Grand News Asia Close

អគ្គនាយកដ្ឋានពន្ធដារ៖ ពន្ធលើចំណេញមូលធន មិនមែនជាប្រភេទពន្ធដែលទើបតែបង្កើតថ្មី ក្នុងអាណ្តតិទី៧ នោះទេ ហើយក៏គ្មានការដំឡើងអត្រាពន្ធថ្មីដែរ, រដ្ឋកំពុងគិតគូរសម្រួលពេលវេលាសមស្រប ក្នុងការអនុវត្តពន្ធនេះ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 206

 ដោយសារតែរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការលើកឡើងមួយចំនួន ដោយមានការភាន់ច្រទ្បំ ចំពោះអគ្គនាយកដ្ឋានពន្ធដារ ក្នុងការអនុវត្តតួនាទីភារកិច្ច លើការងារគ្រប់គ្រងប្រមូលចំណូលពន្ធនោះ, អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីភ្លឺមួយ ដើម្បីពន្យល់ឆ្លើយតបការយល់ច្រឡំទាំងអស់នោះ ក្នុងនោះមានទាំងការយល់ច្រឡំ ចំពោះអនុវត្តប្រមូលចំណូលពន្ធ លើចំណេញមូលធនផងដែរ។

តាមរយៈសេចក្តីបំភ្លឺ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញានេះ អគ្គនាយកដ្ឋានពន្ធដារ បានសង្កត់ធ្ងន់ថា ពន្ធលើចំណេញមូលធន មិនមែនជាប្រភេទពន្ធ ដែលទើបតែបង្កើតថ្មី ក្នុងអាណ្តតិទី៧ នោះទេ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកំពុងពិចារណា សម្រួលការអនុវត្តពន្ធលើចំណេញមូលធន ដោយកំណត់រករយៈពេលសមស្រប ក្នុងការចាប់ផ្តើមអនុវត្តពន្ធលើចំណេញមូលធន សម្រាប់រូបវន្តបុគ្គល។

អគ្គនាយកដ្ឋានពន្ធដារ បានបំភ្លឺដូច្នេះថា៖ ពន្ធលើចំណេញមូលធន គឺមិនមែនជាប្រភេទពន្ធ ដែលទើបតែបង្កើតថ្មីនោះទេ។ សម្រាប់នីតិបុគ្គលពន្ធនេះ ត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។ ជាក់ស្តែង ក្រុមហ៊ុន និងសហគ្រាសនានា បានបង់ពន្ធលើប្រាក់ចំណូល ដែលរួមបញ្ចូលទាំងចំណេញមូលធន មិនតែប៉ុណ្ណោះ សហគ្រាសដែលប្រកបអាជីវកម្ម លើវិស័យអចលនទ្រព្យក៏បានបង់ពន្ធនេះដែរ។ ក្រោយមក ពន្ធលើចំណេញមូលធន ត្រូវបានដាក់បញ្ចូលក្នុង ច្បាប់ស្តីពីសារពន្ធឆ្នាំ១៩៩៧ ហើយការអនុវត្តពន្ធលើចំណេញមូលធន សម្រាប់រូបវន្តបុគ្គលត្រូវបានចែងលម្អិតក្នុង ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៧។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំលិខិតបទដ្ឋានគតិយុត្ត បែបបទ និងនីតិវិធីនៃការប្រមូលពន្ធលើចំណេញមូលធន សម្រាប់រូបវន្តបុគ្គលរួចរាល់តាំងពីឆ្នាំ២០២០ ដោយផ្អែកលើគោលការណ៍ទន់ភ្លន់ សាមញ្ញ ជាមួយនឹងការអនុគ្រោះក្នុងកម្រិតខ្ពស់ ប្រសិនបើធៀបនឹងការអនុវត្ត នៅបណ្តាប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ក្នុងតំបន់ និងសាកលលោក។

ជាការគិតគូរចំពោះផលប៉ះពាល់នានា បណ្តាលពីការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក៏បានសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន សម្រាប់រូបវន្តបុគ្គល ជាបន្តបន្ទាប់ចំនួន៣ លើករួចមកហើយ ដោយចុងក្រោយកំណត់យករយៈពេលអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្រាប់ទ្រព្យជាមូលធន ៥ផ្នែក (ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស)។

ដោយឡែក ពន្ធលើចំណេញមូលធនសម្រាប់ផ្នែកអចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចពន្យារ ការចាប់ផ្តើមអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីជាចំណែកដ៏សំខាន់មួយ ចូលរួមគាំទ្របន្ថែមដល់វិស័យអចលនទ្រព្យ។ ដូច្នេះ ការលើកទ្បើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថាបានបង្កើតពន្ធថ្មី ឬដំទ្បើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបាន និងកំពុងពិចារណាបន្ថែមលើក្របខ័ណ្ឌ ក្នុងការសម្រួលការអនុវត្តពន្ធលើចំណេញមូលធន ក៏ដូចជារយៈពេលកំណត់សមស្រប ក្នុងការចាប់ផ្តើមអនុវត្តពន្ធលើចំណេញ មូលធនសម្រាប់រូបវន្តបុគ្គលនេះ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជនទាំងអស់ សូមធ្វើការឈ្វេងយល់ពីព័ត៌មានដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ ចៀសវាងទទួលបាន និងចែករំលែកបន្តនូវព័ត៌មានបំភាន់ ក្លែងបន្លំ និងនាំឱ្យសាធារណជនមានការយល់ច្រទ្បំ។ ក្នុងករណីមានចម្ងល់នានាពាក់ព័ន្ធនឹងពន្ធដារ សូមធ្វើការទាក់ទងមកមជ្ឈមណ្ឌលពិគ្រោះយោបល់ (Call center) តាមរយៈលេខទូរស័ព្ទ ១២៧៧ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat៕

 

អត្ថបទទាក់ទង