Grand News Asia Close

ប្រវត្តិនិទាននៃពិធីពូនភ្នំខ្សាច់ និងផលបុណ្យដែលសាង

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 231

ពិធី​ពូន​ភ្នំខ្សាច់

ពិធី «​ពូន​ភ្នំខ្សាច់​» គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កណ្ដាល​ទីធ្លា​ដែល​គេ​បាន​កំណត់ រួច​ពូន​ឱ្យ​ចេញ​ជា​រាង​ចេតិយ​បែរមុខ​ទៅ​ទិស​ខាងកើត ហើយ​គេ​សន្មត​ហៅ​ថា «​វាលុក​ចេតិយ​» គឺ​តំណាង​ឱ្យ​ព្រះ​ចូឡា​ម​នី​ចេតិយ​ដែល​សាង​សម្រាប់​បញ្ចុះ​ព្រះកេសា និង​ព្រះ​ចង្កូម​កែវ​នៃ​ព្រះពុទ្ធ​បរមគ្រូ ។

ការ​ពូន​ភ្នំខ្សាច់ បច្ចុប្បន្ន​តំបន់​ខ្លះ​គេ​និយម​ពូន​ភ្នំ​អង្ករ​នៅ​សាលាឆាន់ ឬ​ក្នុង​ព្រះ​វិហារ ។ ភ្នំខ្សាច់​ដែល​គេ​ពូន​មិន​កំណត់​ថា ត្រូវ​មាន​ខ្នាត​តូច ខ្ពស់ ទាប​ប៉ុនណា​ទេ គឺ​ប្រព្រឹត្ត​ទៅ​តាម​ការ​ពេញចិត្ត​របស់​អ្នក​ស្អាង ប៉ុន្តែ​ចាំបាច់​ត្រូវ​មាន​ភ្នំ​មួយ​នៅ​កណ្ដាល ហើយ​ត្រូវ​មាន​ភ្នំ តូច​ៗ ៤​ព័ទ្ធ​ជុំវិញ​គ្រប់​ទិស​ទាំង​៤ ។ នៅ​ជុំវិញ​ភ្នំ​គេ​មាន​ធ្វើ​រាជវ័តិ តុបតែង​លំអ​ស្លឹក​ដូង ស្លឹក​ទន្សែ​ជា​បួន​ជ្រុង​មាន​ទ្វារ ចេញចូល​តាម​ទិស​ធំ​ទាំង ៤ ។ នៅ​ជុំវិញ​រាជវ័តិ​គេ​មាន​រៀប​​រាន​ទេវតា​គ្រប់​ទិស​ទាំង​៨​។ នៅ​លើរាន​ទេវតា នីមួយ​ៗ​គេ​រៀប​ស្លាធម៌​មួយគូ បាយ​សី​មួយ​ថ្នាក់​មួយគូ ទៀន​៥ ធូប​៥ ផ្កា​ភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ ។ នៅ​ពីមុខ​ភ្នំខ្សាច់​ក្រៅពី​រាជវ័តិ គេ​រៀប​រាន ធំ​ៗ​បី​ទៀត សម្រាប់​ថ្វាយ​ព្រះ​យមរាជ ស្ថិត​នៅ​កណ្ដាល​ខាងឆ្វេង​រាន​ព្រះ​យមរាជ គឺ​រាន​ព្រះ​ពុទ្ធគុណ និង​ខាងស្តាំ​គឺ​រាន​ព្រះ​ពិស្ណុការ ។ រាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការបូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយសី​ខ្ពស់​រហូត​ដល់​៩​ថ្នាក់ និង​មាន​ដាក់​សម្លៀក​បំពាក់​ឆ្វេង​ស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង ។

