Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 174
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ តាមការឲ្យដឹងពីឯកឧត្តមបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងជំនួបនាព្រឹកនេះ មានកម្មករនិយោជិតចំនួន ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហ​គ្រាស​​ចំនួន២៩ ក្នុងខេត្តកណ្តាល។ ក្នុងជំនួបនេះ ក៏មានកម្មការិនីមានផ្ទៃពោះចូលរួមចំនួន ៦៥៣នាក់។ រោងចក្រ សហគ្រាសទាំង២៩នេះ រួមមាន៖ រោងចក្រកាត់ដេរចំនួន២០, រោងចក្រផលិតផលធ្វើដំណើរ និងកាបូបចំនួន៣, រោងចក្រផលិតស្បែកជើងចំនួន២, បោកគក់សម្លៀកបំពាក់ចំនួន២, ប៉ាក់លើសម្លៀកបំពាក់ចំនួន១, បោះពុម្ពលើសម្លៀកបំពាក់ចំនួន១។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចុះជួបសំណេះសំណាលផ្ទាល់ជាមួយកម្មករ និយោជិត គឺដើម្បីស្វែង យល់ពីសុខទុក្ខរបស់កម្មករ និយោជិត និងផ្សព្វផ្សាយពីគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យចំទិសដៅ និងជាក់ស្ដែង។ រាជរដ្ឋាភិបាលបានកំណត់គោលដៅឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសរីកចម្រើន។ គោលដៅរបស់រាជរដ្ឋាភិបាល គឺដើម្បីជាតិនិងប្រជាជនកម្ពុជា ដែលជាអ្នកកំណត់ជោគវាសនាប្រទេស។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រជាពលរដ្ឋគឺជាជោគវាសនារបស់ប្រទេស ដូច្នេះរាជរដ្ឋាភិបាលគ្មានអ្វីក្រៅពីធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរីកចម្រើន និងមានបាននោះទេ ខណៈរយៈពេលពីរខែ ដែលសម្តេចធ្វើ ជានាយករដ្ឋមន្រ្តីនេះ គឺបានដាក់ចេញនូវគោល​នយោបាយ​ច្បាស់លាស់​ដើម្បីជាប្រទីពដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនោះ។

នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចំអកឲ្យក្រុមអ្នកវិភាគមួយក្តាប់តូច ដែលរិះគន់ដល់ការកាន់តំណែងរបស់សម្តេចរយៈពេល២ខែមកនេះថា មិនបានធ្វើអ្វីសោះគិតតែពីដើរនិយាយ ដោយការលើកឡើងរបស់ជនអគតិទាំងនោះ ត្រូវបានសម្តេចធិបតី ឆ្លើយតបទៅវិញថា ការដើរនិយាយរបស់សម្តេចនេះ​គឺជាការផ្សព្វផ្សាយអំពីគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាល បន្ទាប់មកគឺអនុវត្តជាក់ស្តែងតែម្តង ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ មិនចេះតែនឹកឃើញ និង​ឆក់កណ្ដៀត​តាម​អារម្មណ៍​ដូចអ្នកអង្គុយរិះគន់នោះទេ។​ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ដើម្បីអោយប្រជាពលរដ្ឋរឹងមាំ គឺរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ បង្រៀនពលរដ្ឋឱ្យចេះស្ទូចត្រី តាមរយៈការដាក់ចេញនូវវិធីសាស្ត្របណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ពិតប្រាកដជូនប្រជាពលរដ្ឋ ដើម្បីបានប្រកបការងារផ្សេងៗ ចិញ្ចឹមជីវិត និងធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរ។

នៅថ្ងៃនេះ សម្តេចធិបតីបានជំរុញឱ្យផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីកម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរង​ហានិភ័យ​នៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ នៅតាមបណ្ដាខេត្ត ដើម្បីឱ្យយុវជនគោលដៅបានចូលមកសិក្សាលើជំនាញនេះ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យរៀបចំចុះឈ្មោះពលរដ្ឋ ដែលចង់រៀនជំនាញវិជ្ជាជីវៈនានា ឱ្យកាន់ តែងាយស្រួល និងត្រូវដកចេញនូវនីតិវិធីដែលស្មុគស្មាញចោល និងត្រូវសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករ​និយោជិត​អាចចូលរៀនជំនាញវិជ្ជាជីវៈលើ កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់​យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ ដល់កម្មករនិយោជិតផងដែរ​ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ការងារនៅកន្លែង​ការងារ ដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅវេនពេលយប់ ឬចុងសប្ដាហ៍។

កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់នេះ គឺបានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលលើវិស័យសំខាន់ៗចំនួន ១០ ក្នុងនោះមានមុខជំនាញចំនួន ៣៨ មុខជំនាញ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដែលគ្រោងនឹងដំណើរការ ជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺ ផ្ដោតជាសំខាន់លើការរៀនចប់ចេះ មានការងារធ្វើ និងចំគោលដៅ។

នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅអ្នកនយោបាយចាស់វស្សានៅក្រៅប្រទេសមួយរូបដែលបន្តរកវិធីរិះគន់លើសញ្ញាបត្រថ្នាក់បណ្ឌិតរបស់សម្ដេច ដោយគ្រាន់តែយកសម្អាងពីអ្នកសារព័ត៌មានបរទេសមួយរូបដែលទៅសុំនិក្ខេបបទរបស់សម្ដេចមិនបាននោះ គឺជាការមិយល់ពីអ្វីដែលជាការសិក្សាថ្នាក់បណ្ឌិតរបស់សម្ដេចនោះទេ។​ សម្ដេចធិបតីបន្តថា និក្ខេបបទបណ្ឌិតដែលម្តេចបានសរសេរកាលពីជាង ២០ ឆ្នាំមុនដែលផ្ដោត លើសហគ្រាសធុនតូច និងមធ្យម ដែលស្រាវជ្រាវពីបទពិសោធន៍របស់ប្រទេសនានាជិត ១០០ ប្រទេសនោះ គឺត្រូវនឹងបរិបទសង្គមបច្ចុប្បន្ន និងត្រូវគ្រប់ប្រទេសកំពុងអភិវឌ្ឍ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់វិស័យឯកជនឱ្យចូលរួម ក្នុងកម្មវិធីបណ្ដុះបណ្តាលជំនាញ បច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ ដែលរាជរដ្ឋាភិបាលកំពុងរៀបចំដាក់ចេញនាពេលខាងមុខ តាមរយៈការផ្ដល់ទីតាំងហាត់ការផ្ទាល់ និងការបណ្ដុះបណ្ដាលជំនាញដោយផ្ទាល់នៅតាមក្រុមហ៊ុន ឬរោងចក្រនានាតែម្ដង៕

អត្ថបទទាក់ទង