Grand News Asia Close

ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត ជាង ១៨,០០០នាក់ នៅតាមរោងចក្រ សហគ្រាស នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣ Live stream ទំព័រវីដេអូ ព័ត៌មានជាតិ 281

li

FN- (ភ្នំពេញ)៖ ថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧  ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រោងចក្រ សហគ្រាសទាំង១៤នេះ ជាប្រភេទរោង​ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៣, ផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៧, ដេរស្បែកជើង ចំនួន ២ បោះពុម្ពលើសម្លៀកបំពាក់ ចំនួន ១ និងផលិតគ្រឿងអេឡិចត្រូនិច ចំនួន ១។

បើតាមលោកបណ្ឌិត ហេង សួរ ក្នុងចំណោមកម្មករ និយោជិត ដែលចូលរួមក្នុងពិធីសំណេះ​សំណាល​នោះ មានកម្មការិនីមានផ្ទៃពោះចំនួន ៦៣៨នាក់ផងដែរ។

លោករដ្ឋមន្ត្រីអតីតនិស្សិតអាហារូបករណ៍ពីប្រទេសជប៉ុនរូបនេះ បានឱ្យដឹងដែរថា បច្ចុប្បន្នខេត្ត​កំពង់ស្ពឺ មានកម្មករ និយោជិតកំពុងបម្រើការងារជាង ១៥ម៉ឺននាក់ ដែលផ្តល់ចំណូលគិតជា​ប្រាក់​ឈ្នួល​សរុបប្រមាណ ៤៧០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅតាមរោង​ចក្រ សហគ្រាស ចំនួន៣៨៥។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរមានចំនួន១៩១ ផ្តល់ការងារជូន​កម្មករ និយោជិតសរុបប្រមាណ ១៤ម៉ឺននាក់ ផ្តល់ប្រាក់ឈ្នួលសរុបជាង ៤៣០លាន​ដុល្លារក្នុង​មួយឆ្នាំ។

លោក ហេង សួរ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ ឈរនៅលំដាប់ទី២ ជាខេត្តមានការអភិវឌ្ឍន៍​រោង​ចក្រ សហគ្រាសច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ។ បច្ចុប្បន្នខេត្តកំពង់ស្ពឺ ក៏មានតម្រូវការ​កម្លាំងពលកម្មខ្ពស់ផងដែរ គិតលិlត្រឹមត្រូវទី៦ ខែកញ្ញា ខេត្តនេះមានតម្រូវការកម្លាំងពលកម្ម​ប្រមាណ ៤ពាន់នាក់។

នយោបាយបង្កើតការងារជូនប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល​ ដឹក​នាំ​ដោយគណបក្សប្រជាជនកម្ពុជាទាំងក្នុងអាណត្តិចាស់ និងអាណត្តិថ្មី។ ក្រោយបង្កើតរាជ​រដ្ឋា​ភិ​បា​លនីតិកាលថ្មីហើយភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាប់​យក​​​កម្ម​ករ និយោជិតក្នុងវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង​ផលិត​​ផលិត​ផល​ធ្វើ​ដំណើរ​ និងកាបូបជាជំនួបសាធារណៈលើកដំបូង​។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួនពីរលើករួចមកហើយ។ លើកទី១ ធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិតចូលរួមចំនួន ១៨,០១៣នាក់។ លើកទី២ ធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨,២៨៩នាក់។

ក្នុងជំនួបពីរលើកកន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត បានថ្លែងបង្ហាញពីគោល​នយោ​បាយ​របស់រាជរដ្ឋាភិបាលក្នុងនីតិកាលថ្មី ជាពិសេស​យុទ្ធ​សាស្ត្របញ្ច​កោណ-ដំណាក់​កាលទី១ ដែលជាយុទ្ធសាស្ត្រផ្តោតការយកចិត្តទុកដាក់ខ្ពស់លើ​កំណើន​ការងារ និងលើក​កម្ពស់​ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ក្នុងជំនួបកន្លងទៅនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញការងារអាទិភាព​ចំនួន​៦ ជូនទៅក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្តន៍ឱ្យមានប្រសិទ្ធភាព​ខ្ពស់ក្នុង​ឆ្នាំ​២០២៣​នេះ។ ការងារ​ទាំង៦នោះ​រួម​មាន៖

១៖ ខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈ​វិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ឱ្យបានមុន​ពេល​ឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

២៖ រៀបចំលិខិតបទដ្ឋានគតិយុត្តិជាបន្ទាន់ ដើម្បីត្រៀមដាក់ឱ្យដំណើរការរបប​សន្តិសុខ​សង្គម​ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ដើម្បីជួយសម្រាលបន្ទុក ចំណាយផ្នែកថែទាំសុខភាពរបស់កម្មករនិយោជិត និងក្រុមគ្រួសារឱ្យ​បានលឿន និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់កម្មករនិយោជិត ព្រមទាំងបង្កើត​យន្ត​ការ​ងាយស្រួលសម្រាប់កម្មករនិយោជិតអាចចូលរួមជាមួយនឹងកម្មវិធីនេះ។

