាតិ សាមគ្គីភាព ក៏ដូចជាលើកតម្កើងអក្សរសាស្ត្រឱ្យកាន់ផុលផុសបន្ថែមទៀត ។

គួរបញ្ជាក់ថា បេក្ខជនជាង៧០០អង្គ/នាក់ ចូលរួមប្រឡងសរសេរតាមអាន «សំណេរអង្គរ» លើកទីមួយ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានចូលរួមជាអធិបតីភាព កម្មវិធីប្រឡងសរសេរតាមអាន «សំណេរអង្គរ» លើកទីមួយ នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអានអត្ថបទប្រឡងទៅកាន់បេក្ខជនក្នុងរយៈពេលមួយម៉ោង ដែលអត្ថបទទាក់ទងនឹងរមណីយដ្ឋានអង្គរ ជាការរៀបចំសម្រិតសម្រាំងទុកដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្រោមចំណងជើងថា «អង្គរ អាណាចក្រនៃអរិយធម៌ខ្មែរ»។

សូមបញ្ជាក់ថា កម្មវិធីសំណេរអង្គរ ជាកម្មវិធីថ្មីដែលបង្កើតឡើងក្នុងបំណងលើកកម្ពស់អក្សរសាស្រ្តខ្មែរ តាមរយៈការប្រឡងប្រជែងសរសេរតាមអាន។ កម្មវិធីនេះក៏អាចនឹងក្លាយជាព្រឹត្តិការណ៍ថ្នាក់ជាតិ ជាប្រចាំឆ្នាំផងដែរនាពេលអនាគត៕

 

អត្ថបទទាក់ទង