Grand News Asia Close

រឿងក្រៅឆាក នៅឯកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 354
រឿងក្រៅឆាក នៅឯកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រឿងក្រៅឆាក នៅឯកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

(ភ្នំពេញ)៖ នៅឯកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៤-៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ដែលមានមេដឹកនាំចូលរួមមិនតិចជាង២០ប្រទេសនោះ បានលេចចេញនូវរឿងរ៉ាវលើឆាកនិងក្រៅឆាកជាច្រើន ប៉ុន្តែខ្ញុំសូមរំលេចតែរឿងក្រៅឆាកខ្លះៗប៉ុណ្ណោះយកមកចែករំលែកដូចតទៅនេះ៖

* មេដឹកនាំស្នេហាពុកមាត់៖
អ្នកសិក្សាចិត្តសាស្រ្តធ្វើការសន្និដ្ឋានថា អ្នកដែលរក្សាទុកពុកមាត់គឺដើម្បីបង្ហាញភាពទាក់ទាញដល់នារី បង្ហាញភាពជាបុរសពិតប្រាកដ បង្ហាញភាពជឿជាក់ និងភាពលេចធ្លោជាងបុរសដទៃ។ ប្រហែលដូចហេតុផលខាងលើក៏មិនដឹង ដែលនាំឱ្យមេដឹកនាំ៤រូបក្នុងចំណោម១៨រូបដែលចូលរួមប្រជុំកំពូលអាស៊ីបូព៌ានៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី រក្សាទុកពុកមាត់។ ឥស្សរជនទាំង៤រូបនោះគឺ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim, ស្តេចស៊ុលតង់នៃប្រទេសព្រុយណេ Bolkiah Hassanal, លោក Xanana Gusmao នាយករដ្ឋមន្រ្ទីម័រ និងលោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា។ ក្រៅពីហេតុផលខាងលើ តាមការស្ទង់មតិនៅលោកខាងលិចបានបង្ហាញថា នារីដែលចូលចិត្តបុរសមានពុកមាត់ដោយហេតុផល៖ ស្ត្រីចង់បានការថើបបែបបារាំង អម​ដោយ​ស្នាម​ញិច​ម្តង​ៗ។ ពុកមាត់​ក៏ជាកន្លែងបិទបាំងដែលជួយ​ស្ត្រី​ក្នុងការរុករក​បបូរ​មាត់​របស់​បុរសដើម្បីបង្កើតភាពរ៉ូមែនទិកឱ្យឡើងកំដៅកាន់តែខ្ពស់…រឿងពិតយ៉ាងណានោះ សូមស្វែងយល់បន្ថែមព្រោះសំណេរខាងលើមិនមែនជាការអះអាងរបស់អ្នកនិពន្ធឡើយ។

* មេដឹកនាំរូបណាដែលចាស់ជាងគេ?

ស្តេចស៊ុលតង់នៃប្រទេសព្រុយណេ ជាមេដឹកនាំដែលមានវ័យចំណាស់ជាងគេ និងកាន់អំណាចបានយូរជាងគេក្នុងចំណោមមេដឹកនាំនៃអាស៊ាន១០។ ដោយឡែក នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ជាមេដឹកនាំវ័យក្មេងជាងគេ ហើយក៏បានក្លាយជាដៃគូសន្ទនាដ៏ស្និតស្នាលជាមួយស្តេចស៊ុលតង់ដែលធ្លាប់ជាដៃគូជាមួយឳពុក សម្តេច ហ៊ុន សែន។

* មេដឹកនាំណាត់គ្នាយកកូនប្រុសទៅជាមួយ?

