Grand News Asia Close

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថែ្លងអំណរព្រះរាជគុណចំពោះព្រះមហាក្សត្រ ដែលបានព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជាជូនសម្តេច

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 731
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថែ្លងអំណរព្រះរាជគុណចំពោះព្រះមហាក្សត្រ ដែលបានព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជាជូនសម្តេច សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថែ្លងអំណរព្រះរាជគុណចំពោះព្រះមហាក្សត្រ ដែលបានព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជាជូនសម្តេច

 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានថែ្លងអំណរព្រះរាជគុណចំពោះព្រះមហាក្សត្រ ដែលបានព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជូន សម្តេច។

នៅក្នុងលិខិតផ្ញើជូនព្រះមហាក្សត្រ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារ មានសេចក្តីរំភើបសោមនស្សរីករាយឥតឧបមា និងសូមព្រះបរមរាជានុញ្ញាត ក្រាបថ្វាយនូវសេចក្តី ថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជា «សម្តេចមហាបវរធិបតី»ដល់ទូលព្រះបង្គំជាខ្ញុំ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១១០ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣។

នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាត សម្តែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គប្រោសព្រះរាជទាននូវព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ដល់ទូលព្រះបង្គំជាខ្ញុំ និងក្រុមគ្រួសារ ដែលជាព្រះរាជគុណដ៏មហាធំធេងមិនអាចរកអ្វីមកប្រៀបផ្ទឹមបានឡើយ។

ជាមួយនឹងព្រះរាជហឫទ័យជឿទុកចិត្តពីសំណាក់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានព្រះរាជទានដល់ទូលព្រះបង្គំជាខ្ញុំនាឱកាសដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ សូមប្តេជ្ញា ខិតខំបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ប្រកបដោយសេចក្តីស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពិសេស ការបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី, ការធានាការពារជាដាច់ខាតនូវ រាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា, ការបន្តធានាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ, ការបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន និងការបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏ដូចជាការបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រសិទ្ធ ពរជ័យ បវរសួស្តី មហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនា ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រ ជាកូនចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជ្រកកោនជាយូរអង្វែងតរៀងទៅ៕

អត្ថបទទាក់ទង