សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងជាកូនខ្មែរគ្រប់រូបត្រូវតែរួមគ្នាថែរក្សាអភិរក្សប្រាង្គប្រាសាទបុរាណឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយតទៅមុខទៀត
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៃរមនីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តមករស់នៅ «តំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក» ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងជាកូនខ្មែរគ្រប់រូបត្រូវតែរួមគ្នាថែរក្សាអភិរក្សប្រាង្គប្រាសាទបុរាណឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយតទៅមុខទៀត ដូច្នេះហើយបានជារាជរដ្ឋាភិបាល ត្រូវខិតខំប្រឹងប្រែងដើម្បីអភិរក្សមរតកដូនតាយើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ខិតខំអភិវឌ្ឍដើម្បីអភិរក្ស ពីព្រោះតំបន់អង្គរ និងប្រាសាទអង្គរវត្តនេះ គឺជានិមិត្តរូបនៃអត្តសញ្ញាណជាតិខ្មែរយើង ហើយនេះក៏ជាមូលហេតុដែលរាជរដ្ឋាភិបាល បានចាត់វិធានការជាច្រើន ដើម្បីការពារសម្បត្ដិបេតិកភណ្ឌរបស់បុព្វបុរសខ្មែរឱ្យបានគង់វង្ស។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ខេត្ដសៀមរាប គឺជាដែកឆក់យ៉ាងសំខាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកទស្សនាដែលវានឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់វិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនផងដែរ៕