មានមេដឹកនាំបីរូបបាននាំកូនប្រុសទៅជាមួយដែលមើលទៅហាក់ដូចជាបានណាត់គ្នាមុន។ ស្តេចស៊ុលតង់នៃប្រទេសព្រុយណេបានក្លាយជាទម្លាប់ទៅហើយសម្រាប់២ឆ្នាំចុងក្រោយនេះដែលលោកតែងនាំកូនប្រុសដ៏សង្ហាយកទៅជាមួយស្ទើររាល់កិច្ចប្រជុំធំៗ ប៉ុន្តែលើកនេះលោក Marcos ប្រធានាធិបតីហ្វីលីពីនក៏បាននាំកូនប្រុសទៅជាមួុយ ហើយនាយករដ្ឋមន្រ្តីកាណាដាដែលនៅឆ្ងាយឯនាយសមុទ្រក៏បានបណ្តើរកូនប្រុសទៅដល់កន្លែងប្រជុំកំពូលអាស៊ានដូចគ្នាដែរ។

* ប្រទេសអាស៊ានណាខ្លះដែលមានកូនស្នងតំណែង?

បច្ចុប្បន្ន មានមេដឹកនាំបីរូប៖ លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី, លោក Marcos ប្រធានាធិបតីហ្វីលីពីន, និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ហើយក៏មានការប្រមើលមើលទៅពេលខាងមុខថានឹងមានជាបន្តបន្ទាប់ទៀត។ ជាក់ស្តែង ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Jokowi ក៏ត្រូវបានគេនិយាយថាកំពុងត្រួសត្រាយផ្លូវឱ្យកូនប្រុសសម្រាប់ថ្ងៃអនាគតដែរ។ ក្នុងនោះ កូនប្រុសច្បងដែលមានអាយុ៣៥ឆ្នាំកំពុងកាន់តំណែងជាអភិបាលក្រុងមួយរួចទៅហើយ រីឯម្នាក់ទៀតជាអ្នកជំនួញដែលមានឈាមជ័រមិនខុសពីអតីតភាពរបស់ឪពុកប៉ុន្មានទេ ដែលធ្លាប់ជាម្ចាស់លក់គ្រឿងសង្ហារិម។ ក៏ដូចគ្នានឹងស្តេចស៊ុលតង់នៃប្រទេសព្រុយណេ ដែលមានរជ្ជទាយាទរួចទៅហើយ។ រីឯកូនសំណព្វសព្វថ្ងៃដែលតែងអមដំណើរជាមួយព្រះបិតាមិនទំនងនឹងបានស្នងតំណែងនោះទេ ព្រោះម្តាយរបស់ទ្រង់មិនជាប់សែស្រឡាយស្តេច ប៉ុន្តែនៅតែមានការនិយាយមាត់ចាបមាត់ព្រាបថា “មនុស្សថា មិនដូចទេវតាថានោះទេ” ព្រោះស្តេចស៊ុលតង់ក៏អាចនឹងបញ្ចុះបញ្ចូលមហេសី ដើម្បីឱ្យកូនសំណព្វរូបនេះឡើងគ្រងរាជ្យក៏ថាបាន។