ការ​សាង​វាលុកចេតិយ​នេះ ដោយ​គេ​សម្គាល់ថា នឹង​បានជា​ផលានិសង្ស​វិសេសវិសាល​ណាស់​។

អានិសង្ស​វាលុកចេតិយ

«​អានិសង្ស​វាលុកចេតិយ​» ជា​រឿង​ដែល​គេ​តែង​ជា​ភាសា​ខ្មែរ​មក​យូរហើយ​ចំនួន​១​ខ្សែ សម្តែង​អំពី​ការ​សាង​វាលុកចេតិយ​ថា មាន​ផលានិសង្ស​ជា​អនេកប្បការ ។ វេលា​ឆ្លង វា​លុកចេតិយ​គេ​ច្រើន​យក​រឿង​នេះ​ទេសន៍ ។

ក្នុង​រឿង​អានិសង្ស​វាលុកចេតិយ​មានរឿង​និទាន​៣ ៖

និទាន​ទី​១ តំណាល​ពី​ព្រះ​ពោធិសត្វ នាម​បា​រិ​កៈ​ជា​ឈ្មួញ​សំពៅ ។ នា​សម័យមួយ​បា​រិ​កៈ​បើក​សំពៅ​ទៅ​ជួញ​បាន​ប្រទះ​ឃើញ​ផ្នូកខ្សាច់​ស​ល្អ​នៅ​តាម​ឆ្នេរសមុទ្រ ក៏​បបួល​ពួក​ពាណិជ​​ដែល​ទៅ​ជួញ​ជាមួយ​គ្នា​បើក​សំពៅ​ឆៀង​ចូល​ចត​នៅ​ទៀប​ផ្នូកខ្សាច់​នោះ ហើយ​នាំ​គ្នា​ក​ជា​វាលុកចេតិយ ឧទ្ទិស​ជា​តំណាង​ឡា​មណី​ចេតិយ​ដែល​បញ្ចុះ​ព្រះ​ចង្កូម​កែវ​របស់​​ព្រះពុទ្ធ នៅ​ឋាន​ត្រៃ​ត្រឹ​ង្ស ។ ស្រេច​ហើយ​ពួក​ពាណិជ​ទាំងនោះ​ក៏​បេះ​យក​ផ្កាឈើ​មក​បូជា ដើរ​ប្រទក្សិណ​៣​ជុំ ហើយ​នាំ​គ្នា​ចុះ​សំពៅ​បើក​ចេញ​ទៅ​ជួញ​តទៅ​ទៀត ។

បា​រិ​ក​ពោធិសត្វ និង​ពួក​ឈ្មួញ​អម្បាល​នោះ លុះ​រំលាយ​ខន្ធ​ទៅ​ហើយ​បាន​ទៅ​កើតជា​ទេវបុត្រ​នៅ​ឋានសួគ៌​ជា​ច្រើន​ជាតិ លុះ​ច្យុត​ពី​ឋានសួគ៌​កកើត​ក្នុង​ឋានមនុស្ស​លោក​បានជា​ស្តេច​ឯករាជ្យ​ជា​ច្រើន​ជាតិ​រាប់​ពុំ​បាន​ឡើយ​។ ក្នុង​ទីបំផុត​បា​រិ​ក​ពោធិសត្វ ក៏​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ដោយ​អំណាច​ផលានិសង្ស ដែល​បាន​សាង​វាលុកចេតិយ ។

និទាន​ទី​២ តំណាល​ពី​នាយ​នេសាទ​ម្នាក់ ធ្វើ​តែ​បាប សម្លាប់សត្វ​បរិភោគ​តាំងពី​តូច​រហូត​ដល់​ចាស់ មិន​ដែល​បាន​ធ្វើបុណ្យ​ដល់​ម្តង​សោះ​។ នា​ថ្ងៃមួយ​មាន​ភិក្ខុសង្ឃ​១​រូប​នឹក​អាណិត​នាយ​នេសាទ​ខ្លាំង​ណាស់ ក៏​គិត​រក​ឧបាយ​អោយ​បាន​សាង​បុណ្យ​កុសល​ខ្លះ ។ លុះ​គិត​ដូច្នេះ​ហើយ លោក​ក៏​ឃ្លុំ​ចីវរ​កាន់​បាត្រ​និមន្ត​ទៅ​រង់ចាំ​ផ្លូវ​នាយ​នេសាទ ។ ថ្ងៃ​នោះ​វេលា​ព្រឹក​នាយ​នេសាទ​លី​លំពែង​១ និង​ពុន​បាយ​១​កញ្ចប់​ចេញ​ទៅ​ព្រៃ​ដើម្បី​ស្វែងរក​សត្វ​មក​ចិញ្ចឹមជីវិត​ដូច​កាល​សព្វដង​។ ដំបូង​នាយ​នេសាទ​ប្រកែក​ដាច់​ណាត់​ថា មិន​ព្រម​ប្រគេន​ចង្ហាន់ តែ​ភិក្ខុ​នោះ​ចេះ​តែ​ទទូច​សុំ អត់​មិន​បាន​ក៏​រំលែក​បាយ​១​ពំនូត​ប្រគេន។

