Grand News Asia Close

អ្នកឧកញ៉ា គិត ម៉េង ចូលតុមូលជាមួយវិស័យឯកជន បណ្តាប្រទេសសមាជិក RCEP ដើម្បីស្វែងរកយុទ្ធសាស្រ្តនានា ឆ្ពោះទៅសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ច

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ អាស៊ាន | ASEAN 400
អ្នកឧកញ៉ា គិត ម៉េង ចូលតុមូលជាមួយវិស័យឯកជន បណ្តាប្រទេសសមាជិក RCEP ដើម្បីស្វែងរកយុទ្ធសាស្រ្តនានា ឆ្ពោះទៅសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ច អ្នកឧកញ៉ា គិត ម៉េង ចូលតុមូលជាមួយវិស័យឯកជន បណ្តាប្រទេសសមាជិក RCEP ដើម្បីស្វែងរកយុទ្ធសាស្រ្តនានា ឆ្ពោះទៅសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ច

(ហ្សាការតា)៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៉ី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមបឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក្រោមប្រធានបទ ជំរុញសក្តានុពលអាស៊ានតាមរយៈ RCEP។

កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពីលោក Zulkifli Hasan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋឥណ្ឌូនេស៉ី និង តំណាងវិស័យឯកជន ប្រធានក្រុមហ៊ុនបណ្តាប្រទេសសមាជិក RCEP ។

ថ្លែងក្នុងឱកាសនៃកិច្ចពិភាក្សានេះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា គន្លឹះសំខាន់គឺអាស៊ានត្រូវជំរុញពាណិជ្ជកម្មនិងវិនិយោគក្នុងតំបន់រវាងប្រទេសជាសមាជិក និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។ ជាពិសេស ការបន្សីគោលនយោបាយប្រទេសសមាជិកអាស៊ានឲ្យស៊ីសង្វាក់គ្នា និងសាមគ្គីគ្នា គឺត្រូវធ្វើការរួមគ្នាដើម្បីផលប្រយោជន៍អាស៊ាន។

អ្នកឧកញ៉ា បន្តថា ទីផ្សារ RCEP មានទំហំធំ ប៉ុន្តែប្រសិនបើប្រទេសសមាជិកអាស៊ាន មិនអាចជ្រៀតចូលទីផ្សារប្រទេសធំៗបានទេ នោះកិច្ចព្រមព្រៀងអាសិប មិនមានគុណតម្លៃឡើយ។ អ្នកឧកញ៉ា បានជម្រាបជូនអង្គប្រជុំ អំពីគោលនយោបាយគាំទ្រអាស៊ាន និងពាណិជ្ជកម្មក្នុងតំបន់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

គោលបំណងសំខាន់នៃកិច្ចពិភាក្សាតុមូលនេះ គឺស្វែងរកយុទ្ធសាស្រ្តនានា ដើម្បីសម្រេចឲ្យបាននូវសក្តានុពលពេញលេញរបស់ RCEP ដោយបញ្ចូលនូវធាតុផ្សំសំខាន់ៗដែលជួយលើកកម្ពស់តួនាទីរបស់អាស៊ាននៅក្នុងកិច្ចព្រមព្រៀងមួយនេះ។ RCEP មានគោលការណ៍ដូចគ្នានឹងអាស៊ាន គឺផ្តោតទៅលើការចូលរួមជាបរិយប័ន្ន និងផលប្រយោជន៍ទៅវិញទៅមក ដោយទទួលស្គាល់នូវភាពខុសគ្នានៃការអភិវឌ្ឍ និង តម្រូវការផ្សេងគ្នា របស់ប្រទេសជាសមាជិក។

សូមជម្រាបថា RCEP គឺជាគំនិតផ្តួចផ្តើមរបស់អាស៊ាន ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំជាគេបង្អស់ក្នុងពិភពលោក ដែលគ្របដណ្តប់ប្រមាណ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ ប្រទេសដែលជាសមាជិកនៃអាសិប មានចំនួន១៥ គឺប្រទេសអាស៊ានទាំង១០ និងប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ ចិន ជប៉ុន និងកូរ៉េ ខាងត្បូង៕

អត្ថបទទាក់ទង