* ផ្អើលបណ្តាញសង្គមនៅឥណ្ឌូនេស៊ីដោយសារនាយករដ្ឋមន្រ្តីទីម័រ៖

លោក Xanana Gusmao នាយករដ្ឋមន្រ្តីទីម័រ បានធ្វើឱ្យផ្អើលបណ្តាញសង្គមនៅប្រទេសឥណ្ឌូនេស៊ី ដោយសារតែលោកចាប់ដៃជំទាវទីមួយរបស់ប្រធានាធិបតី លោក Jokowi យកមកថើប។ រូបភាពឈរទទួលភ្ញៀវរបស់លោក Jokowi និងជំទាវទីមួយជាម្ចាស់ផ្ទះត្រូវបានផ្សាយបន្តផ្ទាល់ ហើយរូបភាពថើបនោះក៏ផ្អើលឈុលតែម្តង ព្រោះវាមិនមែនជាប្រពៃណី និងទំនៀមទម្លាប់របស់ឥណ្ឌូនេស៊ី។ នៅថ្ងៃបន្ទាប់ នៅឯពិធីលៀងសាយភោជន៍ លោក Jokowi និងភរិយា ត្រូវឈររង់ចាំទទួលភ្ញៀវម្តងទៀត។ លើកនេះ ជំទាវទីមួយហាក់ ត្រៀមជាស្រេចមិនឱ្យលោក Gusmao ថើបទៀតទេ ដោយលោកស្រីលើកដៃសំពះពីចម្ងាយតែម្តង ជាកាយវិការដែលលោក Gusmao មិនអាចធ្វើដូចលើកមុនបានទៀតឡើយ។ នៅក្នុងពិធីលៀងសាយភោជន៍នេះដែរ លោក Gusmao ទទួលបានការចាប់អារម្មណ៍ជាថ្មីម្តងទៀត នោះគឺការឡើងរាំកម្សាន្តរបស់លោកជាមួយក្រុមតន្រ្តី និងអ្នកចូលរួមមួយចំនួនទៀត ប៉ុន្តែមិនមានមេដឹកនាំផ្សេងរូបណាបានធ្វើដូចនេះឡើយ។ ចំណុចចុងក្រោយមួយទៀត លោក Gusmao ត្រូវបានពិធីការស្នើសូមឱ្យលោកកុំពិសាបារីនៅក្នុងពិធីលៀងសាយភោជន៍។ ជាទម្លាប់ នៅឯកិច្ចប្រជុំកំពូលអាស៊ាន និងពិធីលៀងសាយភោជន៍ គេមិនអនុញ្ញាតឲ្យពិសាបារីនោះទេ។ ប្រទេសទីម័របានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ក្នុងឋានៈជាប្រទេសសង្កេតការណ៍ ក្រោយពេលដែលប្រទេសមួយនេះបានដាក់ពាក្យសុំចូលជាសមាជិកតាំងពីឆ្នាំ២០១១មកម្លេះ។

* រុស្ស៊ីប៉ះសម្តីជាមួយអាម៉េរិកនៅឥណ្ឌូនេស៊ី៖

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Lavrov បានថ្លែងនៅចំពោះមុខអនុប្រធានាធិបតីអាម៉េរិក លោកស្រី Kamala Harris នៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ាមុននេះថា៖ “សូមកុំស្មានថាទឹកស្ងប់ អត់សត្វក្រពើ”។ លោក Lavrov ព្រមានបែបនេះ បន្ទាប់ពីលោកស្រី Kamala ថ្លែងថា៖ “យើងត្រូវតែឈរនៅជាមួយអ៊ុយក្រែន។ យើងទាំងអស់គ្នាត្រូវតែថ្កោលទោសចំពោះការវាយប្រហារដ៏ឃោរឃៅរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលជាការវាយប្រហារលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនោះ”។ លោកស្រី Kamala ក៏បានឌឺដងដាក់ចិនផងដែរថា៖ “យើងនៅតែមានការព្រួយបារម្ភចំពោះសកម្មភាពបង្កហេតុរបស់ចិននៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។ សហរដ្ឋអាម៉េរិកប្តេជ្ញាធ្វើការជាមួយសម្ពន្ធមិត្ត និងដៃគូនៅឥណ្ឌូប៉ាស៊ីហ្វិករបស់យើង។ ចំពោះអ្នកដែលព្យាយាមចង់ធ្វើដូចយើង អ្នកនឹងមិនអាចរកឃើញដៃគូល្អជាងសហរដ្ឋអាម៉េរិកដែលមានសព្វថ្ងៃនេះទេ”។ លោក Li Qiang នាយករដ្ឋមន្រ្តីចិនបានប្រលោមអាស៊ានដោយសម្តីផ្អែមថា ចិននិងអាស៊ានជាអ្នកជិតខាងល្អ បងប្អូនល្អ និងដៃគូល្អជាមួយគ្នាណាស់។ ហើយក៏បន្ថែមសុភាសិតចិនមួយឃ្លាថា៖ “ធ្វើដំណើរត្រូវការដៃគូល្អ ជិតខាងស្មោះស រស់នៅសុខដុម”…