ក្រោយមក កាល​នាយ​នេសាទ​រំលាយ​ខន្ធ​ស្លាប់​ទៅ ត្រូវ​ពួក​យមបាល ឬ​យម​ភូបាល​នាំ​ខ្លួន​ទៅ​សួរ​យក​ចម្លើយ​អំពី​រឿង​កាល​នៅ​ជា​មនុស្សលោក​បាន​ធ្វើបុណ្យ​ខ្លះ​ដែរ ឬទេ ?

នាយ​នេសាទ​តប​ថា មិន​បាន​ធ្វើបុណ្យ​អ្វី​ទេ ធ្វើ​តែ​បាប​តាំងពី​តូច​មក ។ ពួក​យមបាល​ក៏​នាំ​គ្នា​ចាប់​បោះ​ទៅ​ក្នុង​រណ្តៅ​ភ្លើង​នរក តែ​មិន​ឆេះ​ត្រលប់​ជា​ខ្ទាត​ចេញ​មក​វិញ ។ យម​បាល​នឹក​ឆ្ងល់ ក៏​សួរ​បញ្ជាក់​ថែម​ទៀត ទទួល​នាយ​នេសាទ​ក្រឡេក​ទៅ​ឃើញ​អណ្តាត​ភ្លើង​មាន​សំ​ម្បុ​រ​ដូច​ចីវរ​លោកសង្ឃ ក៏​នឹកឃើញ​ដល់​ទាន​ដែល​ខ្លួន​បាន​ធ្វើ ទើប​ឆ្លើយ​ថា កាល​នៅ​ជា​មនុស្សលោក​បាន​ធ្វើ​ទាន​បាយ​មួយ​ពំនូត​ដល់​ភិក្ខុ ១​រូប​ដែរ​។ ពួក​យម​ភូបាល​​ប្រាប់​ថា បើ​ដូច្នេះ​អ្នកឯង​ត្រូវ​ទៅ​កើត​ឯ​ឋានសួគ៌​មួយ​អាទិត្យ លុះដល់​ថ្ងៃ​ទី​៨ យើង​​នឹង​យក​ខ្លួន​មក​អោយ​ទទួលទោស​នៅ​ឋាននរក​នេះ​វិញ ។

ក្នុង​មួយ​រំពេច​នោះ​វិញ្ញាណ​របស់​នាយ​នេសាទ ក៏​បាន​ទៅ​កើត​ឯ​ឋានសួគ៌​ឈ្មោះ​ថា «​អ​ន្នំ​លោក​ង្សិ​ន៍​ទេវ​បុត្រ» មាន​ទំហំ ១២​យោជន៍​បរិបូរណ៍​ទៅ​ដោយ​សម្បត្តិ និង​ស្រី​ទេពកញ្ញា​បម្រើ​ត្រៀបត្រា មាន​នាង​សុវណ្ណ​ឱរ៉ៃ​ជា​ទេពី ។ អ​ន្នំ លោក​ង្សិ​ន៍​ទេវបុត្រ​សោយ​សម្បត្តិ​មក​បាន​៦​ថ្ងៃ នឹកឃើញ​ដល់​បណ្តាំ​យមបាល ក៏​កើត​សេចក្តី​ទុក្ខទោមនស្ស​ពន់ប្រមាណ ហើយ​ចូល​ទៅ​ដេក ។

