Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ត្រូវបានអនុវត្តដោយភាពជឿជាក់ប្រកបដោយសុទិដ្ឋិនិយមខ្ពស់

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 223
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ត្រូវបានអនុវត្តដោយភាពជឿជាក់ប្រកបដោយសុទិដ្ឋិនិយមខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ត្រូវបានអនុវត្តដោយភាពជឿជាក់ប្រកបដោយសុទិដ្ឋិនិយមខ្ពស់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ត្រូវបានអនុវត្តដោយភាពជឿជាក់ប្រកបដោយសុទិដ្ឋិនិយមខ្ពស់ ចំពោះអនាគតនៃធនធានមនុស្សរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានប្រកាសឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតីដែលមានឈ្មោះថា Samdech Thipadei Hun Manet, Prime Minister of Cambodia នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រោយដាក់ឱ្យអនុវត្តរយៈពេល ២ខែគត់ មកនេះ ការងារអាទិភាពនេះ បានលេចចេញជារូបរាងពិតប្រាកដ ដោយមិនស្ថិតនៅលើតែក្រដាស ក្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ និងទំនុកចិត្តរបស់យុវជនលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដោយជឿជាក់ថានឹងទទួលបាននូវចំណេះជំនាញក្នុងការបំពេញទីផ្សារការងារ ក៏ដូចជាកែប្រែសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែធូរធាផងដែរ។  

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ គឺជាថ្ងៃបើកបវេសនកាលផ្លូវការនៃវគ្គទី១ទូទាំងប្រទេស ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ ដោយក្នុងវគ្គទី១៖ មានសិក្ខាកាមចំនួន ១៥ ០០០នាក់ ដោយសិក្សាលើវិស័យចំនួន១០ និង ៣៨មុខជំនាញ ដោយបែងចែកចេញជា ៥០០ថ្នាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងបន្តពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃវគ្គបណ្តុះបណ្តាលនេះ ឱ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់យុវជនទទួលបានជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ សំដៅក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ រាជរដ្ឋាភិបាល ក៏សូមលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ធ្វើការយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សាពីគ្រូជំនាញ និងរក្សានូវគោលការណ៍ “ឱ្យចេះ ឱ្យចប់ ឱ្យមានការងារ” ដើម្បីអនុវត្តអំឡុងពេលសិក្សាជាប់ជាប្រចាំ៕

អត្ថបទទាក់ទង