Grand News Asia Close

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសស្វីស

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 239
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសស្វីស សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសស្វីស

(ស្វីស)៖ នៅល្ងាចថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ប្រទេសស្វីសប្រកបដោយសុវត្ថិភាពហើយ។

ដំណើរអញ្ជើញទៅកាន់ប្រទេសស្វីស របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីចូល​រួម​កិច្ចប្រជុំប្រចាំឆ្នាំ​លើក​​ទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ ធ្វើឡើងក្រោមមូលបទ «ការកសាង​ឡើង​វិញនូវទំនុកចិត្ត» ដោយផ្តោតលើគោលការណ៍ជាមូលដ្ឋានដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លា​ភាព សង្គតិភាព និងគណនេយ្យភាព។

ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិ​សំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានា​នឹង​ចូល​រួមក្នុងកិច្ចប្រជុំនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមថ្លែងបទអន្តរាគមន៍នៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ដោយផ្តោតលើប្រធានបទ «ការស្តារទំនុកចិត្ត លើ​ប្រព័ន្ធ​សកលលោកឡើងវិញ» សំដៅស្វែងរកវិធីសាស្រ្តឈ្នះ-ឈ្នះ ដើម្បីដោះស្រាយនូវបញ្ហា ប្រឈម​ដែល​ជាក្ដីបារម្ភសកលលោកនាពេលបច្ចុប្បន្ន និងលើកកម្ពស់ការចូលរួម និងកិច្ចសន្ទនា ដោយសន្តិវិធី ដែលជាមាគ៌ាដ៏ល្អប្រសើរ ក្នុងការកសាងទំនុកចិត្តទៅវិញទៅមកដែលចាំជាចិសម្រាប់ កិច្ចសហប្រតិ​បត្តិ​ការ​ប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសចូលរួមវេទិកាខាងលើ សម្តេចធិបតី នឹងមានជំនួបជាមួយលោក Mathias Cormann អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ព្រមទាំង ធុរជន​នៃក្រុម​ហ៊ុន​ឈានមុខមួយចំនួន ដើម្បីទាក់ទាញការវិនិយោគមកកម្ពុជា៕

អត្ថបទទាក់ទង