នាង​សុវណ្ណ​ឱរ៉ៃ​ឃើញ​ដូច្នេះ ក៏​ចូល​ទៅ​សួរ ហើយ​អ​ន្នំ​លោក​ង្សិ​ន៍​ទេវបុត្រ​រ៉ា​យ​រា​៉​ប់​ប្រាប់​តាំង​អំពី​ដើម​រហូត​ដល់​ចប់ ។ នាង​សុវណ្ណ​ឱរ៉ៃ​លួងលោម​ថា បើ​ដូច្នោះ​សូម​ព្រះ​អង្គ​កុំ​ជា​ទុក្ខទោមនស្ស​ឡើយ ដ្បិត​ព្រះពុទ្ធ​សម្តែង​ថា «​ទោះ​អ្នក​ណា​ធ្វើបាប អម្បាលម៉ាន​ក្តី បើ​ចង់អោយ​រួច​អំពី​កម្ម​ពៀរ​ដែល​ខ្លួន​ធ្វើ​ហើយ គប្បី​សាង​វាលុកចេតិយ​ធ្វើបុណ្យ​ឆ្លង ហើយ​នឹង​រួច​អំពី​កម្ម​ពៀរ​នោះ​ហោង​» ។ ហេតុនេះ​សូម​ព្រះ​អង្គ​ធ្វើ​តាម​ព្រះពុទ្ធ​បន្ទូល​នេះ​ចុះ ទៀង​ជា​ដោះ​រួច​ចាក​កម្ម​ពៀរ​ជា​មិន​ខាន ។

អ​ន្នំ​លោក​ង្សិ​ន៍​ទេវបុត្រ​លឺ​ដូច្នោះ ក៏​សោមនស្ស​ទើប​ចាត់ការ​សាង​វាលុកចេតិយ និង​ធ្វើ​បុណ្យ​ឆ្លង​ហើយ​ស្រេច​ក្នុង​រវាង​៧​ថ្ងៃ​នោះ​ឯង ។ លុះដល់​ថ្ងៃ​ទី​៨ វេលា​ព្រឹក​ព្រហាម ពួក​យមបាល​ក៏​ទៅ​ដល់​ស្រែក​ហៅរក​អ​ន្នំ​លោក​ង្សិ​ន៍​ទេវបុត្រ​ឱ្យ​ចេញ​មក ។ គ្រានោះ​អ​ន្នំ​លោក​ង្សិ​ន៍​ទេវបុត្រ​គេច​មុខ​ចេញ នាង​សុវណ្ណ​ឱរ៉ៃ​ចេញ​មក​ទទួល ។ និយាយ​ជា​សំនួរ​តប​យមបាល​ថា «​យើង​មិន​ព្រម​បើក​ឱ្យ​ស្វាមី​យើង​ទៅ​ទេ ព្រោះ​ស្វាមី​យើង​បាន​សាង​វាលុក​ចេតិយ និង​ធ្វើបុណ្យ​ឆ្លង​រួច​ហើយ បាបកម្ម​ទាំងពួង​ក៏​ជ្រះ​អស់​អំពី​ខ្លួន​ហើយ តែបើ​នៅ​តែ​ត្រូវការ​យក​ខ្លួន​ទៅ​ធ្វើ​ទោស ក៏​ចូរ​រាប់​ខ្សាច់​១​ពែង​នេះ បើ​រាប់​អស់​ទើប​យក​ទៅ​បាន​» ។