៣៖ រៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្តាលជំនាញ​បច្ចេកទេសវិជ្ជាជីវៈដល់​យុវជន​មក​ពី​គ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥លាននាក់ និង​សម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ការងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គ​បណ្តុះ​បណ្តាលនៅវេនពេលយប់ ឬចុងសប្ដាហ៍។

៤៖ ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញស្រប​តាមច្បាប់ស្តីពី​ការ​ងារ ដោយរួមបញ្ចូលកម្មវិធីហាត់ការ កម្មសិក្សា កម្មវិធីបង្កើនជំនាញ និងការរៀបចំ​ជំនាញ​ឡើង​វិញ ដោយលើកទឹកចិត្តវិស័យឯកជនចូលរួមអនុវត្តកាតព្វកិច្ច​ក្នុងការបណ្តុះបណ្តាល​កម្មករ​ និយោជិត និងផ្ដល់ការបណ្តុះបណ្តាលបន្ថែមដល់កម្មករនិយោជិតដែលកំពុងធ្វើការ ដើម្បីលើក​កម្ពស់សមត្ថភាពជំនាញ បង្កើនផលិតភាព និងលទ្ធភាពនៃការបង្កើនប្រាក់ឈ្នួល។

៥៖ យកចិត្តទុកដាក់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ ទាំងមុន​ពេល​សម្រាល​កូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមាន​ភាព​ងាយ​ស្រួល។ ហើយក៏ត្រូវធានាផងដែរថា ស្ត្រីមានផ្ទៃពោះ និងជនមានពិការភាព​បានចេញ​ធ្វើការមុន ១៥នាទី។

៦៖ បង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្ដមួយ ចាប់ពីឆ្នាំ២០២៤នេះតទៅ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំផែនការសកម្មភាពក្នុងរយៈពេលពីរឆ្នាំខាងមុខ ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយកចិត្តទុកដាក់អនុវត្តន៍​លើការងារអាទិភាព​ចំនួន​៤ទៀតរួមមាន៖

១៖ សហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់​ព័ន្ធ​នានា។

២៖ សហការជាមួយភាគីពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោង​ចក្រ ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវឱ្យមានការរៀបចំ​កន្លែង​ហូបបាយ ឬអាហារដ្ឋានសម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី។

៣៖ សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការ​ផ្លាស់ប្ដូរជា​បណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និង ផាសុក​ភាពជាងមុនត្រឹមឆ្នាំ២០២៧។

៤៖ ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់កម្មករនិយោជិត ទាំងក្នុង និងក្រៅប្រទេសអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួន។

សូមបញ្ជាក់ថា ក្រោមស្មារតីយកចិត្តទុកដាក់លើសុខទុក្ខ និងជីវភាពរបស់កម្មករ កម្មការិនី ជាពិសេស​ស្ត្រីមានផ្ទៃពោះនោះ។ នៅក្នុងខែសីហា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា ទើប​នឹង​ចាប់ផ្តើមអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មការិនីមានផ្ទៃពោះ ចាប់ពី​ពេល​មានផ្ទៃ​ពោះ រហូតដល់កូនអាយុក្រោមពីរឆ្នាំ។ តាមរយៈកម្មវិធីជំនួយសង្គមនេះ កម្មការិនីម្នាក់​អាច​ទទួល​បានប្រាក់ឧបត្ថម្ភសរុបជាង ១លាន ១២ម៉ឺនរៀល ដោយបើកជា១៤លើក។ ៤លើក​បើក​មុន​​ពេលសម្រាលកូន ហើយ ១០លើកទៀត បើកក្រោយ​ពេលសម្រាលកូន។ ក្នុងមួយលើក​បើក​​​បាន ៨ម៉ឺនរៀល។

បន្ថែមពីលើនោះនៅពេលសម្រាលកូនកម្មករិនីម្នាក់ទទួលបានការឧបត្ថម្ភថវិកា ៨០ម៉ឺនរៀល សម្រាប់អ្នកកូនមួយ, ១លាន ពីរសែនរៀល សម្រាប់កូនភ្លោះពីរ និង ១លាន ៦សែនរៀល សម្រាប់កូនភ្លោះ៣។ សម្រាប់អ្នកកូនភ្លោះ៣ ក៏នឹងទទួលបានការ​ឧបត្ថម្ភដាច់ដោយ​ឡែកពី​សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥លានរៀល​ផង​ដែរ។

តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំងនេះ គឺជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្ត​ទុក​ដាក់​របស់រាជរដ្ឋាភិបាលកម្ពុជា លើសុខទុក្ខ និងជីវភាពកម្មករ និយោជិតក្នុងវិស័យឧស្សាហ​កម្ម​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង​ផលិត​​ផលិត​ផល​ធ្វើ​ដំណើរ​ និងកាបូប៕

អត្ថបទទាក់ទង