Grand News Asia Close

ផ្សាយបន្តផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 274

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦។
ទិវាគ្រូបង្រៀន ៥ តុលា ជាទិវាមួយដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាំងពីឆ្នាំ១៩៩៧ ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។
ជាងនេះទៅទៀតទិវាគ្រូបង្រៀនធ្វើឡើង ដើម្បីរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានខិតខំអំណត់ព្យាយាមក្នុងការបំពេញភារកិច្ចជាអ្នកបណ្តុះបណ្តាល ដើម្បីផ្ទេរនូវចំណេះដឹងដ៏មានតម្លៃនៃវិទ្យាសាស្រ្តបច្ចេកវិទ្យា ព្រមទាំងទូន្មានគ្រប់កម្រិតឱ្យធ្វើតែអំពើល្អ ស្គាល់ខុសត្រូវគោរពចាស់ទុំ តាមគំនិតថ្មីនៃការអប់រំ គឺរៀនដើម្បីមានចំណេះដឹងរៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីរួមរស់នៅជាមួយគ្នាប្រកបដោយសុខដុម។
ទិវាគ្រូបង្រៀន ៥ តុលា នៅឆ្នាំនេះប្រព្រឹត្តិទៅក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព» ដោយមើលឃើញថា គ្រូបង្រៀនមានតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា។ ដោយឡែកនៅក្នុងការអនុវត្តកំណែទម្រង់កម្រិតសាលារៀន តាមការសិក្សាជាច្រើននៅលើពិភពលោកបានរកឃើញថា គ្រូបង្រៀនមានឥទ្ធិពលដោយផ្ទាល់ដល់ការប្រែប្រួលជាវិជ្ជមាននៅក្នុងថ្នាក់រៀន ជាពិសេសការធ្វើឱ្យមានភាពប្រសើរឡើងនៃ លទ្ធផលការសិក្សារបស់សិស្ស និងការឆ្ពោះទៅរកឧត្តមភាពនៃសាលារៀននិងប្រព័ន្ធអប់រំជារួម។
បន្ថែមពីលើនេះ គ្រូបង្រៀន គឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំ ជាឆ្អឹងខ្នងនៃការអប់រំ និងជាអ្នកអប់រំជួរមុខដែលបានធ្វើការជាមួយសិស្ស, បង្កើតបរិស្ថានសិក្សាប្រកបដោយប្រសិទ្ធភាព, រៀបចំសកម្មភាពបង្រៀន, និងមានទំនាក់ទំនងជាមួយសិស្ស មាតាបិតា ដើម្បីធានាបាននូវសមភាព និងបរិយាប័ន្នក្នុងការអប់រំ។ ទន្ទឹមនេះ ការសិក្សាក៏បានបង្ហាញថា ជាមួយនឹងភាពវៃឆ្លាត និងទន់ភ្លន់នៃការដឹកនាំថ្នាក់រៀន ក៏ដូចជាការប្រព្រឹត្តខ្លួនជាគំរូដល់សិស្ស ការប្រើប្រាស់វិធីសាស្ត្របង្រៀនដែលមានប្រសិទ្ធភាព និងការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សប្រកបដោយតម្លាភាព និងត្រឹមត្រូវ អាចជួយឱ្យសិស្សមានលទ្ធផលប្រសើរឡើងប្រមាណ៣០ ទៅ៤០ភាគរយ ក្នុងមួយឆ្នាំសិក្សា។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរដ៏ស្មោះចំពោះលោកគ្រូ អ្នកគ្រូបង្រៀនទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន និងចូលរួមបំពេញតួនាទីប្រកបដោយមនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។ លោករដ្ឋមន្ត្រី បានលើកឡើងថា បើគ្មានការរួមចំណែកពីគ្រូបង្រៀនទេ ក្រសួងក៏មិនអាចអនុវត្តកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាពបានដែរ ហើយការប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀននាថ្ងៃនេះគឺ ដើម្បីបង្ហាញឱ្យកាន់តែច្បាស់នូវតួនាទីដ៏សំខាន់របស់គ្រូបង្រៀន ក្នុងការធ្វើបរិវត្តកម្មអ្នកសិក្សាប្រកបដោយសក្តានុពល។ កម្ពុជា រំពឹងទុកថា គ្រូបង្រៀននៅកម្ពុជានឹងត្រូវទទួលបានការជឿទុកចិត្ត និងការទទួលស្គាល់ថាជា «អ្នកផលិតចំណេះដឹង អ្នកអនុវត្តពិតប្រាកដនៅកម្រិតសាលារៀន និងជាដៃគូសម្រាប់កែលម្អគោលនយោបាយ»។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អមជាមួយការប្រារព្ធទិវាគ្រូបង្រៀននេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏តែងរៀបចំពិព័រណ៍ពាក់ព័ន្ធការអប់រំ និងរៀបចំការប្រកួតប្រជែងការតែងកំណាព្យ និងស្មូតផងដែរ។
នៅឆ្នាំ២០២៣នេះ យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញហើយ ម្ចាស់ជ័យលាភីលេខ១ ដល់លេខ៣ ផ្នែងតែងនិពន្ធពានរង្វាន់ «សម្ដេចព្រះសង្ឃរាជ ជួន ណាត» និងស្មូតកំណាព្យ ពានរង្វាន់ «ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ»។
ជ័យលាភី ផ្នែកខាងតែងនិពន្ធ លេខ១ បានទៅលើបេក្ខជន វង្ស សុភាជ ជាគ្រូបង្រៀនមកពីវិទ្យាល័យមេសាង ខេត្តព្រៃវែង, ជ័យលាភីលេខ២ បេក្ខជន ប៉េង សំរិទ្ធ ជាគ្រូបង្រៀនមកពីវិទ្យាល័យគូប ខេត្តបន្ទាយមានជ័យ និងជ័យលាភីលេខ៣ បានទៅបេក្ខជន សុខ រិទ្ធី ជាគ្រូបង្រៀនមកពីវិទ្យាល័យស្រែកាច់ ខេត្តកំពង់ឆ្នាំង។

រីឯផ្នែកស្មូតកំណាព្យវិញម្ចាស់ជ័យលាភីលេខ១ បានទៅលើបេក្ខនារី ផាង ពិសី ជាគ្រូបង្រៀនមកពីសាលាបឋមសិក្សាវត្ដថ្មី ខេត្ដកណ្ដាល, ជ័យលាភីលេខ២ បានទៅលើបេក្ខនារី សេង សោភា ជាគ្រូបង្រៀនមកពីវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង និងជ័យលាភីលេខ៣ នារី សារិទ្ធ ដាវៀន ជាគ្រូបង្រៀនមកពីសាលាបឋមសិក្សាស្វាយជោ ខេត្តព្រៃវែង។

ម្ចាស់ជ័យលាភីផ្នែកតែងនិពន្ធ និងស្មូតកំណាព្យនេះ នឹងត្រូវសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ពានរង្វាន់ជួយពួកគេផងដែរ៕ អត្ថបទ៖ Fresh News

 

អត្ថបទទាក់ទង