យមបាល​តប​ថា មិន​ទាស់​អ្វី​ទេ​ការ​រាប់​ខ្សាច់​១​ពែង​ប៉ុណ្ណោះ​» ។ រួច​ហើយ​ក៏​នាំ​គ្នា​រាប់​តាំងពី​ព្រឹក​រហូត​ដល់​ថ្ងៃត្រង់ គ្រាប់​ខ្សាច់​ដែល​យក​ចេញ​អំពី​ពែង​រាប់​ដាក់​ទៅ​ខាងក្រៅ​ទៅ​ជា​គំនរ​យ៉ាង​ធំ​កម្ពស់​ស្មើ​ចុង​ត្នោត តែ​គ្រាប់​ខ្សាច់​ក្នុង​ពែង​គង់នៅ​ដដែល​គ្មាន​ស្រក​ស្រុត​ទៅ​ណា​សោះ ។ ពួក​យមបាល​ទាល់​ចំណេះ​នឹង​រាប់ ហើយ​ក៏​នាំ​គ្នា​ត្រលប់​ទៅ​យមលោក​វិញ ។

ចំណែក​អ​ន្នំ​លោក​ង្សិ​ន៍​ទេវបុត្រ​បាន​នៅ​សោយ​សម្បត្តិ​ក្នុង​ទេវលោក​អស់​កាល​អង្វែង​តម​ក​ទៀត មិន​បាន​ទៅ​សោយទុក្ខ​ក្នុង​នរក ដូចដែល​យមបាល​កំណត់​ទុក​នោះ​ទេ ។ ទាំងនេះ​ក៏​ដោយ​អំណាច​ផលានិសង្ស​ដែល​បាន​សាង​វាលុកចេតិយ និង​ធ្វើបុណ្យ​ឆ្លង ។

និទាន​ទី​៣ តំណាល​ពី​រឿង​ចៅ​កំជិល​ខ្សាច់​។ មាន​ក្មេង ១​នាក់​ចេះ​តែ​ទៅ​ពូន​ភ្នំខ្សាច់​រាល់​ៗ​ថ្ងៃ ប្រលាក់​ទៅ​ដោយ​ដីខ្សាច់​ពេញ​ខ្លួន​ទាល់តែ​គេ​ហៅ​ថា «​ចៅ​កំជិល​ខ្សាច់​» ។ នា​ថ្ងៃ​មួយ ព្រះឥន្ទ្រ​បើក​ទិព្វចក្ខុ​មើលឃើញ​ចៅ​កំជិល​ខ្សាច់​ពូន​ភ្នំ​ដូច្នោះ ក៏​ចាត់​ឱ្យ​នាង​ទេព​ធីតា ១​អង្គ​ចុះ​មក​ធ្វើ​ជា​ប្រពន្ធ ។ ដំបូង​ចៅ​កំជិល​ខ្សាច់​ប្រកែក​មិន​ព្រមយក ដោយ​ថ្លែង​ថា ខ្លួន​នៅ​ក្មេង​ណាស់​មិន​ទាន់​ចេះ​រកស៊ី​ចិញ្ចឹម​ទេ ។ ដូច្នេះ​ហើយ​នាង​ទេពធីតា ទៅ​រក​ម្តាយ ឪពុក​ចៅ​កំជិល​ខ្សាច់ ថ្លែងប្រាប់​ថា ខ្លួន​ជា​ទេពធីតា ព្រះឥន្ទ្រ​ប្រើ​ឱ្យ​ចុះ​មក​ធ្វើ​ជា​ប្រពន្ធ​ចៅ​​កំជិល​ខ្សាច់ ។ មាតា បិតា​ចៅ​កំជិល​ខ្សាច់​ឃើញ​នាង​ទេពធីតា ក៏​ពេញចិត្ត​ដោយ​នាង​មាន​រូបឆោម​ល្អ ទើប​សំណេះសំណាល​លួងលោម​ចៅ​កំជិល​ខ្សាច់​ទាល់តែ​ព្រមយក ។

ចៅ​កំជិល​ខ្សាច់​តាំងពី​បាន​នាង​ទេពធីតា​ជា​ប្រពន្ធ​ហើយ ខ្លួនប្រាណ​ក៏​ស្អាតបាត ផូរផង់ ល្អ​ជាង​ពី​មុន​មក​ឆ្ងាយ​ណាស់​ដោយ​នាង​ទេពធីតា​ជួយ​ថែ​សំអាត នាំ​ឱ្យ​សមរម្យ​គ្នា​នឹង​ប្រពន្ធ​នោះ​ណាស់ ទាល់តែ​ល្បី​កេរ្តិ៍ឈ្មោះ​ថា ចៅ​កំជិល​ខ្សាច់​បាន​នាង​ទេពធីតា​ជា​ភរិយា​ល្អ​សម​គ្នា​ណាស់ ។