* ឥណ្ឌាសូមប្តូរឈ្មោះប្រទេស៖
មុនកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាចាប់ផ្តើម ឥណ្ឌាបានសូមប្តូរឈ្មោះប្រទេសរបស់ខ្លួនពីឈ្មោះហៅសព្វថ្ងៃ India ទៅជា Bharat ធ្វើឱ្យប្រទេសមួយចំនួនស្រឡាំងកាំង ជាពិសេសម្ចាស់ផ្ទះឥណ្ឌូនេស៊ី ព្រោះថាអ្វីៗត្រូវបានរៀបរយអស់ទៅហើយ ហើយការប្តូរឈ្មោះបែបនេះនឹងត្រូវប៉ះដល់ទីតាំងកៅអីអង្គុយរបស់មេដឹកនាំពីមួយទៅមួយ ព្រោះជាទម្លាប់និងពិធីការអាស៊ានត្រូវរៀបចំតាមតួអក្សរ A, B, C…។ ដោយសារមានការមិនពេញចិត្តពីប្រទេសផ្សេងទៀតនិងពិបាកដល់ពិធីការ ប្រទេសម្ចាស់ផ្ទះក៏សម្រេចដកឈ្មោះនៃប្រទេសទាំង១១ចោលទាំងអស់ដើម្បីកុំឱ្យប្រទាំងប្រទើសគ្នា។

* ហេតុអ្វីបានជាចង់ប្តូរឈ្មោះ?

អស់ជាច្រើនឆ្នាំមកហើយ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស Bharatiya Janata Party (BJP) របស់នាយករដ្ឋមន្ត្រី លោក Narendra Modi បានព្យាយាមបង្ហាញជាតិនិយមហ៊ីនឌូ ដោយបានប្តូរឈ្មោះទីក្រុងនានា ក្រោមលេសថានឹងជួយប្រទេសឥណ្ឌាឱ្យឆ្លងផុតនូវផ្នត់គំនិតបែបទាសភាពដែលបន្សល់តាំងពីសម័យក្រោមអាណានិគមអង់គ្លេស។ លោក Modi បានទាញហេតុផលថា India ជាឈ្មោះដែលអង់គ្លេសដាក់ឱ្យ បើទោះបីជានៅក្នុងភាសាអង់គ្លេស ឥណ្ឌា មានន័យថា “យក្សអាស៊ីខាងត្បូង” ឬជាភាសាហ៊ីនឌូ ហៅថា Bharat ។ យ៉ាងណាក៏ដោយ ការប្តូរឈ្មោះប្រទេសមួយមិនមែនជាការងាយស្រួលនោះឡើយ ព្រោះវាពាក់ព័ន្ធលិខិតបទដ្ឋានដែលត្រូវប្តូរគ្រប់ទីកន្លែងនៅទូទាំងប្រទេសរហូតដល់អន្តរជាតិទៀត បើគិតជាប្រាក់មិនដឹងអស់ប៉ុន្មានសិបលានដុល្លារនោះទេ។

* តើមានអ្វីនៅពីក្រោយការសម្រេចចិត្តបែបនេះ?
មានការសន្និដ្ឋានថា នេះអាចជាយុទ្ធសាស្រ្តរបស់គណបក្សកាន់អំណាចរបស់លោក Modi ដើម្បីទាញប្រជាប្រិយភាពតាមរយៈការបំផុសជាតិនិយមសម្រាប់ប្រជែងការបោះឆ្នោតជាថ្មីម្តងទៀតនៅឆ្នាំក្រោយ។
នៅមានទៀត តែសូមស្លេះប៉ុណ្ណេះចុះ…

ដោយ៖ លោក ពុយ គា

អត្ថបទទាក់ទង