Grand News Asia Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនមានភាពចាំបាច់ក្នុងការអនុញ្ញាតឱ្យបរទេសមកបើកក្រុមហ៊ុនតាក់ស៊ីទេ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 181
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនមានភាពចាំបាច់ក្នុងការអនុញ្ញាតឱ្យបរទេសមកបើកក្រុមហ៊ុនតាក់ស៊ីទេ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនមានភាពចាំបាច់ក្នុងការអនុញ្ញាតឱ្យបរទេសមកបើកក្រុមហ៊ុនតាក់ស៊ីទេ

 

ថ្លែងក្នុងឱកាសដែលសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់ សម្ដេចធិបតីបានថ្លែងថា នៅពេលនេះកម្ពុជាមិនមានភាពចាំបាច់ណាមួយ ក្នុងការអនុញ្ញាតឱ្យបរទេសមកបើកក្រុមហ៊ុនតាក់ស៊ីនៅកម្ពុជានោះទេ។

សម្ដេចធិបតីបានបន្តថា ពិតណាស់ ការទាក់ទាញវិនិយោគគឺជារឿងចាំបាច់ដែលយើងត្រូវតែធ្វើ ប៉ុន្តែវាត្រូវតែបម្រើដល់ការបង្កើតការងារ ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ សម្ដេចថា ផ្ទុយទៅវិញបើការវិនិយោគនោះធ្វើឱ្យប៉ះពាល់ដល់ការងារក្នុងស្រុក និងប៉ះពាល់ដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ នោះកម្ពុជាគ្មានភាពចាំបាច់ដើម្បីទទួលយកនោះទេ។

ជាមួយគ្នានេះ សម្ដេចធិបតីបានឆ្លៀតគូសបញ្ជាក់ថា គោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺការជួយដល់បងប្អូនដែលប្រកបមុខរបក្រៅប្រព័ន្ធ ដូចជាបងប្អូនប្រកបរបរត់ម៉ូតូឌុប រ៉ឺម៉កកង់បី ឬរថយន្តឈ្នួលជាដើម ឱ្យទទួលបានប្រាក់ចំណូលកាន់តែច្រើន និងទទួលបានអត្ថប្រយោជន៍ផ្សេងៗដូចបងប្អូនដែលប្រកបរបក្នុងប្រព័ន្ធដែរ។

គួរបញ្ជាក់ថា ការថ្លែងបញ្ជាក់នេះ បន្ទាប់ពីមានការចេញផ្សាយរបស់សារព័ត៌មានមួយបំផ្លើសការពិត នាំឱ្យមហាជនមានការយល់ច្រលំ ពាក់ព័ន្ធនឹងការចង់វិនិយោគរបស់ក្រុមហ៊ុន VinGroup ដោយពុំបានរំលេចពីការផ្ដល់ឬមិនផ្ដល់គោលការណ៍អនុញ្ញាតពីសំណាក់សម្ដេចធិបតី និងបានធ្វើឱ្យមហាជនជាច្រើន ជាពិសេសបងប្អូនប្រកបរបរដឹកជញ្ជូនមានការយល់ច្រឡំមកលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល៕

 

អត្ថបទទាក់ទង