គ្រានោះ​ពួក​មន្ត្រី សេនាបតី​ជាដើម ក៏​បាន​ទៅ​ពិនិត្យ​មើលឃើញ​ដូច​ពាក្យ​គេ​ថា​មែន ។ ទទួល​វេលា​នោះ​ស្តេច​ម្ចាស់ផែនដី​សុគត​គ្មាន​អ្នក​ទទួល​រាជសម្បត្តិ​គ្រប់គ្រង​ផែនដី ។ គេ​គិត​ឃើញ​ថា ចៅ​កំជិល​ខ្សាច់​សមគួរ​ជា​ព្រះរាជា​ម្ចាស់ផែនដី ក្រោយ​នោះ​គេ​ក៏​ធ្វើការ​ផ្សង​​បុស្បុក​រក​អ្នកមាន​បុណ្យ​ធ្វើ​ជា​ម្ចាស់ផែនដី ។ បុស្បុក​ក៏​ទៅ​ត្រូវ​លើ​ចៅ​កំជិល​ខ្សាច់ ទើប​គេ​នាំ​គ្នា​អញ្ជើញ​ទៅ​ឱ្យ​សោយរាជ្យ ព្រមទាំង​នាង​ទេពធីតា ។

ផល​ដែល​ជា​ទិដ្ឋធម្ម​វេទ​នី​យ​ដូច្នេះ លោក​ថា​បាន ដោយហេតុ​ពូន​ភ្នំខ្សាច់​នោះ​ឯង ។
កាល​កើត​មានរឿង​សម្តែង​អំពី​អានិសង្ស​នៃ​ការ​ស្អាង​វាលុកចេតិយ​ដូច្នេះ​ហើយ ខ្មែរ​យើង​បានដឹង​រឿង​ទាំងនេះ​ហើយ ក៏​កើត​សេចក្តី​ជឿ និង​ជ្រះថ្លា ទើប​នាំ​គ្នា​ស្អាង​វា​លុក​ចេតិយ​ជាប់​ជា​ប្រវេណី​ដរាប​មក​ដល់​បច្ចុប្បន្នកាល ។

បំបួស​ភ្នំ
លោក​អាចារ្យ​សូត្រធម៌ អធិដ្ឋាន វាលុកចេតិយ​ឱ្យ​តំណាង​ព្រះ​ចូឡាមណី​ចេតិយ រួច​យក​កំណាត់​ស​ប្រវែង​ប្រមាណ​មួយ​ម៉ែត្រ​កន្លះ ទៅ​ពានា​ពាក់​ឆៀង​ព្រះ​ចេតិយ ដែល​តាម​សម្តី​​អ្នកស្រុក​ហៅ​ថា «​បំបួស​ភ្នំ​» ។ ក្នុង​ឱកាស​នោះ​ព្រះសង្ឃ​សូត្រធម៌ ចម្រើន​ព្រះ​បរិត្ត នៅ​សាលា​ធម្ម​ដោយ​បន្ត​អំបោះ​មក​ដល់​ភ្នំ​ទាំង អស់ ។ ភ្នំ​ដែល​បាន​ឡើងជា​អង្គ​ចេតិយ​ហើយ អ្នក​ណាមួយ​ទៅ​ជាន់ រំលង ឬ​រំលាយ​មុនគេ​ផ្សឹក​ទុក​ត្រូវ​ទទួល​បាប ។

 

