Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 367
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ

នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព។

គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មានតួនាទីសំខាន់ៗដូចជា៖ ដឹកនាំគាំទ្រ និងសម្របសម្រួលការអនុវត្តការងារកែទម្រង់ រដ្ឋបាលសាធារណៈ, រៀបចំ និងអនុវត្តកម្មវិធីជាតិកែទម្រង់ រដ្ឋបាលសាធារណៈផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល, គាំទ្រដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, រៀបចំកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទម្រង់ដទៃទៀតរបស់រាជរដ្ឋាភិបាល កម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងកម្មវិធី កែទម្រង់ដទៃទៀតរបស់រាជរដ្ឋាភិបាល។ គណៈកម្មាធិការនេះ ក៏មានតួនាទីលើកសំណើជូនរាជរដ្ឋាភិបាល អនុម័តលើគោលនយោបាយ កម្មវិធី យុទ្ធសាស្ត្រ និងផែនការសកម្មភាពបម្រើឱ្យការកែទម្រង់ រដ្ឋបាលសាធារណៈជាដើម។

នៅក្នុងនីតិកាលថ្មីនេះ ដើម្បីជំរុញការងារកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នោះ រាជរដ្ឋបាល បានសម្រេចរៀបចំព្រះរាជក្រឹត្យថ្មីស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ មានចំនួន ២១មាត្រា។ ព្រះរាជក្រឹត្យថ្មីស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈដែលកែសម្រួលថ្មីនេះ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ឱ្យប្រើប្រាស់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

ចំណុចសំខាន់ៗដែលបានកែសម្រួល គឺសមាសភាពរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈមានបន្ថែមប្រធាន អនុគណៈកម្មាធិការ ទាំង៤ នៃ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈនិងតំណាងនៃគណៈអភិបាលរាជធានី ខេត្ត ទាំង២៥ ជាសមាជិក ព្រមទាំងកែសម្រួលអនុគណៈកម្មាធិការទាំង៤នៃ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈដែលមានក្នុងព្រះរាជក្រឹត្យចាស់ ឱ្យសមស្របតាមប្រភេទ និងទំហំការងារដែលគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈត្រូវទទួលបន្ទុក។

អនុគណៈកម្មាធិការទាំង៤ រួមមាន៖ ១) អនុគណៈកម្មាធិការ បរិវត្តកម្មសេវាសាធារណៈ និងនវានុវត្តន៍, ២) អនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ, ៣) អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស និង ៤) អនុគណៈកម្មាធិការកសាងសមត្ថភាពមន្ត្រី៕

 

អត្ថបទទាក់ទង