Grand News Close

កិច្ចប្រជុំ UNCLOS លើកទី៣ រវាងកម្ពុជា-ថៃ ពិភាក្សាលើការកំណត់ព្រំដែនសមុទ្រនិង​បញ្ហា​បច្ចេកទេសកាន់តែស៊ីជម្រៅ

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1029
កិច្ចប្រជុំ UNCLOS លើកទី៣ រវាងកម្ពុជា-ថៃ ពិភាក្សាលើការកំណត់ព្រំដែនសមុទ្រនិង​បញ្ហា​បច្ចេកទេសកាន់តែស៊ីជម្រៅ The October 14-18 meeting is being held at the Peace Palace. Foreign ministry

គណៈកម្មការសម្របសម្រួលនៃតុលាការមជ្ឈត្ត​ការ​អចិន្ត្រៃយ៍ នឹងរៀបចំកិច្ចប្រជុំលើកទី៣ រវាងកម្ពុជា និងថៃ ដើម្បីពិភាក្សាអំពីការកំណត់ព្រំដែនសមុទ្រ និងស្វែងរកចំណុចរួមរវាងប្រទេសទាំងពីរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែវិច្ឆិកា របស់​គណៈកម្មការ​បានឱ្យដឹងថា កិច្ចប្រជុំសម្របសម្រួលលើកទី៣ រវាងប្រទេសទាំងពីរ នឹងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា៖ «ដោយផ្អែកលើការផ្លាស់ប្តូរយោបល់ប្រកបដោយផ្លែផ្កានៅក្នុងកិច្ចប្រជុំមុនៗ គណៈកម្មការ និងភាគីទាំងពីរនឹងបន្តជំរុញការពិភាក្សាលើការកំណត់ព្រំដែនសមុទ្ររវាងរដ្ឋទាំងពីរ ដោយផ្តោតជាពិសេសលើទិដ្ឋភាពបច្ចេកទេស»។

សេចក្តីប្រកាសបន្តថា៖ «កិច្ចប្រជុំនេះក៏នឹងផ្តល់ឱកាសដើម្បីកំណត់បន្ថែមនូវចំណុចដែលភាគីទាំងពីរមានការយល់ដឹងរួម និងអាចឈានដល់កិច្ចព្រមព្រៀង»។ តុលាការបានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងធ្វើឡើងជាសម្ងាត់។

ដំណើរការសម្របសម្រួលនេះត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជាកាលពីថ្ងៃទី២ ខែមិថុនា តាមរយៈ «សេចក្តីជូនដំណឹងស្តីពីការផ្តួចផ្តើមដំណើរការសម្របសម្រួល ក្រោមមាត្រា១១ នៃឧបសម្ព័ន្ធទី៥» ដែលផ្ញើទៅកាន់ប្រទេសថៃ ស្របតាមមាត្រា២៩៨ និងឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។

គណៈកម្មការបានរៀបចំកិច្ចប្រជុំចំនួនពីរលើករួចមកហើយជាមួយភាគីទាំងពីរ ដោយកិច្ចប្រជុំលើកទី១ បានធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា នៅប្រទេសសិង្ហបុរី និងកិច្ចប្រជុំលើកទី២ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ក្នុងកិច្ចប្រជុំលើកទី២ ភាគីទាំងពីរបានបញ្ចប់ការរៀបចំវិធានការកសាងទំនុកចិត្តមួយចំនួន។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសថា គណៈប្រតិភូកម្ពុជានឹងចូលរួមក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាតំណាងរបស់កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

ក្រសួងបានចាត់ទុកកិច្ចប្រជុំនេះថា ជាជំហានវិជ្ជមានមួយទៀតក្នុងដំណើរការដោះស្រាយដោយសន្តិវិធី ដែលផ្តួចផ្តើមឡើងដោយកម្ពុជា ដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នាផ្នែកដែនសមុទ្ររវាងប្រទេសទាំងពីរ។ ក្រសួងបានបន្ថែមថា កិច្ចប្រជុំនេះនឹងផ្តោតលើទិដ្ឋភាពបច្ចេកទេសនៃការកំណត់ព្រំដែនសមុទ្រ។

ក្រសួងបានបញ្ជាក់ថា៖ «តាមរយៈដំណើរការនេះ គោលបំណងរបស់កម្ពុជាគឺឈានទៅសម្រេចបានសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ស្តីពីការកំណត់ព្រំដែនសមុទ្រតែមួយដែលអាចអនុវត្តបានគ្រប់គោលបំណងរវាងរដ្ឋទាំងពីរ ឬកិច្ចព្រមព្រៀងមួយស្តីពីការអភិវឌ្ឍរួម និងការបែងចែកធនធានប្រកបដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំការឈានដល់កិច្ចព្រមព្រៀងចុងក្រោយស្តីពីព្រំដែនសមុទ្ររបស់ប្រទេសទាំងពីរ»។

កម្ពុជាបានសម្តែងការកោតសរសើរចំពោះប្រធាន និងសមាជិកដ៏ឆ្នើមនៃគណៈកម្មការចំពោះវិធីសាស្ត្រដោះស្រាយដោយយកចិត្តទុកដាក់របស់ពួកគេ ព្រមទាំងបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តវិធានការកសាងទំនុកចិត្ត ដែលបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំចុងក្រោយនៅទីក្រុងឡាអេ កាលពីខែតុលា ឆ្នាំ២០២៦។

សេចក្តីថ្លែងការណ៍របស់ក្រសួងបានបញ្ជាក់ថា ៖ «កម្ពុជានឹងចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងកូឡាឡាំពួរ ដោយស្មារតីសុចរិត សហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ហើយទន្ទឹងរង់ចាំធ្វើការជាមួយគណៈកម្មការ និងព្រះរាជាណាចក្រថៃ ដើម្បីឈានទៅរកលទ្ធផលមួយប្រកបដោយភាពយុត្តិធម៌ និងចីរភាព»៕ -Post Khmer-


អត្ថបទទាក់ទង