ផ្សឹក​វាលុកចេតិយ
ក្រោយ​ពី​ធ្វើ​កិច្ច​សព្វគ្រប់​ហើយ លោក​អាចារ្យ​សូត្រ​បួងសួង និង​ថ្វាយ​គ្រឿង​សក្ការៈ​ដល់​អស់​ទេវតា ព្រះ​យមរាជ ដែល​តែងតែ​ត្រួតត្រា​មើល​ការ​ខុស​ត្រូវ​ដល់​មនុស្សលោក ដើម្បី​សុំ​ខ​មា​ល​ទោស​ចំពោះ​អំពើ​ខុសឆ្គង​ទាំងឡាយ​កន្លង​មក ដោយ​ការ​អនុគ្រោះ​សុំ​ឱ្យ​ផ្តាច់​កម្ម ផ្តាច់​ពៀរ និង​សុំ​សេចក្តីសុខ​ចម្រើន​តរៀង​ទៅ ។ បន្ទាប់​មក​លោក​អាចារ្យ​ឧទ្ទិស​កុសល​​ជូន​ដល់​អ្នក​ដែល​ចែក​ឋាន​ទៅ​មាន​មាតាបិតា​ជីដូន ជីតា ព្រមទាំង​ញាតិ​មិត្ត​ទាំង​អស់​ផង ។

ថ្ងៃ​បន្ទាប់ ពុទ្ធបរិស័ទ​ជួបជុំ​គ្នា លោក​អាចារ្យ​ចាប់​ដំណើរការ​ថ្វាយបង្គំ​ព្រះ សមា​ទាន​សីល​នៅ​ធម្មសាលា ។ បន្ទាប់​មក​គេ​នាំ​គ្នា​រាប់បាត្រ​បន្ត​ហូរហែ ទាល់តែ​អស់អ្នក​ដែល​មាន​សទ្ធា ។ នៅ ពេល​បញ្ចប់​ការ​រាប់បាត្រ​គេ​កាន់​ទៀន ធូប ផ្កា​គ្រប់​ដៃ​ទៅ​កាន់​ភ្នំខ្សាច់ ។

អាចារ្យ​ចាប់ផ្តើម​ពិធី​នៅ​ចំពោះ​ភ្នំខ្សាច់ ដូច​កាលពី​ល្ងាច​ម្តងទៀត ។ ជាមួយ​គ្នា​នេះ​ដែរ​ព្រះសង្ឃ​សូត្រ​ពុទ្ធមន្ត​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល​នៅ​ធម្មសាលា​។ អាចារ្យ​បាន​បន្ត​ពិធី​នៅ​ខាងក្រៅ មុខ​ភ្នំ គឺ​ឆ្លងបុណ្យ ហើយ​ធ្វើ​កិច្ច​ផ្សឹក​ភ្នំ​វិញ​ដោយ​ពោល​ថា ៖ ឥ​មំ វា​លុក​ចេ​តិ​យំ ប​ច្ច​ក្ខា​មិ​» ប្រែ​ថា «​ខ្ញុំ​ផ្សឹក​ឥលូវ​នេះ​នូវ​វាលុកចេតិយ​នេះ​ចេញ​» គឺ​លែង​ប្រកាន់​ថា​ជា​ចេតិយ​​ទៀត​ហើយ អ្នក​ណា​រំលាយ​ក៏​គ្មាន​បាប​ដែរ ។

បន្ទាប់​មក​គេ​នាំ​គ្នា​ចូល​ធម្មសាលា​ដើម្បី​វេរភត្ត​ប្រគេន​ព្រះសង្ឃ​ឆាន់​ត្រង់ ។ ពេល​រសៀល​​គេ​ជួបជុំ​គ្នា​ដើម្បី​នមស្ការ​ថ្វាយបង្គំ​ព្រះ និង​អ​រតនា​ព្រះសង្ឃ​សម្តែង​ធម្ម​ទេសនា។

កម្មវិធី​ជា​បន្ត​គេ​នាំ​គ្នា​សំអាត​ព្រះ​ពុទ្ធរូប ហើយ​បាចផ្កា បាញ់​ទឹកអប់ (​ស្រង់​ព្រះ​) ។ នេះ​ជា​ពិធី​តាម​បែប​សាសនា ។

