Grand News Asia Close

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 204
អ្នកនាំពាក្យក្រសួងការបរទេសចិន៖ ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ អ្នកនាំពាក្យក្រសួងការបរទេសចិន៖ ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ

(ប៉េកាំង)៖ លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាគម្រោងដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រវាងចិន និងកម្ពុជា។

ការលើកឡើងនេះធ្វើឡើងក្នុងសន្និសីទកាសែតវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ នៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ នេះតាមការចុះផ្សាយរបស់ CCTV ។

លោកស្រីបានថ្លែងថា ការដាក់ឱ្យដំណើរការ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាដំណឹងល្អ និងជាសក្ខីភាពមួយនៃកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ខណៈអាកាសយានដ្ឋាននេះ ជាអាកាសយានដ្ឋានអន្តរជាតិដំបូងគេ ដែលត្រូវបានវិនិយោគ សាងសង់ និងដំណើរការដោយក្រុមហ៊ុនចិន ដែលបានវិនិយោគក្នុងទំហំទឹកប្រាក់ ១ ១០០ លានដុល្លារអាមេរិក។

លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះការលើកឡើងរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលថា អាកាសយានដ្ឋាននេះនឹងជួយតភ្ជាប់ផ្លូវអាកាសអន្តរជាតិ នាំភ្ញៀវទេសចរបរទេស និង វិនិយោគិនកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា ដើម្បីជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

លោក ស៊ិន ចាន់សេរីវត្ថា អនុរដ្ឋលេខាធិការ និងជានាំពាក្យអាកាសចរស៊ីវិល បានប្រាប់ឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ គឺជាសមិទ្ធផលដែលកើតចេញពី គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ ការបើកដំណើរការទទួលជើងហោះហើរដំបូង របស់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះក្នុងខែតុលានេះ គឺជាវេលាដ៏ពិសិដ្ឋ ស្របពេលដែលប្រទេសចិន បានរៀបចំវេទិកា ខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំង ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទៅចូលរួមអបអរសារទរ ក្នុងនាមជាមិត្តដែកថែប និងជាដៃគូគ្រប់ជ្រុងជ្រោយ។

លោកបន្តថា ក្នុងឱកាសចូលរួមវេទិកា ខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំង សម្តេចធិបតី ហ៊ុន ម៉ាណែត ថែមទាំងបានជួបពិភាក្សាការងារជាមួយវិនិយោគិនជាច្រើនគ្រប់វិស័យ រួមមានវិស័យឧស្សាហកម្ម ដឹកជញ្ជូន សេវាកម្ម សំណង់ ទេសចរណ៍… ដើម្បីទាក់ទាញវិនិយោគិនទាំងនោះមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជាមួយគ្នាសម្តេចធិបតី ជំរុញឱ្យមានទំនាក់ទំនងបន្ថែមរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរផងដែរ។

លោក ស៊ិន ចាន់សេរីវត្ថា គូសបញ្ជាក់បន្តថា «យើងរំពឹងទុកថាលទ្ធផលផ្លែផ្លាអាចមានកើតឡើងនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីជំនួបរបស់សម្តេចនាយកជាមួយភាគីចិន ក្នុងការទាក់ទាញឱ្យក្រុមហ៊ុនចិនធំៗមកធ្វើការវិនិយោគ រួមទាំងទេសចរចិនផងដែរ»។

ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន, នាយករដ្ឋមន្រ្តីចិន បានរំលេចនូវសមិទ្ធផលជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ លើគម្រោងជាច្រើន ជាពិសេសការបើកឱ្យដំណើរការជាផ្លូវការ នូវអាកាសយានដ្ឋានអន្តរជាតិថ្មី នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក៏ដូចជាការចុះអនុស្សារណៈនៃការយោគយល់ ពាក់ព័ន្ធនឹងគម្រោងមួយចំនួន នៅក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ​៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង