Grand News Asia Close

ក្រុមហ៊ុន ACCOR Group មានសុទិដ្ឋិនិយម ថាវិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 196
ក្រុមហ៊ុន ACCOR Group មានសុទិដ្ឋិនិយម ថាវិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរ ក្រុមហ៊ុន ACCOR Group មានសុទិដ្ឋិនិយម ថាវិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរ

(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Maud BAILLY នាយកប្រតិបត្តិ Sofitel, MGallery  និង Emblems តំណាងឱ្យ ACCOR Group ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

ក្នុងឱកាសនៃជំនួបនេះ លោកស្រី Maud BAILLY បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ACCOR Group នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងជំនួបនេះផងដែរ លោកស្រី Maud BAILY បានជម្រាបអំពីស្ថានភាពកាន់តែល្អប្រសើរនិងដំណើរវិវឌ្ឍន៍នៃ

វិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា មានសុទិដ្ឋិនិយម ថាវិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរ។ លោកស្រី បានបន្ថែមថាក្រុមហ៊ុន  ACCOR Group បាននិងកំពុងវិនិយោគក្នុងវិស័យសណ្ឋាគារ ដែលមានសណ្ឋាគារបែបទំនើប និងមធ្យម និងបែប Boutique Hotel ផ្សេងៗទៀត ដែលជាការលើកស្ទួយនៃរូបភាពនិងកិត្យានុភាពនៃប្រទេសកម្ពុជា។ លោកស្រី បានលើកឡើងថា តាមរយៈសណ្ឋាគារសូហ្វីតែល ដែលមានប្រតិបត្តិការអាជីវកម្មនៅជុំវិញពិភពលោក បានចូលរួមផ្សព្វផ្សាយនូវវប្បធម៌ និងភាពល្អឥតខ្ចោះនៃតំបន់រមណីយដ្ឋានអង្គរ ដើម្បីជំរុញឱ្យអ្នកទេសចរណ៍ មកទស្សនាខេត្តសៀមរាប នៅឆ្នាំ២០២៤ ឱ្យកាន់តែច្រើនថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកស្រី Maud BAILLY ព្រមទាំងសហការី និងបានអរគុណចំពោះ ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជានាពេលកន្លងមក។ សម្តេចធិបតី បានគូសបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ២០២៤» ដែលនឹងជួយលើកស្ទួយវិស័យទេសចរណ៍ឱ្យមានសន្ទុះឡើងវិញ និងវិវត្តទៅរកស្ថានភាពមុនវិបត្តិកូវីដ-១៩ និងបានបង្កើតការងារដល់ប្រជាពលរដ្ឋ និងជាការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងជំនួបនេះដែរ សម្ដេចបានលើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀត ក្នុងពេលដែលស្ថានភាពនៃវិស័យទេសចរណ៍បន្តងើបឡើងវិញ។

អត្ថបទទាក់ទង