Grand News Asia Close

ព្រះករុណាព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន ដែលបានបំពេញតួនាទីយ៉ាងសកម្មជាសហប្រធាន ICC អង្គរ ក្នុងការជួសជុលប្រាង្គប្រាសាទនានា នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 727
ព្រះករុណាព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន ដែលបានបំពេញតួនាទីយ៉ាងសកម្មជាសហប្រធាន ICC អង្គរ ក្នុងការជួសជុលប្រាង្គប្រាសាទនានា នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ព្រះករុណាព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន ដែលបានបំពេញតួនាទីយ៉ាងសកម្មជាសហប្រធាន ICC អង្គរ ក្នុងការជួសជុលប្រាង្គប្រាសាទនានា នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ

នៅវេលារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម Komura Masahiro អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសនៃប្រទេសជប៉ុន និងសហការី ចូលក្រាបថ្វាយបង្គំគាល់នៅ សណ្ឋាគារ Saint James Paris ក្នុងទីក្រុងប៉ារីសនៃសាធារណរដ្ឋបារាំង។

ឯកឧត្តម អនុរដ្ឋមន្ត្រី បានសម្តែងនូវការចូលរួមអបអរស្វាគមន៍យ៉ាងកក់ក្តៅចំពោះការប្រារព្ធខួបគម្រប់ ៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន និងអបអរសាទរចំពោះការរីកចំរើន​នៃ​ទំនាក់​ទំនង​មិត្តភាព មហាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាង​ប្រជាជន​​នៃប្រទេសយើងទាំង២ កម្ពុជា-ជប៉ុន ជាបងប្អូន ដែលមានរយៈពេល​ជា​យូរ​​លង់មកណាស់ហើយ។

ឯកឧត្តម បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ព្រះអង្គបានយកព្រះរាជហឬទ័យទុកដាក់ក្នុងវិស័យវប្បធម៌ និងការយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីអង្គរ ក្រោមប្រធានបទ «ការពង្រឹងធនធានមនុស្ស សម្រាប់ការអភិរក្ស និរន្តភាព និងការអភិវឌ្ឍអង្គរ» នៅសាធារណរដ្ឋបារាំង នាពេលនេះ គឺបានបង្ហាញអំពីព្រះរាជហឬទ័យដ៏ប្រសើថ្លៃថ្លាបំផុត នៃអង្គព្រះករុណា ​ព្រះមហាក្សត្រកម្ពុជា ចំពោះជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលខិតខំថែរក្សាបាននូវការការពារ និងអភិវឌ្ឍន៍អង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក។

មានព្រះរាជឳង្ការប្រោសព្រះរាជទាននូវការសំណេះសំណាលក្នុងឳកាសដ៏ប្រពៃនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវព្រះរាជបណ្តាំសាកសួរសុខទុក្ខ ​និងព្រះរាជហឬទ័យនឹករលឹកដ៏ជ្រាលជ្រៅ ពីអង្គសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តម អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសជប៉ុន និងសហការី ដែលមានវត្តមានក្នុងព្រះរាជសវនការដ៏វិសេសវិសាលនេះ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន ដែលបានបំពេញតួនាទីយ៉ាងសកម្មជាសហប្រធាន ICC អង្គរ ក្នុងការជួសជុលប្រាង្គប្រាសាទ ពិសេសប្រាសាទបាយ័ន ការស្រាវជ្រាវ ការបណ្តុះបណ្តាល និងការគាំពារអភិរក្ស អភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរឲ្យសម្រេចទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ។

ដោយ៖ ទទក

 

អត្ថបទទាក់ទង