Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន NTT DOCOMO, INC ជួបសម្តែងការគួរសម

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 214
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន NTT DOCOMO, INC ជួបសម្តែងការគួរសម សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន NTT DOCOMO, INC ជួបសម្តែងការគួរសម

(ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក លី ម៉ូតូយុគិ (LI Motoyuki) ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន NTT DOCOMO, INC ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

ក្នុងឱកាសនៃជំនួបនេះ លោក លី ម៉ូតូយុគិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនលើវិស័យទូរគមនាគមន៍ ដោយផ្គត់ផ្គង់សេវាកម្ម 4G និង 5G, ប្រព័ន្ធផ្កាយរណប និងទូរសព្ទចល័ត,  និងបានសហការជាមួយ NTT Group អភិវឌ្ឍន៍បច្ចេកវិទ្យា 6G ព្រមទាំងជម្រាបអំពីបំណងក្នុងការពង្រីកវិនិយោគរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ។ 

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក លី ម៉ូតូយុគិ   និងសហការី ព្រមទាំងបានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុន NTT DOCOMO, INC ដែលបានបង្ហាញ ចំណាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា ស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា អាណតិ្តទី ៧ នៃរដ្ឋសភា បានកំណត់យកឌីជីថល ជាបញ្ចកោណទី ៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយបន្តផ្ដោតលើកិច្ចការអាទិភាព ជាអាទិ៍ ការអភិវឌ្ឍសេដ្ឋកិច្ច, ធុរកិច្ច, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថល, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ។ លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុន NTT DOCOMO, INC ធ្វើការជិតស្និទ្ធជាមួយក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្វែងយល់ និងពិភាក្សាអំពីលទ្ធភាពអាទិភាពនានាបន្ថែមទៀត ។

អត្ថបទទាក់ទង