ផល​បុណ្យ​ផ្ងូត​ទឹក​ក្តៅ​ឱ្យ​ឪពុក​ម្តាយ ការ​លែង​សត្វ​និង​ស្រង់​ព្រះ
ព្រះ​បរម​សាស្តា​ទ្រង់​បាន​សម្តែង​អំពី អានិសង្ស​ដែល​បាន​កសាង​បុណ្យ​កុសល ក្នុង​ឱកាស​​ដាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី ។ អ្នក​ដែល​បាន​ផ្ងូត​ទឹក​ឱ្យ​មាតា បិតា គ្រូឧបជ្ឈាយ៍ អាចារ្យ ឬ​ព្រះសង្ឃ​ក្នុង​ឱកាស សង្ក្រាន្ត​នោះ រមែង​ជា​ស្តេច​ម្ចាស់ផែនដី មាន​រឹទ្ធិ​ដ៏​មហិមា សំបូរ​ដោយ​រតនៈ ៧​ប្រការ ដេរដាស​ដោយ​ពពួក​នាង​នារី​សឹង​មាន​រូបឆោម​ដ៏​ល្អ និង​សំបូរ​ដោយ​ចតុរង្គ​សេនា ជា​អ្នក​បាន​នូវ​សេចក្តីសុខ​គ្រប់យ៉ាង ។

អ្នក​ដែល​បាន​លែង​សត្វ​តិរច្ឆាន ដូច​យ៉ាង មាន់ ទន្សោង បក្សី ត្រី អណ្តើក ជាដើម ដោយ​អំណាច​ដែល​បាន​លែង​សត្វ​អម្បាល​នោះ អ្នក​នោះ​រមែង​ជា​អ្នកមាន​អាយុ​យឺនយូរ ជា​អ្នកមាន​សុខ​ច្រើន ឥត​មាន​រោគ​ភ័យ​មក​បៀតបៀន ក្នុង​កាល​ទាំងពួង​ប្រកប​តែ​សេច​ក្តីសុខ ។

ដោយ​ផលានិសង្ស​ដែល​បាន​ស្រង់​ព្រះសង្ឃ អ្នក​នោះ​ទោះ​ទៅ​កើត​ក្នុង​ភព ណា​ៗ​ក្តី​រមែង​​មាន​រូបឆោម​ល្អ​ជាទី​ជ្រះថ្លា​ដល់​អ្នក​បានឃើញ ជា​អ្នកមាន​សម្បុរ​កាយ​ផូរផង់ ជាទី​គាប់ចិត្ត​ជាទី​គួរ​ឱ្យ​មើល ជា​អ្នកមាន​ប្រាជ្ញា​ស្រួច ជា​អ្នកក្លាហាន ជា​អ្នក​ទ្រទ្រង់​ព្រះ​សូត្រ និង​ព្រះ​វិន័យ ជា​អ្នក​ទ្រទ្រង់ និង​ចេះ​ចប់​នូវ​ព្រះ​បិដក ជា​អ្នកមាន​អាយុ​យឺនយូរ រាល់​ៗ​ជាតិ ជា​អ្នកមាន​បុត្រ ភរិយា និង​គណ​ញាតិ សុទ្ធតែ​ជា​អ្នក​ឧត្តម ថ្លៃថ្លា ។ ទាំងនេះ​ជា​អានិសង្ស​ផ្ងូត​ទឹក​ក្នុង​ពេល​ចូល​ឆ្នាំ ។

ដោយ​ប្រការ​ដូច្នេះ​ហើយ បានជា​នៅ​ឱកាស​ចូល​ឆ្នាំ​មនុស្ស​ទាំងឡាយ​តែង​នាំ​គ្នា​ដោះ​លែង សត្វ​ផ្សេង​ៗ តែង​នាំ​គ្នា​ធ្វើបុណ្យ​ផ្សេង​ៗ ដើម្បី​បាន​ទទួល​នូវ​អានិសង្ស​ទាំងនោះ ៕

ប្រភព៖ កោះសន្តិភាព

អត្ថបទទាក់ទង